អង្គការ​លើកលែងទោស​អន្តរជាតិ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ដោះលែង លោក រ៉ាត់ រត្នមុនី

0:00 / 0:00

អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ជាបន្ទាន់ ក្រោយ​ការ​ឃុំខ្លួន​ជិត​កន្លះ​ឆ្នាំនេះ។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថា មានតែ​តុលាការ​ប៉ុណ្ណោះ​ទើប​អាច​សម្រេច​ដោះលែង ឬ​មិន​ដោះលែង​សកម្មជន​រូប​នេះ​បាន។

នាយក​អង្គការ​លើកលែងទោស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​អាស៊ីអាគ្នេយ៍ លោក នីកូឡាស បេគីលីន (Nicholas Bequelin) បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា លោក រ៉ាត់ រត្នមុនី បាន​ជាប់ទោស​ដោយសារ​តែ​តួនាទី​របស់​លោក ក្នុង​ការ​បង្ហាញ​រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​តក់ស្លុត ស្ដីពី​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​នៅ​កម្ពុជា។ លោក​បន្ត​ថា បទចោទប្រកាន់​ក្លែងក្លាយ​លើ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ត្រូវ​បាន​គេ​រៀបចំឡើង ដើម្បី​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នក​ដែល​ចូលរួម​លាតត្រដាង​ការពិត អំពី​បញ្ហា​ដែល​កំពុង​រីក​រាលដាល និង​ភាព​អសកម្ម​ខ្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា​។

​អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ ជំរុញ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​លោក រ៉ាត់ រត្នមុនី ហើយ​ដោះលែង​ថ្នាក់ដឹកនាំ​សហជីព​រូប​នេះ​វិញ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្ន​មុនី បាន​រង​ការចោទប្រកាន់​ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​លោក​មានទោស។ ដើមហេតុ​នៃ​ការចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​នេះ គឺ​ដោយសារ​លោក​បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណងជើង​ថា “​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​យល់ថា ភាពយន្ត​ឯកសារ​នេះ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា ហើយ​បាន​ចោទ​លោក រ៉ាត់ រត្នមុនី ថា​បា​នឱ្យ​លុយ​តួអង្គ ដើម្បី​ឱ្យ​ពួកគេ​និយាយ​ប្រឌិត​សាច់រឿង​។ ក៏ប៉ុន្តែ អាជ្ញាធរ​មិនបាន​កោះហៅ​ភាគី​សារព័ត៌មាន RT ឱ្យ​មក​ស្រាយ​បំភ្លឺ​រឿង​នេះ​ឡើយ ស្រប​ពេល​ដែល​តួអង្គ​ម្នាក់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ ឈ្មោះ ស្រីពេជ្រ បាន​អះអាង​ថា នាង​មិន​បាន​ទទួល​លុយ​ពី​លោក រ៉ាត់ រត្នមុនី ឬ​ពី​ក្រុមការងារ​របស់ RT ឡើយ​។ នាង​បាន​អះអាង​ថា អ្វី​ដែល​នាង​បាន​រៀបរាប់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ គឺជា​រឿង​ពិត​របស់​នាង មិនមែន​ជា​ការ​ភូត​កុហក​ឡើយ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​អះអាង​ថា មាន​តែ​តុលាការ​ប៉ុណ្ណោះ ទើប​អាច​សម្រេច​បាន​ថា តើ​ត្រូវ​លើកលែង ឬ​មិន​លើកលែង​បទចោទប្រកាន់​លើ លោក រ៉ាត់ រត្នមុនី ដោយ​ផ្អែក​ទៅ​លើ​អង្គហេតុ អង្គច្បាប់ និង​ភស្តុតាង​ទាំងឡាយ​។ លោក​បន្ត​ថា ការ​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ គឺជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល ប៉ុន្តែ​នឹង​មិន​មាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​របស់​អង្គ​តុលាការ​នោះ​ឡើយ​៖ «ការ​អំពាវនាវ​នេះ គឺជា​សិទ្ធិ​របស់​បុគ្គល​គ្រប់រូប ក៏ប៉ុន្តែ​វា​មិន​មាន​ឥទ្ធិពល​អ្វី​ទៅលើ​ការសម្រេច​របស់​តុលាការ​ទេ​។ មានតែ​ការចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​តុលាការ​ទេ បាន​ន័យ​ថា បង្ហាញ​នូវ​ភស្តុតាង សក្ខីកម្ម ទឡ្ហីករណ៍​ផ្លូវច្បាប់​ដែល​រឹងមាំ​ក្នុង​ការ​ដោះ​បន្ទុក​គាត់​ទៅកាន់​តុលាការ​ទេ ដែល​ជា​មធ្យោបាយ​តែមួយគត់​ដែល​អាច​ជួយ​គាត់​បាន»។

លោក រ៉ាត់ រត្នមុនី អាយុ ៤៨​ឆ្នាំ បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស អស់​រយៈពេល​ជិត​៦​ខែ មក​ហើយ​។ តុលាការ​ក្រុង​ភ្នំពេញ​បាន​លើក​យក​សំណុំរឿង​របស់​លោក​មក​ជំនុំជម្រះ កាលពី​ថ្ងៃ​ទី​៣០ ឧសភា ក៏ប៉ុន្តែ​សវនាការ​នេះ​មិនបាន​លទ្ធផល​អ្វី​ឡើយ ដោយសារ​អវត្តមាន​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ដូចជា សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​។ ចៅក្រម​ជំនុំជម្រះ លោក កូយ សៅ បាន​លើក​ពេល​ជម្រះ​ក្តី​រឿង​នេះ ទៅ​ថ្ងៃ​ទី​១២ មិថុនា ខាងមុខ​វិញ តាម​សំណើ​របស់ លោក រ៉ាត់ រត្នមុនី និង​សហ​មេធាវី​។

​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​យល់ថា របប​លោក ហ៊ុន សែន គួរ​ប្រឹងប្រែង​លុបបំបាត់​អំពើ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ​វិញ មិន​គួរ​មក​ចាត់ការ​អ្នក​ដែល​ហ៊ាន​លាតត្រដាង​អំពី​បញ្ហា​ដ៏​រសើប​នេះ​ឡើយ​។ ពួកគេ​រំពឹង​ថា តុលាការ​នឹង​អាច​ផ្ដល់​យុត្តិធម៌​ដល់ លោក រ៉ាត់ រត្នមុនី ក្នុង​ពេល​សវនាការ​នៅ​ពីរ​សប្ដាហ៍​ខាងមុខ​ទៀត​នេះ៕