មន្ត្រីអង្គការសង្គមស៊ីវិល ព្រះសង្ឃ រួមទាំងនិស្សិត បានជួបជុំគ្នាស្វែងយល់ពីថា តើអ្វីទៅជាប្រទេសកម្ពុជា ឋិតក្រោមការពិនិត្យជាសាកលតាមពេលវេលាកំណត់ ដែលអានជាភាសាអង់គ្លេសថា Universal Periodic Review ឬហៅកាត់ថា យូ.ភី.អ (UPR) ស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងឡើងរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅថ្ងៃទី២៨ មករា។
នាយិកាកម្មវិធីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានថ្លែងថា នេះជាកម្មវិធីមួយដើម្បីលើកកម្ពស់ការយល់ដឹង ស្របពេលនៃដំណើរការនៅទីក្រុងហ្សឺណែវ ដែលប្រទេសកម្ពុជា នឹងត្រូវបានត្រួតពិនិត្យនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ក្រៅពីនេះ ក៏ជាការទាញឲ្យពលរដ្ឋចាប់អារម្មណ៍ថា តើអ្វីទៅជាយន្តការនៃការត្រួតពិនិត្យជាសាកលតាមពេលកំណត់?
«សំឡេង»
ថ្ងៃទី២៨ មករា គឺជាថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពិនិត្យនៅទីក្រុងហ្សឺណែវ ដើម្បីរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សដែលខ្លួនបានបំពេញក្នុងរយៈពេល ៤ឆ្នាំកន្លងមក។ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ម៉ក់ សម្បត្តិ ក្នុងឋានៈជាប្រតិភូរបស់រដ្ឋាភិបាលកម្ពុជា កំពុងចូលរួម។
នៅក្នុងកិច្ចសន្ទនាដែលរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មន្ត្រីសម្របសម្រួលផ្នែកនីតិរដ្ឋនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី ខាត់ធើរីន ភួង (Catherne Phuong) ក៏បានផ្ដល់នូវការណែនាំមួយចំនួន អំពីយន្តការ និងនីតិវិធីនៃការត្រួតពិនិត្យជាសាកលតាមពេលកំណត់នេះដែរ។
យុវតី ជា ស៊ីផេន ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យវ៉េសស្ទើន (Western) ដែលបានចូលរួមស្ដាប់ការពន្យល់នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នោះបានថ្លែងថា នាងពិតជាចង់ដឹងអំពីការដាក់របាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាពិសេសទាក់ទងនឹងការរំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។
«សំឡេង»
ការពិនិត្យជាសកលតាមកាលកំណត់ ឬហៅកាត់ថា យូ.ភី.អ ជាដំណើរការពិសេសមួយដែលអនុញ្ញាតឱ្យប្រទេសជាសមាជិកពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួនឡើងវិញ ជារៀងរាល់ ៤ឆ្នាំកន្លះម្ដង។ នេះជារបាយការណ៍តទល់មួយរវាងរបាយការណ៍រដ្ឋាភិបាល និងសង្គមស៊ីវិល ដែលនឹងត្រូវដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
កាលពីឆ្នាំ២០០៩ សង្គមស៊ីវិលបានដាក់របាយការណ៍មួយចំនួនស្ដីពី កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ បញ្ហាដីធ្លី ស្ថានភាពអំពើទារុណកម្ម សេរីភាពការបញ្ចេញមតិ និងការរំលោភសិទ្ធិមនុស្ស ដែលទាំងអស់នេះ គឺឆ្លុះបញ្ចាំងពីការខ្វះខាតក្នុងការអនុវត្តសិទ្ធិមនុស្សរបស់រដ្ឋាភិបាល។
លទ្ធផល ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានផ្ដល់អនុសាសន៍ចំនួន ៩១ចំណុច ដល់រដ្ឋាភិបាលកម្ពុជា វិញ ដើម្បីពង្រឹងការអនុវត្តសិទ្ធិនៅកម្ពុជា។ ក្នុងនោះមានជាអាទិ៍ ការពង្រឹងឯករាជ្យភាពរបស់តុលាការ និងសេរីភាពបញ្ចេញមតិ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
