ជន​មិន​ស្គាល់​មុខ ​២នាក់​​ ជិះ​ម៉ូតូ​តាម​គប់​​​ ​សកម្មជន​បក្ស​ប្រឆាំង ដែល​ទៅ​ចូល​រួម​ទិវា​គ្រូ​បង្រៀន​​​ នៅ​ទីលាន​ប្រជាធិបតេយ្យ

ដោយ សេក បណ្ឌិត
2020-10-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាគម​គ្រូ​បង្រៀន​ឯករាជ្យ រម្លឹក​ទិវា​គ្រូ​បង្រៀន​ពិភពលោក នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ថ្ងៃ​ទី៥ ខែតុលា ឆ្នាំ២០២០។
សមាគម​គ្រូ​បង្រៀន​ឯករាជ្យ រម្លឹក​ទិវា​គ្រូ​បង្រៀន​ពិភពលោក នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ថ្ងៃ​ទី៥ ខែតុលា ឆ្នាំ២០២០។
រូប៖ គ្រូបង្រៀន

ជន​មិន​ស្គាល់​មុខ​២នាក់ បាន​​​ជិះ​ម៉ូតូ ដេញ​តាម​គប់​ចៅ​សង្កាត់​រង​ជាប់ឆ្នោត​របស់​គណ​បក្ស​ប្រឆាំង​​​ម្នាក់ បណ្តាលឲ្យរបួស​ដៃ និង​ទ្រូង​ ក្រោយពេល​លោក ​​ចេញ​ពី​​​កន្លែង​ ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​​​​​ពិភពលោក នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ។ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​ថ្កោល​ទោស​ការ​លប​វាយ​ប្រហារ​​ លើ​អ្នក​ចូលរួម​​ទិវា​គ្រូ​បង្រៀន។

ចៅ​សង្កាត់​រង​​ទី១ ជាប់​ឆ្នោត​ នៅ​សង្កាត់​បឹងទំពុន២ ខណ្ឌ​មានជ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​​ លោក ខឿន វីរ៉ាត់ ឲ្យ​ដឹង​ថា ជន​ស៊ីវិល​២នាក់ បាន​ជិះ​ម៉ូតូ​ តាម​​រ៉ឺម៉ក​កង់​បី (Pass App) របស់​លោក ហើយ​ធ្វើ​សកម្មភាព​គប់​ដុំ​ថ្ម មួយ​ទំហឹង​ តម្រង់​ក្បាល​របស់​លោក តែ​ លោក​គេច​ផុត បណ្ដាល​ឲ្យ​ត្រូវ​ដៃ ​ទ្រូង និង​ខ្ទាត់​ទៅ​ចំ​ប្រពន្ធ​របស់​លោក កំពុង​ជិះ​ខាង​ក្រោយ។

លោក​ ខឿន វីរ៉ាត់ ចាត់​ទុក​​ហិង្សា​នេះ ជា​​ទង្វើ​ប៉ុន​ប៉ង​សម្លាប់ ព្រោះ​ដុំ​ថ្ម​ ដែល​ជន​​ស៊ីវិល​លប​គប់​លោក គឺ​ទំហំ​ធំ ហើយ​​តម្រង់​​​គប់​ឲ្យ​ចំ​ក្បាល។ ក្រៅពី​នេះ លោក យល់​ថា ហិង្សា​នេះ ក៏​ជា​​រូប​ភាព​គំរាម​កំហែង ​លើ​សកម្មជន​បក្ស​ប្រឆាំង និង ​​គំរាម​លោក​ផ្ទាល់​ ឲ្យ​បញ្ឈប់​សកម្មភាព​ចូលរួម​តស៊ូ​មតិ​អហិង្សា។

លោក ខឿន វីរ៉ាត់ ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ធ្វើ​សកម្មភាព​ហិង្សា​រួច ជន​ស៊ីវិល​​ ២នាក់ ដែល​ជិះ​ម៉ូតូ​​ម៉ាក​ ស្កុបពី ​(Scoppy) យ៉ាង​លឿន ​ទៅ​បាត់។ ចៅ​សង្កាត់​រង​ជាប់​ឆ្នោត​រូប​នេះ នឹង​មិន​ដាក់​ពាក្យ​ប្ដឹង​​ប៉ូលិស​ទេ ព្រោះ​​លោក​គ្មាន​ជំនឿ​លើ​នគរបាល​។ លោក​ សង្កេត​ឃើញ​ សកម្មជន​បក្ស​ប្រឆាំង​​​​រង​គ្រោះ​ច្រើន​នាក់​ហើយ ដែល​ដាក់​ពាក្យ​ប្ដឹង​ តែ​​សមត្ថកិច្ច​ មិន​ដែល​ចាប់​ជន​ល្មើស​​បាន​​ទេ​ តែ​ផ្ទុយ​ទៅ​វិញ ​ជន​រង​គ្រោះ​ខ្លះ ក្នុង​នោះ​មាន លោក ហេង ច័ន្ទសុទ្ធី បែរ​ត្រូវ​​សមត្ថកិច្ច​ ចាប់​ដាក់​​ពន្ធនាគារ​ទៅ​វិញ។

លោក បញ្ជាក់​ថា សុខ​ចិត្ត​ដាក់​បណ្ដឹង​​ និង​ រាយការណ៍​ពី​ករណី​ហិង្សា​នេះ ទៅ​អង្គការ​សិទ្ធិ​មនុស្ស ​​​​លីកាដូ​ វិញ​។ ​លោក ខឿន វីរ៉ាត់ សម្ដែង​ការ​​ព្រួយ​បារម្ភ​សុវត្ថិភាព​ ក្រោយ​រង​ហិង្សា​នេះ​​ តែ​លោក នៅ​រក្សា​ជំហរ ឆន្ទៈ សកម្មភាព​តស៊ូ​មតិ​ដោយ​អហិង្សា​ ទាមទារ​សិទ្ធិ​​ តាម​រដ្ឋ​ធម្មនុញ្ញ​ដដែល ដោយ​គ្មាន​ការ​​រាថយ​​ឡើយ៖ «អំពាវនាវ​ទៅ​រដ្ឋាភិបាល សុំ​ពិចារណា​ឡើងវិញ ឈប់​គុំកួន​ សងសឹក​ខ្មែរ និង​ខ្មែរ​ទៅ ហើយ​អាណិត​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ ដែល​គ្នា​តែ​ចង់​បាន​រស់​នៅ​ដោយ​មាន​ការ​គោរព​សិទ្ធិ​ ស្មើ​ភាព​គ្នា ចំពោះ​មុខ​ច្បាប់។ ទី១ សិទ្ធិ​របស់​ពួកគាត់ ដែល​ត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ អ៊ីចឹង គ្រាន់​តែ​គោរព​រដ្ឋ​ធម្មនុញ្ញ​ទៅ គឺ​គោរព​សិទ្ធិ​ពលរដ្ឋ​ហើយ។ ទី២ កុំ​លើក​ទឹក​ចិត្ត​ឲ្យ​ ជន​ល្មើស​រួច​ខ្លួន។ គេ​ហៅ​ថា វប្បធម៌​និទ្ទណ្ឌភាព ឲ្យ​ជន​ដែល​ប្រព្រឹត្តិ​ហ្នឹង រួច​ខ្លួន​បន្ត​ទៅ​ទៀត។ រដ្ឋាភិបាល​ត្រូវ​មាន​ចំណាត់​ការ​ច្បាស់​លាស់ វែក​មុខ​រក​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់»

សមាជិក​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា ជន​មិន​ស្គាល់​មុខ បាន​លប​ធ្វើ​បាប​លោក​ច្រើន​លើក​​ច្រើន​សារ​មក​ហើយ ​ដោយ​កន្លង​មក ពួកគេ​ធ្វើ​សកម្មភាព​លួច​ចាក់​ទម្លាយ​កង់​ម៉ូតូ​កង់​បី​ យក​កាំបិត​វះ​ពូក​រ៉ឺម៉កម៉ូតូ​កង់​បី​ និង​លួច​កាច់​កញ្ចក់​ម៉ូតូ​របស់​លោក​ជា​ដើម។

ជុំវិញ​ករណី​នេះ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​នគរបាល​រាជធានី​ភ្នំពេញ​ លោក សាន​ សុខ​សីហា និង​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ទេ នៅ​ថ្ងៃ​ទី៥ តុលា ដោយសារ​ទូរស័ព្ទ​រោទ៍​ មិន​មាន​អ្នក​ទទួល។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ថ្កោល​ទោស ចំពោះ​ហិង្សា​លើ​អ្នក​ចូលរួម​ទិវា​គ្រូ​បង្រៀន ៥ តុលា។ អ្នកស្រី ឲ្យ​ដឹង​ថា លោក ខឿន វីរ៉ាត់ បាន​ចូលរួម​ទិវា​គ្រូ​បង្រៀន នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយសារ​ លោក​ ចង់​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​គ្រូ​បង្រៀន។

អ្នកស្រី អ៊ុក ឆាយាវី បន្ត​ថា ការ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន នៅ​ថ្ងៃ​ទី​០៥ តុលា មិន​រង​ការ​រំខាន​ពី​អាជ្ញាធរ​ទេ តែ​អ្នកស្រី សោកស្ដាយ ចំពោះ​ការ​កំហិត​លក្ខខណ្ឌ ដ៏​តឹងរ៉ឹង ​របស់​អាជ្ញាធរ​ ដែល​បណ្ដាល​ឲ្យ​​​គ្រូ​បង្រៀន​ និង​អ្នក​ចូលរួម​ខ្លះ​មិន​ហ៊ាន​មក​ចូលរួម។ អ្នកស្រី ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​របស់​ក្រសួង​អប់រំ បាន​ទៅ ទទួល​​យក​ញត្តិ​​យឺត​​យ៉ាវ​ ជាង​ការ​កំណត់​ពេល​វេលា​គ្នា បណ្ដាល​ឲ្យ​​អ្នក​ចូលរួម​មួយ​ចំនួន ចង់​ដើរ​ យក​ញត្តិ ទៅ​ដាក់​នៅ​ក្រសួង​អប់រំ៖ «យើង​អត់​ឃើញ​ស្ថានភាព​ជ្រួល​ច្របល់ ឲ្យ​ប៉ះ​ទង្គិច​គ្នា ជា​រូប​ភាព​មួយ ដែល​ថា មាន​របួស​ស្នាម ឬ​ក៏​យ៉ាង​ម្ដេច​ទេ តែ​ពេល​ខ្លះ ពួកគាត់ (អ្នក​ចូលរួម) មាន​​ការ​ស្រែក និង​ហួស​ចិត្ត មិន​សប្បាយ​ចិត្ត ដែល​កំណត់​ដែន​​ឲ្យ​ដើរ​ អ៊ីចឹង​ ណា»

អ្នក​ចូលរួម​ទិវា​គ្រូ​បង្រៀន នៅ​ទីលាន​ប្រជាធិបតេយ្យ ​គឺ​ជា​គ្រូ​បង្រៀន សហជីព​ កម្មករ អ្នក​រត់​រ៉ឺម៉ក​កង់​បី​យុវជន​ សរុប​មាន​គ្នា​ ប្រមាណ ៥០​នាក់​។ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​​បញ្ចប់​ទិវា​គ្រូ​បង្រៀន ក្រោយ​ពេល​អាជ្ញាធរ​ ចុះ​មក​ទទួល​ញត្តិ។ ចំណែក ​ក្រសួង​អប់រំ​ ក៏​បាន​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ ០៥ តុលា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ពេញ​មួយ​ថ្ងៃ​​ដែរ ក្រោម​ប្រធាន​បទ ​គ្រូ​បង្រៀន​ឆ្លាតវៃ ដើម្បី​ការ​អប់រំ​​ឌីជីថល (Digital)

នៅ​ថ្ងៃ​ទិវា​គ្រូ​បង្រៀន ៥ តុលា នេះ​ដែរ ក្រុម​​សាច់​ញាតិ​របស់​គ្រូ​បង្រៀន និង​ជា​សមាជិក​បក្ស​ប្រឆាំង ដែល​អាជ្ញាធរ បាន​​​ចាប់​ដាក់​​ពន្ធនាគារ ​ពី​បទ​ញុះ​ញង់ បាន​នាំ​គ្នា ​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​អប់រំ ទាមទារ​ឲ្យ​ជួយ​អន្តរាគមន៍ ដោះលែង​គ្រូ​បង្រៀន​ទាំង​​​អស់​ នៅ​ថ្ងៃ​ទិវា​គ្រូ​បង្រៀន ៥ តុលា ដែរ។ គ្រូ​បង្រៀន និង​ ជា​មន្ត្រី​​ជាប់​ឆ្នោត នៅ​​តាម​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​​កំពុង​ជាប់​ពន្ធនាគារ មាន​ដូច​ជា លោក រ៉ុង ឈុន លោក កែវ ថៃ លោក ស៊ុន ធន់ លោក ពៀត ម៉ាប់ លោក ជុំ ចាន់ និង លោក គង់ សំអាន។

មន្ត្រី​ក្រសួង​អប់រំ បាន​ចេញ​មក​ទទួល​យក​ញត្តិ​ តែ​មិន​បាន​សន្យា ​​ជាមួយ​សាច់​ញាតិ របស់​គ្រូ​បង្រៀន​ទាំង​អស់​នោះ​​ទេ។ ប្រពន្ធ​របស់ លោក​គ្រូ ស៊ុន ធន់ គឺ លោកស្រី សេង ចាន់ថន ប្រាប់​ថា ពួក​គាត់ ទៅ​ដាក់​ញត្តិ​ នៅ​ក្រសួង​អប់រំ​ ​ឲ្យ​ជួយ​ ដោយសារ​ ចំ​ថ្ងៃ​ទិវា​គ្រូ​បង្រៀន ហើយ​លោក​ស្រី សង្ឃឹម​ថា ក្រសួង​អប់រំ នឹង​ជួយ​អន្តរាគមន៍ ដោះលែង​​គ្រូ​បង្រៀន​​​ កំពុង​ជាប់​ឃុំ និង​ផ្ដល់​ក្រប​ខណ្ឌ​ ឲ្យ​គ្រូ​បង្រៀន​ទាំង​អស់​ឡើងវិញ។

បន្ទាប់​​ពី​ដាក់​ញត្តិ​នៅ​ក្រសួង​អប់រំ​រួច ក្រុម​សាច់​ញាតិ មាន​បំណង​ដើរ​ ទៅ​ដាក់​ញត្តិ នៅ​ស្ថានទូត​សហភាព​អឺរ៉ុប ​តែ​​អាជ្ញាធរ និង​ក្រុម​កង​សន្តិសុខ​ក្រុង​ភ្នំពេញ ជា​ច្រើន​នាក់ ​រារាំង​ជាប់​ មិន​ឲ្យ​ដើរ​​ថ្មើជើង ​ទៅ​ដាក់​ញត្តិ​នោះ​ទេ ​ក្រោម​ហេតុ​ផល​ថា មិន​បាន​សុំ​ច្បាប់​ ពី​អាជ្ញាធរ។ ​លោកស្រី សេង ចាន់​ថន ប្រាប់​ថា ក្រុម​ស្ត្រី ជា​ប្រពន្ធ​របស់​គ្រូ​បង្រៀន គ្មាន​កម្លាំង និង​មិន​ហ៊ាន​ប្រើ​កម្លាំង​បាយ រុញ​ច្រាន​ ​ជាមួយ​អាជ្ញាធរ​ទេ ខ្លាច​រង​ការ​វាយ​ធ្វើ​បាប ដូច្នេះ​ក្រុម​ស្ត្រី​អ្នក​តវ៉ា បាន​បង្ខំ​ចិត្ត​ឡើង​ជិះ​រ៉ឺម៉ក​កង់​បី ទៅ​ស្ថាន​ទូត​សហភាព​អឺរ៉ុប។ មន្ត្រី​សហភាព​អឺរ៉ុប បាន​​ទទួល​យក​ញត្តិ​របស់​ក្រុម​ស្ត្រី​តវ៉ា និង​សន្យា​ ជួយ​តាម​លទ្ធភាព​ដែល​មាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល