មេដឹកនាំសហព័ន្ធសហជីពសេរីកម្មករអះអាងថា សហព័ន្ធសហជីពរបស់លោក នឹងនៅតែបន្តរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា គម្រប់ខួបលើកទី១៥ នៅថ្ងៃទី២២ ខែមករា ខាងមុខនេះ ដោយមានមនុស្សគ្រោងចូលរួមចំនួន ១៥០នាក់ បើទោះជាអាជ្ញាធររបបលោក ហ៊ុន សែន មិនអនុញ្ញាតឲ្យធ្វើយ៉ាងណាក៏ដោយ។ មកទល់ពេលនេះ អាជ្ញាធរនៃរបបលោក ហ៊ុន សែន មិនទាន់ស្វែងរកឃាតកបាញ់សម្លាប់លោក ជា វិជ្ជា ទាំងកណ្ដាលថ្ងៃបាននៅឡើយទេ។
អនុប្រធានសហព័ន្ធសហជីពសេរីកម្មករលោក ម៉ាន់ សេងហាក់ ថា សាលាក្រុងនៅមិនទាន់ឆ្លើយតបនឹងសំណើរបស់សហជីពនៅឡើយទេ។ ប៉ុន្តែលោកថា ជារៀងរាល់ឆ្នាំ ទាល់តែជិតដល់ថ្ងៃប្រារព្ធពិធី ទើបសាលារាជធានីភ្នំពេញអញ្ជើញមន្ត្រីសហជីពរបស់លោក ឲ្យទៅចូលរួមកិច្ចប្រជុំពិភាក្សាទាក់ទងនឹងរឿងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនេះ៖ «សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នឹងនៅតែបន្តធ្វើការគោរពវិញ្ញាណក្ខន្ធនៅថ្ងៃ២២ ( មករា ) ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ចូលរួមទាំងក្រុមគ្រួសារសាច់ញាតិមិត្តភ័ក្ដិរបស់គាត់ចំនួន ១៥០នាក់។ ប៉ុន្តែយើងនៅតែធ្វើ បើសិនជាសាលារាជធានីភ្នំពេញមិនអនុញ្ញាតក៏ដោយ»។
លោកបន្តថា សហជីពរបស់លោក មិនបានអញ្ជើញអ្នកនយោបាយចូលរួមនោះទេ ប៉ុន្តែសហជីពមិនអាចរារាំងមិនឲ្យក្រុមអ្នកនយោបាយមកពីមជ្ឈដ្ឋានដ៏ទៃ សង្គមស៊ីវិល ឬអាជ្ញាធរពាក់ព័ន្ធ ដែលមានបំណងចង់មកចូលរួមប្រារព្ធពិធីនេះបានទេ។ លោកថា លោកស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់ពួកគេ ដើម្បីរួមគ្នាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ដែលលោកហៅថា ជាវីរជនកម្មករ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្តី ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបាននៅឡើយទេ ដោយសារតែលោកមិនលើកទូរស័ព្ទ កាលពីយប់ថ្ងៃទី១១ មករា។
ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និងសមាជិកសហជីពសេរីកម្មករ ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្ដិ តែងរៀបចំពិធីរំឮកខួបលោក ជា វិជ្ជា មិនដែលអាក់ខាននោះឡើយ។ ក៏ប៉ុន្តែ លោក ម៉ាន់ សេងហាក់ បញ្ជាក់ថា អស់រយៈពេលពីរឆ្នាំហើយដែលប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា គឺលោក ជា មុន្នី ដែលជាអតីតប្រធានសហជីពសេរីកម្មករ បន្តវេនពីបងប្រុសរបស់លោក មិនអាចមានវត្តមានចូលរួមប្រារព្ធពិធីរំឭកខួបនៃការបាញ់សម្លាប់បងប្រុសរបស់លោកបានដោយសារតែលោក ជា មុន្នី រងសម្ពាធ និងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធររបបលោក ហ៊ុន សែន ក្រោយរងបណ្ដឹងពីតុលាការ ដែលតម្រូវឲ្យលោក ជា មុន្នី ត្រូវរត់ភៀសខ្លួនទៅក្រៅប្រទេស។
លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០០៤ នៅមុខតូបលក់កាសែតក្បែរវត្តលង្កា ក្នុងពេលដែលកម្ពុជាជួបវិបត្តិនយោបាយបង្កើតរដ្ឋាភិបាលថ្មីមិនចេញ ក្រោយការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០០៣។
គិតរហូតពេលនេះ មានរយៈពេល ១៥ឆ្នាំហើយ ដែលសំណុំរឿងឃាតកម្មដ៏កក្រើកមួយនេះ មិនទាន់ត្រូវបានរបបក្រុងភ្នំពេញ វែកមុខរកឃាតកឃើញនៅឡើយ ក្រោយរងការរិះគន់ថា បានព្យាយាមបង្កើតឃាតកសិប្បនិមិត្ត។ គិតមកទល់ពេលនេះ របបនេះ នៅតែអះអាងថា សំណុំរឿងនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយទេ ហើយថាខ្លួននៅតែបន្តបើកការស៊ើបអង្កេតជាបន្តទៀត។
លោក ម៉ាន់ សេងហាក់ បញ្ជាក់ថា គិតចាប់តាំងពីពេលដែលរបបលោក ហ៊ុន សែន បានដោះលែងឃាតកសិប្បនិមិត្ត គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ក្រោយពីជាប់ពន្ធនាគារដល់ទៅពីរដងរួចមក មកទល់ពេលនេះ នៅមិនទាន់មានពន្លឺយុត្តិធម៌ពិតប្រាកដណាមួយ ដែលអាចធ្វើឲ្យក្រុមគ្រួសារ ឬសាច់ញាតិរបស់លោក ជា វិជ្ជា មានទំនុកចិត្តនៅឡើយទេ។ លោកថា អ្វីៗទាំងអស់ហាក់នៅស្ងាត់សូន្យឈឹងតែម្ដង៖ «ខ្ញុំសង្ឃឹមថា នឹងមានយុត្តិធម៌សម្រាប់គាត់ដរាបណាប្រទេសកម្ពុជា ប្រកាន់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ បើសិនជារដ្ឋាភិបាលគាត់មានឆន្ទៈ ចង់រកឃាតក ខ្ញុំជឿជាក់ថា នឹងរកឃើញតែម្ដង ប៉ុន្តែបើសិនជាមិនមានឆន្ទៈក្នុងការវែកមុខរកឃាតកទេ ខ្ញុំជឿថា មិនអាចរកឃើញទេ។ ប្រទេសដែលជានីតិរដ្ឋ ត្រូវលុបចោលនូវភាពមិនច្បាស់លាស់ ហើយបើចេះតែដោះសារ នោះគឺរកមិនឃើញទេ»។
លោក ម៉ាន់ សេងហាក់ អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសតំណាងសហជីពរបស់លោកនៅតាមមូលដ្ឋាន ឲ្យចូលរួមគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅថ្ងៃ២២ មករា ខាងមុខនេះ ឲ្យបានច្រើនកុះករ។ លោកជឿជាក់ថា ឃាតកនឹងរកឃើញដរាបណាពួកគេនៅតែសាមគ្គីគ្នា តស៊ូ ហើយមិនបោះបង់ចោលការទាមទារឲ្យអាជ្ញាធរលោក ហ៊ុន សែន វែកមុខរកឃាតក និងចេញមុខទទួលខុសត្រូវចំពោះករណីសំណុំរឿងដ៏កក្រើកមួយនេះ។
មិនមែនមានតែសំណុំរឿងលោក ជា វិជ្ជា មួយទេ ដែលអាជ្ញាធររបបលោក ហ៊ុន សែន បានបរាជ័យក្នុងការស្វែងរកយុត្តិធម៌ពិតប្រាកដជូនជនគ្រោះនោះ។ សំណុំរឿងឃាតកម្មរស៊ើបៗដទៃទៀតរាប់មិនអស់លើប្រធានសហជីព អ្នកកាសែត តារាចម្រៀង អ្នកនយោបាយ និងចុងក្រោយគឺអ្នកវិភាគសង្គមដ៏ល្បីឈ្មោះគឺបណ្ឌិត កែម ឡី ក៏មិនត្រូវបានរបបនេះអើពើវែកមុខរកជនល្មើសឃើញនោះឡើយ។ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដាក់ការសង្ស័យ និងរិះគន់ថា របបនេះ អាចមានជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងករណីធ្វើឲ្យមានវប្បធម៌និទ្ទណ្ឌភាពនៅក្នុងសង្គមកម្ពុជារហូតមកទល់សព្វថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
