លោក ជូង ជូងី មេធាវី ដែលកម្រឈ្នះក្ដីពេលការពារក្ដីឱ្យអ្នកនយោបាយ និងសកម្មជនសង្គម បញ្ជាក់ថា នៅពេលស្ថានភាពនយោបាយ កាន់តែតានតឹង លោក ក៏ត្រូវបង្ខំចិត្តរឹតត្បិតសិទ្ធិសេរីភាពខ្លួនឯង ព្រោះតែចង់បន្តការងារការពារក្ដីឱ្យអ្នកទាំងនោះបន្តទៀត ព្រោះសំណុំរឿងបែបនេះមានមេធាវីតិចណាស់ហ៊ានការពារពួកគេ។
លោក ជូង ជូងី ថា ការរឹតត្បិតសេរីភាពខ្លួនឯងរបស់លោក មិនមែនដោយសារតែ លោកបាត់បង់ភាពក្លាហាន ឬភ័យខ្លាចចំពោះការធ្វើទុក្ខបុកម្នេញឡើយ តែលោកមើលឃើញថា អ្នកនយោបាយបក្សប្រឆាំង និងអ្នកសកម្មធ្វើការងារសង្គមត្រូវការលោក ឱ្យជួយតតាំងការពារក្ដីឱ្យពួកគេ។ លោកថាភាពក្លាហានរបស់លោកមិនផ្លាស់ប្ដូរទេរហូតមកដល់ពេលនេះ៖ «ខ្ញុំមើលឃើញយ៉ាងច្បាស់ថា ខ្ញុំមានតួនាទីសំខាន់ខ្លាំងណាស់ សម្រាប់ជួយការពារសកម្មជន ជួយការពារអ្នក ដែលហ៊ានតវ៉ា ដើម្បីរកយុត្តិធម៌ ដើម្បីមានប្រជាធិបតេយ្យនៅស្រុកខ្មែរ អ៊ីចឹងតួនាទីរបស់ខ្ញុំ សំខាន់ក្នុងការចូលរួមជួយជំរុញឱ្យស្រុកខ្មែរទៅមានការគោរពច្បាប់ ឬទៅជានីតិរដ្ឋ»។
ចាប់តាំងពីស្ថានភាពនយោបាយតានតឹងខ្លាំងនៅក្រោយការម្លាយគណបក្សប្រឆាំងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧មក លោក ជូង ជូងី ដែលជាមេធាវីដ៏មានថ្វីមាត់តតាំងក្ដីក្នុងសវនាការ បានកម្រិតសេរីភាពក្នុងការនិយាយស្ដីជាមួយអ្នកសារព័ត៌មានកាន់តែខ្លាំងដែរ។ លោកថាទង្វើនេះខុសពីនិស្ស័យពីកំណើតរបស់លោក ដែលតែងតែហ៊ាននិយាយ និងហ៊ានរិះគន់៖ «មានការប្រឈម មានការប្រថុយប្រថាន ពីព្រោះមកដល់ពេលហ្នឹងគឺការចោទប្រកាន់ពីបទញុះញង់ អោយប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ហើយនិងការចាប់ខ្លួនគឺវាផុយណាស់ ចាប់មនុស្សទាំងយប់ហើយនៅតែថាត្រូវច្បាប់ទៀត ខណៈដែលខ្ញុំជាមេធាវីមើលឃើញនេះជាការបំពានច្បាប់ច្បាស់ក្រឡែត»។
ក្នុងវ័យ៥០ឆ្នាំលោកបានប្រឡូកក្នុងអាជីពអ្នកការពារក្ដីជាង១០ឆ្នាំមកនេះ លោកជាប់ឈ្មោះថាជាមេធាវីខ្សត់ទ្រព្យ តែមានទឹកចិត្ត ជាមេធាវីដែលឥតខ្លាចរអា ទោះបីជាសំណុំរឿងលោកការពារកូនក្ដីរបស់លោក តទល់នឹងអ្នកមានអំណាចកំពូល និងអ្នកមានលុយកាក់ក្ដី។ លោកបានការពាររឿងក្ដីរបស់អ្នកនយោបាយ អ្នកធ្វើការងារសង្គម និងអ្នកតស៊ូមតិជាច្រើននាក់ក្នុងនោះក៏មានអតីតមេបក្សប្រឆាំង គឺលោក សម រង្ស៊ី ក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែន និងរឿងផែនទីកម្ពុជាវៀតណាម លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងសំណុំរឿងចោទប្រកាន់អាស្រូវស្នេហាជាមួយ នាង ខុម ចាន់តារាទី ហៅស្រីមុំ និងរឿងមិនទទួលស្គាល់ប្រវត្តិសាស្រ្តខ្មែរក្រហម ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលរួមមាន អ្នកស្រី មូ សុខហួរ លោក ម៉ែន សុថាវរិន្ទ លោក កែវ ភិរម្យ ជាដើមក្នុងសំណុំរឿងអំពើហិង្សានៅទីលានប្រជាធិបតេយ្យ តំណាងរាស្រ្ត លោក អ៊ុំ សំអាន សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ លោក មាជ សុណ្ណារ៉ា និងអ្នកវិភាគ លោក គឹម សុខ ជាដើម។ គឺរឿងទាំងអស់នេះហើយ ដែលលោក ជូង ជូងី មិនដែលឈ្នះក្ដីសោះ បើទោះបីជាលោក ប្រឹងប្រែងអស់សមត្ថភាពការពារយ៉ាងណាក្ដី ដែលផ្ទុយគ្នាស្រឡះរឿងក្ដីធម្មតាដែលមានឈ្នះ មានចាញ់៖ «ការការពារអោយសកម្មជនអស់ទាំងហ្នឹងគឺបានតែបំពេញទៅតាមនីតិវិធីទេ តែការទាមទាររកយុត្តិធម៌សម្រាប់គាត់គឺនៅឆ្ងាយ ពីព្រោះគាត់ត្រូវបានចោទប្រកាន់ដោយមន្រ្តីរដ្ឋាភិបាល ឬអ្នកមានអំណាច។ ដូច្នេះការទាមទាររកយុត្តិធម៌សម្រាប់កូនក្ដីប្រភេទហ្នឹងគឺនៅឆ្ងាយណាស់»។
ថ្មីៗនេះនៅពេលដែលអាជ្ញាធរក្រុងភ្នំពេញបង្កើនការចាប់ខ្លួនសកម្មជនបក្សប្រឆាំង អ្នកធ្វើការងារសង្គម និងអ្នកតស៊ូមតិ ដើម្បីយុត្តិធម៌សង្គម លោក ជូង ជូងី ក៏ទទួលការពាររឿងក្ដីមួយចំនួនដែរ ហើយភាគច្រើនគឺលោក ជួយការពារដោយមិនយកប្រាក់។ លោកក៏កំពុងកាន់សំណុំរឿងមេដឹកនាំសហជីព លោក រ៉ុង ឈុន ដែលត្រូវជាប់ចោទពីបទញុះញង់ បន្ទាប់ពីបានផ្សព្វផ្សាយកង្វល់ពលរដ្ឋក្នុងខេត្តត្បូងឃ្មុំរឿងបាត់ដីស្រែ ដោយសារការបោះបង្គោលព្រំដែនជាមួយវៀតណាម។
លោក រ៉ុង វិជ្ជា ប្រាប់ថា លោក រ៉ុង ឈុន ដែលជាឳពុកមាររបស់លោកនោះគ្មានប្រាក់នឹងជួលមេធាវីឡើយ ប៉ុន្តែបានកក់ក្ដៅដោយសារបានជំនួយពីមេធាវីលោក ជូង ជូងី៖ «ខ្ញុំមើលឃើញចំពោះមេធាវីគាត់ខិតខំប្រឹងប្រែង ពីព្រោះថា បើរឿងដែលគេចោទប្រកាន់ហ្នឹងសុទ្ធតែជារឿងនយោបាយ អ៊ីញ្ចឹងគឺសុទ្ធតែជារឿងអយុត្តិធម៌ ហើយអ្វីដែលមេធាវីលើកឡើងសុទ្ធតែជារឿងផ្លូវច្បាប់ ស្របទៅតាមនីតិវិធី ធ្វើយ៉ាងណាអោយជួយដោះបន្ទុកកូនក្ដី»។
លោក ជួង ជូងី បន្តថាមេធាវីគឺអ្នកផ្ដល់ភាពកក់ក្ដៅមុនគេទៅអោយអ្នកត្រូវចាប់ខ្លួន ឬចោទប្រកាន់ ហើយក៏ជាអ្នកផ្ដល់ប្រឹក្សាច្បាប់គ្រប់ដំណាក់កាលដល់កូនក្ដី។ លោកថាត្រង់ចំណុចនេះហើយដែលជំរុញអោយលោក រិតត្បិតការនិយាយស្ដី ធ្វើយ៉ាងណាអោយតែលោកនៅអាចការពារក្ដីតទៅទៀត។
ឆ្លើយតបនឹងការលើកឡើងនេះប្រធានគណៈមេធាវី លោក សួន វិសាល ប្រាប់អាស៊ីសេរីថា មេធាវីមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ដោយគ្មានការភ័យខ្លាចពីការបំភិតបំភ័យ សំខាន់គឺមេធាវីត្រូវអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួន។ លោកថានៅក្នុងអាណត្តិការងាររបស់លោក លោក លើកទឹកចិត្តដល់មេធាវីអោយលើកឡើងពីបញ្ហា ដែលជួបប្រទះមកខាងគណៈមេធាវីជានិច្ច៖ «មកដល់ពេលនេះគឺយើងអត់ ដែលបានឃើញមេធាវីណាម្នាក់ដែលប្ដឹងមកគណៈមេធាវីសុំអន្តរាគមន៍ ពីការគំរាមកំហែង ឬការកម្រិតសិទ្ធិ ក្នុងពេលគាត់ទៅប្រកបវិជ្ជាជីវៈទេ យើងអត់ដែលបានទទួលទេ»។
បើទោះជាយ៉ាងណាគណៈមេធាវីជាស្ថាប័ន ដែលមានឥទ្ធិពលអាចលុបឈ្មោះមេធាវី ដាក់ពិន័យ និងទណ្ឌកម្ម ទៅលើមេធាវីណាដែលត្រូវចោទប្រកាន់ថាប្រព្រឹត្តខុសនិងវិជ្ជាជីវៈ ក្នុងនោះគឺរួមទាំងការបញ្ចេញមតិរបស់មេធាវីគ្រប់រូបផងដែរ។
លោក ជូង ជូងី ដែលមានសម្បុរស មាឌតូចស្ដើង មានស្រុកកំណើតនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលមានឪពុកម្ដាយជាកសិករ។ មុននឹងចាប់មុខរបរជាមេធាវី លោក ជូង ជូងី បានធ្វើជាគ្រូបង្រៀន បន្ទាប់ពីលោកបានបញ្ចប់បរិញ្ញាបត្រផ្នែករូបវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់ពីបានធ្វើគ្រូបង្រៀន ២ឆ្នាំ លោក ជូង ជូងី បានបន្តទៅរៀនច្បាប់ និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ និងបានបំពេញវិជ្ជាជីវៈមេធាវីកាលពីឆ្នាំ២០០៤ ដោយមានការិយាល័យឈ្មោះសីលា។ លោក ជូង ជូងី រម្លឹកថា ម្តាយរបស់លោកប្រាប់លោកថា ធ្វើជាមនុស្សអោយដឹងខុសត្រូវ កុំរំលោភបំពានគេ គឺត្រូវស្រឡាញ់យុត្តិធម៌ ការពារយុត្តិធម៌។ លោកបន្តថាក្នុងសង្គមគឺចាំបាច់ត្រូវមានមនុស្សដូចដែលម្ដាយលោកលើកឡើងនោះឯង ទើបលោកប្រកាន់ខ្ជាប់នូវគំនិតគាំពារយុត្តិធម៌សង្គមរហូតមកដល់ពេលនេះ៖ «ចាំបាច់ណាស់គឺត្រូវមានមនុស្ស ដែលហ៊ានលះបង់ខ្លួនឯង លះបង់ប្រយោជន៍ លះបង់សេចក្ដីសុខ ទាំងសេចក្ដីសុខខ្លួនឯង ទាំងសេចក្ដីសុខក្រុមគ្រួសារ ដើម្បីតវ៉ាទាមទារអ្វី ដែលគួរតែបានដូចជា ការគោរពច្បាប់ សិទ្ធិមនុស្សប្រជាធិបតេយ្យ សេរីភាព»។
អ្នកឃ្លាំមើលសង្គម និងនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ កោតសរសើរដល់ភាពក្លាហាន ទឹកចិត្តសប្បុរសរបស់លោក ជូង ជូងី និងការប្រឹងប្រែង ដើម្បីផ្ដល់យុត្តិធម៌ដល់មនុស្សគ្រប់រូបនេះថាជាទឹកចិត្តល្អកម្ររកបាន៖ «គាត់យកវិជ្ជាជីវៈជាមេធាវីជាមធ្យោបាយ ដើម្បីជួយអ្នកដែលមានទុក្ខ។ ហ្នឹងហើយគឺចិត្តគាត់ជាចិត្តព្រះ គឺមានករុណា»។
ទាក់ទងនឹងការរឹតត្បិតសិទ្ធិសេរីភាពរបស់មេធាវីនេះ លោក ឡៅ ម៉ុងហៃ មើលឃើញថាមានចំណុចសំខាន់ពីរ គឺទីមួយ ឥទ្ធិពលរបស់គណៈមេធាវី ដែលមិនទាន់ទាន់ជាស្ថាប័នឯករាជ្យ ពីអ្នកនយោបាយពោលគឺអាចដាក់ការគំរាមកំហែងទៅដល់មេធាវីគ្រប់រូប។ ទី២ គឺមេធាវីភាគច្រើននៅមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ និងមិនបានស្វែងយល់ស៊ីជម្រៅពីការប្រើប្រាស់សិទ្ធិសេរីភាពខ្លួនឯង។ លោកថាចំណុចទាំងនេះហើយ ដែលរួមចំណែកធ្វើអោយសង្គមគ្មានយុត្តិធម៌ពិតប្រាកដ។
នៅពេលនិយាយដល់បណ្ដឹង លោក មេធាវី ជូង ជូងី ខ្លួនឯងក៏រងបណ្ដឹងព្រហ្មទណ្ឌដែរ ហើយត្រូវតុលាការខេត្តកណ្ដាលកាត់អោយលោកជាប់ទោស២ឆ្នាំ ពិន័យប្រាក់៣លានរៀល ហើយសំណុំរឿងនេះនៅមិនទាន់បិទបញ្ចប់នៅឡើយ ដែលនេះក៏ជាគំនាបមួយដល់រូបលោកដែរ។ ក្នុងរឿងនេះគឺលោក មានទោសព្រោះតែធ្វើគុណ ដោយជួយយកអាសារការពាក្ដីក្នុងរឿងទំនាស់ដីធ្លីរវាងពលរដ្ឋ និងអ្នកមានអំណាច។
លោកបន្តថាដើម្បីអោយលោក មានចិត្តស្ងប់ អាចប្រឈមនឹងរឿងរ៉ាវទាំងនេះបានលោក តែងឆ្លៀតពេលធ្វើវិប្បសនា នៅតាមទីអារាមមួយចំនួន ដែលមានរៀបចំកម្មវិធីនេះ៖ «ប៉ុន្តែក្រោយពីមានវិបត្តិកូវីដម៉ោ មជ្ឈមណ្ឌលគេបិទគេខ្លាចឆ្លងកូវីដ គឺខ្ញុំខានទៅជិត១ឆ្នាំហើយ ប៉ុន្តែក្នុងការធ្វើសមាធិហ្នឹងខ្ញុំព្យាយាមធ្វើដោយខ្លួនឯង នៅពេលដែលខ្ញុំធ្វើការងារទៅលំបាកខ្ញុំបានបិទភ្នែកទៅ ខ្ញុំធ្វើចិត្តអោយស្ងប់ចឹងទៅ»។
បើទោះជាយ៉ាងណា លោក ជូង ជូងី នៅតែប្រកាន់ជំហរជ្រើសរើសយកការអនុវត្តវិជ្ជាជីវៈ ដោយមិនប្រាថ្នាតែលាភសក្ការៈ ហើយថែមទាំងជំរុញលើកទឹកចិត្តយុវជនជំនាន់ក្រោយអោយឈរលើគោលការណ៍យុត្តិធម៌។ លោកថា បើចង់មានបានដោយមិនខ្វល់ពីយុត្តិធម៌ ពីភាពស្មោះត្រង់សូមកុំប្រកាន់យកវិជ្ជាជីវៈមេធាវី៖ «ចំពោះអ្នកច្បាប់ត្រូវការមេធាវី ដែលហ៊ាន ប៉ុន្តែខ្ញុំក៏មានការសោកស្ដាយដែរ មេធាវីស្រុកខ្មែរយើមានចំនួនប្រហែល២០០០នាក់ ប៉ុន្តែគេភាគច្រើន គេគិតតែប្រយោជន៍គេទេគឺគេមិនខ្វល់ពីសង្គមទេ។ ទន្ទឹមនឹងនោះមានអ្នកខ្លះគាត់ចេះដឹងជ្រៅគាត់មិនត្រឹមតែគិតតែប្រយោជន៍គាត់ទេគាត់ថែមទាំងដើរផ្លូវមួយបំផ្លាញសង្គម បំផ្លាញយុត្តិធម៌ ដើរផ្លូវពុករលួយសូកប៉ាន់ បក្សពួកនិយម ធ្វើអោយស្ថានភាពយុត្តិធម៌ហ្នឹងកាន់តែលំបាកទៅ។ មែនទែនទៅសម្រាប់បទពិសោធន៍នៅក្នុងសង្គមខ្មែរយើងការបំពានធ្ងន់ធ្ងរ ការបង្កើតភាពអយុត្តិធម៌ដែលគ្រោះថ្នាក់ដល់សង្គមគឺកើតឡើងពីអ្នកមានចំណេះដឹងច្រើនមួយចំនួន ពីអ្នកដែលមានតួនាទីធំៗមួយចំនួន»។
លោកមេធាវី ជូង ជូងី ក៏នៅមានក្ដីបំណងមួយទៀតដែរ គឺប្រសិនបើអាចធ្វើទៅបាន លោកប្រាថ្នាចង់ឲ្យមានយន្តការដែលអាចដាក់ទោសចំពោះចៅក្រម និងព្រះរាជអាជ្ញា ឬឲ្យពួកគាត់ទទួលខុសត្រូវចំពោះចំណាត់ការរបស់ពួកគាត់ទាំងអម្បាលម៉ានដែលមិនត្រឹមត្រូវ ដ្បិតលោកសង្កេតឃើញថា មានចៅក្រម និងព្រះរាជអាជ្ញាមួយចំនួនមានចំណាត់ការមិនត្រឹមត្រូវ ប៉ុន្តែពុំឃើញមានការតម្រូវឲ្យពួកគាត់ទទួលខុសត្រូវ បើទោះជាមានបណ្ដឹងប្រឆាំងពួកគាត់ ទៅដល់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមក្ដី។
និយាយពីជិវិតគ្រួសារ លោក ជូង ជូងី បានរៀបការជាមួយមេធាវីមួយរូបដែរ។ អ្នកទាំង២កំពុងស្នាក់ផ្ទះជួលក្នុងរាជធានីភ្នំពេញ ដោយមិនទាន់មានកូននៅឡើយ។ ជីវភាពគ្រួសារនេះមិនជាធូរធា ប៉ុន្តែអាចរកបានចំណូល ដែលអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃដោយមិនលំបាកឡើយ។
ចំពោះគោលដៅជីវិតទៅថ្ងៃអនាគត លោក ជូង ជូងី ឆ្លើយថា លោកអាចនឹងផ្លាស់ប្ដូរអាជីពដែរ ឲ្យតែអាចជួយរកយុត្តិធម៌ក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។