យុវជន​ច្រៀង​រិះគន់​សង្គម​ស្នើ​លោក សម រង្ស៊ី លុប​ចម្រៀង​ខ្លួន​ព្រោះ​បារម្ភ​អាជ្ញាធរ​បន្ត​រករឿង

ដោយ សេក បណ្ឌិត
2019-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តារាចម្រៀង​រ៉េប​គឺ​យុវជន ឈុន ឌីម៉ី ឬ​ហៅថា ឌីម៉ី ខេមបូ (Dymey-Cambo) ដែលជា​ម្ចាស់​បទ​''​សង្គម​នេះ​''។
តារាចម្រៀង​រ៉េប​គឺ​យុវជន ឈុន ឌីម៉ី ឬ​ហៅថា ឌីម៉ី ខេមបូ (Dymey-Cambo) ដែលជា​ម្ចាស់​បទ​''​សង្គម​នេះ​''។
រូប​ពី​ទំព័រហ្វេសប៊ុក ​យុវជន ឈុន ឌីម៉ី

យុវជន​ម្នាក់​ដែល​ច្រៀង​រ៉េប​រិះគន់​សង្គម​សព្វថ្ងៃ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ ៤០​ឆ្នាំ​មកហើយ និង​កំពុង​ល្បី​ក្នុង​បណ្ដាញ​សង្គម ស្នើ​សុំឱ្យ​ប្រធានស្តីទី​របស់​គណបក្ស​សង្គ្រោះជាតិ​លុប​បទ​ចម្រៀង​របស់ខ្លួន​ចេញពី​ហ្វេសប៊ុក​របស់ លោក សម រង្ស៊ី ព្រោះ​បារម្ភ​ខ្លាច​អាជ្ញាធរ​ចោទ​ថា លោក​ជា​សកម្មជន​បក្សប្រឆាំង និង​បន្ត​តាមរក​រឿង​លោក​បន្ថែមទៀត។

ការស្នើសុំ​នេះ​បន្ទាប់ពី​លោក សម រង្ស៊ី បាន​យក​បទ​ចម្រៀង​មាន​ចំណងជើង​''​សង្គម​នេះ​''​ទៅ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពីដើម​ខែ​ឧសភា

តារាចម្រៀង​រ៉េប​គឺ​យុវជន ឈុន ឌីម៉ី ឬ​ហៅថា ឌីម៉ី ខេមបូ (Dymey-Cambo) ដែលជា​ម្ចាស់​បទ​''​សង្គម​នេះ​''​ប្រាប់​អាស៊ីសេរី​ថា ក្រោយពេល​លោក​ចេញ​បទ​ចម្រៀង​ដែល​រិះគន់​ពី​សង្គម​នោះ​គឺ​អាជ្ញាធរ​បាន​តាម​យាយី​លោក​ជា​បន្តបន្ទាប់​រហូត​ធ្វើឱ្យ​លោក​សម្រេចចិត្ត​លុប​វីដេអូ​ចម្រៀង​នោះ​ចេញពី​ហ្វេសប៊ុក (Facebook) និង​យូធូប (Youtube) កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា និង​ប្រកាស​លាឈប់​ពីសី​ល្បៈ​មួយរយៈ​ផងដែរ​។​ប៉ុន្តែ​វីដេអូ​ចម្រៀង​របស់លោក​នោះ​ក៏​លោក សម រង្ស៊ី ធ្លាប់​យកទៅ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដែរ កាលពី​ថ្ងៃទី​៧ ខែ​ឧសភា ម្លោះ​ហើយ​ទើប​ធ្វើឱ្យ​លោក​នៅតែ​បារម្ភ​ពី​សុវត្ថិភាព និង​ស្នើ​សុំឱ្យ​លោក សម រង្ស៊ី ជួយ​លុប​វីដេអូ​ចម្រៀង​របស់លោក​នោះ​វិញ«ជាធម្មតា​ទេ គឺ​ខ្ញុំ​ជា​អ្នកចម្រៀង​ឯករាជ្យ​ហើយ​ធ្វើ​អី្វ​គឺ​ចេញពីចិត្ត​ខ្លួនឯង។ បើសិនជា​អ្នក​នយោបាយ​ណា​ដែល​បាន​យក​បទ​ចម្រៀង​ខ្ញុំ ទៅ​ផុស​ក្នុងន័យ​ល្អ ឬ​ន័យ​អ្វីមួយ​គឺអាច​ធ្វើឱ្យ​អាជ្ញាធរ​នៅតែ​តាម​សង្កេតមើល​ខ្ញុំ​ដដែល»

កាលពី​ថ្ងៃទី​៧​ខែឧសភា កន្លងទៅ លោក សម រង្ស៊ី បាន​យក​បទ​ចម្រៀង​រ៉េប​រិះគន់​សង្គម​ដ៏​ពេញនិយម​មួយ​បទ ដែល​កំពុង​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ទៅ​បង្ហោះ​បន្ត​នៅលើ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក និង​បានសរសេរថា យុវជន​នៅ​ប្រទេស​កម្ពុជា​បាន​ប្រាប់​ថា ពួកគេ​កំពុងតែ​និយម​ចម្រៀង​រ៉េប (Rap) ដែលមាន​ឈ្មោះ​``​សង្គម​នេះ​``​ច្រៀង​ដោយ ឌីម៉ី ខេមបូ (Dymey-Cambo)។ លោក សម រង្ស៊ី ជឿជាក់ថា ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ក៏​ពេញចិត្ត​ពី​អត្ថន័យ​នៃ​ចម្រៀង​នេះដែរ​។​

​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​លោក សមរង្ស៊ី តាម​ទូរស័ព្ទ​ជាច្រើនលើក ដើម្បី​សុំ​ការឆ្លើយតប​ជុំវិញ​រឿងនេះ ប៉ុន្តែ​ទូរស័ព្ទ​របស់លោក​ពុំមាន​អ្នក​ទទួល

យុវជន ឈុន ឌីម៉ី ឱ្យដឹងថា​មួយរយៈ​នេះ​អាជ្ញាធរ​មិនដែល​បាន​ទៅ​រំខាន់​លោក​ទៀត​នោះទេ ក្រោយ ពេល​លោក​សម្រេច​លុប​វីដេអូ​ចេញពី​ហ្វេសប៊ុក និង​យូធូប ខណៈដែល​កន្លង​មក​អាជ្ញាធរ​ធ្លាប់បាន​ទៅផ្ទះ និង​កន្លែង​ការងារ​ព្រមទាំង​ហៅ​ឪពុក​របស់​លោក​ទៅ​ព្រមាន​ឱ្យ​ណែនាំ​លោក​លុប​បទ​ចម្រៀង​ដែល​រិះគន់​សង្គម​សព្វថ្ងៃ​នេះ​ជាបន្ទាន់៖ «ដើម្បីឱ្យ​រឿងនេះ​ស្ងប់ស្ងាត់​ទៅ កុំឱ្យ​អូសបន្លាយ​យូរ ខ្ញុំ​ក៏បាន​ស្នើ​សុំឱ្យ​គាត់​លុប​ចម្រៀង​នោះ ចេញពី​ហ្វេសប៊ុក​របស់គាត់ ដើម្បីឱ្យ​ឆាប់​បញ្ចប់រឿង​នេះហើយ​ឥឡូវ​នេះ ខាង​សមត្ថកិច្ច​ក៏បាន​ស្ងប់ស្ងាត់​ហើយ​ដែរ»។

អាស៊ីសេរី​មិនអាច​ការអត្ថាធិប្បាយ​ពី​អភិបាលខេត្ត​សៀមរាប​លោក ទៀ សីហា បាន​ទេ ដោយ លោក​ប្រាប់ថា ស្តាប់​មិនលឺ​ហើយ​បិទ​ទូរស័ព្ទ​តែម្ដង។ ចំណែក​ស្នងការ​នគរ​បាល​ខេត្តសៀមរាប​លោក ទិត្យ ណារ៉ុង ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។ ទោះ​យ៉ាង​ណា​​ក្តី កាលពី​ថ្ងៃទី​១៧ ខែ​សីហា កន្លង​ទៅ អភិបាលខេត្ត​សៀមរាប​អះអាង​ថា ប្រសិនបើ​អាជ្ញាធរ​រក​ឃើញ​ថា បទ​ចម្រៀង​ដែល​រិះគន់​ពី​សង្គម​នោះ​មាន​ខ្លឹមសារ​ញុះញង់​បង្កប់​នូវ​នយោបាយ ឬ​ធ្វើឱ្យប៉ះពាល់​ដល់​សង្គមជាតិ​គឺ​ត្រូវតែ​ចាត់វិធានការ​តាម​ផ្លូវ​​ច្បាប់។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា អ្នក​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​នាំគ្នា​ចែកចាយ (Share) បទ​ចម្រៀង​នេះ​បន្ត​គ្នា​ព្រោងព្រាត​មិនមែន​មានតែ​លោក សម រង្ស៊ី ម្នាក់​នោះទេ ហើយ​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​គឺ​គ្រាន់តែ​ជា​សិទ្ធិសេរីភាព​នៅក្នុង​ការ​បញ្ចេញមតិ​ប៉ុណ្ណោះ គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​សារ​នយោបាយ ឬ​ការ​ញុះញង់​អ្វី​ឡើយ។ លោក​បន្តថា​អាជ្ញាធរ មិនគួរ​ដាក់​សម្ពាធ ឬ​ឆាឆៅ​ធ្វើឱ្យ​គ្រួសារ និង​ម្ចាស់​បទ​ចម្រៀង ''​សង្គម​នេះ" ឱ្យមាន​ការភិតភ័យ​នោះ​ទេ៖ «ខ្ញុំ​គិតថា​ទោះបីជា​លោក សម រង្ស៊ី លុបចេញ​ក៏​បទ​ចម្រៀង​នេះ វា​នៅក្នុង​យូធូប និង​នៅក្នុង​ការចែក​ចាយ​បន្តទៅ​ទៀត ហើយ​វា​អត់​អាច​នឹង​បាត់ទៅ​ទេ។ អ៊ីចឹង​បើ​សារ​នេះ​សំដៅ​ទៅលើ​ផេក​លោក សមរង្ស៊ី គឺ​វា​មិនត្រូវ​ដែរ​ព្រោះ​បើសិនជា​លុប ត្រូវ​លុប​ទាំងអស់។ បើសិនជា​មើលទៅ​លើ​អត្ថន័យ​បទ​ចម្រៀង​ទាំងអស់នេះ ហាក់ដូចជា​មិនមាន​បទល្មើស​អី​ទេ គ្រាន់តែ​ជា​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់លោក​តែប៉ុណ្ណោះ។ ប៉ុន្តែ​គ្រាន់តែ​ថា យើង​ដឹង​ស្រាប់​ហើយ​ថា ឱ្យតែ​បទ​ចម្រៀង ឬក៏​សារ​ដែល​រិះគន់​នោះ​គឺ​តែងតែមាន​ការរំខាន និង​ការយាយី​ពី​សំណាក់​អាជ្ញាធរ​ដែល​ធ្វើឱ្យមាន​ការ​ព្រួយ​បារម្ភ»។

​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា​'' សង្គម​នេះ' គឺមាន​ពីរ​វគ្គ​ដែល​រៀបរាប់​អំពី​រឿងរ៉ាវ​ស្មោកគ្រោក​ជាច្រើន​នៅក្នុង​សង្គម​ដូចជា ការប្រព្រឹត្ត​អំពើពុករលួយ​ទុក្ខលំបាក​របស់​ពលរដ្ឋ​ក្រីក្រ ហើយ​ត្រូវ​អ្នកមាន​លុយ​មានអំណាច​ជិះជាន់​រំលោភ​យក​ដីធ្លី​ស្រស់ៗ ការបាញ់​កាប់សម្លាប់​អ្នកចេះដឹង​និង​អ្នកស្នេហាជាតិ​ជា​ហូរហែ និង​រៀបរាប់​អំពី​បញ្ហា​ជនអន្តោប្រវេសន៍​រស់នៅ​យ៉ាង​អនាធិបតេយ្យ​ផងដែរ។

លោក ឈុន ឌីម៉ី មាន​វ័យ ២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១​ ផ្នែក​ព័ត៌មានវិទ្យា​នៃ​សាកលវិទ្យាល័យ South-East Asia។ លោក​រៀបរាប់​ថា បទ​ចម្រៀង​នេះ​លោក​តាក់តែង​ម្នាក់ឯង និង​មាន​ឆន្ទៈ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ការជំរុញ​ពី​ក្រុម​ណា ឬ​អ្នកនយោបាយ​ណា​មួយ​​នោះ​ទេ​។​លោក សង្ឃឹមថា បទ​ចម្រៀង ដែល​ច្រៀង​នោះ​នឹងធ្វើ​ឱ្យមាន​ដំណោះស្រាយ​ល្អ​មួយ​នៅក្នុង​សង្គម​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល