យុវជនម្នាក់ដែលច្រៀងរ៉េបរិះគន់សង្គមសព្វថ្ងៃ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រមាណ ៤០ឆ្នាំមកហើយ និងកំពុងល្បីក្នុងបណ្ដាញសង្គម ស្នើសុំឱ្យប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិលុបបទចម្រៀងរបស់ខ្លួនចេញពីហ្វេសប៊ុករបស់ លោក សម រង្ស៊ី ព្រោះបារម្ភខ្លាចអាជ្ញាធរចោទថា លោកជាសកម្មជនបក្សប្រឆាំង និងបន្តតាមរករឿងលោកបន្ថែមទៀត។
ការស្នើសុំនេះបន្ទាប់ពីលោក សម រង្ស៊ី បានយកបទចម្រៀងមានចំណងជើង''សង្គមនេះ''ទៅបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីដើមខែឧសភា។
តារាចម្រៀងរ៉េបគឺយុវជន ឈុន ឌីម៉ី ឬហៅថា ឌីម៉ី ខេមបូ (Dymey-Cambo) ដែលជាម្ចាស់បទ''សង្គមនេះ''ប្រាប់អាស៊ីសេរីថា ក្រោយពេលលោកចេញបទចម្រៀងដែលរិះគន់ពីសង្គមនោះគឺអាជ្ញាធរបានតាមយាយីលោកជាបន្តបន្ទាប់រហូតធ្វើឱ្យលោកសម្រេចចិត្តលុបវីដេអូចម្រៀងនោះចេញពីហ្វេសប៊ុក (Facebook) និងយូធូប (Youtube) កាលពីថ្ងៃទី១៦ ខែឧសភា និងប្រកាសលាឈប់ពីសីល្បៈមួយរយៈផងដែរ។ប៉ុន្តែវីដេអូចម្រៀងរបស់លោកនោះក៏លោក សម រង្ស៊ី ធ្លាប់យកទៅបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកដែរ កាលពីថ្ងៃទី៧ ខែឧសភា ម្លោះហើយទើបធ្វើឱ្យលោកនៅតែបារម្ភពីសុវត្ថិភាព និងស្នើសុំឱ្យលោក សម រង្ស៊ី ជួយលុបវីដេអូចម្រៀងរបស់លោកនោះវិញ៖ «ជាធម្មតាទេ គឺខ្ញុំជាអ្នកចម្រៀងឯករាជ្យហើយធ្វើអី្វគឺចេញពី ចិត្តខ្លួនឯង។ បើសិនជា អ្នកនយោបាយ ណាដែលបានយកបទចម្រៀងខ្ញុំ ទៅផុសក្នុងន័យល្អ ឬន័យអ្វីមួយគឺអាចធ្វើឱ្យអាជ្ញាធរនៅតែតាមសង្កេតមើលខ្ញុំដដែល»។
កាលពីថ្ងៃទី៧ខែឧសភា កន្លងទៅ លោក សម រង្ស៊ី បានយកបទចម្រៀងរ៉េបរិះគន់សង្គមដ៏ពេញនិយមមួយបទ ដែលកំពុងល្បីល្បាញក្នុងបណ្តាញសង្គមហ្វេសប៊ុក ទៅបង្ហោះបន្តនៅលើហ្វេសប៊ុកផ្លូវការរបស់លោក និងបានសរសេរថា យុវជននៅប្រទេសកម្ពុជាបានប្រាប់ថា ពួកគេកំពុងតែនិយមចម្រៀងរ៉េប (Rap) ដែលមានឈ្មោះ``សង្គមនេះ``ច្រៀងដោយ ឌីម៉ី ខេមបូ (Dymey-Cambo)។ លោក សម រង្ស៊ី ជឿជាក់ថា ខ្មែរគ្រប់មជ្ឈដ្ឋានក៏ពេញចិត្តពីអត្ថន័យនៃចម្រៀងនេះដែរ។
អាស៊ីសេរីបានព្យាយាមទាក់ទងលោក សមរង្ស៊ី តាមទូរស័ព្ទជាច្រើនលើក ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះ ប៉ុន្តែទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
យុវជន ឈុន ឌីម៉ី ឱ្យដឹងថាមួយរយៈនេះអាជ្ញាធរមិនដែលបានទៅរំខាន់លោកទៀតនោះទេ ក្រោយ ពេលលោកសម្រេចលុបវីដេអូចេញពីហ្វេសប៊ុក និងយូធូប ខណៈដែលកន្លងមកអាជ្ញាធរធ្លាប់បានទៅផ្ទះ និងកន្លែងការងារព្រមទាំងហៅឪពុករបស់លោកទៅព្រមានឱ្យណែនាំលោកលុបបទចម្រៀងដែលរិះគន់សង្គមសព្វថ្ងៃនេះជាបន្ទាន់៖ «ដើម្បីឱ្យរឿងនេះស្ងប់ស្ងាត់ ទៅ កុំឱ្យ អូសបន្លាយយូរ ខ្ញុំក៏បានស្នើសុំឱ្យគាត់លុបចម្រៀងនោះ ចេញពីហ្វេសប៊ុករបស់គាត់ ដើម្បីឱ្យឆាប់បញ្ចប់រឿងនេះហើយ ឥឡូវនេះ ខាងសមត្ថកិច្ចក៏បានស្ងប់ស្ងាត់ហើយដែរ»។
អាស៊ីសេរីមិនអាចការអត្ថាធិប្បាយពីអភិបាលខេត្តសៀមរាបលោក ទៀ សីហា បានទេ ដោយ លោកប្រាប់ថា ស្តាប់មិនលឺហើយបិទទូរស័ព្ទតែម្ដង។ ចំណែកស្នងការនគរបាលខេត្តសៀមរាបលោក ទិត្យ ណារ៉ុង ក៏មិនទទួលទូរស័ព្ទដែរ។ ទោះយ៉ាងណាក្តី កាលពីថ្ងៃទី១៧ ខែសីហាកន្លងទៅ អភិបាលខេត្តសៀមរាបអះអាងថា ប្រសិនបើអាជ្ញាធររកឃើញថា បទចម្រៀងដែលរិះគន់ពីសង្គមនោះមានខ្លឹមសារញុះញង់បង្កប់នូវនយោបាយ ឬធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិគឺត្រូវតែចាត់វិធានការតាមផ្លូវច្បាប់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា អ្នកប្រើបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចែកចាយ (Share) បទចម្រៀងនេះបន្តគ្នាព្រោងព្រាតមិនមែនមានតែលោក សម រង្ស៊ី ម្នាក់នោះទេ ហើយអត្ថន័យនៃបទចម្រៀងនេះគឺគ្រាន់តែជាសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិប៉ុណ្ណោះ គ្មានជាប់ពាក់ព័ន្ធនឹងសារនយោបាយ ឬការញុះញង់អ្វីឡើយ។ លោកបន្តថាអាជ្ញាធរ មិនគួរដាក់សម្ពាធ ឬឆាឆៅធ្វើឱ្យគ្រួសារ និងម្ចាស់បទចម្រៀង ''សង្គមនេះ" ឱ្យមានការភិតភ័យនោះទេ៖ «ខ្ញុំ គិតថាទោះបីជាលោក សម រង្ស៊ី លុបចេញក៏បទចម្រៀងនេះ វានៅក្នុងយូធូប និងនៅក្នុងការចែកចាយបន្តទៅទៀត ហើយវាអត់អាចនឹងបាត់ទៅទេ។ អ៊ីចឹងបើសារនេះសំដៅទៅលើផេកលោក សមរង្ស៊ី គឺវាមិនត្រូវដែរព្រោះបើសិនជាលុប ត្រូវលុបទាំងអស់។ បើសិនជាមើលទៅលើអត្ថន័យបទចម្រៀងទាំងអស់នេះ ហាក់ដូចជាមិនមានបទល្មើសអីទេ គ្រាន់តែជាសិទ្ធិសេរីភាពបញ្ចេញមតិរបស់លោកតែប៉ុណ្ណោះ។ ប៉ុន្តែគ្រាន់តែថា យើងដឹងស្រាប់ហើយថា ឱ្យតែបទចម្រៀង ឬក៏សារដែលរិះគន់នោះគឺតែងតែមានការរំខាន និងការយាយីពីសំណាក់អាជ្ញាធរដែលធ្វើឱ្យមាន ការព្រួយបារម្ភ»។
បទចម្រៀងដែលមានចំណងជើងថា'' សង្គមនេះ' គឺមានពីរវគ្គដែលរៀបរាប់អំពីរឿងរ៉ាវស្មោកគ្រោកជាច្រើននៅក្នុងសង្គមដូចជា ការប្រព្រឹត្តអំពើពុករលួយទុក្ខលំបាករបស់ពលរដ្ឋក្រីក្រ ហើយត្រូវអ្នកមានលុយមានអំណាចជិះជាន់រំលោភយកដីធ្លីស្រស់ៗ ការបាញ់កាប់សម្លាប់អ្នកចេះដឹងនិងអ្នកស្នេហាជាតិជាហូរហែ និងរៀបរាប់អំពីបញ្ហាជនអន្តោប្រវេសន៍រស់នៅយ៉ាងអនាធិបតេយ្យផងដែរ។
លោក ឈុន ឌីម៉ី មានវ័យ ២៤ឆ្នាំ ជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យ South-East Asia។ លោករៀបរាប់ថា បទចម្រៀងនេះលោកតាក់តែងម្នាក់ឯង និងមានឆន្ទៈផ្ទាល់ខ្លួនដោយគ្មានការជំរុញពីក្រុមណា ឬអ្នកនយោបាយណាមួយនោះទេ។លោក សង្ឃឹមថា បទចម្រៀង ដែលច្រៀងនោះនឹងធ្វើឱ្យមានដំណោះស្រាយល្អមួយនៅក្នុងសង្គមខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
