អតីត​បុគ្គលិក​អាស៊ីសេរីរំពឹង​ថា នឹង​ទទួល​​បា​​ន​យុត្តិធម៌​ បើ​​តុលាការ​អនុវត្ត​តាម​វិជ្ជាជីវៈត្រឹម​ត្រូវ

ដោយ ទីន ហ្សាការីយ៉ា
2019-08-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក យាង សុធារិន (ឆ្វេង) លោក អ៊ួន ឈិន អតីត​បុគ្គលិក​អាស៊ីសេរី។
លោក យាង សុធារិន (ឆ្វេង) លោក អ៊ួន ឈិន អតីត​បុគ្គលិក​អាស៊ីសេរី។
រូប៖ RFA

អតីតបុគ្គលិក​​អាស៊ីសេរីរំពឹង​ថា នឹង​​ទទួល​​បាន​​យុត្តិធម៌​ពិ​ត​ប្រាកដ​ ប្រសិន​​បើ​​តុលាការ​អនុវត្ត​ត្រឹម​​ត្រូវ​តាម​​វិជ្ជាជីវៈ។ សាលាដំបូង​រាជធានី​នឹង​បើក​​ការ​ជំនុំ​ជម្រះ​រឿងក្តី​​អតីត​បុគ្គលិក​អាស៊ីសេរីបន្ត​​ទៀត នៅថ្ងៃសុក្រ សប្តាហ៍​​នេះ បន្ទាប់​ពី​សវនាការ​មិន​ទាន់ចប់​សព្វគ្រប់​ កាល​ពី​ចុង​ខែ​​កក្កដា កន្លងទៅ។

អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុធារិន្ទ ថ្លែង​ថា លោក​​គ្មាន​​អ្វី​​ត្រូវ​បារម្ភ ចំពោះ​សវនាការ​ជំនុំ​ជម្រះ​នេះ​ឡើយ ពី​ព្រោះ​​លោក​​ប្រាកដ​​ខ្លួន​​ឯង​ថា លោក​​មិន​​បាន​​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​​បន្ត​ថា ប្រសិន​​បើ​តុលាការ​ឈរ​លើ​​គោលការណ៍​​វិជ្ជាជីវៈ​ត្រឹម​ត្រូវ​​នោះ លោក​​ និង​លោក អ៊ួន ឈិន នឹង​អាច​រួច​ផុត​ពី​​បទ​ចោទ​ប្រកាន់​​ដ៏​​អយុត្តិធម៌​​នេះ។

បន្ថែម​​ពីលើ​នេះ លោករំពឹងថា តុលាការ​នឹងសាកសួរ​រូប​លោក​ឱ្យ​ចំចំណុច​ពាក់ព័ន្ធ​នឹង​បទ​ចោទ ជា​ជាង​សួរ​ចាក​​ឆ្ងាយ​ពី​​សាច់​រឿង ហើយ​ព្យាយាម​​ដាក់​​បន្ទុក​លើ​ពួក​លោក​​ទាំងពីរ៖ «សង្ឃឹមថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ពួក​ខ្ញុំ​ តាម​​រយៈ​ការ​សហការ​ ហើយ​​បើ​​មិន​​រក​​ឃើញមាន​ភស្តុតាង​ដែ​​លដាក់​​បន្ទុក​លើ​យើងខ្ញុំទេ សូម​មេត្តា​បញ្ចប់​ការ​ចោទ​ប្រកាន់​លើ​យើង​ខ្ញុំ​ ហើយ​​សម្រេច​ឱ្យ​ពួក​ខ្ញុំ​រួច​ផុតពី​ការ​ចោទ​ប្រកាន់​​ទាំងអស់ហ្នឹង»

តុលាការ​ក្រុង​​ភ្នំពេញ​បាន​បើក​សវនាការ​សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ីសេរី កាល​ពី​​ថ្ងៃទី២៦ កក្កដា កន្លង​ទៅ ដោយ​ផ្តោត​​សំខាន់​លើ​បទ​ចោទ​ធ្វើ​ចារកម្ម។ ក៏​​ប៉ុន្តែ សវនាការ​បាន​​ត្រឹម​​បញ្ចប់​ការ​សួរ​ដេញ​ដោល​​ប៉ុណ្ណោះ ដោយ​តំណាង​អយ្យការ និង​មេធាវី​មិន​​ទាន់​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​​ដាក់​ជូន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះនៅឡើយ​ទេ។ តុលាការ​ក៏​បាន​​កំណត់​យក​ថ្ងៃ​ទី៩ សីហា ដើម្បី​​បន្ត​សវនាការ​នេះ​ទៀត។

មេធាវី​​ការពារក្តី​​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី លោក សំ ចំរើន ថ្លែងថា តំណាង​អយ្យការ និង​រូប​លោក នឹង​ធ្វើ​សេចក្តី​សន្និដ្ឋាន​​រៀងៗ ខ្លួន​​អំពី​សំណុំ​រឿង​ទី​មួយ​ មុន​នឹង​តុលាការ​បើក​ការ​ជំនុំ​​ជម្រះ​​លើ​សំណុំ​រឿង​ទី​ពីរ​ទាក់ទង​នឹង​​វីដេអូ​អាសអាភាស។ លោក​បញ្ជាក់​ថា សវនាការ​សំណុំ​​រឿង​ពីរនឹង​ធ្វើ​​ឡើង​ជា​អសាធារណៈ ពី​ព្រោះ​រឿង​នេះ​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន។ ទោះ​ជា​យ៉ាង​ណា លោក​រំពឹង​ថា សវនាការ​ទាំងពីរ​លើក​នេះ​នឹង​ទទួល​បាន​​លទ្ធផល​វិជ្ជមាន​សម្រាប់​កូន​ក្តី​របស់​លោក​ទាំងពីរ​នាក់៖ «យើង​នៅ​​តែ​មាន​​សង្ឃឹមថា វិជ្ជមាន​សម្រាប់​កូន​​ក្តី ដោយសារ​យើង​ពិនិត្យ​មើល​លើ​ឯកសារ​សំណុំ​​រឿង​ផ្សេងៗ​ហ្នឹង យើង​យល់​ថា កូន​​ក្តី​​នៅ​តែ​ជា​អ្នកដែល​​សុចរិត​ មិន​​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ដដែល»

តុលាការ​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ចំនួន​ពីរ​បទ​ចោទ គឺទី១ ​បទ "ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ" និង​ទី២ បទ "ផលិត​វីដេអូ​អាសអាភាស​” បន្ទាប់​ពី​បាន​ឃាត់​ខ្លួន​ពួក​គាត់ កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំង​ពីរ ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង ៩ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​រៀង​រាល់​ខែ និង​ហាម​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​ដើម។

ថ្វីបើ​​អ្នក​ទាំងពីរ​បាន​​រួច​ផុត​ពីនីតិវិធី​​ស្ថិត​​ក្រោម​​ការ​​ត្រួតពិនិត្យ​តាម​អំណាច​សាលដីកា​សាលា​ឧទ្ធរណ៍​​​មែន ក៏​ ​​សិទ្ធិ​សេរីភាព​ក្នុង​​ការ​​​​ដើរ​ហើររបស់​​អ្នក​​ទាំងពីរ​​មិន​​ទាន់​មាន​​ពេញ​លេញ​​នៅ​ឡើយ​ទេ។ តុលាការ​ក្រុង​​ភ្នំពេញ​​មិន​​បាន​​ប្រគល់​លិខិត​​ឆ្លង​ដែន និង​​វត្ថុ​ចាប់​យក​​ដទៃ​ទៀតឱ្យ​​អ្នក​​ទាំង​ពីរ​វិញ​ឡើយ ដោយ​​រង់​ចាំ​សម្រេច​នៅ​ក្នុង​​សាលក្រម​ជំនុំ​​ជម្រះ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ដែល​​បាន​តាម​ដាន​ដំណើរ​ការ​ក្តីនេះ កត់​សម្គាល់​​ថា តុលាការ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់ ​ដើម្បី​​ដាក់​បន្ទុក​អ្នក​​ទាំងពីរ​ចំពោះ​ប​ទចោទ​ធ្វើ​ចារកម្ម​​នោះឡើយ។ ចំណែក​​ ​សំណុំ​រឿង​ទីពីរវិញ លោក​នឹង​តាម​​ដាន​បន្ត​​ទៅ​ទៀត៖ «ការ​ចាប់ និង​ឃុំ​​ខ្លួន​​អ្នក​​ទាំងពីរ​​ហ្នឹង វា​ជា​ការ​​គំរាម​​កំហែង បំភិត​បំភ័យ​ទៅ​លើ​វិស័យ​សារព័ត៌មាន ជា​ពិសេស​ធ្វើ​​ឱ្យ​ប៉ះពាល់​​សេរីភាព​នៃ​អ្នក​សារព័ត៌មាន​ហ្នឹង។ អ៊ីចឹង​ករណី​នេះ តុលាការ​គួរ​តែ​ទម្លាក់​ចោល​​បទ​ចោទ​ប្រកាន់​ ហើយ​ឱ្យ​គាត់​មាន​សេរីភាព​ ដើម្បី​​បំពេញ​ការងារ​ជា​អ្នក​សារព័ត៌មាន​ឡើង​វិញ»

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ក្នុង​​នោះ​ក៏​រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង បាន​ចាត់​ទុក​​ចំណាត់​ការ​របស់​លើ​អតីតបុគ្គលិក​អាស៊ីសេរីទាំងពីរ​រូប​ ថា​​ជារឿង​អយុត្តិធម៌ និង​ធ្វើ​​ឡើង​ដោយ​បំពាន។ ក្រុម​​អង្គការ​សង្គម​​ស៊ីវិល​​ជាតិ និង​​អន្តរជាតិ បាន​​ទាម​ទារ​ឱ្យ​របបក្រុង​ភ្នំពេញ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​អ្នក​ទាំងពីរ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​​លើ​សារព័ត៌មាន​ឯករាជ្យ​ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល