អង្គការក្រុមអ្នកការពារសិទ្ធិមនុស្សឈានមុខ ហៅជាភាសាអង់គ្លេសថា ហ្វ្រន់ឡាញ ឌីហ្វិនឌ័រ (Front Line Defenders) ស្នើឲ្យតុលាការរបបលោក ហ៊ុន សែន ទម្លាក់ចោល ការចោទប្រកាន់ប្រឆាំងនឹងមន្ត្រីសិទ្ធិមនុស្ស៤នាក់ មកពីសមាគមអាដហុក និងមន្ត្រីគ.ជ.ប ម្នាក់ ជាអតីតមន្ត្រីអាដហុកជាបន្ទាន់ និងឥតលក្ខខណ្ឌ។
សំណើនេះធ្វើឡើងដោយសារតែកាលពីថ្ងៃទី១២ សីហា តុលាការរបបលោក ហ៊ុន សែន បានកោះហៅ លោក ណៃ វ៉ង់ដា ឲ្យចូលរួមសវនាការជំនុំជម្រះ នៅថ្ងៃទី២៧ ខែសីហា ខាងមុខ។
លោក នី ចរិយា អតីតមន្ត្រីអាដហុក និងជាអគ្គលេខាធិការរង គ.ជ.ប ក៏ទទួលបានដីកាដូចគ្នានេះដែរ។ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់មនុស្ស ៥នាក់ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និងលោក នី ចរិយា កាលពីឆ្នាំ២០១៦ ពីបទសូកប៉ាន់សាក្សី។
ប្រសិនបើរកឃើញមានទោសអ្នកទាំងនោះ អាចប្រឈមមុខនឹងជាប់ពន្ធនាគាររយៈពេលពី៥ ទៅ ១០ឆ្នាំ។ បច្ចុប្បន្នមន្ត្រីទាំងនោះត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពួកគេជាប់ពន្ធនាគារអស់រយៈពេល ១៤ខែមក។
សេចក្ដីថ្លែងការណ៍អង្គការ Front Line Defenders ចេញកាលពីថ្ងៃទី១៧ សីហា ក៏បានស្នើឲ្យតុលាការធានាថា ការកាត់ទោសមន្ត្រីសិទ្ធិមនុស្សទាំងនោះ ប្រព្រឹត្តទៅដោយយុត្តិធម៌ ស្របតាមស្តង់ដារអន្តរជាតិ។ អង្គការនេះក៏ស្នើឲ្យរបបលោក ហ៊ុន សែន ធានាថា មន្ត្រីសិទ្ធិមនុស្សទាំងអស់ អាចប្រកបការងារដោយគ្មានការគំរាមកំហែង សងសឹក និងគ្មានការរឹតត្បិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
