ក្រុមហ៊ុន​ធំៗ​ថា ការ​បញ្ជាទិញ​ពី​រោងចក្រ​កំពុង​ប្រឈម​បញ្ហា ដោយសារ​ការរំលោភ​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស

0:00 / 0:00

ក្រុមហ៊ុន​ធំៗ​នៅ​លើ​ពិភពលោក ថា ការ​បញ្ជាទិញ​ផលិតផល​ពី​រោងចក្រ​នៅ​កម្ពុជា​កំពុង​ប្រឈម​បញ្ហា ដោយសារ​ការរំលោភ​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស​។ ការព្រមាន​នេះ ធ្វើឡើង នៅ​កៀក​ថ្ងៃ​ដែល​សហភាព​អឺរ៉ុប​សម្រេច​ចុងក្រោយ អំពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នេះ ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​ទាំង​នេះ ទទូច​ឱ្យ​របប​ក្រុង​ភ្នំពេញ ស្តារ​ឡើងវិញ​នូវ​ស្ថានភាព​សិទ្ធិ​ការងារ និង​បញ្ហា​សិទ្ធិមនុស្ស។

ក្រុមហ៊ុន​បញ្ជា​ទិញ​ល្បីៗ បាន​បញ្ជាក់​ក្តី​កង្វល់​របស់​ខ្លួន​សាជាថ្មី តាមរយៈ​លិខិត​ផ្ញើ​ទៅ​របប​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី២២ ខែ​មករា ថាបើ​កម្ពុជា​មិន​ដោះស្រាយ​បញ្ហា​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស​នេះ​ឡើងវិញ​ទេ កម្ពុជា​នឹង​បាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប។

បញ្ហា​សិទ្ធិ​ការងារ ដែល​ក្រុមហ៊ុន​បញ្ជា​ទិញ​ទាំងនេះ ទាមទារ​ឱ្យ​កែ​ឡើងវិញ​នោះ គឺ​ច្បាប់​សហជីព​ដែល​រឹតត្បិត​ដល់​សេរីភាព​សហជីព និង​ការ​ធ្វើទុក្ខបុកម្នេញ​មេដឹកនាំ​សហជីព ដោយសារតែ​ជាប់​បណ្ដឹង​នៅ​តុលាការ​។ ច្បាប់​ស្ដីពី​ការគ្រប់គ្រង​សមាគម និង​អង្គការ​សង្គម​ស៊ីវិល ក៏​ជា​បញ្ហា ដោយសារតែ​ច្បាប់​នេះ បង្ក​ភាព​ងាយ​ស្រួយ ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ និង​បង្ក្រាប​អង្គការ​សង្គម​ស៊ីវិល និង​សហជីព។

ក្រុមហ៊ុន​បញ្ជា​ទិញ​ល្បីៗ​ទាំងនេះ រួមមាន សមាគម​អ្នកបញ្ជា​ទិញ​សំលៀកបំពាក់ និង​ស្បែកជើង​របស់​អាមេរិក អាល្លឺម៉ង់ និង​សមាគម​ក្រុមហ៊ុន​បញ្ជា​ទិញ​នៅ​សហភាព​អឺរ៉ុប ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​ធំៗ​ដូចជា អាឌីដាស (Adidas) លីវ៉ៃស៍ (Levis Strauss) និង ដាន់ឌើ អា​មើ (Under Armor) ជាដើម ដែល​សុទ្ធតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ឱ្យ​ច្បាស់​ឱ្យ​សាធារណជន​បាន​ឃើញ នូវ​ផែនទី​បង្ហាញ​ផ្លូវ​អំពី​ដំណោះស្រាយ ក្នុង​ការ​ស្ដារ​ស្ថានភាព​ទាំងនេះ​ឡើងវិញ ដោយ​រួមបញ្ចូល​នូវ​យន្តការ​ពហុភាគី​ថ្នាក់​ជាតិ ដោយ​ដាក់​ចេញ​នូវ​វិធានការ​អនុវត្ត​ជាក់លាក់​ជាក់ស្ដែង និង​មាន​ពេលវេលា​កំណត់​ច្បាស់លាស់ ដើម្បី​ស្ដារ​ស្ថានភាព​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឱ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ។

ការ​ទាមទារ​របស់​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​ទាំងនេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប គ្រោង​នឹង​ចេញ​សេចក្ដី​សម្រេច​ចុងក្រោយ​របស់​ខ្លួន ជុំវិញ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ សហភាព​អឺរ៉ុប​បាន​ព្រមាន​របប​ក្រុងភ្នំពេញ​ហើយ ថាបើ​ស្ថានភាព​រំលោភ​សិទ្ធិ​ការងារ ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ មិន​ប្រសើរ​ឡើងវិញ​ទេ នោះ​កម្ពុជា​នឹង​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​នេះ។

នេះ​គឺ​លិខិត​ទី ៥​ហើយ ដែល​សមាគម​អ្នកបញ្ជា​ទិញ បាន​ផ្ញើ​ទៅ​របប​ក្រុងភ្នំពេញ​។ លិខិត​មុនៗ ក្រុម​អ្នកបញ្ជា​ទិញ​ទាំងនេះ ក៏បាន​ទាមទារ​ឱ្យ​ស្ដារ​ចំណុច​អស់ទាំង​នេះ​ដែរ​។ ប៉ុន្តែ បញ្ហា​នៅតែ​បន្ត​កើតមាន ដោយ​គ្មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​នោះ​ទេ។

អាស៊ី​សេរី​មិនទាន់​សុំ​ការ​បំភ្លឺ ពី​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​នៅឡើយ​ទេ នៅ​ពេល​នេះ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ជុំវិញ​រឿង​នេះ​ដែរ តែ​មិនទាន់​អាច​ទាក់ទង​បាន​។ កន្លង​មក លោក ហេង សួរ មិន​លើក​ទូរស័ព្ទ​របស់​អាស៊ីសេរី​ទេ។

តែ​ទោះជា​យ៉ាង​នេះ​ក្តី លោក​តប​ទៅ​សារព័ត៌មាន​អង់គ្លេស រ៉យទ័រ (Reuters) កាលពី​ថ្ងៃ​ទី២៤ ខែ មករា ថា​កង្វល់​របស់​ក្រុម​អ្នកបញ្ជា​ទិញ​នេះ អាច​ហួស​សម័យ​ទៅ​ហើយ ព្រោះ​លោក​អះអាង​ថា ខាង​លោក​បាន​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ រួចរាល់​អស់​ទៅ​ហើយ ដោយ​អនុលោម​តាមច្បាប់​កម្ពុជា និង​នីតិវិធី​ច្បាប់។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឯណោះ មិន​យល់ស្រប ថា​មាន​ដំណោះស្រាយ​នោះ​ទេ​។ លោក​គ្មាន​សុទ្ទិដ្ឋិនិយម ថា កម្ពុជា​អាច​នឹង​រួច​ផុត​ពី​ទណ្ឌ​កម្ម​នេះ​បាន​ឡើយ ព្រោះ​បញ្ហា​រឹតតែ​អាក្រក់​ជាង​មុន​ទៅទៀត ដោយសារតែ​បញ្ហា​រឹតត្បិត​សេរីភាព​សហជីព​កាន់តែ​ធ្ងន់​ជាង​មុន​។ លោក​ថា ច្បាប់​ថ្មី​ស្តីពី​សហជីព ដែល​ទើប​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី៣ ខែ​មករា ឆ្នាំ ២០២០ នេះ រឹតត្បិត​សិទ្ធិ​សេរីភាព​សហជីព​មិន​ឱ្យ​តវ៉ា សូម្បីតែ​ធ្វើ​កូដកម្ម៖ «កាល​មុន​កម្មករ​ក៏​ធ្វើ​កូដកម្ម​បាន ហើយ​សហជីព​ក៏​ធ្វើ​បាន ហើយ​សហព័ន្ធ​សហជីព​ក៏​ស្នើ​ធ្វើ​បាន សហភាព​ក៏​ធ្វើ​បាន ឱ្យ​មាន​សំណើ​ពី​កម្មករ​។ ឥឡូវ​គេ​អត់​ឱ្យ​ធ្វើ​ទេ ទាល់តែ​កម្មករ​ស្នើសុំ​ខ្លួនឯង ហើយ​ទាល់​តែ​មាន​ផ្តិត​មេដៃ​ឯកភាព​គ្នា​ពី ៥០​ភាគរយ​បូក​មួយ​ឡើង​ទៅ ដែល​ចំនួន​នេះ វា​ច្រើនពេក​ណាស់​។ កាលពីមុន ឱ្យ​តែ​មាន​ចំនួន​ភាគច្រើន​ក្នុង​អង្គប្រជុំ​សម្រេច គេ​អាច​ធ្វើ​បាន​ហើយ ខាង​សហព័ន្ធ​ក៏​អាច​ដឹកនាំ​ធ្វើ​បាន ខាង​សហភាព​ក៏​ធ្វើ​បាន សហជីព​ក៏​ធ្វើ​បាន​។ ឥឡូវ​អត់​ ! បើ​យើង​ហ៊ាន​ធ្វើ គេ​ព្រមាន​។ បើ​យើង​មិន​ព្រម គេ​ព្រមាន​អន្តរកាល​។ ផុត​ពី​ហ្នឹង​គេ​បិទ​បញ្ជិកា​សហជីព​បាន​។ ដូច្នេះ​គឺ​វា​តឹងតែង​មែនទែន»។

លោក​ថា ខាង​សហជីព ស្នើ​ឱ្យ​រដ្ឋាភិបាល​កែ​ជាច្រើន​ចំណុច​ដែរ ដើម្បី​ស្តារ​សិទ្ធិ​សេរីភាព​របស់​សហជីព​ឡើងវិញ ប៉ុន្តែ រដ្ឋាភិបាល​នៅតែ​មិន​ព្រម​កែ​តាម​សំណើ​នេះ។

ជាង​នេះ​ទៅ​ទៀត លោក អាត់ ធន់ បន្ថែម​ថា សំណុំរឿង​ចោទប្រកាន់​មេដឹកនាំ​សហជីព ដែល​តវ៉ា​ដើម្បី​ប្រយោជន៍ និង​សិទ្ធិ​កម្មករ​កន្លងមក នៅតែ​មិនទាន់​ដោះស្រាយ​ឱ្យ​ដាច់ស្រេច​នៅឡើយ ទោះ​សំណុំរឿង​ខ្លះ មាន​រយៈពេល ៧​ឆ្នាំ​ទៅ​ហើយ​ក្តី​។ ក្នុងចំណោម​សំណុំរឿង​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​មន្ត្រី​សហជីព​ទាំង​ជិត ១០០ ករណី (៩៩ ករណី​) គឺ​មាន​ប្រហែល​តែ ១០ ភាគរយ​ប៉ុណ្ណោះ ត្រូវ​បាន​ដោះស្រាយ នៅ ៩០%​ទៀត នៅ​មិនទាន់​ដោះស្រាយ​នៅឡើយ។

សេដ្ឋកិច្ច​កម្ពុជា ពឹងផ្អែក​មួយ​ភាគ​ធំ ទៅលើ​ទំហំ​ពាណិជ្ជកម្ម ដែល​បាន​ពី​វិស័យ​រោងចក្រ​កាត់ដេរ​នេះ​។ កាលពី​ឆ្នាំ ២០១៨ ទំហំ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​នេះ កើន​ដល់ ៨,៥ ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ ទំហំ​នៃ​ការ​បញ្ជា​ទិញ ចាប់ផ្ដើម​ធ្លាក់​ចុះ​ចាប់ពី​ដើម​ឆ្នាំ ២០១៩ ដោយសារតែ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ និង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ផង។

ថ្មីៗ​នេះ​ទៀតសោត ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប កំពុងតែ​តាមដាន​បញ្ហា​រំលោភ​សិទ្ធិ​ការងារ របប​លោក ហ៊ុន សែន បាន​គិត​គិត​កែប្រែ​ច្បាប់​ការងារ ដោយ​កាត់បន្ថយ​ប្រាក់​ឈ្នួល​កម្មករ ដែល​ធ្វើការ​វេន​យប់​ទៅទៀត។ លោក អាត់ ធន់ ហួសចិត្ត និង​មិន​យល់ ព្រោះ​រដ្ឋាភិបាល គួរតែ​ស្ដារ​បញ្ហា​សិទ្ធិ​សេរីភាព​សហជីព​ឡើងវិញ និង​គិតគូរ​ដល់​ប្រយោជន៍​កម្មករ ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ​នេះ​។ តែ​ផ្ទុយទៅវិញ រដ្ឋាភិបាល​បែរជា​ធ្វើ​កាន់តែ​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់បាន៖ «ប៉ុន្តែ ដល់​មក​កាត់​អត្ថប្រយោជន៍​កម្មករ ខ្ញុំ​គិត​ថា អត់​ល្អ​ទេ​ ! ឥឡូវនេះ អ្នក​បញ្ជា​ទិញ ក៏​គេ​ចង់បាន ឱ្យ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង EU ក៏​ចង់បាន​។ ប៉ុន្តែ ចំ​ពេល​ជាមួយ​គ្នា​នេះ យើង​មើល​ទៅ​ដូចជា​ផ្ទុយ​យ៉ាងម៉េច​ទេ​។ មិន​ទៅជា​យ៉ាងម៉េច​ទេ ថ្ងៃ​ទី១២ យើង​ដឹង​ហើយ»។

ថ្ងៃ​ទី១២ ខែ​កុម្ភៈ នោះ គឺជា​ថ្ងៃ​ដែល​គណៈកម្មការ​អឺរ៉ុប នឹង​ចេញ​សេចក្តី​សម្រេច​ចុងក្រោយ ជុំវិញ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នេះ ដែល​គិត​មក​ត្រឹម​ថ្ងៃទី​២៥ ខែ មករា​នេះ គឺ​នៅ​សល់​តែ ១៨ ថ្ងៃ​ទៀត​តែប៉ុណ្ណោះ។

បន្ថែម​ទៅលើ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ របប​ក្រុងភ្នំពេញ​ក៏​រង​ការ​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​ជុំ​ទិស ជា​បណ្តើរៗ​មក​ហើយ ជុំវិញ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ធ្វើទុក្ខបុកម្នេញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប ធ្លាប់​បាន​រម្លឹក​របប​លោក ហ៊ុន សែន ហើយ​ថា កូន​សោរ​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក ហ៊ុន សែន ក្នុង​ការ​បន្ត​រក្សា​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ ឬ​បាត់បង់​វា​។ ជម្រើស​ដែល​អាច​រក្សា​ការ​អនុគ្រោះ​ពន្ធ​នេះ​បាន គឺ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។