"ការ​បង្កើត​ច្រកទ្វារ​អ៊ីនធឹណិត​ជាតិ ផ្តល់​អំណាច​លើសលុប​ឲ្យ​រដ្ឋ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិទទួល​បាន​ព័ត៌មាន​"

0:00 / 0:00

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ព្រួយបារម្ភ​ថា ការបង្កើត​ច្រកទ្វារ​អ៊ីនធឹណិត​ជាតិ តាមរយៈ​សេចក្តីព្រាង​អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល នឹង​រឹតតែ​ផ្តល់​អំណាច​កាន់តែ​ទូលំទូលាយ និង​គ្មាន​ដែនកំណត់​ឲ្យ​រដ្ឋាភិបាល អាច​រាំងខ្ទប់ ឬ​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ​ទូទៅ។ ក្តីបារម្ភ​នេះ កើត​មាន​ឡើង​ស្របពេល​ដែល​អាជ្ញាធរ​កម្ពុជា កំពុង​បង្កើន​យុទ្ធនាការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​កាន់តែ​ខ្លាំងឡើងៗ ទាំង​នៅក្នុង​សង្គម និង​នៅ​លើ​បណ្តាញ​អ៊ីនធឹណិត។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត ថា ការពន្លឿន​ការជំរុញ​ឲ្យ​មាន​ច្រកទ្វារ​អ៊ីនធឹណិត​ជាតិ​នេះ គឺជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង ​អំឡុង​ពេល​ដែល​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​នាក់​កំពុង​ទទួល​រង​ការធ្វើ​ទុក្ខបុកម្នេញ ឬ​ចាប់​ដាក់​គុក ដោយសារតែ​ផ្សព្វផ្សាយ និង​ចែករំលែក​គំនិត​យោបល់​របស់​ពួកគេ​លើ​​បណ្តាញ​សង្គម។ លោកថា តាមរយៈ​សេចក្តីព្រាង​អនុក្រឹត្យ​ថ្មី​នេះ រួមទាំង​យន្តការ​ដែល​មានស្រាប់ និង​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ផងនោះ រដ្ឋាភិបាល​នឹង​មាន​អំណាច​គ្មាន​ដែនកំណត់​ក្នុងការ​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​សិទ្ធិទទួល​បាន​ព័ត៌មាន​នៅលើ​បណ្តាញ​អ៊ិនធឹណិត៖ « សេចក្តីព្រាង​អនុក្រឹត្យ​នេះ យើង​មើលទៅ​ហាក់​ដូច​ជា​ផ្តល់​សិទ្ធិ​អំណាច​ទូលំទូលាយ និង​គ្មាន​ដែន​កំណត់​ទៅដល់​រដ្ឋាភិបាល។ អ៊ីចឹង គេ​អាច​នឹង​មាន​ការរិះគន់ ហើយ​នឹង​មាន​ការព្រួយបារម្ភ​ថា អនុក្រឹត្យ​នេះ វា​រឹតត្បិត​បន្ថែមទៀត​ទៅលើ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ក៏ដូចជា​ការទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ក្នុង​សម័យ​បច្ចេកវិជ្ជា ជាពិសេស​គឺ​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ប្រើប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​អ៊ឹនធឹណិត »

លោក អំ សំអាត បន្តថា សេចក្តីព្រាង​អនុក្រឹត្យ​នេះ ក៏​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាច​ច្រោះ​យក​ព័ត៌មាន តាមដាន​ឈ្លប​យកការណ៍ ឬ​បិទ​ប្រភព​ព័ត៌មាន​នៅលើ​អ៊ិនធឹណិត​ដែល​អាជ្ញាធរ​មិន​ពេញចិត្ត ព្រមទាំង​​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅលើ​ក្រុមហ៊ុន​ដែល​ជា​ប្រតិបត្តិករ​ចែកចាយ​បណ្តាញ​អ៊ិនធឹណិត​ផងដែរ។

អាស៊ីសេរី មិនអាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ និង​លោក ខូវ មករា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​បាន​ទេ ដោយសារ​ពួកលោក​មិន​លើក​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៣ កញ្ញា។

យ៉ាងណា ផ្អែក​តាម​សេចក្តីព្រាង​អនុក្រឹត្យ​​ចុងក្រោយ​ ចុះ​ថ្ងៃទី៨ កក្កដា ស្តីពី​ការបង្កើត​ច្រក​ទ្វារ​អ៊ិនធឹណិត​ជាតិ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា National Internet Gateway រដ្ឋាភិបាល​មាន​គោលបំណង​​គ្រប់គ្រង​រាល់​ការតភ្ជាប់​បណ្តាញ​អ៊ិនធឺណិត​ទាំងអស់​នៅក្នុង​ប្រទេស​ ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​សន្តិសុខជាតិ និង​ថែរក្សា​របៀបរៀប​រយ​សណ្តាប់ធ្នាប់​សង្គម។ សេចក្តីព្រាង​អនុក្រឹត្យ​ថ្មីនេះ កំណត់​និយមន័យ​ថា ច្រកទ្វារ​អ៊ិនធឹណិត សំដៅ​ដល់​ច្រកទ្វារ​ដែល «សេវា​អ៊ិនធឺណិត​គ្រប់ប្រភេទ​ត្រូវ​តភ្ជាប់​បណ្តាញ​ទៅ​វិញ​ទៅមក​ក្នុង​ប្រទេស និង​អន្តរជាតិ»។

មាត្រា១២ នៃ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ តម្រូវ​ឲ្យ​ក្រុមហ៊ុន ឬ​ប្រតិបត្តិករ​នៃ​ច្រកទ្វារ​អ៊ិនធឹណិត​ជាតិ​ទាំងអស់ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ ក្នុងការ​ធានា​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សីលធម៌ វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​សង្គម ព្រមទាំង​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា។ អនុក្រឹត្យ​នេះ ពុំបាន​កំណត់​និយមន័យ​ជាក់លាក់​អំពី​ពាក្យពេចន៍​អស់​ទាំងនេះ​ឡើយ ដោយ​គ្រាន់តែ​ចែងថា បុគ្គល​ដែល​ប្រព្រឹត្តិ​ល្មើស​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខជាតិ របៀបរៀប​រយ​សណ្តាប់ធ្នាប់​សង្គម ឬ​ចំណូលជាតិ នឹងត្រូវ​ផ្តន្ទាទោស​ដូចមាន​ចែង​ក្នុងច្បាប់​ជាធរមាន។

លោក អំ សំអាត ថា គិត​មកទល់​ពេល​នេះ រដ្ឋាភិបាល​ធ្វើ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​ឡើង​ដោយ​គ្មាន​ការពិគ្រោះ​យោបល់​ ឬ​ប្រមូល​ធាតុចូល​ពី​សង្គម​ស៊ីវិល​នៅឡើយទេ។ លោក​សំណូមពរ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ឬ​រដ្ឋាភិបាល ពិចារណា​ឡើង​ចំពោះ​មាត្រា​ទាំងឡាយ​ណា ដែល​បង្កើត​ឡើង​ក្នុង​ន័យ​ជា​ការរឹតត្បិត​សិទ្ធិ​សេរីភាព​នៅ​លើ​អ៊ិនធឺណិត ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​ថ្មី​នេះ៖ « យើង​ជា​សង្គម​ស៊ីវិល មកដល់​ពេល​នេះ យើង​មិនទាន់​ទទួល​បាន​ការដាក់​ឲ្យ​ពិគ្រោះ​យោបល់​ជា​ផ្លូវការ​ណាមួយទេ។ ប៉ុន្តែ គ្រាន់ថា ជា​សំណូមពរ សូមឲ្យ​ពិនិត្យ​ពិចារណា​ឡើងវិញ​ដែរ ដើម្បី​កុំឲ្យ​អនុក្រឹត្យ​ចេញ​ទៅ នាំ​ឲ្យ​មាន​ការរិះគន់​អំពី​ការរឹតត្បិត​បន្ថែម​នៃ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ និង​ទទួល​ព័ត៌មាន »

ចំនួន​អ្នកប្រើប្រាស់​អ៊ិនធឺណិត​នៅ​កម្ពុជា មាន​សរុប​ជាង ១៥លាន​នាក់ គិតត្រឹម​ខែសីហា ឆ្នាំ២០២០​ ផ្អែក​តាម​ទិន្នន័យ​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា។
ចំនួន​អ្នកប្រើប្រាស់​អ៊ិនធឺណិត​នៅ​កម្ពុជា មាន​សរុប​ជាង ១៥លាន​នាក់ គិតត្រឹម​ខែសីហា ឆ្នាំ២០២០​ ផ្អែក​តាម​ទិន្នន័យ​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា។ (គេហទំព័រ​របស់​​និយ័តករ​ទូរគមនាគមន៍​កម្ពុជា (Telecommunication Regulator of Cambodia))

យោង​តាម​ស្ថិតិ​របស់​និយ័តករ​​ទូរគមនាគមន៍​កម្ពុជា ចំនួន​អ្នក​ចុះ​បញ្ជី​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នៅ​កម្ពុជា​តាម​រយៈ​ស៊ីមកាត គិត​ត្រឹមខែ​មេសា ឆ្នាំ២០២០ មាន​ជាង ២០លាន​នាក់ (២០.៧៤៥.៣៩២)។ រីឯ ចំនួន​អ្នក​ប្រើប្រាស់​សេវា​អ៊ិនធឹណិត គិតត្រឹម​ខែសីហា ឆ្នាំ២០២០ មានជាង ១៥លាន​នាក់ (១៥.២៦២.៥២៦) ដែល​ជា​តួលេខ​កើនឡើង​យ៉ាង​គំហុក​ក្នុងរយៈពេល​ប្រមាណ​១០​ឆ្នាំ​ចុងក្រោយ​នេះ ក្នុង​នោះ​រដ្ឋ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ិនធឹណេត​សរុប ៣៨ក្រុមហ៊ុន។

ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​មកនេះ កម្ពុជា​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ជា​ប្រទេស​មាន​សេរីភាព​តិចតួច​នៅ​លើ​បណ្តាញ​អ៊ិនធឹណិត របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom House ដោយសារតែ​​រដ្ឋាភិបាល​បាន​ព្យាយាម​ប្លុក​គេហទំព័រ​មួយ​ចំនួន រួម​ទាំង​គេហទំព័រ​អាស៊ីសេរី នៅ​មុនពេល​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ ដែល​ត្រូវ​គេចាត់​ទុក​ថា «ក្លែងក្លាយ» និង​បាន​បង្កើន​យុទ្ធនាការ​ចាប់ខ្លួន និង​បំភិតបំភ័យ​ក្រុមអ្នក​រិះគន់​ និង​សំឡេង​ប្រឆាំង​នៅលើ​បណ្តាញ​អ៊ិនធឹណិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។