អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលសំណុំរឿងរបស់អតីតបុគ្គលិកអាស៊ីសេរី និងបញ្ឈប់ការត្រួតពិនិត្យតាមផ្លូវតុលាការលើពួកគេ។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលសាលាឧទ្ធរណ៍គ្រោងលើកយកបណ្ដឹងទាស់របស់អតីតបុគ្គលិកអាស៊ីសេរី ដែលទាមទារអោយបញ្ឈប់ការត្រួតពិនិត្យតាមផ្លូវតុលាការ ទៅជំនុំជម្រះនៅថ្ងៃទីសុក្រ ទី២១ មិថុនា ។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែងថា អតីតបុគ្គលិកអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ គឺជាជនរងគ្រោះនៃការវាយប្រហារដោយឥតស្រាកស្រាន្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើអង្គភាពព័ត៌មាន ដែលហ៊ានផ្សព្វផ្សាយព័ត៌មានរិះគន់រដ្ឋាភិបាល។ លោកបន្តថា តុលាការគ្មានមូលដ្ឋានអ្វីសម្រាប់ការចោទប្រកាន់បែបឆ្កួតលីលា ឬក៏ការដាក់អ្នកទាំងពីរឱ្យស្ថិតក្រោមការត្រួតពិនិត្យនោះឡើយ។ លោកបន្ថែមថា តុលាការកម្ពុជាត្រូវតែបញ្ឈប់ការត្រួតពិនិត្យ និងទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយលើអ្នកទាំងពីរ។
លោក ប្រ៊ែដ អាដាមស៍ ថ្លែងបែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ នៅថ្ងៃទី២០ មិថុនា មួយថ្ងៃមុនពេលសាលាឧទ្ធរណ៍បើកសវនាការករណីសុំលើកលែងការត្រួតពិនិត្យតាមផ្លូវតុលាការលើអតីតបុគ្គលិកអាស៊ីសេរី។
អតីតបុគ្គលិកអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ពាក់ព័ន្ធនឹងការបង្កើតស្ទូឌីយូថតចម្រៀងដោយគ្មានការអនុញ្ញាត។ ក៏ប៉ុន្តែក្រោយមក អាជ្ញាធរបែរជាចោទអ្នកទាំង២ ពីបទ "ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ” ដែលជាបទឧក្រិដ្ឋចារកម្មទៅវិញ។ បទចោទនេះប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១៥ ឆ្នាំ ប្រសិនបើតុលាការសម្រេចឱ្យពួកលោកមានទោសមែននោះ។
អ្នកទាំងពីរត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីចុងខែសីហា ឆ្នាំ២០១៨ កន្លងទៅ ក្រោយជាប់ពន្ធនាគារអស់រយៈពេលជាង៩ ខែ។ ក៏ប៉ុន្តែសេរីភាពដែលទទួលបាននេះ មានលក្ខណៈរឹតត្បិតនៅឡើយ ព្រោះតុលាការបានដាក់អ្នកទាំងពីរក្រោមការត្រួតពិនិត្យ និងមិនអនុញ្ញាតឱ្យធ្វើដំណើរទៅក្រៅប្រទេសឡើយ ហើយសម្ភារៈដែលត្រូវបានរឹបអូសជាវត្ថុតាងនោះ ក៏តុលាការមិនទាន់ប្រគល់ឱ្យអ្នកទាំងពីរវិញដែរ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា រាល់សេចក្តីថ្លែងការណ៍ទាំងឡាយរបស់អង្គការជាតិ និងអន្តរជាតិ ធ្វើឡើងដោយមិនផ្អែកលើទិដ្ឋភាពច្បាប់ ដូច្នេះនឹងគ្មានឥទ្ធិពលលើតុលាការកម្ពុជាឡើយ។ លោកអះអាងថា មធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ដែលអាចជួយដល់អតីតបុគ្គលិកអាស៊ីសេរីទាំងពីររូបនោះ គឺការចូលរួមគ្រប់នីតិវិធីរបស់តុលាការ និងបង្ហាញភស្តុតាងដោះបន្ទុកឱ្យបានគ្រប់គ្រាន់៖ «ផ្អែកលើទិដ្ឋភាពច្បាប់កម្ពុជា គឺមានតែតុលាការទេដែលជាអ្នកមានសិទ្ធិសម្រេចថា តើអ្នកនោះមានពិរុទ្ធ ឬក៏គ្មាន គួរតែទម្លាក់បទចោទ ឬក៏មិនទម្លាក់ ដោយផ្អែកលើមូលដ្ឋានអង្គហេតុ អង្គច្បាប់ ភស្តុតាង សាក្សី សក្ខីកម្មផ្សេងៗ»។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញ និងអ្នកច្បាប់របស់អង្គការសហប្រជាជាតិ បានពិនិត្យឃើញថា អតីតបុគ្គលិកអាស៊ីសេរីទាំងពីរនេះ ត្រូវបានដកហូតសិទ្ធិសេរីភាពដោយបំពាន តាមរយៈការឃុំខ្លួន និងការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ អង្គការសហប្រជាជាតិសម្អាងលើហេតុផល៣ យ៉ាង គឺទីមួយគ្មានមូលដ្ឋានច្បាប់ណាមួយដែលអាចយកមកប្រើប្រាស់បានដើម្បីធ្វើយុត្តិកម្មពីការដកហូតសេរីភាពរបស់ពួកគេឡើយ។ ទីពីរការឃុំខ្លួនអ្នកទាំងពីរ ផ្តើមចេញពីការអនុវត្តដោយសន្តិវិធីនូវសិទ្ធិសេរីភាពផ្នែកគំនិត និងការបញ្ចេញមតិ ហើយទីបី គឺភាពធ្ងន់ធ្ងរនៃការរំលោភបំពានសិទ្ធិទទួលបានសវនាការប្រកបដោយយុត្តិធម៌។ អង្គការសហប្រជាជាតិបានស្នើឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកទាំងពីរ ដោយឥតលក្ខខណ្ឌ និងបើកសិទ្ធិឱ្យពួកគេទាមទារសំណង និងការជួសជុលសំណងក្នុងសំណុំរឿងនេះវិញ។
ក្រៅពីការទាមទាររបស់អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ នេះ ក្រុមអ្នកសារព័ត៌មានដែលកំពុងបំពេញការងារនៅកម្ពុជា ក៏បានផ្ញើលិខិតចំហមួយជូនប្រធានសាលាឧទ្ធរណ៍ លោក យូ ប៊ុនឡេង ទាក់ទងនឹងសំណុំរឿងនេះដែរ។
ក្រុមអ្នកសារព័ត៌មានបានអំពាវនាវដល់សាលាឧទ្ធរណ៍ដែលគ្រោងបើកសវនាការនៅថ្ងៃទី២១ មិថុនា ឱ្យបញ្ចប់ការដាក់អតីតបុគ្គលិកអាស៊ីសេរីទាំងពីររូបឱ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ និងសុំឱ្យតុលាការជាន់ខ្ពស់មួយនេះ ទម្លាក់ចោលទាំងស្រុងនូវបទចោទប្រកាន់លើអ្នកទាំងពីរ។ ក្រុមអ្នកសារព័ត៌មានមើលឃើញថា ការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ធ្វើឱ្យអ្នកទាំងពីរពិបាករស់នៅ និងមិនអាចបំពេញការងារជាអ្នកសារព័ត៌មានតទៅទៀតបាន។ ម្យ៉ាងវិញទៀត ពួកគេមិនអាចផ្លាស់ប្ដូរទីលំនៅដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរឡើយ ហើយក៏មិនអាចធ្វើដំណើរទៅក្រៅប្រទេសបានដែរ ជាពិសេសគឺពួកគេត្រូវទៅបង្ហាញខ្លួនជារៀងរាល់ខែនៅចំពោះមុខសមត្ថកិច្ច។ ក្រុមអ្នកសារព័ត៌មានបន្ថែមថា ការចោទប្រកាន់លើអ្នកទាំងពីរ កំពុងបង្កភាពភ័យខ្លាចដល់អ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈ និងធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះផងដែរ។
អ្នកជំនាញខាងសិទ្ធិមនុស្សអន្តរជាតិ លោក ប្រ៊ែដ អាដាម សង្កត់ធ្ងន់ថា សហភាពអឺរ៉ុបត្រូវតែតាមដានដោយយកចិត្តទុកដាក់ចំពោះសវនាការរបស់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ នៅក្នុងការសម្រេចចិត្តដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ លោកបន្ថែមថា សហភាពអឺរ៉ុបត្រូវតែទាមទារឱ្យរបបក្រុងភ្នំពេញ ទម្លាក់សំណុំរឿងអតីតបុគ្គលិកអាស៊ីសេរីនេះ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើស្ថាប័ន ព័ត៌មាន និងអ្នកកាសែតបន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
