ក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី៣ ខែមិថុនា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបន្ថែម ឱ្យលើសពីការគ្រាន់តែដោះស្រាយបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារ។
សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងក្រោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលទើបចូលកាន់តំណែងថ្មីលោក កើត រិទ្ធិ ប្រកាសផែនការដោះស្រាយសំណុំរឿងដែលគរច្រើន មិនទាន់ចាត់ការ ដែលអាចជាវិធានការដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ។ ការប្រកាសរបស់រដ្ឋមន្ត្រីថ្មីនេះ ធ្វើឡើងក្រោយកម្ពុជា រងការរិះគន់ជុំទិសថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយសារតែការផ្ទុកអ្នកជាប់ឃុំលើសចំណុះ នៅតាមពន្ធនាគារទូទាំងប្រទេស។
អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងនេះថា ការដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ គឺជារឿងល្អមួយហើយ ប៉ុន្តែកម្ពុជាត្រូវមើលឱ្យស៊ីជម្រៅ ដល់ដើមចមនៃបញ្ហាដែលនាំឱ្យមានការរំលោភសិទ្ធិមនុស្សទាំងនេះ។ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ អាចធ្វើទៅបានទាល់តែពិនិត្យច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដែលដើមហេតុ នាំឱ្យមានការចាប់មនុស្សតាមតែអំពើចិត្ត និងការរំលោភសិទ្ធិមនុស្សជាច្រើន រួមទាំងការចង្អៀតណែននៃពន្ធនាគារនេះផង។
អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងនេះ បន្ថែមទៀតថា នៅមានចំណុចសំខាន់ជាច្រើនទៀត ដែលនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ ចំណុចទាំងនោះ រួមមាន នីតិវិធីដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់អ្នកជាប់ឃុំ និងការបន្ធូរបន្ថយ និងព្យួរទោសជាដើម។
ជាងនេះទៅទៀត សេចក្តីថ្លែងការណ៍ដដែល សង្កត់ធ្ងន់ថា កម្ពុជាមិនទាន់មាន់ប្រព័ន្ធជំនួយផ្នែកច្បាប់ដែលមិនយកប្រាក់កម្រៃ ដើម្បីជួយដល់ជនជាប់ចោទ ដែលជាអ្នកក្រីក្រខ្វះខាត នៅឡើយ។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ ជុំវិញរឿងនេះបាននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។