អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវដល់អាជ្ញាធរកម្ពុជា ស៊ើបអង្កេតជាបន្ទាន់ករណីចាប់ពង្រត់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យថៃដ៏លេចធ្លោម្នាក់ ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែលកំពុងរស់នៅនិរទេសខ្លួនក្នុងរាជធានីភ្នំពេញ។ សកម្មជននយោបាយគាំទ្រក្រុមអាវក្រហមថៃរូបនេះ ត្រូវបានជនប្រដាប់អាវុធមួយក្រុមចាប់បញ្ចូលទៅក្នុងឡាន រួចបើកចេញទៅបាត់ កាលពីថ្ងៃទី៤ មិថុនា។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ស្នើឱ្យអាជ្ញាធរកម្ពុជាបង្ហាញលទ្ធផលស៊ើបអង្កេតរឿងនេះជាសាធារណៈ ព្រោះអង្គការនេះព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាពរបស់សកម្មជននយោបាយថៃរូបនោះ។
នាយកអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាមស៍ (Brad Adams) លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី០៥ មិថុនា ថា ការចាប់ពង្រត់សកម្មជននយោបាយថៃដ៏លេចធ្លោរូបនោះ នៅលើដងផ្លូវក្នុងរាជធានីភ្នំពេញ ទាមទារឱ្យមានការឆ្លើយតបជាបន្ទាន់ពីសំណាក់អាជ្ញាធរកម្ពុជា។ លោកថា រដ្ឋាភិបាលកម្ពុជាត្រូវតែប្រញាប់ស្វែងរកលោក វ៉ាន់ឆាឡឺម និងធានាសុវត្ថិភាពចំពោះរូបគេ។
លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ត្រូវបានជនប្រដាប់អាវុធមួយក្រុមចាប់ពង្រត់ កាលពីល្ងាចថ្ងៃទី០៤ មិថុនា ពេលដែលលោកកំពុងដើរតាមផ្លូវទៅទិញម្ហូបអាហារ នៅមុខកន្លែងស្នាក់នៅរបស់លោក។ អង្គការសិទ្ធិមនុស្សថា យោងតាមសាក្សីមួយចំនួន និងកាមេរ៉ាសុវត្ថិភាព លោកត្រូវបានគេចាប់បញ្ចូលទៅក្នុងឡានពណ៌ខ្មៅមួយគ្រឿង រួចឡាននោះបានបើកចេញទៅបាត់។ សហការីម្នាក់របស់លោក វ៉ាន់ឆាឡឺម ដែលកំពុងនិយាយទូរស័ព្ទជាមួយគ្នានៅពេលហេតុការណ៍ចាប់ពង្រត់នោះកើតឡើង បានលឺលោក វ៉ាន់ឆាឡឺម ស្រែកថា “មិនអាចដកដង្ហើម” បានទេ រួចទូរស័ព្ទក៏ត្រូវបានកាត់ផ្ដាច់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ជឿថា សមត្ថកិច្ចកម្ពុជាកំពុងស៊ើបអង្កេតរឿងនេះ ហើយលោកថា អង្គការសិទ្ធិមនុស្សមិនគួរវិនិច្ឆ័យទុកជាមុនអំពីករណីនេះឡើយ៖ « ខ្ញុំគិតថា សមត្ថកិច្ចគេកំពុងធ្វើការងារស៊ើបអង្កេតទៅលើករណីនេះហើយ ហើយស្ថាប័នសិទ្ធិមនុស្សមិនគួរណាប្រញាប់ប្រញាល់ធ្វើបុរេនិច្ឆ័យជាមុននោះទេ ទៅលើព្រឹត្តិការណ៍ដែលមិនមានព័ត៌មាន មិនមានមូលដ្ឋានច្បាស់លាស់បែបនេះ »។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ជាច្រើនដង ដើម្បីសាកសួរអំពីរឿងនេះ ប៉ុន្តែលោកមិនលើកទូរស័ព្ទ។ ចំណែក ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ក៏មិនលើកទូរស័ព្ទដូចគ្នា នៅថ្ងៃទី៥ មិថុនា។
ទោះជាយ៉ាងណា មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបបានប្រាប់សារព័ត៌មានរ៉យទ័រ (Reuters) ថា អាជ្ញាធរកម្ពុជាមិនបានចាប់ខ្លួន ឬឃុំខ្លួនលោក វ៉ាន់ឆាឡឺម នោះទេ ហើយប៉ូលិសក៏នឹងមិនស៊ើបអង្កេតរឿងនេះដែរ ព្រោះគ្មានព័ត៌មានគ្រប់គ្រាន់។
រីឯខាងភាគីអាជ្ញាធរថៃវិញ បញ្ជាក់ថា អាជ្ញាធរថៃមិនបានជាប់ពាក់ព័ន្ធនឹងករណីចាប់ពង្រត់លោក វ៉ាន់ឆាឡឺម នៅកម្ពុជានេះទេ។ អ្នកនាំពាក្យរងការិយាល័យនគរបាលជាតិ នៃប្រទេសថៃ លោក គ្រីសាណា ប៉ាតាណាចារឿន (Krissana Pattanacharoeun) ប្រាប់ភ្នាក់ងារព័ត៌មាន ប៊ែរណាញ៉ូស៍ (BernaNews) របស់អាស៊ីសេរីថា លោកមិនបានដឹងថា អ្នកណាជាអ្នកចាប់ពង្រត់លោក វ៉ាន់ឆាឡឺម នោះទេ ក៏ប៉ុន្តែលោកថា ប្រទេសថៃ មិនមានអ្វីជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវនេះទេ។ លោកថា លោក វ៉ាន់ឆាឡឺម ត្រូវបានអាជ្ញាធរថៃតាមចាប់ខ្លួនពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាំងពីឆ្នាំ២០១៨មក។
លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ អាយុ៣៧ ឆ្នាំ គឺជាសកម្មជនដ៏លេចធ្លោម្នាក់ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមអាវក្រហមដែលគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra)។ លោកបានភៀសខ្លួនមកកម្ពុជា នៅក្រោយរដ្ឋប្រហារយោធាក្នុងប្រទេសថៃ កាលពីខែឧសភា ឆ្នាំ២០១៤។ លោកបានបន្តសកម្មភាពនយោបាយយ៉ាងសកម្មអំឡុងពេលនិរទេសខ្លួននេះ ដោយជាញឹកញាប់លោកបញ្ចេញមតិរិះគន់រដ្ឋាភិបាលថៃឥតសំចៃមាត់តាមបណ្ដាញសង្គម។ វីដេអូចុងក្រោយរបស់លោកត្រូវបានបង្ហោះនៅលើហ្វេសប៊ុក កាលពីថ្ងៃទី០៣ មិថុនា ដោយលោកបានរិះគន់ការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-o-cha)។
អាជ្ញាធរថៃបានចេញដីកាចាប់ខ្លួន លោក វ៉ាន់ឆាឡឺម កាលពីខែមិថុនា ឆ្នាំ២០១៨ ហើយមន្ត្រីប៉ូលិសជាន់ខ្ពស់របស់ថៃបានប្ដេជ្ញាថា នឹងចាប់ខ្លួនសកម្មជនរូបនេះយកទៅប្រទេសថៃវិញឱ្យខាងតែបាន ទោះតាមមធ្យោបាយអ្វីក៏ដោយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យឃើញថា ជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជា និងថៃ បានសហការគ្នាយ៉ាងស្អិតរមួត ដើម្បីយាយីចាប់ខ្លួនតាមទំនើងចិត្ត និងបញ្ជូនក្រុមអ្នកប្រឆាំងត្រឡប់ទៅវិញទាំងបង្ខំ បំពានលើច្បាប់អន្តរជាតិ។ កិច្ចសហការនេះ ក៏ធ្វើឡើងចំពោះអ្នកដែលទទួលបានការគាំពារពីទីភ្នាក់ងារអង្គការសហប្រជាជាតិផ្នែកជនភៀសខ្លួនផងដែរ។
អាស៊ីសេរីបានផ្ញើសំណួរតាមអ៊ីមែលទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (OHCHR) ដើម្បីសាកសួរថា តើលោក វ៉ាន់ឆាឡឺម ទទួលបានកិច្ចគាំពារ ឬមានឋានៈជនភៀសខ្លួនពីស្ថាប័នមួយនេះ ដែរឬក៏អត់ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបទេ គិតត្រឹមម៉ោងផ្សាយនេះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា អាជ្ញាធរកម្ពុជាត្រូវតែស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ ព្រោះរឿងហេតុកើតលើទឹកដីកម្ពុជា ហើយម្យ៉ាងទៀត នេះជាករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៖ « នេះជាករណីមួយដែលផ្អើលស្ទើរតែពេញពិភពលោកហើយ ព្រោះយើងឃើញថា អង្គការអន្តរជាតិមួយចំនួនក៏គេមានការចាប់អារម្មណ៍ទៅលើបញ្ហានេះ។ អ៊ីចឹងខ្ញុំគិតថា អាជ្ញាធរកម្ពុជាធ្វើយ៉ាងណាប្រាកដប្រជាថា ករណីទាំងអស់នេះត្រូវបានស៊ើបអង្កេតដោយហ្មត់ចត់ »។
ចាប់តាំងពីឆ្នាំ២០១៤ មក អាជ្ញាធរថៃបានតាមចាប់ខ្លួនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលភៀសខ្លួនទៅប្រទេសជិតខាង យ៉ាងកម្រោល។ រដ្ឋាភិបាលថៃបានទាមទារម្តងហើយម្តងទៀតឱ្យប្រទេសឡាវ វៀតណាម និងកម្ពុជា បញ្ជូនសកម្មជនដែលកំពុងនិរទេសខ្លួនទាំងនោះត្រឡប់ទៅប្រទេសថៃវិញ។ យ៉ាងហោចណាស់ មានសកម្មជន៨ នាក់ បានក្លាយជាជនរងគ្រោះនៃការបាត់ដំណឹងសូន្យឈឹង។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ លោក ប្រ៊េដ អាដាមស៍ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចស៊ើបអង្កេតចំពោះអ្វីដែលបានកើតឡើងលើលោក វ៉ាន់ឆាឡឺម ដែលត្រូវក្រុមប្រដាប់អាវុធចាប់ពង្រត់នៅរាជធានីភ្នំពេញ ហើយអាជ្ញាធរត្រូវតែធានាថា គាត់មានសុវត្ថិភាព។ លោកបន្ថែមថា រដ្ឋាភិបាលបរទេស និងម្ចាស់ជំនួយទាំងឡាយ ត្រូវតែដាក់សម្ពាធរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យដាក់ចេញនូវវិធានការចាំបាច់គ្រប់បែបយ៉ាង ដើម្បីស្វែងរកលោក វ៉ាន់ឆាឡឺម បើពុំដូច្នេះទេ រដ្ឋាភិបាលនឹងត្រូវគេចោទថា មានពាក់ព័ន្ធនឹងការចាប់ពង្រត់នេះ៕