ក្រុមជនជាតិដើមភាគតិចដែលមាន ១០ប្រភេទខុសគ្នា ហើយកំពុងរស់នៅក្នុងប្រទេសកម្ពុជា បង្ហាញក្ដីកង្វល់ថា ពួកគេអាចនឹងត្រូវបាត់បង់ជាតិសាសន៍ ប្រពៃណី ជំនឿ និងទំនៀមទម្លាប់ដើមពីផែនទីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ក្នុងពេលខាងមុខ។ មន្ត្រីជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្ត្រីវិញយល់ឃើញថា រដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ពីសេចក្ដីត្រូវការរបស់ជនជាតិដើមភាគតិច។
គោលការណ៍មួយចំនួនដែលក្រុមជនជាតិដើមភាគតិចនៅកម្ពុជា យល់ឃើញថា ជាតិសាសន៍នៃជនជាតិដើមមួយនេះអាចត្រូវប្រឈមមុខបាត់បង់ ដោយហេតុថា រដ្ឋាភិបាលពុំបានឆ្លើយតបណាមួយពីតម្រូវការ និងភាពចាំបាច់របស់ពួកគេ។
នៅក្នុងវេទិកានៃកិច្ចពិគ្រោះយោបល់រវាងយុវជន និងមនុស្សវ័យចំណាស់ ដែលរៀបចំកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២២ វិច្ឆិកា នៅរាជធានីភ្នំពេញ ក្រុមសហគមន៍ជនជាតិដើមភាគតិច បានលើកឡើងថា សព្វថ្ងៃរដ្ឋាភិបាលហាក់មើលរំលង និងពុំបានយកចិត្តទុកដាក់ពីការប្រឈមនានារបស់ពួកគេនៅតាមសហគមន៍ឡើយ។ ការប្រឈមដោយហេតុថា ថ្វីបើរដ្ឋាភិបាលពុំបានចូលរួមបំផ្លាញដោយផ្ទាល់ ក៏ប៉ុន្តែតាមរយៈគោលនយោបាយផ្ដល់សម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជន ដែលភាគច្រើនជាក្រុមហ៊ុនវៀតណាម នៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ព្រមទាំងមានក្រុមហ៊ុនចិន នៅខេត្តព្រះវិហារ ផង បណ្ដាលឲ្យមុខរបរប្រចាំថ្ងៃត្រូវបាត់បង់ អនុផលព្រៃឈើត្រូវហិនហោច ព្រៃឈើត្រូវកាប់បំផ្លាញរាល់ថ្ងៃ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រពៃណី ជំនឿសាសនា ជាពិសេស ព្រៃសែនអារក្ស និងដីព្រៃកប់ខ្មោចតាមបែបបុរាណ ជាដើម។
ថ្លែងនៅក្នុងវេទិកានៃកិច្ចពិគ្រោះយោបល់កាលពីព្រឹកថ្ងៃទី២២ វិច្ឆិកា ក្រុមសហគមន៍ជនជាតិដើមភាគតិចមកពី ១០រាជធានី-ខេត្តក្នុងចំណោមខេត្ត-ក្រុងទាំង២៥ ក្នុងប្រទេសកម្ពុជា ពួកគេបានលើកឡើងថា បច្ចុប្បន្នសិទ្ធិនៃជនជាតិដើមភាគតិច ត្រូវបាត់បង់ជាបណ្ដើរៗ និងពុំមានការគាំពារដោយច្បាប់ថែមទៀតផង។ ពួកគេបន្តថា ប្រពៃណីដែលធ្លាប់តែមានដ៏ចំណាស់ណាស់មកហើយនេះ ត្រូវរួមរឹតដោយកត្តានយោបាយ និងសេដ្ឋកិច្ច។ ពួកគេបន្តថា «ធ្វើរបងប៉ុណ្ណឹងហើយនៅតែមានកំហុស នៅតែរំលោភគ្នា ដោយសារតែម៉េច ដោយសារតែគិតរឿងសេដ្ឋកិច្ច។ បើសិនអញសង់របងទីនេះ អញនឹងធ្វើប្លង់លុបបានលុយប្រយោជន៍ផ្ទាល់ខ្លួន»។
របាយការណ៍របស់បណ្ដាញយុវជនជនជាតិដើមភាគតិច ឲ្យដឹងថា បច្ចុប្បន្នជនជាតិដើមភាគតិចនៅកម្ពុជា រួមមាន ពូនង កួយ ព័រ គ្រឹង កាចក់ ព្រៅ ចារ៉ាយ ជង សួយ និងទំពួន។ ជនជាតិដើមភាគតិចទាំងនេះរស់នៅច្រើនជាងគេក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង និងខេត្តកំពង់ធំ។
ឆ្លើយតបរឿងនេះ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី អះអាងថា ការពិតរដ្ឋាភិបាលពុំដែលធ្វេសប្រហែសចំពោះតម្រូវការទាំងនេះម្ដងណាទេ។ ជាងនេះទៀត រាល់គម្រោងវិនិយោគ ឬការអនុវត្តគោលនយោបាយ រដ្ឋាភិបាលតែងបង្កើតគណៈកម្មការដើម្បីសិក្សាពីហេតុផលប៉ះពាល់ជាមុន។ លោកបន្ថែមថា មិនតែប៉ុណ្ណោះថែមទាំងមានតំណាងសម្រាប់ជនជាតិដើមភាគតិចនៅថ្នាក់ជាតិទៀតផង។ លោកបន្តថា «រាជរដ្ឋាភិបាលបានយកទុកដាក់ខ្ពស់នៅក្នុងហ្នឹង។ យើងបានបង្កើតក្រុមប្រឹក្សាជនជាតិដើមភាគតិចរបស់កម្ពុជា ហើយក៏យើងឥតមានគោលការណ៍ណាទៅបំបាត់ឲ្យគាត់ចាកចេញពីវប្បធម៌របស់គាត់ទេ»។
អ្នកសម្របសម្រួលនៃលេខាធិការដ្ឋានសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក យុន ឡូរ៉ង់ យល់ឃើញថា ក្រុមសម្ព័ន្ធនៃជនជាតិភាគតិច អាចប្រឈមនឹងការបាត់បង់ពីផែនទីនៃប្រវត្តិសាស្ត្ររបស់កម្ពុជា។ ម្យ៉ាងទៀត ខ្វះការគាំពារដោយច្បាប់ និងពុំមានអ្នកតំណាងក្នុងការតស៊ូមតិនៅថ្នាក់ជាតិទៀតផងនោះ គឺជាមូលចម្បងដែលងាយធ្វើឲ្យអត្តសញ្ញាណនៃជនជាតិដើមភាគតិច ត្រូវរលាយបាត់បង់។ លោកបន្តថា «ក្នុងនាមយើងជាជនជាតិដើមភាគតិចដែលបានលះបង់ជីវិតរបស់ពួកយើងមួយផ្នែកដែរ ក្នុងការការពារទឹកដីនេះជាមួយប្រជាពលរដ្ឋភាគច្រើន។ យើងចង់ឲ្យពីខាងរដ្ឋាភិបាល ពិសេសរដ្ឋាភិបាលយល់ដឹងពីការលះបង់របស់ពួកយើងដែរ ហើយមិនគួរណាឲ្យបន្តលះបង់រហូតឈានទៅរកការបាត់បង់ពួកយើងចេញពីផែនទីពិភពលោកទេ»។
របាយការណ៍ចំនួន ៣ទំព័ររបស់បណ្ដាញយុវជនជនជាតិដើមភាគតិច បានអំពាវនាវឲ្យរដ្ឋសភា រដ្ឋាភិបាល និងតុលាការ ពិនិត្យ និងធ្វើវិសោធនកម្មច្បាប់ដាក់បញ្ចូលខ្លឹមសារឲ្យបានពេញលេញ ដើម្បីធានាការពារសិទ្ធិជនជាតិដើមភាគតិច ដាក់បញ្ចូលថ្ងៃទិវានៃជនជាតិដើមភាគតិចពិភពលោកនៅក្នុងប្រតិទិនបុណ្យជាតិ។ លើសពីនេះទៀត ត្រូវដាក់បញ្ចូលឲ្យមានតំណាងជនជាតិដើមភាគតិចពីសង្គមស៊ីវិលដែលមិនជាប់កាតព្វកិច្ច ចូលរួមពិគ្រោះយោបល់ជាមួយសភានូវរាល់សេចក្ដីសម្រេចនានា ជាដើម។
បើទោះជាបែបណា ក្រុមបណ្ដាញជនជាតិដើមភាគតិច ព្រមានថា ប្រសិនបើសំណើនេះមិនត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ទេ ពួកគេនឹងបន្តតស៊ូមតិ និងចងបណ្ដាញពីសហគមន៍មួយទៅសហគមន៍មួយទៀតនៅទូទាំងប្រទេស។ ស្របពេលជាមួយគ្នានេះ ពួកគេនឹងដាក់ញត្តិទៅស្ថាប័នទាំង៣ គឺរដ្ឋសភា រដ្ឋាភិបាល និងតុលាការ នៅថ្ងៃទី២៣ វិច្ឆិកា បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
