អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក កូហ្វី អាណាន់ (Kofi Annan) បានទទួលមរណភាពហើយ ដោយរោគាពាធនៅថ្ងៃទី១៨ ខែសីហានេះ ក្នុងអាយុ ៨០ឆ្នាំ។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រុមគ្រួសារលោក កូហ្វី អាណាន់ និងមូលនិធិ កូហ្វី អាណាន់ នៅលើបណ្ដាញ Twitter កាលពីប៉ុន្មានម៉ោងមុននេះ។ លោក កូហ្វី អាណាន់ គឺជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០០១ ហើយបានបម្រើការងារជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ចំនួនពីរអាណត្តិ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦ មុននឹងលោកចុះចេញពីតំណែងទៅបំពេញការងារ ដោយមិនខ្លាចនឿយហត់ក្នុងបុព្វហេតុសន្តិភាព ដោយធ្វើជាប្រធានមូលនិធិ កូហ្វី អាណាន់។
កើតក្នុងឆ្នាំ១៩៣៨ ក្នុងទីក្រុង គុម៉ាស៊ី (Kumasi) ប្រទេសហ្កាណា លោក កូហ្វី អាណាន់ បានចូលបម្រើការងារនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ជាលើកដំបូងក្នុងឆ្នាំ១៩៦២ ដោយកាលពីដំបូងឡើយ លោកទទួលបន្ទុកផ្នែកកិច្ចការបុគ្គលិក និងថវិកា។ លោក កូហ្វី អាណាន់ បានក្លាយជាអគ្គលេខាធិការអង្គការសហប្រជាជាតិទី៧ និងជាជនជាតិអាហ្វ្រិកដំបូងគេបង្អស់ ដែលបានឡើងកាន់តំណែងកំពូលនៃអង្គការសហប្រជាជាតិនេះ។ សេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិ កូហ្វី អាណាន់ សរសេររៀបរាប់ថា លោក កូហ្វី អាណាន់ គឺជារដ្ឋបុរសសាកលម្នាក់ ហើយជាបុគ្គលអន្តរជាតិមួយរូប មានការប្ដេជ្ញាចិត្តខ្ពស់ ដែលបានតស៊ូពេញមួយឆាកជីវិតរបស់លោក ដើម្បីបុព្វហេតុពិភពលោកមួយ ដែលមានភាពយុត្តិធម៌ និងសន្តិភាពប្រសើរជាងមុន។ គណៈកម្មាធិការប្រគល់ពានរង្វាន់ណូបែលសន្តិភាព ធ្លាប់សរសើរលោកថា ការណ៍ដែលលោកបម្រើការងារក្នុងអង្គការអន្តរជាតិកំពូលមួយ ដែលមិនអាចធ្វើអ្វីឲ្យហួសពីការអនុញ្ញាតរបស់រដ្ឋសមាជិកខ្លួន លោក កូហ្វី អាណាន់ បានសម្រេចចិត្តយ៉ាងច្បាស់ថា អធិបតេយ្យនៃរដ្ឋសមាជិក មិនអាចត្រូវបានយកមកប្រើប្រាស់ដើម្បីបិទបាំងអំពើរំលោភបំពាននានាពីសំណាក់ នៅពីរដ្ឋសមាជិកអង្គការសហប្រជាជាតិនោះទេ។
ក្នុងអាណត្តិរបស់លោក កូហ្វី អាណាន់ អាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ត្រូវបានរក្សាទុកឲ្យនៅទំនេរ កាលពីឆ្នាំ១៩៩៧ និង១៩៩៨ ក្រោយពីលោក ហ៊ុន សែន បានដឹកនាំ ធ្វើរដ្ឋប្រហារបង្ហូរឈាម ថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧។ លោកក៏បានបន្សល់នូវកេរដំណែលដ៏ចម្រូងចម្រាសនៃការបង្កើតសាលាក្តីកូនកាត់ខ្មែរក្រហម ដែលកំពុងដំណើរការជាង១ទសវត្សរ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
