អតីត​សកម្មជន​សិទ្ធិ​លំនៅឋាន​ចូល​ឆ្មាំ​ថ្មី​ពីរ​នាក់​កូន​តូច​ដោយ​ស្វាមី​ជាប់ឃុំ​ក្នុង​ពន្ធនាគារ

ដោយ សុ ជីវី
2019-04-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ឡុង គឹមហ៊ាង ភរិយា​លោក រ៉ាត់ រត្នមុនី និងស្វាមី ព្រមទាំង​កូន ថតរូប​នៅ​មុខ​ព្រះបរមរាជវាំង នា​ពេល​កន្លង​ទៅ។
លោកស្រី ឡុង គឹមហ៊ាង ភរិយា​លោក រ៉ាត់ រត្នមុនី និងស្វាមី ព្រមទាំង​កូន ថតរូប​នៅ​មុខ​ព្រះបរមរាជវាំង នា​ពេល​កន្លង​ទៅ។
រូបភាព​ហ្វេសប៊ុក

អតីត​សកម្មជន​សិទ្ធិ​លំនៅឋាន អ្នកស្រី ឡុង គីមហ៊ាង ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ពីរ​នាក់​កូនប្រុស ព្រោះ​ស្វាមី​ត្រូវ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ តាម​អំណាច​នៃ​ដីកា​ឃុំខ្លួន​របស់​តុលាការ​ក្រុង​ភ្នំពេញ​។ អ្នកការពារ​សិទ្ធិមនុស្ស​ថា សំណុំ​រឿង​នេះ​មាន​ភាព​អយុត្តិធម៌ ដែល​តុលាការ​គួរតែ​លើកលែង​បទចោទប្រកាន់ និង​ដោះលែង ស្វាមី​របស់​អ្នកស្រី ឡុង គីមហ៊ាង ឱ្យ​មាន​សេរីភាព​វិញ។

ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្លែង​ថា ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​នៅ​ឆ្នាំនេះ មាន​ភាព​សោះកក្រោះ និង​សោកសង្រេង​សម្រាប់​ក្រុម​គ្រួសារ​អ្នកស្រី ដោយសារតែ​ស្វាមី​អ្នកស្រី​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ អ្នកស្រី​នាំ​កូនប្រុស​អាយុ​ជាង ១ ឆ្នាំ ទៅលេង​ស្រុកកំណើត​នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ និង​ទៅ​វត្ត​ដើម្បី​បួងសួង​សុំ​ឱ្យ​មានការ​ដោះលែង​ស្វាមី​វិញ។

អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​មិន​ចង់​ទៅ​ណា​នោះ​ទេ ដោយ​ចង់​នៅ​ភ្នំពេញ​ដើម្បី​បាន​ទៅ​សួរ​សុខទុក្ខ​ស្វាមី​ក្នុង​ពន្ធនាគារ ក៏ប៉ុន្តែ​ដោយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព ទើប​ស្វាមី​អ្នកស្រី​ស្នើសុំ​ឱ្យ​នាំ​កូនប្រុស​តូច​ទៅ​ស្រុកកំណើត​វិញ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ៖ «កម្សត់ អាណោចអាធ័ម​ណាស់​ដែល​ខ្លួនឯង​ពីរ​នាក់​ម្ដាយ​កូន​មក​ជួបជុំ​ឪពុក​ម្តាយ ប៉ុន្តែ​ប្តី​កំពុងតែ​នៅ​ក្នុង​គុក​ទាំង​អយុត្តិធម៌ ហើយ​មិន​ដឹង​សុខទុក្ខ​យ៉ាងណា​នៅ​ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​។ ពិតជា​សោកសង្រេង​ខ្លាំង​ណាស់​ពេល​ដែល​រឿង​អយុត្តិធម៌​កើតឡើង​មក​លើ​គ្រួសារ​ខ្ញុំ»

អ្នកស្រី​ថ្លែង​បន្ត​ក្នុង​សម្ដី​បែប​អួល​ដើម​ក​ថា អ្វី​ដែល​ពិបាក​ប្រឈម​នោះ គឺ​កូនប្រុស​តូច​របស់​អ្នកស្រី​តែងតែ​សួររក​ឪពុក​របស់​គេ​ជានិច្ច ជាពិសេស​នៅ​ពេល​ចូល​ឆ្នាំថ្មី​នេះ ព្រោះ​រូបគេ​តែងតែ​មាន​ឪពុក​នៅ​មើល​ថែទាំ​គ្រប់ពេលវេលា​។ ម្យ៉ាងវិញទៀត ជីវភាព​គ្រួសារ​អ្នកស្រី មានការ​ធ្លាក់​ចុះ​ជាខ្លាំង​បន្ទាប់ពី​ស្វាមី​ត្រូវ​ជាប់ឃុំ ខណៈ​អ្នកស្រី​ក៏​ត្រូវ​បាត់បង់​ការងារ ហើយ​រវល់​មើល​ថែទាំ​កូន និង​ចាត់ចែង​គ្រប់​កិច្ច​ការងារ​ក្នុង​គ្រួសារ។ ដោយសារ​បញ្ហា​នេះ អ្នកស្រី​ត្រូវ​បង្ខំចិត្ត​ខ្ចី​លុយ​គេ សម្រាប់​ការ​ចំណាយ​ប្រចាំថ្ងៃ៖ «មិន​ឈឺចាប់ មិន​តក់ស្លុត​នឹង​ប្តី​ខ្ញុំគេ​ចាប់​ទេ ប៉ុន្តែ​មក​តក់ស្លុត និង​ឈឺចិត្ត​នៅ​ពេល​ដែល​កូន​តូច​របស់ខ្ញុំ​ស្រែក​រក​ឪពុក​ទាំង​កណ្ដាល​​យប់ មុន​គេង មើល​រូបថត​លោក​ពុក ហើយ​ដើរ​ស្រែក​រក​ប៉ាៗ​ពេញ​បន្ទប់ ពេញ​ផ្ទះ ចម្លែក​មែនទែន»

ក្នុង​វ័យ​៣៤ ឈាន​ចូល​៣៥ ឆ្នាំ​ថ្មី​នេះ អ្នកស្រី ឡុង គីមហ៊ាង គឺជា​អតីត​សកម្មជន​សិទ្ធិ​លំនៅឋាន​ដ៏​លេចធ្លោ​មួយ​រូប ដែល​បាន​ជួយ​តស៊ូ​មតិ និង​ផ្ដល់​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ក្នុង​រាជធានី​ភ្នំពេញ ចន្លោះ​ពី​ឆ្នាំ​២០០៩ ដល់​ចុង​ឆ្នាំ​២០១៨ កន្លង​ទៅ​។ អ្នកស្រី​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក រ៉ាត់ រត្នមុនី កាលពី​ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​ស្គាល់​គ្នា​រយៈពេល​ប្រមាណ ៦​ឆ្នាំ ក្នុង​ពេល​ធ្វើការ​ងារ​ជា​អ្នកការពារ​សិទ្ធិមនុស្ស និង​សិទ្ធិ​លំនៅឋាន​។

បច្ចុប្បន្ន​នេះ ស្វាមី​អ្នកស្រី​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ដោយ​ជាប់ចោទ​ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ រហូតដល់ ៣​ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​លោក​មានទោស​មែន​នោះ។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចោទ​លោក​ថា បាន​ឱ្យ​លុយ​ប្រភព ដើម្បី​និយាយ​ប្រឌិត​សាច់រឿង​ក្នុង​ភាពយន្ត​ឯកសារ​ជួញដូរ​ផ្លូវ​ភេទ ដែល​មាន​ចំណងជើង​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ដែល​លោក​បាន​ជួយ​ផលិត​ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី​។ ក៏ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ តុលាការ​មិនបាន​កោះហៅ​ភាគី​កាសែត​រុស្ស៊ី​ឱ្យ​មក​ឆ្លើយ​បំភ្លឺ​រឿង​នេះ​ឡើយ ខណៈ​តួអង្គ​ម្នាក់​នៅ​ក្នុង​ភាពយន្ត​ឯកសារ “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” អះអាង​ថា នាង​មិនដែល​បាន​ទទួល​លុយកាក់​ពី​លោក រ៉ាត់ រត្នមុនី នោះ​ឡើយ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ចាប់​ឃុំខ្លួន និង​ចោទប្រកាន់ លោក រ៉ាត់ រត្នមុនី ព្រោះ​សហការី​របស់​លោក​រូប​នេះ ត្រឹម​ជា​អ្នកបកប្រែ​ឱ្យ​កាសែត​រុស្ស៊ី​តែប៉ុណ្ណោះ​។ លោក​បន្ត​ថា លោក​នឹង​លើក​យក​ករណី​លោក រ៉ាត់ រត្នមុនី ទៅ​បញ្ចូល​ក្នុង​របៀបវារៈ​នៃ​ការ​ទាមទារ​របស់​សហ​ភាព​សហជីព​កម្ពុជា ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​នា​ពេល​ខាងមុខ។ ទោះជា​យ៉ាងណា លោក​សង្ឃឹមថា តុលាការ​នឹង​ដោះលែង​លោក រ៉ាត់ រត្នមុនី ឱ្យ​មាន​សេរីភាព និង​បាន​ជួបជុំ​ក្រុម​គ្រួសារ​ឡើងវិញ នៅ​ក្រោយ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ៖ «យើង​មានការ​សោកស្ដាយ​ដែល​អាជ្ញាធរ​ឃុំ​គាត់ ហើយ​មិនបាន​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព ពីព្រោះ​បើ​យើង​មើល​ទៅ​ពុំ​មាន​ទោសកំហុស​អ្វី​នោះ​ទេ គ្រាន់តែ​ជា​ការ​ជួយ​បកប្រែ​ដល់​អ្នកសារព័ត៌មាន​រុស្ស៊ី​តែ​ប៉ុណ្ណឹង»

គិត​ត្រឹម​ខែ​មេសា​នេះ លោក រ៉ាត់ រត្នមុនី បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជាង ៤​ខែ​មក​ហើយ​។ សំណុំរឿង​របស់​លោក​កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ ខណៈ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ថ្លែង​ថា ប្រសិនបើ​តុលាការ​រក​មិន​ឃើញ​ពី​ពិរុទ្ធភាព​របស់​លោក រ៉ាត់ រត្នមុនី ទេ​នោះ តុលាការ​នឹង​ដោះលែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​វិញ​ជាក់​ជាមិនខាន។

ទោះជា​យ៉ាងណា អ្នកស្រី ឡុង គីមហ៊ាង នៅតែ​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ទៅលើ​ស្វាមី​អ្នកស្រី ពីព្រោះ​ស្វាមី​អ្នកស្រី​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ ដើម្បី​កិច្ច​ការងារ​សង្គម និង​ការពារ​សិទ្ធិ​កម្មករ ប៉ុន្តែ​បែរជា​ប្ដូរ​មកវិញ​ដោយ​ការ​ជាប់​ពន្ធនាគារ ក្រោម​បទ​ចោទ​បែប​ប្រឌិត និង​មិន​សម​ហេតុផល ដូច្នេះ​ទៅវិញ៖ «ខ្ញុំ​ធ្លាប់តែ​ជា​អ្នក​បង្រៀន​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ច្បាប់ យល់​អំពី​សិទ្ធិ ប្រើប្រាស់​សិទ្ធិ ទាមទារ​រក​យុត្តិធម៌​ខ្លួនឯង ប៉ុន្តែ​ថ្ងៃនេះ ពេលនេះ ខ្ញុំ​ក្លាយ​ជា​ជនរងគ្រោះ​ដែល​ស្វែងរក​យុត្តិធម៌​ដល់​ប្តី​របស់ខ្ញុំ​វិញ ទាំង​ដែល​ប្តី​របស់ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ខុស​សោះ ហើយ​គេ​ចាប់​ដាក់គុក អ៊ីចឹង​វា​មិន​សក្ដិសម​ទេ។ វា​មិន​យុត្តិធម៌​ទេ វា​អាក្រក់​ណាស់​។ ក្រៅ​តែ​ពី​ការ​ជួញដូរ​ផ្លូវ​ភេទ​ដែល​លាតត្រដាង​នៅ​ក្នុង​ភាពយន្ត​ឯកសារ​ដែល​បាន​ផ្សាយ​ដោយ​កាសែត​រុស្ស៊ី​ដែល​ប្តី​ខ្ញុំ​បាន​ជួយ​នេះ គឺ​ពលរដ្ឋ​យើង​រង​ទុក្ខសោក​ដោយសារតែ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា អយុត្តិធម៌ មិន​ស្មើភាព។ ពួកគេ​ធ្វើការ​មិន​តាម​វិជ្ជាជីវៈ ហេតុដូច្នេះ​ហើយ​វា​ទុក្ខសោក​លើ​ទុក្ខសោក​តែម្ដង»

លោក រ៉ាត់ រត្នមុនី អាយុ ៤៨​ឆ្នាំ គឺជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា ហើយ​លោក​ក៏​ជា​អ្នក​ផលិត​ភាពយន្ត​ឯកសារ​ជាច្រើន​ពាក់ព័ន្ធ​នឹង​រឿង​សិទ្ធិមនុស្ស ការរំលោភ​យក​ដីធ្លី ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ និង​បញ្ហា​សង្គម​ជាច្រើន​ទៀត​ផង​ដែរ ដែល​រឿង​ទាំងនោះ​ភាគច្រើន លោក​ផលិត​ឱ្យ​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ។ នៅមុន​ការ​ចាប់ខ្លួន សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ កំពុង​ត្រៀម​ផលិត​ភាពយន្ត​ឯកសារ​ពីរ​ផ្សេងទៀត គឺ​ជីវិត​កម្មករ​ខ្មែរ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ និង​ជីវិត​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​មកពី​អាមេរិក​វិញ។

ភរិយា​របស់​លោក គឺ​អ្នកស្រី ឡុង គីមហ៊ាង បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​ស្វែងរក​សេរីភាព និង​យុត្តិធម៌​សម្រាប់​រូបលោក។ អ្នកស្រី​បាន​ពឹង​ពាក់​មេធាវី​សមាគម​អាដហុក (Adhoc) ឱ្យជួយ​តតាំង​ក្តី​តាម​ផ្លូវ​ច្បាប់ និង​បាន​នាំគ្នា​ទៅ​តវ៉ា​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​រុស្ស៊ី​នៅ​ភ្នំពេញ ទោះជា​មានការ​រារាំង និង​គ្មាន​ចម្លើយ​តប​ពី​មន្ត្រី​ទូត​រុស្ស៊ី​ក៏ដោយ​។ អ្នកស្រី​បញ្ជាក់​ថា នៅ​ក្រោយ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​នេះ អ្នកស្រី​នឹង​លើកគ្នា​ទៅ​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​សាជាថ្មី​ទៀត។

អតីត​សកម្មជន​សិទ្ធិ​លំនៅឋាន​រូប​នេះ សង្កត់ធ្ងន់​ថា ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​លើ​ស្វាមី​អ្នកស្រី នឹង​មិន​អាច​បំបាក់​ទឹកចិត្ត​អ្នកស្រី និង​ស្វាមី ឱ្យ​លះបង់​ការងារ​សង្គម​នោះ​​ឡើយ​។ អ្នកស្រី​អះអាង​ថា អ្នកស្រី និង​ស្វាមី នឹង​នៅតែ​បន្ត​ការងារ​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​លំនៅឋាន​នេះ​តទៅទៀត ដើម្បី​បញ្ចប់​ទង្វើ​រំលោភ​បំពាន​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល