សង្គម​ស៊ីវិល​ទទូច​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ឱ្យ​មាន​ប្រសិទ្ធភាព

ដោយ ថន ថារ៉ូ
2019-07-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃស។ រូបថត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤។
មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃស។ រូបថត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤។
RFA

អង្គការ​សង្គម​ស៊ីវិល​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ឱ្យ​មាន​ប្រសិទ្ធភាព ដោយសារ​បញ្ហា​នេះ​កំពុង​ឈាន​ទៅ​រក​ស្ថានភាព​កាន់តែ​អាក្រក់។ សង្គម​ស៊ីវិល​មើល​ឃើញ​ទៀត​ថា ពន្ធនាគារ​បច្ចុប្បន្ន​នេះ​មិន​មាន​លក្ខណៈ​ជា​មណ្ឌល​កែប្រែ​ឡើយ ប៉ុន្តែ​ជា​កន្លែង​បំប៉ន​សមត្ថភាព​ទុច្ចរិត​របស់​អ្នក​ជាប់ឃុំ​មួយ​ចំនួន​ទៅវិញ​ទេ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២០ កក្កដា​ថា ពន្ធនាគារ​ទូទាំង​ប្រទេស​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ចង្អៀត​ណែន មិន​មាន​អ្វី​ផ្លាស់ប្ដូរ​ឡើយ​។ លោក​បន្ត​ថា អាជ្ញាធរ​ហាក់​ដូចជា​មិន​មាន​ដំណោះស្រាយ​អ្វី​ជាក់លាក់​ទេ ក្រៅពី​ការ​បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ​មួយ​ឱ្យ​ទទួល​ខុសត្រូវ​រឿង​នេះ​។ ជាពិសេស លោក​កត់សម្គាល់​ថា តុលាការ​នៅតែ​បន្ត​ទម្លាប់​ឃុំខ្លួន​ជនសង្ស័យ​បណ្ដោះអាសន្ន ទោះបីជា​ករណី​នោះ​ជា​បទល្មើស​មជ្ឈិម​កម្រិត​ស្រាល​ក៏ដោយ៖ «យើង​ពិនិត្យ​មើល​ទៅ ហាក់ដូចជា​មិន​ទាន់​មាន​យន្តការ​ណា​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​ទេ ហើយ​បណ្ដា​តុលាការ​ខេត្ត​-​រាជធានី​ទៀតសោត ដែល​ខាង​ក្រសួងយុត្តិធម៌​ថា រឿង​នេះ​វា​នៅ​លើ​តុលាការ​ក្នុង​ការ​ពន្លឿន​នីតិវិធី​ទាក់ទង​នឹង​សំណុំរឿង​ទាំងអស់​ហ្នឹង ក៏​យើង​មិនទាន់​ឃើញ​មានការ​ពន្លឿន​ឱ្យ​បាន​ដិតដល់​ដែរ»

ពន្ធនាគារ​គ្រប់​រាជធានី​-​ខេត្ត បាន​ចាប់ផ្ដើម​ចង្អៀត​ណែន​ខ្លាំង ចាប់ពី​ឆ្នាំ​២០១៧ ពោល​គឺ​បន្ទាប់ពី​របប​ក្រុងភ្នំពេញ​បាន​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​។ ចំនួន​អ្នក​ជាប់ឃុំ​ដោយសារ​បទល្មើស​គ្រឿងញៀន​បាន​កើន​ឡើងជា​គំហុក ស្រប​ពេល​ដែល​តុលាការ​មាន​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាត់ការ​រឿង​ក្តី​នីមួយៗ​ផង បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ជាប់ឃុំ​កើន​ឡើង​ដល់​ជាង ៣​ម៉ឺន​នាក់ រហូត​មក​ដល់​ពេល​នេះ។

ក្នុងចំណោម​អ្នក​ជាប់ឃុំ​ទាំងអស់ អ្នក​ដែល​ត្រូវ​បាន​កាត់ទោស​រួច មាន​ប្រមាណ ៣០% ខណៈ ៧០% ទៀត សុទ្ធ​សឹង​ជា​អ្នក​ដែល​រង់ចាំ​នីតិវិធី​តុលាការ ហើយ​ជាង​ពាក់​កណ្តាល​នៃ​អ្នក​ជាប់ឃុំ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​សមាជិក​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ លោក ជិន ម៉ាលីន ថ្លែង​ថា ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​រក​ដោះស្រាយ​បញ្ហា​នេះ​ជា​បណ្តើរៗ ហើយ មាន​ជាអាទិ៍ ការ​ពន្លឿន​សំណុំ​រឿង​ក្តី​នៅ​តុលាការ ការ​គិតគូរ​អំពី​ទោស​សហគមន៍ និង​ការ​កសាង​បន្ថែម​ហេដ្ឋារចនាសម្ពន្ធ​ពន្ធនាគារ​ជាដើម​។ លោក​បញ្ជាក់​ថា ដំណោះស្រាយ​ទាំងនេះ​មាន​ការ​វិវឌ្ឍ​ជា​វិជ្ជមាន ប៉ុន្តែ​នៅ​មិនទាន់​អាច​កាត់បន្ថយ​ស្ថានភាព​ចង្អៀត​ណែន​បាន​នៅឡើយ ពីព្រោះ​សំណុំរឿង​ថ្មីៗ ចេះតែ​មកដល់​ជា​បន្តបន្ទាប់៖ «ភាព​ចង្អៀត​ណែន​នេះ បើ​ថា​ឱ្យ​មើល​ឃើញ​ថា មានការ​ថយ​ចុះ​ជាក់ស្ដែង​តែម្ដង ដូច​មិនទាន់​ទេ ព្រោះ​យន្ត​ការដែល​យើង​កំពុង​ធ្វើ​នេះ គឺជា​យន្តការ​សម្រាប់​រយៈ​ពេល​វែង​ទៅមុខ​។ មិនមែន​យន្ត​ការដែល​ធ្វើ​ហើយ ចេញ​ផល​សម្រាប់​រយៈពេល​ពីរ​បី​ថ្ងៃ ឬក៏​ពីរ​បី​ខែ​នោះ​ទេ​។ ដូចជា ការសាងសង់ និង​ពង្រីក​ពន្ធនាគារ ជាដើម គឺ​ស្ថិតនៅ​ក្នុង​ដំណើរការ​នៅ​ឡើយ ហើយ​យន្តការ​ដែល​ដាក់​ឱ្យ​អនុវត្ត​ទោស​សហគមន៍​ហ្នឹង គឺ​កំពុងតែ​ស្ថិត​ក្នុង​ដំណើរ​ការសិក្សា​ស្រាវជ្រាវ និង​រៀបចំ​យន្តការ​។ ហើយ​ការ​ពន្លឿន​សំណុំរឿង គឺ​ខាង​តុលាការ​បាន​ពន្លឿន​សំណុំរឿង​ចាស់​ដែល​នៅ​សេសសល់​ហ្នឹង បាន​ច្រើនជាង​ពាក់​កណ្ដាល​ហើយ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ សំណុំរឿង​ថ្មី​ដែល​ចូល​មក ក៏​វា​ប្រហែល​គ្នា​ហ្នឹង​ដែរ»

ក្រៅពី​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ជនជាប់ចោទ បញ្ហា​ចង្អៀត​ណែន​នេះ​ក៏បាន​បង្ក​ការ​លំបាក​ដល់​មន្ត្រី​ពន្ធនាគារ​ផង​ដែរ ដោយ​ចំនួន​អនុរក្ស​ពន្ធនាគារ​មិន​មាន​សមាមាត្រ​នឹង​ចំនួន​អ្នក​ជាប់ឃុំ​។ មន្ត្រី​ជាន់ខ្ពស់​ពន្ធនាគារ​បាន​អះអាង​ថា ជា​ស្តង់ដារ​កំណត់ អនុរក្ស​ពន្ធនាគារ​ម្នាក់​ត្រូវ​មើល​ការខុសត្រូវ​អ្នក​ជាប់ឃុំ​ចំនួន ៦​នាក់ ក៏ប៉ុន្តែ​ពេលនេះ​មន្ត្រី​អនុរក្ស​ម្នាក់ ត្រូវ​មើល​ការខុសត្រូវ​អ្នក​ជាប់ឃុំ​ជាង ៣០​នាក់។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) និង​ជា​អតីត​អ្នកទោស​មនសិការ លោក នី សុខា ថ្លែង​ថា ពន្ធនាគារ​បច្ចុប្បន្ន មិន​សម​ហៅថា ជា​មណ្ឌល​អប់រំ​កែប្រែ​នោះ​ឡើយ​។ លោក​អះអាង​ថា អ្នក​ជាប់ឃុំ​មួយ​ចំនួន​មិនបាន​កែប្រែ​ខ្លួន​ឱ្យ​ល្អ​ឡើងវិញ​នោះ​ទេ​។ ផ្ទុយទៅវិញ ពួកគេ​បែរជា​រៀន​ចេះ​ជំនាញ​ទុច្ចរិត​ថែមទៀត ពីព្រោះ​ការ​បំពាក់​បំប៉ន​ជំនាញ​នៅ​ក្នុង​ពន្ធនាគារ នៅ​មាន​ភាព​ខ្វះខាត​នៅ​ឡើយ ស្រប​ពេល​ដែល​បន្ទប់​ឃុំឃាំង​នីមួយៗ ត្រូវ​ផ្ទុក​មនុស្ស​រាប់​សិប​នាក់៖ «តាម​ខ្ញុំ​តាមដាន​មើល គឺ​គាត់​ទៅ​រៀន​ពី​គ្នា​ទៅវិញទៅមក​។ របៀប​ថា អ្នកខ្លះ​គាត់​ប្រព្រឹត្ត​បទល្មើស​លួច​តូចតាច ពេល​គាត់​ចូល​ទៅដល់​ហ្នឹង គាត់​ទៅ​រៀន​ចេះ​ពី​ល្បិច អាច​ឈាន​ដល់​ប្លន់ អាច​ឈាន​ដល់​លួច​ធំដុំ។ អ្នកខ្លះ​គ្រាន់តែ​សេព​គ្រឿងញៀន​ធម្មតា អាច​ទៅ​រៀន​ចេះ​អំពី​រហូត​ទៅដល់​ជួញដូរ​ទៀត ក៏​មាន​ដែរ​។ អ៊ីចឹង​ទាក់ទង​ទៅ​នឹង​ការ​កែប្រែ​របស់​ពន្ធនាគារ​នេះ ខ្ញុំ​ឃើញ​ថា ហាក់​ដូចជា​មិន​មាន​អី​ជា​ដុំកំភួន​ទេ»

អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ​ជឿជាក់​ថា ស្ថានភាព​ចង្អៀត​ណែន​នេះ​អាច​នឹង​កាត់បន្ថយ​បាន​ខ្លះ ប្រសិនបើ​តុលាការ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​មុននឹង​សម្រេច​ឃុំខ្លួន​ជន​ណា​ម្នាក់ ហើយ​និង​អនុវត្ត​ឱ្យ​បាន​នូវ​ប្រភេទ​ទោស​សហគមន៍​។ បន្ថែម​ពីលើ​នេះ លោក​ជំរុញ​អាជ្ញាធរ​ឱ្យ​ប្រែក្លាយ​ពន្ធនាគារ​ទៅជា​កន្លែង​អប់រំ​កែប្រែ​ពិតប្រាកដ មិនមែន​ត្រឹមតែ​ជា​កន្លែង​ឃុំឃាំង​មនុស្ស​ដូច​ពេល​បច្ចុប្បន្ន​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល