សង្គម​ស៊ីវិល​នៅ​តែ​មាន​មន្ទិល​​ករណី​ពលរដ្ឋ​ម្នាក់​ស្លាប់ ពេល​ឃុំខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បកស្រាយ​ខុសគ្នា​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដែល​សមត្ថកិច្ច​ឃុំខ្លួន​តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ម្នាក់​ស្លាប់ កាលពី​ដើមខែ​កន្លងទៅ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យល់ថា របាយការណ៍​របស់​អាជ្ញាធរ​ហាក់​មាន​ភាព​មិន​ប្រក្រតី និង​ទាមទារ​ឱ្យ​តុលាការ​ស៊ើបអង្កេត​លើ​រឿង​នេះ​ឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។

សង្គម​ស៊ីវិល​នៅតែ​មាន​មន្ទិល​លើ​ការ​ស្លាប់​របស់​តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ឈ្មោះ ទុយ ស្រស់ ក្នុង​ពេល​ជាប់ឃុំ​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពីដើម​ខែ​មករា​នេះ។

លោក ទុយ ស្រស់ តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ បាន​ស្លាប់ ក្រោយពេល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន និង​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​១ ខែ​មករា នេះ

។ កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ចាប់​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់ យក​ទៅ​សាកសួរ ដោយសារតែ​ពួកគេ​លើកគ្នា​តវ៉ា​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ដី​ទំនាស់​ដី​របស់​ពួកគាត់​នៅ​ស្រុក​ស្វាយ​ចេក។

កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​នោះ ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ បាន​នាំគ្នា​តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត ដោះស្រាយ​ទំនាស់​ដី​របស់​ពួកគាត់ និង​ទាមទារ​ឱ្យ​ដក​តំណែង​លោក អ៊ុំ រាត្រី ចេញពី​អភិបាលខេត្ត​នេះ។

សាលាខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​បញ្ជាក់​ថា ជនរងគ្រោះ​ស្លាប់​ពេល​បញ្ជូន​ទៅ​ព្យាបាល​មន្ទីរពេទ្យ​បង្អែក​ស្រុក​មង្គល​បូរី កាលពី​ថ្ងៃ​ទី​១ មករា។ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍ កាល​ពី​ថ្ងៃ​ទី​៣ មករា ថា មន្ត្រី​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ​លើ​រឿង​នេះ ហើយ​សន្និដ្ឋាន​ថា លោក ទុយ ស្រស់ កាល​នៅ​រស់​គឺជា​មនុស្ស​មាន​ភាព​មិន​ប្រក្រតី មាន​សុខភាព​មិនល្អ និង​ជា​មនុស្ស​ញៀន​ស្រា​ដាច់​មិនបាន ហើយ​នៅ​មុន​ពេល​ស្លាប់​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​មង្គល​បូរី ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន។

ចំណែក​របាយការណ៍​របស់​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​វិញ អះអាង​ថា ជនរងគ្រោះ​បាន​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុងស្រុក​មង្គល​បូរី​។ ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ុង ស៊ីផាន បញ្ជាក់​នៅ​ក្នុង​របាយការណ៍​កាលពី​ថ្ងៃ​ទី​២ មករា ថា មន្ត្រី​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​នេះ បាន​ធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព រក​ឃើញ​ថា ជនរងគ្រោះ​ស្លាប់ ដោយសារ​ខ្យល់​គ។

រីឯ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ប្រតិកម្ម​នឹង​របាយការណ៍​នេះ​ថា ជា​របាយការណ៍​មិន​ច្បាស់លាស់ និង​មិន​អាច​យកជាការ​បាន​ឡើយ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា ឱ្យ​ដឹង​នៅ​ថ្ងៃទី​៩ មករា ថា ភាព​មិន​ច្បាស់​លាស់ ដោយសារ​របាយការណ៍​របស់​អាជ្ញាធរ ២​ស្ថាប័ន បាន​រក​ឃើញ​ពី​ការ​ស្លាប់​ខុសគ្នា​។ លោក​បញ្ជាក់​ទៀត​ថា ការ​ស្លាប់​របស់​ជន​រងគ្រោះ​មាន​ភាព​មិន​ប្រក្រតី ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បើក​ការស៊ើបអង្កេត​ឱ្យ​បាន​ស៊ីជម្រៅ ពីព្រោះ​នៅ​លើ​ដងខ្លួន​របស់​សព​មាន​ស្នាម​ជាំ​ខ្មៅ​ជាច្រើន​កន្លែង ដែល​អាច​កើត​ចេញ​ពី​ការ​ប្រើ​ហិង្សា​មុខ​ពេល​ដែល​ជនរងគ្រោះ​ស្លាប់៖ «បើ​ខាង​តុលាការ​ជឿជាក់​ទៅលើ​របាយការណ៍​ប៉ុណ្ណឹង​ហើយ មិន​មាន​ចំណាត់​ការ​ផ្សេងៗ​ទៀត​ដែល​អាច​ឱ្យ​ជឿ ទុកចិត្ត​បាន ដូច្នេះ​ខ្ញុំ​មានការ​ព្រួយបារម្ភ​អំពី​រឿង​នេះ​ខ្លាច​មិន​មាន​យុត្តិធម៌​ជូន​ជនរងគ្រោះ​។ យើង​ក៏​អត់​ចង់​ឃើញ​រឿង​របៀប​នេះ​ចេះតែ​កើតមានឡើង​ហើយ​ជន​ប្រព្រឹត្ត​ហ្នឹង​ចេះតែ​កើតមាន​បន្ត​ទៀត»។

ប្រពន្ធ​របស់​ជនរងគ្រោះ​លោកស្រី ប៊ុយ គឹមឡាក់ ហាក់​មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ស្លាប់​របស់​ប្ដី​នោះ​ឡើយ ហើយ​លោកស្រី​អះអាង​ថា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ផ្ដល់​ប្រាក់ ១០​លាន​រៀល ដើម្បី​ធ្វើ​បុណ្យ​សព និង​ធានា​ជួយ​ឱ្យ​កូន​របស់​ជនរងគ្រោះ​បាន​រៀន​សូត្រ​ទៀត​ផង៖ «វា​សោកស្ដាយ​ហ្នឹង​រឿង​ប្ដី ប៉ុន្តែ​បើ​យើង​ទៅ​ចោទប្រកាន់​គេ​ក៏​មិនកើត ព្រោះ​ខ្ញុំ​មិនបាន​នៅ​ជាប់​ប្ដី​ហើយ​មិនបាន​ឃើញច្បាស់​នឹង​ភ្នែក ហើយ​ប្ដី​ខ្ញុំ​បាត់បង់​ទៅហើយ​ខ្ញុំ​មិន​ចង់​តវ៉ា​ទេ​។​ខ្ញុំ​លើកដៃ​សំពះ​បងប្អូន​សប្បុរសជន​សុំ​ឱ្យជួយ​ចិញ្ចឹម​ខ្ញុំ​និង​កូន​ផង ព្រោះ​អី​ខ្ញុំ​កំព្រា​រស់នៅ​ជាមួយ​កូន​ខ្ញុំ​អត់​មាន​ទីពឹង​អី​ទេ​»​។​

​រីឯ​បងប្រុស​បង្កើត​របស់​ជនរងគ្រោះ លោក ទុយ អាត់ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ការ​ស្លាប់​នេះ​អាច​បណ្ដាលមកពី​ការ​ធ្វើ​ទារុណកម្ម​ទៅលើ​ជនរងគ្រោះ នៅ​ពេល​សមត្ថកិច្ច​ឃុំខ្លួន ពីព្រោះ​លោក​ថា មាន​ស្នាម​ដាច់​សាច់​លើ​ដើមទ្រូង ស្នាម​ជាំ​ខ្មៅ​នៅ​លើ​ផ្ទៃមុខ និង​ភ្នែក ហើយ​មាន​ដាច់​រលាត់​នៅ​លើ​កដៃ​ទាំង​សង្ខាង ដែល​អាច​បណ្ដាលមកពី​ជនរងគ្រោះ​ខំប្រឹង​រើ​បម្រាស់​នៅ​ពេល​សមត្ថកិច្ច​វាយ​ធ្វើ​បាប​មុន​ពេល​ស្លាប់៖ «គេ​ប្រាប់​ខ្ញុំ​ថា គេ​មិន​ឱ្យ​មាន​បញ្ហា​អី​ទៀត​ទេ គេ​ធានា​គ្រប់គ្រង​គ្រួសារ​នៃ​សព​ហ្នឹងហើយ​។ ដល់ពេល​អីចឹង​ខ្ញុំ​ក៏​មិន​ដឹង​និយាយ​ថា ម៉េច​ដែរ ក៏​សុខចិត្ត​ឱ្យ​ប្អូន​ស្លាប់​ឥតអំពើ​ទៅ ព្រោះ​បើ​ខ្ញុំ​និយាយ​ទៅ​ក៏​មិនកើត​ដែរ។ ក្នុង​ចិត្ត​ខ្ញុំ​វា​ឈឺចាប់​ហើយ តែ​ខ្ញុំ​អត់​ដឹង​ធ្វើ​យ៉ាងណា​ទៅ​កើត​បើ​ខ្ញុំ​ក្រ​បែបនេះ»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣១ ធ្នូ គឺ​មួយថ្ងៃ​មុន​ពេល​ស្លាប់​។ លោក​បន្ថែម​ថា ការ​ឃុំខ្លួន​នៅ​ទី​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ជាច្រើន​ថ្ងៃ ដោយសារ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ផ្ញើ​សមត្ថកិច្ច ដើម្បី​សាកសួរ​បន្ត មុននឹង​បញ្ជូន​ទៅ​ពន្ធនាគារ​។ លោក​បញ្ជាក់​ទៀត​ថា ក្រោយពី​ជនរងគ្រោះ​ស្លាប់​បាន ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៣ មករា ទើប​សមត្ថកិច្ច​ដោះលែង​តំណាង​អ្នក​តវ៉ា​ទាំងអស់​ឱ្យ​មាន​សេរីភាព​វិញ​។ តាម​វីឌីអូ​លើ​បណ្ដាញ​ហ្វេសប៊ុក​អ្នក​ជាប់ឃុំ​ទាំងនោះ​អះអាង​ថា ពួកគាត់​សុទ្ធតែ​រង​ការ​វាយ​ធ្វើ​បាប​ដូចគ្នា។អាស៊ីសេរី​មិន​អាច​ទាក់ទង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​លោក បោន ប៊ិន និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​៩ ធ្នូ ទូរស័ព្ទ​ចូល​ជាច្រើន​ដង ពុំ​មាន​អ្នកទទួល។

លោក សឹង សែនករុណា ថ្លែង​ថា សំណុំ​រឿង​នេះ​មិន​អាច​បញ្ចប់​ត្រឹម​ការ​ផ្ដល់​ប្រាក់ ១០​លាន​រៀល​ទៅ​ឱ្យ​សាច់ញាតិ​ជនរងគ្រោះ​នោះ​ឡើយ គឺ​តុលាការ​ត្រូវ​ស្រាវជ្រាវ​ឱ្យ​បាន​ជាក់លាក់ ដើម្បី​ចាប់​ជនល្មើស​ផ្ដន្ទាទោស​តាមច្បាប់ ប្រសិនបើ​រក​ឃើញ​ថា ពួកគេ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ​។ លោក​បន្ត​ថា ការ​ធ្វើ​បែប​បែបនេះ ដើម្បី​រក​យុត្តិធម៌​ដល់​អ្នក​ស្លាប់​ផង និង​ដើម្បី​កុំ​ឱ្យ​ជនល្មើស​សម្លាប់​មនុស្ស​តាម​អំពើ​ចិត្ត​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។