ក្រុមអង្គការសង្គមស៊ីវិល ធ្វើសន្និសីទសារព័ត៌មានមួយស្ដីពីស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ន ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនសកម្មជនដីធ្លី សិទ្ធិមនុស្ស និងសកម្មជននយោបាយ នៅថ្ងៃទី១៨ ខែវិច្ឆិកា។ នៅក្នុងសន្និសីទកាសែតនេះ ពួកគេបានធ្វើការវាយតម្លៃថា ការចាប់ខ្លួនអ្នកទាំងនោះ ក្រោមហេតុផលនយោបាយ និងរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
មន្ត្រីអង្គការសង្គមស៊ីវិល បានសម្ដែងក្ដីព្រួយបារម្ភចំពោះស្ថានភាពចាប់ខ្លួន និងផ្ដន្ទាទោសសកម្មជនដីធ្លី សិទ្ធិមនុស្ស និងសកម្មជននយោបាយជាបន្តបន្ទាប់ តាមរយៈការប្រើប្រព័ន្ធតុលាការជាឈ្នាន់ និងបានទាមទារឲ្យមានការដោះលែង។
ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) លោក សួន ប៊ុនស័ក្តិ ថ្លែងថា ការចាប់ខ្លួនពលរដ្ឋនៅពេលពួកគេអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ខ្លួន និងការជួបជុំគ្នាដោយសន្តិវិធី ដើម្បីប្រាប់ពីបញ្ហា និងកង្វល់របស់ខ្លួនទៅអាជ្ញាធរ គឺជាការគំរាមកំហែងដល់ការអនុវត្តសិទ្ធិរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
លោក សួន ប៊ុនស័ក្តិ៖ «បច្ចុប្បន្ន ការដោយសារតែគម្រោងការអភិវឌ្ឍន៍នៅបឹងកក់ ធ្វើឲ្យប្រជាពលរដ្ឋលិចលង់អីផ្សេងៗ យើងឃើញថា រដ្ឋបាលភ្នំពេញ ជួសមុខឲ្យរដ្ឋាភិបាលទាំងមូលហ្នឹង អត់បានទៅដោះស្រាយជូនពួកគាត់ ធ្វើម៉េចកុំឲ្យលិចលង់ មានជាលូបង្ហូរអីផ្សេងៗ គ្នាគ្រាន់តែតវ៉ាទទួលរងការចាប់ខ្លួន។ ខ្លួនឯងខ្វះការបំពេញភារកិច្ចឲ្យបានមាំទាំ តែទៅប្រើប្រាស់វិធានការច្បាប់ដើម្បីទៅបង្ក្រាបគ្នាទៅវិញ នេះគឺជាការដ៏ខុសឆ្គងមែនទែន។ សូមអំពាវនាវឲ្យអាជ្ញាធររដ្ឋ រកមធ្យោបាយតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋបឹងកក់ ក៏ដូចជាសកម្មជននយោបាយផ្សេងៗ ដោះលែងដោយគ្មានលក្ខខណ្ឌក្នុងគោលបំណងដើម្បីជាប្រយោជន៍ទៅដល់សិទ្ធិស្របច្បាប់របស់គេ»។
ការថ្លែងនេះ នៅក្នុងសន្និសីទកាសែតដែលរៀបចំដោយសមាគមអាដហុក (adhoc) នៅថ្ងៃទី១៨ វិច្ឆិកា ដែលមានសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ដីធ្លី សង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត សមាគមខ្មែរកម្ពុជាក្រោម និងបណ្ដាញព្រះសង្ឃ។
រហូតមកដល់ពេលនេះ ព្រះសង្ឃ សកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយ ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ សរុប ១៧នាក់ មានដូចជា ព្រះសង្ឃ ៣អង្គ សកម្មជនដីធ្លី ១០នាក់ សកម្មជនគណបក្សសង្គ្រោះជាតិ ៤នាក់។ អ្នកទាំងនោះជាប់ចោទពីបទមួយចំនួនដូចជា បទផ្ដើមគំនិតហិង្សាដោយចេតនា បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្ម បទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ និងបទបង្កការកកស្ទះចរាចរណ៍សាធារណៈ ជាដើម។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលបានសរសេរថា ការចាប់ឃាត់ខ្លួន និងផ្ដន្ទាទោសអ្នកទាំងនោះ ថាហាក់ដូចជាធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជា វិលមករកភាពតានតឹង ព្រមទាំងធ្វើឲ្យស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ធ្លាក់ចុះ។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ការចាប់បេក្ខជនតំណាងរាស្ត្រ សកម្មជន មន្ត្រីនយោបាយនៃគណបក្សសង្គ្រោះជាតិ នេះ គឺគួរតែត្រូវបានបញ្ចប់ ដោយសារកិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា។ ផ្ទុយទៅវិញ ការចាប់ខ្លួននេះ គឺជារឿងនយោបាយសុទ្ធសាធ។ លោកថា គណបក្សទាំងពីរត្រូវតែចាប់ផ្ដើមជជែកគ្នា ងាកទៅរកដំណើរការនៃការកែទម្រង់លើស្ថាប័ននានា។ លោក គល់ បញ្ញា បញ្ជាក់ថា គណបក្សទាំងពីរ ត្រូវខិតខំរកមធ្យោបាយដើម្បីបញ្ចប់នូវការប្រើប្រាស់ប្រព័ន្ធតុលាការជាការគំរាមកំហែងខាងនយោបាយ និងដាក់សម្ពាធគ្នាទៅវិញទៅមកក្នុងការអនុវត្តកិច្ចព្រមព្រៀងនៃគណបក្សទាំងពីរ។
លោក គល់ បញ្ញា៖ «គណបក្សទាំងពីរហ្នឹងក៏ត្រូវតែចាប់ផ្ដើមជជែកគ្នា ក្នុងការអនុវត្តកិច្ចព្រមព្រៀង ព្រោះការជជែកគ្នា កម្រិតនៃការជឿទុកចិត្តរវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ នេះ នៅទាបណាស់។ អ៊ីចឹងទៅគេត្រូវថ្នមគ្នា ដើម្បីជជែករកនូវចំណុចស្រុះស្រួលគ្នាអនុវត្តកិច្ចព្រមព្រៀង ហើយបើលេងប្រើប្រាស់តុលាការតាមចាប់មន្ត្រីគណបក្សប្រឆាំងអ៊ីចឹងទៅ។ ការដាក់សម្ពាធរបៀបនេះ ប្រាកដជាប៉ះពាល់ខ្លាំងទៅលើការអនុវត្ត ហើយបន្ថយនូវការជឿជាក់គ្នាក្នុងការពិភាក្សាគ្នាហ្នឹងអាចបន្ថយច្រើន»។
ឆ្លើយតបទៅនឹងការរិះគន់ថា ការចាប់ខ្លួនអ្នកទាំងនេះ គឺជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងជារឿងនយោបាយនេះ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបដិសេធថា ជារឿងនីតិវិធីរបស់តុលាការ។ លោកអះអាងថា ការលើកឡើងដូច្នេះ គឺជាសកម្មភាពលាបពណ៌ទៅតុលាការ។
បណ្ដាញព្រះសង្ឃឯករាជ្យ និងសកម្មជនខ្មែរកម្ពុជាក្រោម បានកត់សម្គាល់ថា នៅតាមទីវត្តអារាមមួយចំនួន ក៏មានការឡោមព័ទ្ធដោយកម្លាំងអាជ្ញាធរ បន្ទាប់ពីមានការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់។ បញ្ហានេះ បានធ្វើឲ្យចំនួនអ្នកចូលរួមតវ៉ាក្នុងសកម្មភាពសង្គម មានការថយចុះ។
ជុំវិញការចាប់ខ្លួននេះ សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី ក៏បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវឲ្យមានការដោះលែងព្រះសង្ឃ ប្រជាពលរដ្ឋ និងសកម្មជននយោបាយទាំងអស់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
