អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សបារម្ភថា អាជ្ញាធរចាប់ពលរដ្ឋតាមអំពើចិត្ត ក្រោមលេសថាអនុវត្តច្បាប់។ ក្តីបារម្ភនេះ ដោយសាររបបលោក ហ៊ុន សែន បានចាប់ខ្លួនពលរដ្ឋដែលប្រើប្រាស់សិទ្ធិសម្ដែងមតិ ដាក់ពន្ធនាគារជាបន្តបន្ទាប់។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី សុខា ថ្លែងនៅថ្ងៃទី៣១ តុលាថា សហគមន៍ជាតិ និងអន្តរជាតិ នៅតែរិះគន់ពីស្ថានភាពយ៉ាប់យ៉ឺនផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ព្រោះរដ្ឋាភិបាលមិនទាន់បានកែលម្អស្ថានភាពសិទ្ធិមនុស្សឱ្យប្រសើរឡើងវិញនៅឡើយទេ។ លោកសង្កេតឃើញថា រដ្ឋាភិបាលបានយកហេតុផលច្បាប់ ជាសម្អាង ដើម្បីចាប់ចងពលរដ្ឋ និងសកម្មជនបក្សប្រឆាំង ប៉ុន្តែការអនុវត្តនេះមិនត្រឹមត្រូវ និងមិនគ្រប់ជ្រុងជ្រោយ ដែលអាចឱ្យសហគមន៍អន្តរជាតិទទួលយកបានឡើយ៖ «ការអនុវត្តហ្នឹង មិនមែនធ្វើតាមអំពើចិត្តទេ គឺថាត្រូវតែមានយន្តការតុលាការឯករាជ្យឱ្យបានត្រឹមត្រូវ អាហ្នឹងគោលការណ៍នីតិរដ្ឋហើយ។ ដូច្នេះយើងកុំយកនីតិរដ្ឋ យកតែមាត្រាមួយមកសូត្រ អាហ្នឹងវាពិបាកណាស់។ បើយើងយកមាត្រាមកសូត្រ ប្រហែលជាយើងអាចសូត្រដាក់គ្រប់តែមនុស្សហ្នឹង។ នៅពេលដែលយើងមានអំណាច យើងដើរសូត្រដាក់បុគ្គល ក ខ ទៅតាមចិត្តយើងទៅ»។
ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០ មក អាជ្ញាធររបបលោក ហ៊ុន សែន មិនបានបន្ធូរដៃចំពោះការបង្ក្រាបលើសំឡេងរិះគន់ និងសំឡេងប្រឆាំងនោះឡើយ។ គិតត្រឹមចុងខែតុលា អាជ្ញាធរបានចាប់ខ្លួនពលរដ្ឋយ៉ាងហោចណាស់ជាង៣០ នាក់ ដាក់ពន្ធនាគារ។ អ្នកដែលត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងនោះ រួមមាន មន្ត្រីគណបក្សសង្គ្រោះជាតិ សកម្មជន អ្នកនយោបាយ ព្រះសង្ឃ និងយុវជន ដោយអាជ្ញាធរចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់ ញុះញង់ ឬប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល ជាដើម។ ពួកគេភាគច្រើនកំពុងជាប់ឃុំបណ្ដោះអាសន្នរង់ចាំសវនាការ ស្របពេលមួយចំនួនទៀត ត្រូវបានតុលាការកាត់ទោសរួចទៅហើយ។
មន្ត្រីរដ្ឋាភិបាល រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង សុទ្ធតែអះអាងថា ការចាប់ខ្លួនពលរដ្ឋនេះ គឺជាការអនុវត្តច្បាប់ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន បញ្ជាក់បន្ថែមថា អាជ្ញាធរមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចាប់ខ្លួនពលរដ្ឋ ដែលប្រើប្រាស់សិទ្ធិរបស់ខ្លួនដោយបំពានច្បាប់។ លោកស្នើឱ្យពលរដ្ឋពិនិត្យមើលច្បាប់ឱ្យបានច្បាស់លាស់ មុននឹងធ្វើសកម្មភាពទាំងឡាយ ដែលអាចប្រឈមនឹងការចោទប្រកាន់ ឬការចាប់ខ្លួន៖ «មានបងប្អូនមួយក្រុម ឬក៏ពីរក្រុម ដែលប្រើប្រាស់សិទ្ធិរបស់ខ្លួន មិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ មិនត្រឹមត្រូវតាមច្បាប់ ហើយវាមានបញ្ហាផ្សេងៗទៀតដែលជាសេណារីយ៉ូនៃការរៀបចំឈុតឆាកនយោបាយ ឬមួយក៏មានការគាំទ្រ ឬក៏មានការញុះញង់ ការជួលឱ្យធ្វើនេះធ្វើនោះ បង្កអសន្តិសុខ បង្កឱ្យមានភាពអាក្រក់ចំពោះរដ្ឋាភិបាល។ ហ្នឹងឯងជារឿងខុសច្បាប់ដែលអាជ្ញាធរសមត្ថកិច្ចត្រូវរារាំងមិនឱ្យមានហេតុការណ៍កើតឡើងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ឬមួយក៏ផលប្រយោជន៍សាធារណៈ ឬក៏ផលប្រយោជន៍ឯកជននោះទេ»។
ផ្ទុយពីការបកស្រាយនេះ អ្នកជំនាញផ្នែកសិទ្ធិមនុស្ស លោក នី សុខា ពិនិត្យឃើញថា អាជ្ញាធរច្រើនតែវិនិច្ឆ័យទុកជាមុនចំពោះសកម្មភាពរបស់ពលរដ្ឋ ហើយអនុវត្តវិធានការគាបសង្កត់ ឬបង្ក្រាបលើសិទ្ធិសេរីភាពពលរដ្ឋ។ លោកថា សកម្មភាពមួយចំនួនរបស់ពលរដ្ឋ គឺជាការអនុវត្តសិទ្ធិសេរីភាព ស្របតាមច្បាប់ជាតិ និងអន្តរជាតិ មិនមែនដូចការលើកឡើងរបស់រដ្ឋាភិបាលឡើយ៖ « ជាទូទៅ អាជ្ញាធរគាត់ធ្វើបុរេវិនិច្ឆ័យមុន ដែលចោទប្រកាន់ថា សកម្មភាពនេះ គឺជាសកម្មភាពមួយដែលប៉ះពាល់ដល់សន្តិសុខសង្គម ដល់សន្តិសុខជាតិ ក៏ប៉ុន្តែ នេះវាគ្រាន់តែជាបុរេវិនិច្ឆ័យមួយដែលមិនមានលក្ខណៈសមហេតុផល។ ដូចយើងដឹងហើយថា ប្រជាពលរដ្ឋក្នុងការទាមទារ អ្នកខ្លះគាត់ទាមទារមួយក្រុមបួនដល់ម្ភៃនាក់ថា តើវាប៉ះពាល់ដល់សន្តិសុខជាតិកម្រិតប៉ុនណា ?»។
ក្រុមប្រទេសប្រជាធិបតេយ្យ នៅតែបន្តថ្កោលទោសរបបលោក ហ៊ុន សែន ចំពោះទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ ចំណែកអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិវិញ បានចោទសួរ និងទាមទារឱ្យរបបនេះបង្ហាញភស្តុតាងរឹងមាំទាំងឡាយចំពោះការចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់។
លើសពីការថ្កោលទោសទៀតនោះ គឺសហគមន៍អន្តរជាតិ បានដាក់ទណ្ឌកម្មរបបក្រុងភ្នំពេញ ដើម្បីជាការឆ្លើយតបនឹងទង្វើរំលោភសិទ្ធិធ្ងន់ធ្ងរនៅកម្ពុជា។ ជាឧទាហរណ៍ សហភាពអឺរ៉ុបបានកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% និងត្រៀមបញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅនៃប្រទេសលាងលុយកខ្វក់ជាផ្លូវការ។ ចំណែក សហរដ្ឋអាមេរិកវិញ បានដាក់ទណ្ឌកម្មលើមន្ត្រីគ្រាក់ៗមួយចំនួនក្នុងជួររបបលោក ហ៊ុន សែន ដោយសារតែទង្វើរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ ដែលពួកគេបានប្រព្រឹត្ត។
ក្រុមអ្នកតាមដានស្ថានការណ៍ជឿថា បើរបបលោក ហ៊ុន សែន មិនព្រមស្ដារស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឱ្យល្អប្រសើរឡើងវិញទេនោះ ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាល និងមន្ត្រីគ្រាក់ៗរបបនេះ នឹងត្រូវបានពង្រីកបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។