គណៈកម្មការចំពោះកិច្ចរបស់ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៥ មករា បានកោះហៅសាក្សី ៤នាក់ សាកសួរអំពីរឿងមន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួនប្រជាពលរដ្ឋមានទំនាស់ដីធ្លី ៥នាក់ ធ្វើទារុណកម្ម ហើយបណ្ដាលឱ្យស្លាប់ម្នាក់ កាលពីថ្ងៃទី១ មករា។
ប្រធានគណៈកម្មការចំពោះកិច្ចនៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាង សុជីវី បានកោះហៅ លោក ហ៊ឹម គិរី និងសាក្សី ៣នាក់ផ្សេងទៀត ឱ្យចូលបំភ្លឺនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ មករា។ ការកោះហៅពលរដ្ឋនេះ គឺដើម្បីសាកសួរអំពីដំណើររឿងពាក់ព័ន្ធនឹងការស្លាប់ប្រជាពលរដ្ឋម្នាក់កាលពីដើមខែមករា កន្លងទៅ។
សាក្សី និងជាជនរងគ្រោះម្នាក់ចំណោម ៤នាក់ ដែលត្រូវចូលបំភ្លឺគណៈកម្មការចំពោះកិច្ច គឺលោក ហ៊ឹម គីរី ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃ ទី១៥ មករាថា លោកនឹងចូលទៅបំភ្លឺតាមការកោះហៅក្នុងនាមជាសាក្សីផង និងជាជនរងគ្រោះផង។ លោកបញ្ជាក់ទៀតថា ពួកលោកនឹងនិយាយការពិតដែលមន្ត្រីកងរាជអាវុធហត្ថខេត្តបានវាយដំធ្វើទារុណកម្មពួកលោក ប្រាប់គណៈកម្មការនេះទាំងអស់ ដោយមិនមានលាក់បាំងឡើយ។ លោកស្នើឱ្យស្ថាប័នពាក់ព័ន្ធ ចាប់ជនល្មើសផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ពួកលោក និងជនរងគ្រោះ៖ «ខ្ញុំចង់បានតែសំណុំរឿងទទួលបានយុត្តិធម៌ និងឱ្យមានការបង់ជំងឺចិត្តឱ្យខ្ញុំដែលគេធ្វើបាបខ្ញុំ។ខ្ញុំអត់ខ្លាចទេដល់ដំណាក់នេះហើយ។ បាទ ! គេធ្វើទារុណកម្មខ្ញុំវាព្រៃផ្សៃពេក បានជាខ្ញុំចង់បំភ្លឺឱ្យវាច្បាស់ ដើម្បីឱ្យគេរកយុត្តិធម៌ឱ្យខ្ញុំបាន»។
ចំណែកឯប្រពន្ធជនរងគ្រោះម្នាក់ទៀត គឺលោកស្រី រិន រី ថ្លែងថា មន្ត្រីអាវុធហត្ថជាច្រើននាក់បានប្រគល់លិខិតកោះហៅឱ្យប្ដីរបស់លោកស្រី គឺលោក អាន រួន ដល់ផ្ទះនៅស្រុកព្រះនេត្រព្រះ នៅព្រឹកថ្ងៃទី១៥ មករា។ លោកស្រីបន្តថា ប្ដីរបស់លោកស្រីនឹងចូលបំភ្លឺតាមការកោះហៅនេះ៖ «ហើយខ្ញុំនេះចង់ឱ្យគេជួយជាសំណង ដើម្បីខ្ញុំមើលគ្រួសារខ្ញុំផង ព្រោះអីប្ដីខ្ញុំឈឺហើយចាស់ទៀត ខ្ញុំអត់មានលុយអីមើលប្ដីទេ។ ខ្ញុំស្រណោះគ្រួសារខ្ញុំណាស់ ដែលគាត់ធ្វើទារុណកម្មសព្វគ្រប់នោះ ដៃជាប់ចំណងហើយលោតធាក់ទៀត ហើយឥឡូវនេះគាត់ឈឺដើមទ្រូង ហើមឡើងប៉ោងចេញមកក្រៅ។គាត់ឈឺ២ថ្ងៃហើយ មានអីគាត់ថា មើលដើមទ្រូងម៉េចបានជាឈឺមិនដឹងជាបាក់ឆ្អឹង ឬយ៉ាងម៉េចទេបង»។
សាក្សីអះអាងថា លោក ទុយ ស្រស់ ដែលជាតំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ បានស្លាប់នៅថ្ងៃទី១ មករា គឺដោយសារមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ឃុំខ្លួន ហើយវាយធ្វើទារុណកម្មបណ្ដាលឱ្យគ្រាំគ្រាឈឺចុកចាប់ក្នុងខ្លួន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
សាក្សីទាំងនោះបន្តថា ជនរងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់ ទើបសមត្ថកិច្ចបញ្ជូនបន្តទៅពន្ធនាគារខេត្ត និងបណ្ដាលឱ្យស្លាប់នៅថ្ងៃបន្ទាប់។ សមត្ថកិច្ចបានចាប់ខ្លួនប្រជាពលរដ្ឋចំនួន ៥នាក់យកទៅសាកសួរ បន្ទាប់ពួកគាត់ ឱ្យអាជ្ញាធរដោះស្រាយតវ៉ារឿងទំនាស់ដីរបស់ពួកគាត់នៅស្រុកស្វាយចេក។
កាលពីថ្ងៃទី២៨ ខែធ្នូនោះ ប្រជាពលរដ្ឋជាង ១០០នាក់ បាននាំគ្នាតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ទាមទារឱ្យអាជ្ញាធរខេត្ត ចេញទៅជួបពួកគាត់ពន្យល់អំពីមូលហេតុ ដែលមិនឱ្យពួកគាត់កាន់កាប់ដីទំនាស់ ប៉ុន្តែពេលនោះអាជ្ញាធរខេត្តមិនបានចេញជួបក្រុមអ្នកតវ៉ានោះឡើយ។ នៅថ្ងៃនោះក្រុមពលរដ្ឋក៏មិនព្រមត្រឡប់ទៅផ្ទះវិញដែរ គឺរង់ចាំក្បែររបងសាលាខេត្ត រហូតដល់ម៉ោង ២រសៀល ស្រាប់តែមន្ត្រីកងរាជអាវុធហត្ថខេត្តជាច្រើននាក់ ទៅបង្ក្រាបក្រុមអ្នកតវ៉ាទាំងនោះ និងបានចាប់មនុស្ស ៥នាក់យកទៅឃុំខ្លួន។ អំឡុងពេលសមត្ថកិច្ចឃុំខ្លួននោះ មានពលរដ្ឋម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនទៅពន្ធនាគារខេត្តបានមួយថ្ងៃ និង ៤នាក់ផ្សេងទៀត ត្រូវបានដោះលែងវិញនៅថ្ងៃទី៣ មករា។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី ធ្លាប់ប្រាប់អាស៊ីសេរីថា មន្ត្រីអាវុធហត្ថមិនបានប្រើហិង្សាលើជនរងគ្រោះដូចការចោទប្រកាន់ឡើយ ហើយអាជ្ញាធរខេត្ត ក៏បានចេញសេចក្ដីថ្លែងការណ៍ជុំវិញបញ្ហានេះរួចហើយដែរ។ ទោះជាយ៉ាងណា លោកជំរុញឱ្យសាក្សី និងសាច់ញាតិជនរងគ្រោះ ប្ដឹងទៅតុលាការ ដើម្បីដោះស្រាយតាមច្បាប់។
កាលពីថ្ងៃទី១៤ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីជួបជុំជាមួយសារព័ត៌មាននៅរាជធានីភ្នំពេញថា លោកបានបញ្ជាឱ្យមេបញ្ជាការកងរាជអាវុធហត្ថគឺលោក សៅ សុខា ឱ្យបើកការស៊ើបអង្កេត និងនាំជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត បានទទូចដល់អាជ្ញាធររបបក្រុងភ្នំពេញឱ្យធ្វើការដោយតម្លាភាពលើករណីស្លាប់ប្រជាពលរដ្ឋម្នាក់នៅមន្ទីរឃុំឃាំងរបស់ខេត្តបន្ទាយមានជ័យនេះ។
លោកមានប្រសាសន៍ថា អ្នកដែលពាក់ព័ន្ធ ទោះបីអ្នកនោះជាមនុស្សមានអំណាចក៏ដោយត្រូវតែយកមកអនុវត្តទៅតាមផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងធានាយុត្តិធម៌នៅក្នុងសង្គមដោយមិនប្រកាន់បក្សពួកនិយម ឬក៏មានការយោគយល់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
