មេសហជីពស្នើតុលាការពន្លឿននីតិវិធីទម្លាក់ចោលបទចោទប្រកាន់ជាង ១រយករណីទៀត

សាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅប្រធានសហភាពការងារកម្ពុជា ឱ្យចូលរួមសវនាការជំនុំជម្រះក្នុងសំណុំរឿងញុះញង់ នៅរោងចក្រ អេស.អិល (SL) ក្នុងខណ្ឌមានជ័យ កាលពីឆ្នាំ២០១៣។ សង្គមស៊ីវិលឃ្លាំមើលផ្នែកសិទ្ធិការងាររំពឹងថា តុលាការនឹងទម្លាក់ចោលរាល់បទចោទ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពការងារនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង គឹមឡាក់ បង្គាប់ឱ្យប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ចូលរួមសវនាការនៅថ្ងៃទី៣០ ខែតុលា បន្ទាប់មេដឹកនាំសហជីពរូបនេះត្រូវបានចោទប្រកាន់ពីបទ "ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍" ដែលប្រព្រឹត្តនៅរោងចក្រ អេស.អិល (SL) ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៣។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដែលរងបណ្ដឹងជាង ១រយករណីពីក្រុមថៅកែរោងចក្រ និងក្រសួងការងារថា លោកងឿងឆ្ងល់ ទាក់ទងនឹងដីកាកោះហៅនេះ ព្រោះថា ភាគីរោងចក្របានដកពាក្យបណ្ដឹងពីតុលាការវិញហើយ ក្រោយពីមានកិច្ចអន្តរាគមន៍ពីសហជីពអន្តរជាតិ និងក្រុមអ្នកបញ្ជាទិញ កាលពីឆ្នាំ២០១៧។
លោក អាត់ ធន់ ឱ្យដឹងថា កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០១៣នោះ មានការទង្គិចគ្នារវាងក្រុមកម្មករ ជាមួយខាងភាគីថៅកែរោងចក្រ អេស.អិល (SL) ក្រោយពីកម្មករធ្វើកូដកម្មទាមទារឱ្យភាគីថៅកែគោរពលក្ខខណ្ឌ។ លោកបន្តថា ក្រោយហេតុការណ៍នោះ ស្រាប់តែថៅកែប្ដឹងលោកទៅតុលាការ ខណៈដែលលោកមិនមានវត្តមាននៅកន្លែងកើតហេតុ។
មេដឹកនាំសហជីពរូបនេះ ស្នើដល់តុលាការពិនិត្យសំណុំរឿងឡើងវិញ ដោយឯករាជ្យ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់រូបលោក៖ «ខ្ញុំអាចគិតថា ជារឿងពីរ។ រឿងទី១ គេបន្តដោះស្រាយទៅតាមសំណើដែលយើងស្នើទៅក្រសួងការងារ កាលពីឆ្នាំ២០១៨ ដើម្បីដោះស្រាយបញ្ចប់។ ប៉ុន្តែរឿងមួយទៀតយើងក៏បារម្ភដែរ ដែលវាកើតឡើងពេលហ្នឹង។ យើងបារម្ភខ្លាចក្រែងជាការដាក់សម្ពាធ កុំឱ្យមានការតវ៉ាអីអ៊ីចឹងទៅណា៎។ ប៉ុន្តែយើងអត់ទាន់ដឹងឥឡូវនេះ ខ្ញុំកំពុងតែឆែកជាមួយមេធាវីមើលសំណុំរឿងហ្នឹង ហើយមេធាវីក៏អត់អីបានដឹងក្រៅពីដីកាឱ្យចូលរួមសវនាការហ្នឹងដែរ»។
លោក អាត់ ធន់ បញ្ជាក់ថា លោកនឹងមិនចូលរួមក្នុងសវនាការរឿងនេះទេ ដោយសារជាប់រវល់កិច្ចប្រជុំនៅប្រទេសឥណ្ឌូណេស៊ី រហូតដល់ខែដើមវិច្ឆិកា ទើបលោកត្រលប់មកប្រទេសកម្ពុជាវិញ។ លោកនឹងប្រគល់សិទ្ធិឱ្យមេធាវី ចូលរួមសវនាការ នាពេលខាងមុខ។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មើលឃើញនូវទិដ្ឋភាព ២យ៉ាង ទាក់ទងនឹងរឿងកោះហៅមេដឹកនាំសហជីពឱ្យចូលខ្លួនទៅតុលាការជាថ្មីទៀតនេះ។ លោកថា ចំណុចទី១ ទំនងជារដ្ឋាភិបាលកម្ពុជាចង់បញ្ចប់រាល់នីតិវិធី ចំពោះមេដឹកនាំសហជីពធំ ដែលជាប់បណ្ដឹងនៅតុលាការឱ្យឆាប់ ដើម្បីឆ្លើយតបនឹងការចង់បានពីសហភាពអឺរ៉ុប ក្នុង ការរក្សាឱ្យបានការអនុគ្រោះ EBA ដល់កម្ពុជាតទៅទៀត។ ចំណែកចំណុចទី២វិញ លោកយល់ថា អាចជាការដាក់សម្ពាធដល់មេដឹកនាំសហជីពទាំងនោះ កុំឱ្យមានការប្រមូលផ្ដុំកម្មករធ្វើការតវ៉ាណាមួយ ខណៈកម្ដៅនយោបាយរវាងមេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំងនៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។
មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិការងាររូបនេះ ស្នើដល់តុលាការពន្លឿននីតិវិធីឱ្យបានឆាប់ ដើម្បីទម្លាក់ចោលរាល់បទចោទ ដែលប្រឆាំងនឹងមេសហជីពធំៗ ដែលសកម្មចុះជួយកម្មករ៖ «ខ្ញុំមើលឃើញថារាជរដ្ឋាភិបាលគួរមានវិធានការណ៍ហ្នឹងតាំងពីដើមឆ្នាំម្ល៉េះ ហើយក្រសួងយុត្តិធម៌ និងតុលាការហ្នឹង គួរតែមានវិធានការណ៍នៅក្នុងការសើរើរឿងហ្នឹងឡើងវិញ ហើយទម្លាក់ចោលការចោទប្រកាន់។ មកដល់ពេលនេះ យើងមិនទាន់ឃើញបណ្ដឹងជំទាស់ ហើយករណីព្រហ្មទណ្ឌដែលចោទប្រកាន់លើមេដឹកនាំសហជីពហ្នឹង ត្រូវបានទម្លាក់ចោលនៅឡើយទេ។ មានសំណុំរឿងធំៗកន្លងមក ដូចនៅផ្លូវវេងស្រេងអីហ្នឹង មានការទម្លាក់ចោល។ ប៉ុន្តែរឿងនេះ ក៏ជារឿងព្រហ្មទណ្ឌមួយដែរ ដែលកន្លងមក ទោះបីជាមានការរុញពីសំណាក់អ្នកបញ្ជាទិញឱ្យទម្លាក់ចោលពីភាគីរោងចក្រ ប៉ុន្តែរឿងហ្នឹងនៅបន្តក្នុងនីតិវិធីរបស់តុលាការអ៊ីចឹង»។
កាលពីខែឧសភាកន្លងមកនេះ សាលាឧទ្ធរណ៍សម្រេចលើកលើកលែងការចោទប្រកាន់លើប្រធានសហជីព ៦រូប ឱ្យរួចផុតពីការបទចោទប្រកាន់ទាក់ទងនឹងអំពើហិង្សានៅផ្លូវ វេងស្រេង កាលដើមឆ្នាំ២០១៤។ ក្នុងនោះមានលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងលោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា។
ការសម្រេចលើកលែងទោសពីប្រព័ន្ធតុលាការកម្ពុជា នៅពេលនោះ ធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុបកំពុងដំណើរការនីតិវិធីរយៈពេល ១៨ខែ ដើម្បីពិនិត្យដកកម្ពុជាជាបណ្ដោះអាសន្ន ចេញពីប្រព័ន្ធឋានៈអនុគ្រោះពន្ធ «អ្វីៗ ទាំងអស់លើកលែងតែអាវុធ» ឬហៅថា EBA ក្រោយពីកម្ពុជាដើរចេញពីគន្លងលទ្ធិប្រជាធិបតេយ្យ និងមិនមានការគោរពសិទ្ធិមនុស្ស។
គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ខែមករា ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប នឹងបន្តដំណាក់កាលទី៣ ដោយបិទបញ្ចប់នីតិវិធីរយៈពេល ១២ខែកន្លងមកនេះ ហើយចេញសេចក្ដីសម្រេចស្ថាពរមួយថា តើត្រូវព្យួរការអនុគ្រោះពន្ធចំពោះប្រទេសកម្ពុជា ដែរឬយ៉ាងណា។
បើគណៈកម្មការនេះ សម្រេចដកការអនុគ្រោះពន្ធពីកម្ពុជា នៅខែមករា ឆ្នាំ២០២០ ប្រាកដមែននោះប្រសិទ្ធភាពនៃការអនុវត្ត ត្រូវរង់ចាំប្រាំមួយខែបន្ទាប់ទៀត មានន័យថា ការដកការអនុគ្រោះពន្ធ នឹងចាប់ផ្ដើម នៅពាក់កណ្ដាលឆ្នាំ២០២០។
ក្នុងរយៈពេលជាង ៣ខែទៅមុខទៀតនេះ អង្គការសង្គមស៊ីវិលយល់ថា គឺជាពេលសមល្មម សម្រាប់រដ្ឋាភិបាលកម្ពុជា ពោលគឺក្រសួងយុត្តិធម៌ ក្រសួងការងារ និងស្ថាប័នតុលាការ ដើម្បីពន្លឿននីតិវិធី ទម្លាក់ចោលបទចោទជាង ១រយករណីទៀត លើមេសហជីពធំៗ ដើម្បីជាផ្នែកមួយជួយឱ្យកម្ពុជាទទួលបានការអនុគ្រោះពន្ធពីសហគមន៍អន្តរជាតិបន្តទៀត៕