អាជ្ញាធរខេត្តបន្ទាយមានជ័យដាក់ពង្រាយកម្លាំងប៉ូលិសនិងប្រជាការពារភូមិជាច្រើននាក់នៅផ្លូវច្រកចូលព្រំដែនអន្តរជាតិប៉ោយប៉ែត និងនៅមុខផ្ទះរបស់ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រពន្ធ័កម្ពុជា លោក ឌិន ពុទ្ធី។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកសកម្មភាពរបស់អាជ្ញាធរនេះថា ជាការបំភិតបំភ័យដល់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យពួកគាត់ចូលរួមធ្វើបាតុកម្មទាមទារឱ្យថៃបើកច្រកទ្វារព្រំដែននៅពេលខាងមុខ។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ថ្លែងនៅព្រឹកថ្ងៃទី២៧ ឧសភាថា អាជ្ញាធរក្រុងប៉ោយប៉ែតបានពង្រាយកម្លាំងប្រមាណ២៥នាក់នៅផ្លូវមុខផ្ទះរបស់លោកក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត។ ចំណែកនៅផ្ទះចាស់របស់លោកក្នុងភូមិសាមគ្គីមានជ័យ លោកថា ក៏មានប្រជាការពារភូមិជាច្រើននាក់បណ្ដាក់គ្នាជិះម៉ូតូឃ្លាំមើលតាំងពីម៉ោង៦ព្រឹករហូតមក៖ «កន្លងមកមិនដែលមានដាក់កម្លាំងមុខផ្ទះខ្ញុំបែបនេះទេ នេះជាការគំរាមកំហែងពាក់ព័ន្ធនឹងសតិអារម្មណ៍ស្មារតីហើយមួយទៀតធ្វើហ្នឹងគឺជារូបភាពមួយបំបាក់ស្មារតីកុំឱ្យមានការតស៊ូមតិជាពិសេសខ្ញុំតែម្ដងគឺគេចល័តកម្លាំងហ្នឹងក្នុងគោលបំណងដើររកខ្ញុំចេញចូលទៅណាវាហាក់ដូចជារឹតត្បិតសិទ្ធសេរីភាពធ្ងន់ធ្ងរមែនទែនសម្រាប់ខ្ញុំ។ សូម្បីតែសមាជិកកម្មករដែលរកមកជួបខ្ញុំនៅផ្ទះក៏គាត់មិនហ៊ានចូលផ្ទះខ្ញុំដែរ » ។
កាលពីថ្ងៃទី២៥ឧសភា លោក ឌិន ពុទ្ធី បានឈរជាតំណាងពលរដ្ឋនៅក្រុងប៉ោយប៉ែតដាក់លិខិតទៅសាលាខេត្តបន្ទាយមានជ័យ ស្នើសុំធ្វើបាតុកម្មទាមទារឱ្យអាជ្ញាធរកម្ពុជានិងថៃបើកច្រកទ្វារព្រំដែនប្រទេសទាំងពីរឡើងវិញ នៅចុងខែឧសភា។ នៅក្នុងលិខិតស្នើសុំនោះ មានប្រជាពលរដ្ឋ ១.៥០០នាក់ គ្រោងចូលរួមធ្វើបាតុកម្មដោយសន្តិវិធីចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ៦ល្ងាច ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ មិថុនា ក៏ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យបដិសេធ។
ទាក់នឹងបញ្ហានេះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកផ្នែកសន្តិសុខលោក វង្ស ប្រាថ្នា ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកពុំបានដឹងជុំវិញការដាក់ពង្រាយកម្លាំងប៉ូលិសនិងប្រជាការពារភូមិនោះទេ៖ «បាទខ្ញុំនៅខេត្តទេមិនដឹងខាងក្រុងការងារជំនាញរបស់គេមិនដឹងគេធ្វើអីទេសូមបងសួរទៅខាងក្រុងប៉ោយប៉ែតបានដឹង។ខ្ញុំក្ដាប់អត់បានទេសូមអធ្យាស្រ័យព្រោះការងារជំនាញខុសៗគ្នា » ។
អាស៊ីសេរីក៏បានព្យាយាមទាក់ទងអភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន និងអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ព្រមទាំងអធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះដែរ តែទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ការដាក់ពង្រាយកម្លាំងនេះ ជាការគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរាំងខ្ទប់កុំឱ្យពួកគាត់ចូលរួមធ្វើបាតុកម្មនៅច្រកទ្វារព្រំដែនកម្ពុជានិងថៃនៅពេលខាងមុខ។លោកចាត់ទុកទង្វើរបស់អាជ្ញាធរនេះ ថា ជាការបិទសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ប្រជាពលរដ្ឋ៖ «បាទជាការភិតភ័យបែរទៅជាព្រួយខ្លាចលោកឌិន ពុទ្ធីធ្វើបាតុកម្មនាំឱ្យបាក់មុខបាក់មាត់នៅកន្លែងហ្នឹងគេស្រែកគេថាអីចឹងទៅធ្វើឱ្យខ្លួនឯងហ្នឹងបាក់មុខបាក់មាត់ក្នុងរដូវជំងឺកូវិដ១៩។ ប៉ុន្តែតើការដោះស្រាយជូនប្រជាពលរដ្ឋបានប៉ុណ្ណា ? កន្លងមកយើងឃើញក្រុមសប្បុរសជនជួយដោះស្រាយចុះអ្នកផ្សេងមានតួនាទីរបស់រដ្ឋដែលត្រូវបំពេញបន្ថែមធ្វើឱ្យប្រសើរឡើងបានធ្វើហើយរួចនៅឬក៏បំបិទមិនឱ្យគាត់ចេញទេនៅហ្នឹងទៅដេកផ្ទះមិនឆ្លងរោគចុះបានអីស៊ីឥឡូវហ្នឹង » ។
អាជ្ញាធរកម្ពុជានិងថៃបានបិទច្រកទ្វារព្រំដែនប្រទេសទាំង២ តាំងពីថ្ងៃទី២៣ មីនាមក ដើម្បីបង្ការកុំឱ្យរាលដាលជំងឺកូវិដ១៩ ហើយរហូតទល់ពេលនេះព្រំដែនប្រទេសទាំង២ មិនទាន់បើកដំណើរការវិញនៅឡើយទេ។ លោកឌិន ពុទ្ធី ឱ្យដឹងថា ការបិទច្រកទ្វារព្រំដែននេះធ្វើឱ្យពលរដ្ឋនៅតំបន់ព្រំដែន ដូចជាអ្នករត់ម៉ូតូឌុប កម្មករអូសរទេះ និងអ្នកស៊ីឈ្នួលលីសែងនៅក្នុងទឹកដីថៃ បាត់បង់ប្រាក់ចំណូលទាំងស្រុង ហើយមានពលរដ្ឋខ្លះដាច់ស្បៀងរហូតដល់ថ្នាក់នាំគ្នាដើរបេះត្រកួន និងដើររើសអេតចាយលក់យកប្រាក់ទិញអង្កច្រកឆ្នាំងទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។