អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន Reporters Without Borders (RSF) ទាមទារឱ្យអាជ្ញាធរ ដោះលែងលោក សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មានអនឡាន TVFB ជាបន្ទាន់។ អង្គការនេះ ក៏អំពាវនាវឱ្យក្រសួងព័ត៌មាន ផ្ដល់អាជ្ញាប័ណ្ណព័ត៌មាន ដល់ស្ថាប័នព័ត៌មានអនឡាញរបស់លោក សុវណ្ណ រិទ្ធី នេះឡើងវិញ។
ការទាមទារ និងអំពាវនាវនេះ កើតមានឡើងក្រោយសមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនលោក សុវណ្ណ រិទ្ធី កាលពីយប់ថ្ងៃទី៧ មេសា ដោយចោទថា លោកបានផ្សព្វផ្សាយព័ត៌មាន មានចរិតញុះញង់ បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ផ្អែកតាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ក្រោយការចាប់ខ្លួនអគ្គនាយកព័ត៌មានរូបនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃទី៨ មេសា បានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់លោក ដោយមិនអនុញ្ញាតឱ្យគេហទំព័រ និងមជ្ឈមណ្ឌលផ្សព្វផ្សាយឈ្មោះ TVFB បើកដំណើរការតទៅទៀត។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បញ្ជាក់ថា ការសម្រេចលុបចោលអាជ្ញាប័ណ្ឌនេះ គឺដោយសារតែនិពន្ធនាយកសារព័ត៌មានរូបនេះ បានផុសប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអត្ថន័យដើមថា « បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។
នាយកកិច្ចការអាស៊ីប៉ាស៊ីហ្វិករបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន លោក ដានីញ៉ែល បាស្តាត (Daniel Bastard) មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ផ្សាយថ្ងៃទី៨ មេសាថា ការចាប់អ្នកកាសែតដាក់គុក ដោយសារតែបានស្រង់ប្រសាសន៍ដើមរបស់នាយករដ្ឋមន្ត្រី គឺជារឿងចម្លែក។ លោកបន្តថា វិបត្តិជំងឺកូវីដ១៩ មិនគួរត្រូវបានអាជ្ញាធរកម្ពុជា យកមកប្រើប្រាស់ធ្វើជាលេស ដើម្បីកម្ចាត់ក្រុមអ្នកកាសែត ដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាលនោះទេ។
ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា បានបន្តធ្លាក់ចុះកាន់តែអាក្រក់ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មកនៅលេខ ១៤៣ ក្នុងចំណោម១៨០ប្រទេស ក្នុងឆ្នាំ២០១៩ ស្របពេលដែលមានការរឹតត្បិតកាន់តែខ្លាំងផ្នែកសេរីភាពសារព័ត៌មាននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។