អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) បានជួបជជែកទ្វេភាគីជាមួយនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ផ្តោតលើសារ:សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងបញ្ហាសំខាន់ៗ ផ្សេងទៀតរបស់កម្ពុជា។ អ្នកវិភាគយល់ថា របបក្រុងភ្នំពេញបរាជ័យក្នុងការសម្រេចតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គសហប្រជាជាតិ។
អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) បានទទួលជួបពិភាក្សាជាមួយនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិនៅថ្ងៃទីពីរនៃបេសកម្មរបស់អ្នកស្រីនៅកម្ពុជា។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ប្រាប់អាស៊ីសេរីថា ក្នុងជំនួបទេ្វភាគីនោះ ផ្តោតសំខាន់លើប្រធានបទគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលពាក់ព័ពន្ធនឹងបញ្ហាសំខាន់ៗ មួយចំនួនរបស់កម្ពុជា ដូចជា ការប្រឆាំងអំពើពុករលួយ បញ្ហាសិទ្ធិមនុស្សបញ្ហាអយុត្តិធម៌សង្គម ការពង្រឹងសមត្ថភាព និងគណនេយ្យភាពនៅតាមស្ថាប័នជាតិជាដើម។ លោក ព្រាប កុល បន្ថែមថា អ្នកស្រី រ៉ូណា ស្មីត ក៏បានជជែកអំពីលទ្ធភាព និងឱកាសចូលរួមចំណែកក្នុងការជំរុញការអនុវត្ត និងដោះស្រាយបញ្ហាប្រឈមតទៅមុខទៀត ដើម្បីសម្រេចតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ «....
លោក ព្រាប កុល បដិសេធមិនផ្តល់ព័ត៌មានលម្អិតនៃជំនួបនេះទេ ដោយលោកទុកឲ្យអ្នកស្រី រ៉ូណា ស្មីត បង្ហាញនៅក្នុងសន្និសីទសារព័ត៌មាននៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់អ្នកស្រី។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា ក្នុងកាលៈទេសៈដែលលោក ហ៊ុន សែន កំពុងគិតតែរកវិធីរក្សាអំណាចជាអាទិភាព និងកំពុងដឹកនាំបក្ខពួកអុកឡុកផលប្រយោជន៍កម្ពុជា។ ដូច្នេះកម្មវិធីនានា របស់អន្តរជាតិ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាតិ ដែលធ្វើឲ្យកម្ពុជាមានការអភិវឌ្ឈដ៏ត្រឹមត្រូវនោះ គឺមិនអាចសម្រេចបានល្អប្រសើរឡើយ។
លោកមើលឃើញថា របបលោក ហ៊ុន សែន មិនខិតខំអនុវត្តឡើយ គឺមានតែគម្រោងធ្វើរបាយការណ៍ភូតកុហកប៉ុណ្ណោះ។ លោកផ្តល់មតិថា ដើម្បីសម្រេចតាមគោលដៅរបស់អង្គការសហប្រជាជាតិ លុះត្រាតែរបបលោក ហ៊ុន សែន ខិតខំស្តារប្រជាធិបតេយ្យ គោរពសិទិ្ធមនុស្ស និងធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឡើងវិញ៖ «
រីឯអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី នៃរបបលោក ហ៊ុន សែន លោក ផៃ ស៊ីផាន ថ្លែងថា ការខិតខំថែរក្សាសន្តិភាព ស្ថេរភាព និងពង្រឹងប្រជាធិបតេយ្យតាមរបៀបការដឹកនាំសព្វថ្ងៃនេះ គឺកំពុងជួយជំរុញឲ្យសម្រេចតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ។ លោក ផៃ ស៊ីផាន បានច្រានចោលការចោទប្រកាន់របស់មជ្ឈដ្ឋានមួយចំនួនកន្លងមកដែរថា កម្ពុជាគ្មានសន្តិភាព និងប្រជាធិបតេយ្យពិតប្រាកដ។ ទោះយ៉ាងណាក្តី លោក ផៃ ស៊ីផាន មិនអាចឆ្លើយតបបានទេ អំពីការអនុវត្ត និងការសម្រេចបានប៉ុន្មានភាគនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ៖ «..
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ ហើយត្រូវបានផ្សព្វផ្សាយជាគោលដៅសាកលសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គោលដៅទាំងនេះ ចាប់អនុវត្តពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០។ មានគោលដៅសំខាន់ៗ ចំនួន ១៧ ដែលរួមមានការលុបបំបាត់ភាពក្រីក្រ លុបបំបាត់ភាពអត់ឃ្លាន លើកកម្ពស់គុណភាពអប់រំ បញ្ហាសុខភាព ការងារ និងសេដ្ឋកិច្ច មានទឹកស្អាត មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំល្អ មានយុត្តិធម៌ និងសន្តិភាព ព្រមទាំងចំណុចផ្សេងៗ ទៀត។
កាលពីថ្ងៃទី២៩ តុលា តំណាងអង្គការសង្គមស៊ីវិលមួយចំនួន ក៏បានជួបជាមួយអ្នកស្រី រ៉ូណា ស្មីត ដែរ ដើម្បីជម្រាបជូនអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា សេរីភាពសារព័ត៌មាន ការប្រមូលផ្តុំ និងសកម្មភាពការងាររបស់ពួកគេ មានការរឹតត្បិត និងការឃ្លាំមើលយ៉ាងខ្លាំងពីអាជ្ញាធររបបក្រុងភ្នំពេញ។
អ្នកស្រី រ៉ូណា ស្មីត នឹងធ្វើរបាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សកម្ពុជាដាក់ទៅអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខ ក្រោយបញ្ចប់បេសកម្មរបស់អ្នកស្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
