អ្នកស្រី រ៉ូណា ស្មីត ជំរុញ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី

0:00 / 0:00

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) ថា​អ្នកស្រី​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ឱ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​២​នាក់ នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​។ ក្នុង​ថ្ងៃ​ដដែល​នោះ​មន្ត្រី​រដ្ឋាភិបាល​ក៏​នៅតែ​អះអាង​ថា សេរីភាព​សារព័ត៌មាននៅ​កម្ពុជា​មិន​មាន​ការ​ធ្លាក់​ចុះ​ទេ គឺ​មានតែ​កើន​ឡើង​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ឯ​សេរីភាព​អ្នកសារព័ត៌មាន​ក៏​មាន​ភាព​ទូលំទូលាយ​ដែរ។

ចំណែក​អ្នកសារព័ត៌មាន និង​អ្នក​ជំនាញ​ថា សេរីភាព​សារព័ត៌មាន​បន្ត​ធ្លាក់​ចុះ ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក ហើយ​បញ្ហា​នេះ​កំពុង​ប៉ះពាល់​ដល់​សង្គម​កម្ពុជា​ទាំងមូល។

អ្នកស្រី រ៉ូណា ស្មីត ដែល​កំពុង​បំពេញបេសកកម្ម​នៅ​កម្ពុជា លើកឡើង​ពី​កង្វល់​របស់​អ្នកស្រី​ពី សេរីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា នៅ​ពេល​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​បាន​ដក​ពិន្ទុ​កម្ពុជា​មួយ​ពិន្ទុ​ទៀត​នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០១៨ បន្ទាប់ពី​បាន​ដក​១០​ពិន្ទុ​រួចហើយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន។

អ្នកស្រី​លើកទឹកចិត្ត​ឱ្យ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​លំហ​សម្រាប់​សេរីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​តាម​អនឡាញ (Online) និង​ទាំង​អូហ្វឡាញ (Offline) រួម​ទាំង​តាមរយៈ​ការ​អនុម័ត និង​ការអនុវត្ត​សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​។ អ្នកស្រី​ក៏​ជំរុញ​លើកទឹកចិត្ត​ជា​ថ្មី​ទៀត ឱ្យ​ទម្លាក់​ការចោទប្រកាន់​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំងពីរ​នាក់​ផង​ដែរ​។​

សំណើ​នេះ​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​រដ្ឋាភិបាល​លើកឡើង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ និង​ថា ការ​កើន​ឡើង​នូវ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដោយសារ​ក្រសួង​ព័ត៌មាន​គោរព​សិទ្ធិ សេរីភាព​អ្នកសារព័ត៌មាន និង​បន្ត​គាំទ្រ​លើកទឹកចិត្ត​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិតជា​ដើម។

ចំណែក​ការ​ទាមទារ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយតប​ថា​រឿង​នេះ​ស្ថិត​ក្នុង​នីតិវិធី​តុលាការ។

អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​២​នាក់ គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​តុលាការ​ក្រុងភ្នំពេញ​ដាក់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ បន្ទាប់ពី​បាន​ឃុំខ្លួន​ពួកគេ​ជិត​១០​ខែ ក្នុង​ពន្ធនាគារ​ដោយ​ចោទប្រកាន់​ពី​បទ​បញ្ជូន​ព័ត៌មាន ឬ​ចារកម្ម​ឱ្យ​រដ្ឋាភិបាល​បរទេស​។

​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ជា​ការ​ធ្វើទុក្ខបុកម្នេញ​អ្នកសារព័ត៌មាន ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល ព្រមទាំង​ធ្វើ​ឱ្យ​បាក់ស្បាត​ដល់​អ្នកសារព័ត៌មាន​ផ្សេងទៀត។

ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ថ្ងៃ​ទី​០៣ ខែ​ឧសភា នេះ​ដែរ អង្គការ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​អាស៊ីអាគ្នេយ៍ (SEAPA) ដែល​បាន​និយាយ​ដល់​ករណី​របស់​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ដែរ​នោះ​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ចការពារ​អ្នកសារព័ត៌មាន និង​សេរីភាព​សារព័ត៌មាន​នៅ​អាស៊ីអាគ្នេយ៍ និង​នៅ​លើ​ពិភពលោក។

អង្គការ​ការពារ​អ្នកកាសែត​គ្មាន​ព្រំដែន​រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​គំហុក​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក គឺ​ចាប់ពី​ពេល​ដែល​របប​ក្រុងភ្នំពេញ ធ្វើ​ទុក្ខបុកម្នេញ លើ​សារព័ត៌មាន​ឯករាជ្យ​ធំ​២ គឺ​កាសែត ឌឺ ខេមបូឌា ដេលី (The Cambodia Daily) និង​ការិយាល័យ​វិទ្យុ​អាស៊ីសេរី​ប្រចាំ​កម្ពុជា និង​ការ​ចាប់ខ្លួន​អ្នកយកព័ត៌មាន​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ដាក់​ពន្ធនាគារ​នេះ​ដែរ។

អ្នកសារព័ត៌មាន និង​អ្នក​ជំនាញ​ទទួល​ស្គាល់​ថា អ្នកសារព័ត៌មាន​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ខ្លួនឯង មិន​ហ៊ាន​សរសេរ ឬ​ផ្សព្វផ្សាយ​ហើយ​ថែមទាំង​អាច​រាំង​ខ្ទប់​ព័ត៌មាន​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​បាត់​ព័ត៌មាន លើស​ពី​នេះ​កំពុង​ជះឥទ្ធិពល​ទៅលើ​សង្គម​ទាំងមូល។

អ្នកយកព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) លោក ស៊ុន ណារិន លើកឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី​ថា​វិស័យ​សារព័ត៌មាន​ពិតជា​ធ្លាក់​ចុះ ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​អ្នកអាន និង​អ្នក​ស្ដាប់​ព្រោះ​រឿង​ល្អ​សម្រាប់​អ្នកអាន​ត្រូវ​បាត់ អ្នកកាសែត​ពូកែៗ បាត់បង់​ការងារ​ធ្វើ​។ ឯ​អ្នកសារព័ត៌មាន​ខ្លះ ត្រូវ​ជ្រើសរើស​រឿង​សរសេរ មិន​ហ៊ាន​សរសេរ​រឿង​ណា ដែល​មាន​ការ​ប៉ះពាល់​រដ្ឋាភិបាល ជាដើម៖ «នៅ​ពេល​ដែល​ស្ថានភាព​តានតឹង​អ៊ីចឹង​យើង​គិត​ថា រឿង​មួយ​ចំនួន​យើង​ទុក​មួយ​អន្លើ​សិន​រឿង​ណា​ដែល​យើង​ធ្វើ​ទៅ​ថា​មាន​លក្ខណៈ មិនសូវ​ជា​តានតឹង ឬក៏​រដ្ឋាភិបាល​មិន​អាច​ចោទប្រកាន់​ពី​បទ​ញុះញង់ ដែល​រដ្ឋាភិបាល និង​តុលាការ​តែងតែ​ចោទប្រកាន់​ទៅលើ​អ្នកកាសែត និង​សកម្មជន​មួយ​ចំនួន​មានការ​ព្រួយបារម្ភ​ពី​រឿង​ហ្នឹង»។

អ្នកយកព័ត៌មាន​ម្នាក់ អ្នកស្រី ឡុង គឹមម៉ារីតា ថ្លែង​ថា ពលរដ្ឋ​ដែល​ទន់ខ្សោយ​គឺជា​អ្នករងគ្រោះ​មុនគេ ហើយ​បញ្ហា​កើត​ចេញ​ពី​អយុត្តិធម៌​សង្គម​នឹង​កើតមាន​កាន់តែ​ច្រើន៖ «ទោះ​ចង់​មិន​ចង់​គឺ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពលរដ្ឋ​អ្នក​ដែល​គ្មាន​សំឡេង​ដែល​គាត់​ពឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​អ្នកសារព័ត៌មាន ដើម្បី​បង្ហាញ​សំឡេង តម្រូវការ​របស់​គាត់ ដើម្បី​ឱ្យ​មាន​អន្តរាគមន៍​ដោះស្រាយ​។ ថា​តើ​វា​ប៉ះពាល់​កម្រិត​ណា គឺ​យើង​អាច​មើល​ឃើញ​ទាំងអស់​គ្នា​ថា បរទេស​យើង​វា​ឋិត​នៅ​កម្រិត»។

ត្រង់​នេះ​ក្រុម​អ្នកសារព័ត៌មាន​ក៏​មើល​ឃើញ​ដែរ​ថា ខ្វះ​ព័ត៌មាន​ពិត​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​សង្គម​ពិបាក​ក្នុង​ការ​សម្រេចចិត្ត មិន​ថា​ក្នុង​ជីវភាព​រស់នៅ និង​ការ​ជ្រើសរើស​មេដឹកនាំ​សម្រាប់​ពួកគេ​នោះ​ឡើយ។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ណុប វី មានប្រសាសន៍ថា ករណី​បែបនេះ​រដ្ឋាភិបាល​ក៏​បាត់បង់​ផលប្រយោជន៍​ដែរ នៅ​ពេល​អ្នកសារព័ត៌មាន​បាត់បង់​សេរីភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពី​ចំណុច​ខ្វះខាត​ដែល​ត្រូវ​កែ​លម្អ៖ «គឺ​បើសិនជា​យើង​បាត់​វត្តមាន​របស់​អ្នកសារព័ត៌មាន​ឯករាជ្យ​ដែល​ធ្វើការ​សំខាន់​នៅ​ក្នុង​ការ​ឃ្លាំមើល​មន្ត្រី​ពុករលួយ មន្ត្រី​ល្មើសច្បាប់​ជាដើម ដែល​កិបកេង​ប្រយោជន៍​សាធារណៈ ប្រយោជន៍​ប្រជាពលរដ្ឋ ផលវិបាក​នឹង​ធ្លាក់​ទៅដល់​រដ្ឋាភិបាល​ព្រោះ​វា​បាត់​តួនាទី​របស់​អ្នកសារព័ត៌មាន​ឯករាជ្យ​ក្នុង​ការ​បង្ហាញ​រឿង​ទាំងអស់​ទៅ​សាធារណជន ព្រោះ​មន្ត្រី​ពុករលួយ​គាត់​ភ័យខ្លាច​អ្នកសារព័ត៌មាន​គាត់​តាមដាន​រឿង​ទាំង​ហ្នឹង»។

ទោះជា​យ៉ាងណា​ទាំង​អ្នកសារព័ត៌មាន និង​អ្នក​ជំនាញ​នៅ​មាន​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​នឹង​ងាក​មក​ពិចារណា ធ្វើ​យ៉ាងណា​បើក​លំហ​សេរីភាព​សារព័ត៌មាន​ឡើងវិញ ដើម្បី​ឱ្យ​គ្រប់​ភាគី​ទាំង​ប្រជាពលរដ្ឋ​ផង​បាន​ចូលរួម និង​ទទួល​បាន​ប្រយោជន៍​ពេញលេញ​ពី​ការអភិវឌ្ឍន៍ ពោល​គឺ​ផ្ដល់​ឱកាស​គ្រប់គ្រាន់​សម្រាប់​អ្នកសារព័ត៌មាន​ដែល​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ពិត ពី​តម្រូវ​ការពិត​របស់​ពលរដ្ឋ និង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។