មេ​ដឹកនាំ​សហជីព​ទាមទារ​ឱ្យ​តុលាការ​ស៊ើប​អង្កេត​សំណុំរឿង​ហិង្សា​នៅ​ផ្លូវ​វេងស្រេង

ដោយ ទីន ហ្សាការីយ៉ា
2019-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
ក្រុម​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Jeevita

ក្រុម​មេដឹកនាំ​សហជីព ចាត់​ទុក​សាលដីកា​របស់​សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​មេដឹកនាំ​សហជីព ៦​នាក់​រួច​ទោស និង​បដិសេធ​សាលា​ក្រម​សាលាដំបូង​នោះ គឺជា​រឿង​ត្រឹមត្រូវ ទោះជា​យ៉ាង​នេះ​ក្ដី សហជីព​អះអាង​ថា សំណុំរឿង​ពាក់ព័ន្ធ​និង​អំពើ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​នេះ មិន​ទាន់​មាន​យុត្តិធម៌​សម្រាប់​កម្មករ និង​ជនរងគ្រោះ ដោយ​ការ​បង្ក្រាប​ហិង្សា​ពី​អាជ្ញាធរ​នៅឡើយ​ក៏​ដោយ។

តំណាង​សហជីព​ទាមទារ​តុលាការ​ស៊ើបអង្កេត សំណុំរឿង​ប្រើ​អំពើ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង ដែល​ដឹកនាំ​ដោយ​បញ្ជាការដ្ឋាន​ឆ័ត្រ​យោង​លេខ​៩១១ បាញ់​បង្ក្រាប​ទៅលើ​ហ្វូង​បាតុករ កាល​ពី​ដើម​ឆ្នាំ​២០១៤​សាជាថ្មី​ទៀត ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ដែល​ស្លាប់​ និង​របួស។

លោក រ៉ុង ឈុន ប្រធាន​សភាព​សហជីព​កម្ពុជា ឱ្យ​ដឹង​កាលពី​រាត្រី​ថ្ងៃ​ទី​២៩ ឧសភា ថា មកទល់​ពេល​តុលាការ​នៃ​របប​លោក ហ៊ុន សែន មិនទាន់​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៅឡើយ​។ លោក​បញ្ជាក់​ថា តុលាការ​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​សំណុំ​រឿង​នេះ​ឱ្យ​ឯករាជ្យ និង​មិន​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​ណាមួយ​ឡើយ៖ «ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​ទន់ខ្សោយ តុលាការ​ត្រូវ​ឈរ​លើ​ឆន្ទៈ និង​វិជ្ជាជីវៈ ហើយ​យើង​ចង់​ឃើញ​តុលាការ​វែកមុខ​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ការ​បាញ់​បង្ក្រាប​កម្មករ​នៅ​ផ្លូវ​វេងស្រេង ដែល​ធ្វើ​ឱ្យ​កម្មករ​ស្លាប់ របួស និង​បាត់​ខ្លួន»

បាតុកម្ម​របស់​កម្មករ​នៅ​ផ្លូវ​វេងស្រេង ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤​នេះ រង​ការ​បង្ក្រាប​ដ៏​ធ្ងន់ធ្ងរ​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាញ់​ប្រហារ​បាតុករ​ស្លាប់​៤​នាក់ និង​មួយ​ចំនួន​ទៀត​រង​របួស​​ធ្វើ​ឱ្យ​យុវជន ខឹម សូផាត បាត់​ខ្លួន​រហូត​មក​ទល់​សព្វថ្ងៃ​នេះ​។ ទន្ទឹម​នឹង​នេះ មាន​មន្ត្រី​អង្គការ សមាគម និង​កម្មករ​ចំនួន ២៣​នាក់​ផ្សេងទៀត ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគា​រ​ចន្លោះ​ពី ៤​ឆ្នាំទៅ ៤​ឆ្នាំ និង ៦​ខែ​។ ប៉ុន្តែ​ដោយមាន​ការ​សម្របសម្រួល​ផ្នែក​នយោបាយ អ្នក​ទាំងនោះ​ត្រូវ​ដោះលែង​វិញ​ដោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ប្រមាណ ៥​ខែ ហើយ​ទោស​ដែល​នៅសល់ ត្រូវ​ព្យួរ។

រីឯ​ខាង​សមត្ថកិច្ច​វិញ ដែល​គេ​ស្គាល់​ដឹកនាំ​ដោយ​កងឆ័ត្រ​យោង​លេខ​៩១១ របស់​លោក ចាប ភក្តី​ នោះ តុលាការ​មិនបាន​ចាប់ខ្លួន ឬ​ផ្ដន្ទាទោស​មន្ត្រី​ណា​ម្នាក់​ឡើយ ទោះបីជា​មានការ​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ពី​អង្គការ​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ​​យ៉ាងណាក្ដី។

ការ​ទាមទារ​របស់​លោក រ៉ុង ឈុន នេះ ធ្វើឡើង​ក្រោយពី​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា បាន​ចេញ​សាលដីកា បដិសេធ​សាលក្រម​សាលាដំបូង​ចោល ហើយ​សម្រេច​លើកលែង​ការចោទប្រកាន់​ថ្នាក់ដឹកនាំ​សហជីព ៦​នាក់ និង​បិទ​សំណុំ​រឿង​​ហិង្សា​ផ្លូវ​វេងស្រេង ក្រោយ​ពី​បាន​សួរដេញដោល​រួចរាល់។ មេដឹកនាំ​សហជីព​ទាំង​៦​នាក់​នោះ រួមមាន លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ និង លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា រួម​នឹង​មេដឹកនាំ​សហជីព​មួយ​​ចំនួន​ទៀត។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​មេដឹកនាំ​សហជីព​ទាំង​៦​នាក់ កាលពី​ថ្ងៃ​ទី​១១​ធ្នូ ឆ្នាំ​២០១៨ ដាក់​ពន្ធនាគារ​ម្នាក់ៗ ២​ឆ្នាំ​កន្លះ ប៉ុន្តែ​ទោស​ទាំងនេះ​ត្រូវ​ព្យួរ ក្នុង​សំណុំរឿង​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤​។ មេដឹកនាំ​សហជីព​ទាំង ៦​នាក់​នេះ រង​ការចោទប្រកាន់​ចំនួន ៤​បទ​ចោទ​គឺ បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទ​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទ​គំរាមកំហែង និង​បទ​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ។

លោក រ៉ុង ឈុន បញ្ជាក់​ថា ក្រុម​មេដឹកនាំ​សហជីព​គ្មាន​ប្រព្រឹត្តិ​កំហុស​ណាមួយ ដូច​ការ​ចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​កន្លងមក​ឡើយ​។ លោក​បញ្ជាក់​ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍​នេះ គឺជា​រឿង​ត្រឹមត្រូវ​ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​សហជីព​ដែល​ខិតខំ​ធ្វើការ​លើកស្ទួយ​សិទ្ធ និង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​។ លោក រ៉ុង ឈុន បន្ថែម​ថា លោក ចង់​ឃើញ តុលាការ​សើរើ​និង​ស៊ើបអង្កេត​សំណុំ​រឿង​នេះ​ឡើងវិញ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដូច​ក្រុម​សហជីព​ទាំង ៦​នាក់​ដែរ៖ «មក​ដល់​ពេល​នេះ មិនទាន់​បាន​លឺ​ចម្លើយ​ពី​អាជ្ញាធរ ឬ​តុលាការ ដូច្នេះ​ខ្ញុំ​ជំរុញ​ឱ្យ​ស៊ើបអង្កេត​អំពើ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុផាណា ដើម្បី​សួរ​អំពី​បញ្ហា​នេះ បានទេ កាលពី​ថ្ងៃ​ទី​២៩ ឧសភា។

សំណុំរឿង​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​នេះ ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) លោក រីឆាដ រ៉ូជើរ (Richard Rogers) ដែល​មាន​ទីតាំងនៅ​ប្រទេស​អង់គ្លេស តំណាង​ឱ្យ​ដើមបណ្ដឹង​ប្រជាពលរដ្ឋ​ខ្មែរ ជា​ជនរងគ្រោះ​នៃ​ការ​រំលោភបំពាន និង​បង្ខំ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី បាន​ដាក់​ពាក្យបណ្ដឹង​មួយ​ច្បាប់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​នៅ​ផ្លូវ​វេងស្រេង និង​ក្បែរ​រោងចក្រ​យ៉ាក ជីន នេះ​ដែរ។ នៅ​ក្នុង​ពាក្យបណ្ដឹង​នោះ​ចោទ​ប្រកាន់​​មន្ត្រី​​មានអំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ដែល​បាន​ប្រព្រឹត្ត​ក្នុង​រយៈពេល​ជាង ១២​ឆ្នាំ​ចុង​ក្រោយនេះ។

ករណី​ហិង្សា​ដែល​កើតឡើង​នៅ​ឆ្នាំ​២០១៤ នៅ​ផ្លូវ​វេងស្រេង​នេះ ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​ធ្ងន់ធ្ងរ​នៃ​ការរំលោភ​សិទ្ធិមនុស្ស។ របាយការណ៍​ស្ដីពី​ការរំលោភ​សិទ្ធិមនុស្ស​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤ របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ឆ្នាំ​២០១៤ បង្ហាញ​ថា បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​ការរំលោភ​សិទ្ធិមនុស្ស​នេះ បាន​អូស​បន្លាយ​ដល់ពេល​បច្ចុប្បន្ន ដែល​របប​លោក ហ៊ុន សែន មិនទាន់​បាន​ស្ដារ​ឡើង​វិញ​នៅ​ឡើយ។

ក្រុម​សហជីព​លើក​ឡើង​ថា ពួកគេ​នឹង​នៅតែ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ទទួលខុសត្រូវ​លើ​ការស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ នៃ​ការ​បង្ក្រាប​ហិង្សា​នេះ​ឱ្យ​ទាល់តែ​បាន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល