គ្រួសារ​លោក រ៉ាត់ រត្នមុនី ផ្អាក​តវ៉ា​នៅ​មុខ​ទូត​រុស្ស៊ី​ចំនួន​២​សប្ដាហ៍

ក្រុម​គ្រួសារ​លោក រ៉ាត់ រត្នមុនី និង​សកម្មជន​មួយ​ចំនួន ផ្អាក​ការ​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​ចំនួន​២ សប្ដាហ៍ នៅ​​ថ្ងៃ​ពុធ​ទី​១០ មេសា នេះ និង​ថ្ងៃ​ពុធ សប្ដាហ៍​ក្រោយ។

ភរិយា​លោក រាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ឱ្យ​អាស៊ីសេរី​ដឹង​ថា មូលហេតុ​នៃ​ការ​ផ្អាក​ការ​តវ៉ា​នៅ​សប្ដាហ៍​នេះ គឺ​ដោយសារ​ខ្លាច​មាន​ក្រុម​ជន​មិន​ស្គាល់​អត្តសញ្ញាណ មក​អុកឡុក​ដូច​សប្ដាហ៍​មុន​ទៀត ចំណែក​នៅ​សប្ដាហ៍​ក្រោយ គឺជា​អំឡុង​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។ អ្នកស្រី​បញ្ជាក់​ថា បន្ទាប់ពី​២ សប្ដាហ៍​នេះ​ទៅ អ្នកស្រី​នឹង​នាំគ្នា​ទៅ​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​សាជាថ្មី​ទៀត ប្រសិនបើ​សំណុំរឿង​របស់​ស្វាមី​មិន​មាន​អ្វី​ប្រែប្រួល​ទេ​នោះ៖ «សប្ដាហ៍​នេះ​ពួក​ខ្ញុំ​អត់​ទៅ​ទេ ដោយសារតែ​ខ្ញុំ​បារម្ភ​ខ្លាច​មាន​ជន​បាតដៃ​ទី​បី នឹង​ត្រូវ​គេ​ដាក់​មក​ដើម្បី​បង្ករឿង​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ខ្ញុំ ក្នុង​ឱកាស​មុន​ចូលឆ្នាំ​ខ្មែរ ដែល​គេ​ចង់​បង្ករឿង​អ្វី​ម្យ៉ាង ដើម្បី​ចាប់​ខ្ញុំ​។ អ៊ីចឹង​ទៅ​បានជា​ទាំង​ប្តី​របស់​ខ្ញុំ ទាំង​គ្រួសារ និង​ប៉ា​ម៉ាក់ សំណូមពរ​ថា សប្ដាហ៍​ហ្នឹង​មិន​ឱ្យ​ធ្វើ​សកម្មភាព​ទេ ដោយ​ថា​រង់ចាំ​ចូលឆ្នាំ​ខ្មែរ​ហើយ នឹង​មក​ធ្វើ​សកម្ម​ភាពជា​រៀងរាល់ថ្ងៃ​វិញ»។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​៤ ខែ​មក​ហើយ ដោយ​រង​ការចោទប្រកាន់​ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” បន្ទាប់ពី​លោក​បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី។

ក្រៅពី​ការ​តតាំង​ក្តី​តាម​ផ្លូវ​តុលាការ គ្រួសារ​របស់​លោក រ៉ាត់ រត្នមុនី បានសម្រេច​យក​ថ្ងៃ​ពុធ​ជា​រៀងរាល់​សប្ដាហ៍ ដើម្បី​តវ៉ា​សុំ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​ជួយ​អន្តរាគមន៍​ករណី​នេះ ព្រោះ​សារព័ត៌មាន RT ត្រូវ​បាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ (Moscow)​។

គ្រួសារ​របស់​លោក​បាន​តវ៉ា​ដោយ​សន្តិវិធី​នៅមុខ​ស្ថានទូត​រុស្ស៊ី​នៅ​ភ្នំពេញ​ចំនួន ១២​លើក​រួច​មក​ហើយ ក៏ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​នេះ​នោះ​ទេ ហើយ​កាលពី​សប្ដាហ៍​មុន ស្រាប់តែ​លេច​មុខ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម មក​បង្ក​ការ​រំខាន និង​រារាំង​មិន​ឱ្យ​គ្រួសារ​របស់​លោក​តវ៉ា​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។