ភរិយា​លោក រ៉ាត់ រ័ត្នមុនី រង​ការ​រារាំង​ពី​ក្រុម​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​មុខ​ទូត​រុស្ស៊ី

ដោយ ហេង រស្មី
2019-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភរិយា​អ្នក​ផលិត​វីដេអូ​ឯកសារ "ម្ដាយ​ខ្ញុំ លក់​ខ្ញុំ" លោក រ៉ាត់ រ័ត្នមុនី គឺ​អ្នកស្រី ឡុង គឹមហ៊ាង (រូបកណ្ដាលបីកូនតូច) ត្រូវ​ស្ត្រី​មួយ​ក្រុម​ពាក់​ម៉ាស់​និងសន្តិសុខខណ្ឌ​ចំការមន មក​រារាំង​ការ​តវ៉ា​របស់​ខ្លួន នៅ​មុខ​ស្ថានទូត​រស្ស៊ី នៅ​ព្រឹកថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​២០១៩។
ភរិយា​អ្នក​ផលិត​វីដេអូ​ឯកសារ "ម្ដាយ​ខ្ញុំ លក់​ខ្ញុំ" លោក រ៉ាត់ រ័ត្នមុនី គឺ​អ្នកស្រី ឡុង គឹមហ៊ាង (រូបកណ្ដាលបីកូនតូច) ត្រូវ​ស្ត្រី​មួយ​ក្រុម​ពាក់​ម៉ាស់​និងសន្តិសុខខណ្ឌ​ចំការមន មក​រារាំង​ការ​តវ៉ា​របស់​ខ្លួន នៅ​មុខ​ស្ថានទូត​រស្ស៊ី នៅ​ព្រឹកថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​២០១៩។
រូប​វីដេអូ VOD

គ្រួសារ​លោក រ៉ាត់ រត្នមុនី នាំគ្នា​តវ៉ា​ជា​លើក​ទី​១២ នៅមុខ​ស្ថានទូត​រុស្ស៊ី នៅ​ថ្ងៃ​ទី​០៣ មេសា នេះ ដើម្បី​សុំ​ឱ្យ​រុស្ស៊ី​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​រូប​លោក​មក​វិញ​។ ក៏ប៉ុន្តែ ការ​តវ៉ា​នេះ​មិន​អាច​ធ្វើ​បាន​ឡើយ ដោយសារ​លេច​មុខ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម មករា​រាំង​សកម្មភាព​របស់​ពួកគេ។

ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង អះអាង​ថា អ្នកស្រី និង​កូនប្រុស​តូច ព្រមទាំង​អតីត​ពលរដ្ឋ​បឹងកក់​កញ្ញា អ៊ឹម ស្រីទូច បាន​ទៅដល់​មុខ​ស្ថានទូត​រុស្ស៊ី​នៅ​ម៉ោង​ប្រមាណ ៨​ព្រឹក ដើម្បី​អង្គុយ​លើក​បដា​ទាមទារ​ឱ្យ​រុស្ស៊ី​ជួយ​អន្តរាគមន៍​ករណី​ស្វាមី​អ្នកស្រី។ ក៏ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក ស្រាប់​តែ​មាន​ស្ត្រី​ពាក់​ម៉ាស់ និង​អាវ​ក្រៅ​ដៃ​វែង​ចំនួន ៦​នាក់ ចេញ​មក​អុកឡុក រំខាន​អ្នកស្រី​មិន​ឱ្យ​តវ៉ា។

អ្នកស្រី​បន្ត​ថា ពី​ដំបូង​ពួកគេ​ព្យាយាម​ឈរ​ក្បែរ​អ្នកស្រី ប៉ុន្តែ​នៅ​ពេល​អ្នកស្រី​សួរនាំ ពួកគេ​មិនបាន​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ឡើយ។ ក្រោយ​មក​នៅ​ពេល​អ្នកស្រី​ព្យាយាម​ទៅ​ឈរ​លើក​បដា​នៅមុខ​ស្ថានទូត​រុស្ស៊ី ពួកគេ​បែរជា​បាន​ចេញ​មករា​រាំង និង​អះអាង​ថា ពួកគេ​ជា​អាជ្ញាធរ​ទៅវិញ។ អ្នកស្រី​បន្ថែម​ថា ក្រុម​ស្ត្រី​ទាំង​នោះ​បាន​ស្រែក​ប្រាប់​ឱ្យ​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ដក​យក​បដា​របស់​អ្នកស្រី​ទៅវិញ និង​បាន​ចាប់​ទាញ​អ្នកស្រី​មិន​ឱ្យ​ទៅ​ឈរ​តវ៉ា​មុខ​ស្ថានទូត​រុស្ស៊ី​ឡើយ​។ អ្នកស្រី​ចាត់​ទុក​សកម្មភាព​នេះ ជា​ការ​គំរាមកំហែង និង​បំបិទ​សិទ្ធិ​សេរីភាព​ធ្ងន់ធ្ងរ៖ «មាន​អាជ្ញាធរ​ផង អ្នក​ស្លៀកពាក់​ស៊ីវិល​ផង ស្ត្រី​ដែល​ស្លៀកពាក់​ចម្លែកៗ​ហ្នឹង​ផង មនុស្ស​ច្រើន​ដែល​មករា​រាំង​ការ​ប្រមូលផ្តុំ​អង្គុយ​របស់ខ្ញុំ​ហ្នឹង អ៊ីចឹង​វា​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​បំបិទ​សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ហ្នឹង​វា​ធ្ងន់ធ្ងរ នេះ​ទីមួយ​។ ទី​ពីរ គឺ​ពួកគេ​មិន​ចង់​ឱ្យ​ខ្ញុំ​ហ្នឹង​ទៅ​តវ៉ា​នៅ​ស្ថានទូត​រុស្ស៊ី ដើម្បី​លាក់បាំង មិន​ចង់​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​បាន​ដឹង​ថា នៅ​តែ​មាន​ការ​ទាមទារ ការ​តវ៉ា​ឱ្យ​មាន​ការ​ដោះលែង​ប្តី​ខ្ញុំ​។ ទី​បី គឺ​ពួកគេ​ចង់​បិទបាំង​រឿង​អយុត្តិធម៌​ដែល​កើត​ឡើងលើ​ប្តី​របស់ខ្ញុំ»

សកម្មជន​សិទ្ធិ​លំនៅឋាន​រូប​នេះ សង្ស័យ​ថា រឿង​នេះ​អាច​ជា​ការរៀបចំ​របស់​អាជ្ញាធរ ដើម្បី​កុំ​ឱ្យ​អ្នកស្រី​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​តទៅទៀត ហើយក៏​អាច​ជា​ឈុត​ឆាក ឱ្យ​ស្ត្រី​ទាំងនោះ​បន្លំ​ខ្លួន​ធ្វើ​ឱ្យ​ផ្ទុះ​ហិង្សា នឹង​អាល​ចាប់ខ្លួន​អ្នកស្រី​ផង ក៏​អាច​ថា​បាន។

អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បដិសេធ​ការ​លើកឡើង​នេះ។ លោក​ប្រាប់​អាស៊ីសេរី​ដោយ​ខ្លី​ថា អាជ្ញាធរ​ចុះ​អនុវត្ត​ការងារ​ដោយមាន​ឯកសណ្ឋាន​ត្រឹមត្រូវ ហើយ​លោក​មិន​ដឹង​ថា ក្រុម​ស្ត្រី​ទាំងនោះ​ជា​អ្នកណា​នោះ​ឡើយ៖ «អត់​មាន​ទេ មិនមែន​កម្លាំង​អាជ្ញាធរ​ទេ​។ បើ​អាជ្ញាធរ​ទៅ អាជ្ញាធរ​ប្រាកដ​ជា​មាន​ឯកសណ្ឋាន​ហើយ លោក​កុំ​ច្រឡំ​រឿង​ហ្នឹង​។ មិន​ដឹង​ថា​ខាង​ណា​ដែរ»

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ការ​អង្គុយ​លើក​បដា​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​រុស្ស៊ី​ដែល​គ្រួសារ​លោក រ៉ាត់ រត្នមុនី តែងតែ​ធ្វើជា​រៀងរាល់ថ្ងៃ​ពុធ​នេះ គឺជា​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដូច្នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវតែ​ធានា​សន្តិសុខ និង​សុវត្ថិភាព​ដល់​ពួកគាត់។ លោក​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​នេះ អាជ្ញាធរ​មិន​គួរ​ឈរ​ឱប​ដៃ​មើល​ក្រុម​ស្ត្រី​ទាំងនោះ​អុកឡុក ឬ​បង្ក​ការ​រំខាន​ដល់​គ្រួសារ​លោក រ៉ាត់ រត្នមុនី ដែល​កំពុង​អង្គុយ​តវ៉ា​ដោយ​សន្តិវិធី​នោះ​ឡើយ៖ «ក្រុម​គ្រួសារ​គាត់​តវ៉ា និង​ទាមទារ​ដោយ​សន្តិវិធី ដើម្បី​ឱ្យ​កិច្ច​អន្តរាគមន៍ អ៊ីចឹង​បើ​យើង​និយាយ​កាតព្វកិច្ច អាជ្ញាធរ​បើ​ការដែល​គាត់​តវ៉ា​ដោយ​ស្ងាត់ស្ងៀម គ្មាន​អំពើ​ហិង្សា​ទេ ត្រូវតែ​ផ្ដល់​កិច្ចការពារ​សម្រាប់​គាត់។ ហើយ​បើ​មាន​ក្រុម​ណា​ដែល​រំខាន​យាយី ប៉ុនប៉ង​ធ្វើ​អ្វី​លើ​គាត់ នោះ​អាជ្ញាធរ​ត្រូវតែ​ចាត់វិធានការ»

អ្នកស្រី ឡុង គីមហ៊ាង និង​កូនប្រុស​តូច ព្រមទាំង​សកម្មជន​មួយ​ចំនួន ធ្លាប់​បាន​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​ស្នើសុំ​អន្តរាគមន៍ នៅមុខ​ស្ថានទូត​រុស្ស៊ី​អស់​ចំនួន ១១​លើក​រួច​ទៅ​ហើយ ក៏ប៉ុន្តែ​មិនដែល​ទទួល​បាន​ការ​ឆ្លើយ​តប ឬ​ការ​ចេញ​មក​ជួប​ពី​សំណាក់​មន្ត្រី​ស្ថានទូត​រុស្ស៊ី​នោះ​ឡើយ។

ទោះជា​យ៉ាងណា ភរិយា​លោក រ៉ាត់ រត្នមុនី អះអាង​ថា អ្នកស្រី​នឹង​មិន​បញ្ឈប់​ការ​តវ៉ា​នេះ​ជាដាច់ខាត ដរាប​ណា​ស្វាមី​មិនទាន់​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព ហើយ​បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​ការ​គំរាមកំហែង និង​រារាំង​បែបនេះ​ក៏ដោយ។

គិត​ត្រឹម​ដើមខែ​មេសា​នេះ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជិត ៤​ខែ​មក​ហើយ ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង” ។ អាជ្ញាធរ​បាន​ចោទ​លោក​ថា បាន​ឱ្យ​លុយ​ប្រភព ដើម្បី​និយាយ​ប្រឌិត​សាច់រឿង​ក្នុង​ភាពយន្ត​ឯកសារ​ជួញដូរ​ផ្លូវ​ភេទ ដែល​មាន​ចំណងជើង​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ដែល​លោក​បាន​ជួយ​ផលិត​ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី ប៉ុន្តែ​តួអង្គ​ពិត​ក្នុង​ភាពយន្ត​ឯកសារ​នោះ និយាយ​ថា មិន​មាន​អ្នកណា​ឱ្យ​លុយ​នាង​ដើម្បី​និយាយ​ការពិត​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល