អាជ្ញាធរខេត្តព្រះសីហនុ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តមួយនេះ រៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ តាមការស្នើសុំរបស់ពលរដ្ឋនោះឡើយ ។ ប្រជាពលរដ្ឋ ខកចិត្ត ចំពោះការបដិសេធនេះ ប៉ុន្តែពួកគាត់នៅតែមានគម្រោងជួបជុំគ្នានៅកន្លែងផ្សេងហើយដង្ហែញត្តិតាម ផ្លូវសាធារណៈទៅដាក់ជូនអភិបាលខេត្តព្រះសីហនុ ឱ្យពន្លឿនការដោះស្រាយទំនាស់ ដីធ្លីជូនពួកគាត់។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានជូនដំណឹងទៅតំណាងសហគមន៍ដីធ្លីថា នឹងមិន អនុញ្ញាតឱ្យប្រជាសហគមន៍មានទំនាស់ដីធ្លីទាំងអស់ ជួបជុំគ្នារៀបចំប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ នៅថ្ងៃទី៩ ខែធ្នូ នៅទីតាំងសាលវេទិកា៧មករា សង្កាត់លេខ៣ ក្រុងព្រះសីហនុ ទៅតាមការស្នើសុំនោះ ទេ។
លិខិតជូនដំណឹងដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី៨ ខែធ្នូ បង្ហាញថា មូលហេតុដែលអាជ្ញាធរមិនអនុញ្ញាត ដោយសារតែកន្លងមករដ្ឋបាលខេត្តព្រះសីហនុ ធ្លាប់បានរៀបចំវេទិកាសាធារណៈ នៅតាមឃុំ-សង្កាត់នីមួយៗជាបន្តបន្ទាប់ ជាពិសេសបានរៀបចំកិច្ចប្រជុំសន្ទនាជាមួយក្រុមអង្គការសង្គមស៊ីវិល ក្នុងមួយឆ្នាំចំនួនពីរដងយ៉ាងទៀងទាត់ ពាក់ព័ន្ធវិវាទដីធ្លី និងវិវាទផ្សេងៗ។ លើសពីនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានទទួលយករាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ រងគ្រោះដីធ្លីនៅតាមសហគមន៍នីមួយៗ ដោះស្រាយជាបន្តបន្ទាប់ផងដែរ។
កាលពីដើមសប្ដាហ៍នេះ តំណាងសហគមន៍រងគ្រោះដីធ្លីនៅខេត្តជាប់មាត់សមុទ្រមួយនេះ បានដាក់ លិខិតផ្សេងៗគ្នាស្នើសុំរៀបចំទិវាសិទ្ធិមនុស្ស១០ធ្នូ និងអញ្ជើញអភិបាលខេត្តព្រះសីហនុចូលរួម ទិវានេះ ដើម្បីពួកគាត់មានឱកាសបង្ហាញ ពីទុក្ខកង្វល់របស់ខ្លួនទៅអាជ្ញាធរដែនដីនិងស្ថាប័នពាក់ព័ន្ធដើម្បីឆ្លើយតប និងដោះស្រាយព្រមទាំង បង្កើតកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយគ្នា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស យុត្តិធម៌សង្គម និងលទ្ធិប្រជាធិបតេយ្យ។
តំណាងពលរដ្ឋមានជម្លោះដីនៅសហគមន៍អូរដំរី ស្រុកស្ទឹងហាវ លោក ម៉ន ស៊ីណា ថ្លែងប្រាប់ អាស៊ីសេរីថា ប្រជាពលរដ្ឋ ខកចិត្តចំពោះការបដិសេធរបស់អាជ្ញាធរ។ លោកបញ្ជាក់ថា ដើម្បី បញ្ចៀសការប្រឈមមុខជាមួយអាជ្ញាធរ គឺពលរដ្ឋនឹងជួបជុំគ្នានៅទីតាំងផ្សេង ហើយនាំគ្នាដើរដង្ហែ ក្បួនទៅដាក់ញតិ្តជូនអភិបាលខេត្តព្រះសីហនុឱ្យពន្លឿនដំណោះស្រាយដីធ្លីជូនពួកគាត់។ តំណាង ពលរដ្ឋរងគ្រោះដីធ្លីរូបនេះ បន្ថែមថា ជម្លោះដីធ្លីរបស់ពលរដ្ឋក្នុងខេត្តព្រះសីហនុភាគច្រើនមិនទាន់ ត្រូវបានដោះស្រាយជាច្រើនឆ្នាំមកហើយ ទោះបីជាមានការផ្លាស់ប្ដូររអភិបាលខេត្តពីររូបទៅហើយ ក្តី៖ «យើងប្រារព្ធរាល់ឆ្នាំមិនដែលខានទេ ។ នៅពេលខាងឯកឧត្តមអភិបាលខេត្ត មិនអនុញ្ញាតអ៊ីចឹង គឺយើងមិនសប្បាយចិត្តដែរ។ យើងមិនចង់បានអីទាំងអស់ គឺយើងចង់បានតែដំណោះស្រាយដីធ្លីរបស់យើង ដូចជានៅកន្លែងយើងខ្ញុំ គឺមិនទាន់បានដោះស្រាយតាំងពីយូរឆ្នាំទៅហើយ តាំងពីឆ្នាំ២០០២ដែលជិត ២០ឆ្នាំហើយ។
លោក ម៉ន ស៊ីណា ឱ្យដឹងដែរថា វេទិកាសាធារណៈដែលរៀបចំដោយអាជ្ញាធរខេត្តព្រះសីហនុកន្លង មក គឺមិនដែលបានជូនដំណឹងឱ្យប្រជាពលរដ្ឋមានទំនាស់ដីធ្លីចូលរួមនោះទេ។
អ្នកសម្របសម្រួលសមាគមអាដហុក(Adhoc)ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សោកស្តាយដែល លោក គួច ចំរើន មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំទិវាសិទ្ធិមនុស្ស ព្រោះកន្លងមកអតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មិនដែលហាមឃាត់ពលរដ្ឋបែបនេះទេ។ អ្នកស្រី បន្ថែមថា ការលើកហេតុផលរបស់អាជ្ញាធរខេត្តព្រះសីហនុ គឺមិនត្រឹមត្រូវឡើយ ហើយ អាជ្ញាធរ កំពុងរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ថ្លែងទៀតថា ប្រជាពលរដ្ឋ បានដាក់លិខិតស្នើសុំទីតាំងប្រារព្ធពិធី និងអញ្ជើញអាជ្ញាធរចូលរួមត្រឹមត្រូវតាមច្បាប់ ដូច្នេះ អាជ្ញាធរ មិនគួរហាមឃាត់នោះទេ៖ «ការអះអាងរបស់គាត់ថា បានធ្វើវេទិកាពិគ្រោះយោបល់តាមឃុំ - សង្កាត់ គឺធ្វើមែន ប៉ុន្តែមិនបានទូលំទូលាយទេ ដោយភាគច្រើនពលរដ្ឋដែលមានបញ្ហាគេមិនសូវ បានហៅចូលរួម។ ការចូលរួមគឺត្រូវបានអាជ្ញាធរជាអ្នកអញ្ជើញ មិនមែនជាវេទិកាសេរីដែលយើងអាចចូលបានគ្រប់គ្នានោះទេ។ ពេលខ្លះពួកគាត់មិនដឹងផង។ ការធ្វើទិវាសិទ្ធិមនុស្សនេះ គឺមានការ ស្នើសុំត្រឹមត្រូវនិងជាឆន្ទៈរបស់គាត់។ ខ្ញុំគ្រាន់តែសំណូមពរថា អាជ្ញាធរគួរតែតែផ្ដល់ឱកាសឱ្យពលរដ្ឋបានធ្វើទៅ និងចូលរួមជាមួយដើម្បីជជែកគ្នា និងស្ដាប់ពីសំណើ ឬសំណូមពររបស់ពួកគាត់»។
អ្នកស្រី ជៀប សុធារី សង្កេតឃើញថា ទំនាស់ដីធ្លីនៅក្នុងខេត្តព្រះសីហនុភាគច្រើន កើតឡើងរវាង ពលរដ្ឋសាមញ្ញ ជាមួយអ្នកមានទ្រព្យនិងមានឥទ្ធិពល ហើយអាជ្ញាធរ មិនសូវមានឆន្ទៈដោះស្រាយ ដោយពិតប្រាកដនោះទេ ធ្វើឱ្យទំនាស់ដីធ្លីអូសបន្លាយពេលរាប់ឆ្នាំ ហើយពលរដ្ឋធ្លាក់ខ្លួនលំបាកក្នុងជីវភាពគ្រប់បែបយ៉ាង។
តំណាងសហគមន៍ដីធ្លី អះអាងថា តាមគម្រោង គឺមានប្រជាពលរដ្ឋប្រមាណ ៣រយនាក់ចូលរួមដង្ហែ ក្បួនដោយថ្មើរជើងទៅដាក់ញត្តិជូនអភិបាលខេត្តព្រះសីហនុ ដើម្បីសុំដំណោះស្រាយដីធ្លីឱ្យបាន ឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។