អ្នកស្រី រ៉ូណា ស្មីត ស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ​បើកទូលាយ​សិទ្ធិ​សេរីភាព​ដល់​អង្គការ-សមាគម

0:00 / 0:00

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (អ.ស.ប) ទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ស្នើ​សុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បើកទូលាយ​សិទ្ធិ​សេរីភាព​និង​ពង្រឹង​ភាពជា​មួយ​ជា​ដៃ​គួរ​ជាមួយ​អង្គការ​សង្គម​-​សមាគម​នៅ​កម្ពុជា និង​ស្នើសុំ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អះអាង​ថា ក្រសួង​ស្វាគមន៍​ចំពោះ​សំណើ​របស់ អ្នកស្រី រ៉ូណា ស្មីត ហើយ​រដ្ឋាភិបាល​ក៏បាន​បង្កើត​វេទិកា​សាធារណៈ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ដោះស្រាយ​ក្តី​កង្វល់​របស់​ពួកគេ​ដែរ។ រីឯ​សង្គម​ស៊ីវិល​ក្នុងស្រុក​នៅតែ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ​កុំ​ចេះតែ​និយាយ​ដោះសា។

អ្នកស្រី រ៉ូណា ស្មីត ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង នៅ​រសៀល ថ្ងៃ​ទី​៨ ខែ​ឧសភា ថា ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ផ្តោត​លើ បញ្ហា​ជាច្រើន​ជាពិសេស​បញ្ហា​សិទ្ធិ​សេរីភាព​របស់​អង្គការ​-​សមាគម​ដែល​រង​ការ​រឹតត្បិត​នា​រយៈពេល​ចុងក្រោយ​នេះ។

នៅ​ក្នុង​ជំនួប​ដដែល​នោះ​អ្នកស្រី​ក៏បាន​លើកឡើង​ពី​សំណើ និង​ក្តី​កង្វល់​នានា​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បើកទូលាយ​និង​ពង្រឹង​ភាពជា​ដៃ​គួរ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល។ ទន្ទឹមគ្នា​នោះ​អ្នកស្រី ក៏​ស្នើ​សុំ​ឱ្យ​ក្រសួងមហាផ្ទៃ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​សមាគម​និង​អង្គការ​មែន​មែន​រដ្ឋាភិបាល ដែល​កំពុង​រង​ការ រិះគន់​ថា រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​និង​សូម​ឱ្យ​ពិនិត្យមើល​អំពី​បញ្ហា​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នោះ​ផង​ដែរ៖ «យើង​បាន​ជួប​មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ និង​បាន​លើក​ឡើង​នូវ​បញ្ហា​ជាច្រើន​ដើម្បី​ពិភាក្សា​គ្នា​ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​អាទិភាព​ក្នុង​ក្របខ័ណ្ឌ​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ។ បញ្ហា​សំខាន់​ទាំងនោះ​រួមមាន​យុទ្ធនាការ​ប្រឆាំង​ការ​ជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ យើង​ក៏បាន​ពិភាក្សា​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​គ្នា។ យើង​ជជែក​គ្នា​អំពី​កិច្ចការ​របស់​ក្រសួងមហាផ្ទៃ​ក្នុង​ការ​កសាង​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​រួម​ទាំង​ផែនការ​បង្កើត​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត។ យើង​ក៏បាន​ពិភាក្សា​អំពី​ច្រកចេញ​ចូល​តែមួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​សេវា​សាធារណៈ​និង​អភិបាលកិច្ច​ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព​និង​កាត់បន្ថយ និង​បង្ការ​អំពើពុករលួយ»។

ជា​ការ​ឆ្លើយតប​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ផាត សុផានិត បាន​ប្រាប់​អ្នកកាសែត​ក្រោយ​ជំនួប​នោះ ដែរ​ថា ក្រសួងមហាផ្ទៃ​បាន​បង្កើត​យន្តការ​ជួប​ប្រជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​២​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ខែ​មករា និង​ខែ​កក្កដា ដើម្បី​ស្ដាប់​ក្តី​កង្វល់ និង​ដោះស្រាយ​ក្តី​កង្វល់​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល។ លោក​បន្ត​ថា​លោក ស ខេង ក៏​ស្វាគមន៍​ចំពោះ​សំណើ​សុំ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម​-​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែរ៖ «វេទិកា​នោះ​បើក​ឱ្យ​មាន​ការចូលរួម​ផ្ដល់​ជា​មតិ​យោបល់ និង​លើក​ពី​ក្ដី​កង្វល់​ផ្សេងៗ​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្វី​ដែល​ជា​ការ​បារម្ភ​របស់​ខ្លួន ដើម្បី​យក​មក​ដោះស្រាយ​នៅ​លើ​តុ​ទាំងអស់​គ្នា ដើម្បី​ប្រយោជន៍​រួម​ទាំងអស់​គ្នា ដើម្បី​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ហើយ​ខាង​អាជ្ញាធរ​ក៏​លទ្ធភាព​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ស្របតាម​ច្បាប់​កំណត់។ ចំពោះ​ការ​សាកសួរ​តើ​ចង់​ឱ្យ​មាន​វិសោធនកម្ម​ច្បាប់​ឡាងហ្គូ (LANGO) ឬ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ឬទេ ? សម្តេច​ក្រឡាហោម​បាន​ឆ្លើយតប​ថា រាជរដ្ឋាភិបាល​តែងតែ​មាន​ការ​បើកចំហ​​ជានិច្ច​ចំពោះ​ការ​ផ្ដល់​គំនិត​ល្អៗ​ផ្សេងៗ​ទៅ​លើ​ចំណុច​ណាមួយ​ដែល​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​យល់ថា​គួរតែ​មាន​ការ​កែ​លម្អ»។

លោក​បន្ត​ថា ចំពោះ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នោះ​ក្រសួងមហាផ្ទៃ​ទទួល​ស្គាល់​ថា ពិតជា កើតមាន​ដោយសារតែ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ហើយ​ក្រសួង​នឹង​ខិតខំ​ដោះស្រាយ​តាមរយៈ​កសាង​ពន្ធនាគារ​និង​មជ្ឈមណ្ឌល​ស្តា​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​បន្ថែម​ទៀត។ ដោយឡែក ចំពោះ​ចម្ងល់​រឿង​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​វិញ​នោះ គឺ​ក្រសួង​បាន​បង្កើត​បាន ជាង​១​រយ​ការិយាល័យ​ហើយ​នៅ​ទូទាំង​ប្រទេស ហើយ​នឹង​ខិតខំ​ពង្រឹង និង​ពង្រីង​នូវ​ទីតាំង​ណា​ដែល​មិន​ទាន់​មាន និង​ទីតាំង​ដែល​មាន​ស្រាប់។

រីឯ​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​ជំនួប​របស់​អ្នកស្រី រ៉ូណា ស្មីត និង​លោក ស ខេង ហើយ​មាន​សន្យា​ថា នឹង​ធានា​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន។លោក​យល់​ថា ការ​និយាយ​របស់​ក្រសួងមហាផ្ទៃ​ហាក់​ដូចជា​ងាយស្រួល ប៉ុន្តែ​កន្លងមក​លិខិត​របស់​ក្រសួងមហាផ្ទៃ​ដែល​នាំ​ឱ្យ​អាជ្ញាធរ​គ្រប់​រាជធានី​-​ខេត្ត​បើកទូលាយ​នូវ​សិទ្ធិ​សេរីភាព​របស់​អង្គការ​-​សមាគម​នោះ​គឺ នៅតែ​មាន​ភាព​ស្មុគស្មាញ​ដដែល។ ជាពិសេស​ថ្មីៗ​នេះ លោក ស ខេង ផ្ទាល់​តែម្ដង​បាន​លាប​ពណ៌​អង្គការ​សង្គម​ស៊ីវិល​ថែមទៀត​ថា​មាន​២​ប្រភេទ គឺ​អង្គការ​អភិវឌ្ឍ​និង​អង្គការ​ប្រឆាំង​ជាដើម។

ទោះ​យ៉ាង​ណា​ក្តី​លោក អំ សំអាត បន្ត​ថា លោក​នឹង​រង​ចាំ​មើល​ការអនុវត្ត​របស់​ក្រសួងមហាផ្ទៃ​បន្ត​ទៀត និង​ស្នើ​សុំ​ឱ្យ​ក្រសួងមហាផ្ទៃ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​កែ​លម្អ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ឡើងវិញ៖ «យើង​មានការ​ពិបាក​អ៊ីចឹង​ហើយ ព្រោះ​យើង​ឃើញ​ថា ចុងក្រោយ នេះ​សូម្បីតែ​ថ្ងៃ​ទី​១ ឧសភា នៅ​រាជធានី​ភ្នំពេញ​ដែល​សុំ​ហែ​ក្បួន​ដោយ​សន្តិវិធី​ក៏​មិន​អនុញ្ញាត​ដែរ​។ អ៊ីចឹង​វា​នៅ​តែ​មាន​បញ្ហា​ចម្រូងចម្រាស​។ អ៊ីចឹង​បញ្ហា​ទាំង​អស់​វា​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​ដោយមាន​ឆន្ទៈ​ពិតប្រាកដ​ដើម្បី​ធ្វើការ​កែ​លម្អ ហើយ​យើង​លុបបំបាត់​ចោលការ​លាប​ព៌ណ​ដាក់គ្នា​ទៅវិញទៅមក​ហើយ​នឹង​បំបាត់​ការរើសអើង​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ហើយ​យើង​ចាប់​ដៃគ្នា​ដើម្បី​ធ្វើការ​អភិវឌ្ឍ»។

លោក អំ សំអាត ឱ្យ​ដឹង​ថា ក្នុងនាម​ជា​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​គឺ​ចង់​ឱ្យ​មាន​ការ​កែប្រែ​ចំណុច​ខ្លះ​ចំពោះ​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ខណៈ​ដែល​កន្លងមក​អង្គការ​សង្គម​ស៊ីវិល​និង​អតីត​អ្នករាយការណ៍​ពិសេស​នៃ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ចាត់ទុកថា ជា​ច្បាប់​ដ៏​ចម្រូងចម្រាស និង​រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​ឆ្លុះបញ្ចាំង​ពី​សង្គម​ប្រជាធិបតេយ្យ​ដែល​បង្កើត​ឱ្យ​មាន​ច្បាប់​បែបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។