អ្នកស្រី រ៉ូណា ស្មីត ជួប​ជាមួយ​មន្ត្រី​សំខាន់​របស់​របប​ក្រុងភ្នំពេញ

0:00 / 0:00

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​អ្នកស្រី រ៉ូណា ស្មីត (RhonaSmith) បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​សំ​ខាន់ៗ​ជាច្រើន​រូប​របស់​របប​ក្រុងភ្នំពេញ ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល រដ្ឋមន្ត្រី​ក្រសួង​ផែនការ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី។

អ្នកស្រី រ៉ូណា ស្មីត បាន​សរសេរ​នៅ​លើ​ផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា ក្នុង​ជំនួប ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ប្រាក់ សុខុន អ្នកស្រី​បាន​លើក​ឡើង​ថា មន្ត្រី​ក្រសួង​ការបរទេស​បាន​ធ្វើ​បច្ចុប្បន្នភាព អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អ្នកស្រី​បន្ត​ទៀត​ថា អ្នកស្រី​ក៏បាន​ជជែក​ជុំវិញ​របាយការណ៍​របស់​អ្នកស្រី​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស។ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កេត សាផាន់ ប្រាប់​អ្នកកាសែត​ក្រោយ​ជំនួប​នោះ​ថា លោក ប្រាក់ សុខុន រំពឹង​ថា ក្នុង​របាយការណ៍​របស់​លោកស្រី​នៅ​ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​នឹង​ផ្អែក​ទៅ​លើ តថភាព​ពិត​ការ​អភិវឌ្ឍ​ពិត​នៅ​កម្ពុជា​ដែល​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផ្អែក​ទៅតាម​ភាព​ជាក់ស្ដែង​របស់​ខ្លួន ជា​ប្រទេស​នៅ​អាស៊ី​ក៏ដូចជា​ប្រវត្តិ​ជាក់ស្ដែង​របស់​ប្រទេស​កម្ពុជា។

អ្នកស្រី រ៉ូណា ស្មីត ក៏បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​លោក ជា សុផារ៉ា នៅ​រសៀល​ថ្ងៃទី​៧ ខែ​ឧសភា​ដែរ ប៉ុន្តែ​អ្នកស្រី​មិន​ទាន់​បាន​បង្ហាញ​អំពី​លទ្ធផល​នៃ​ជំនួប​នោះ​នោះ​ទេ​។ ទោះ​យ៉ាង ណា អ្នកស្រី បាន​សន្យា​ថា ជាមួយ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ថានឹ ង​ជួយ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ឆាប់ៗ។

ចំណែក​ក្នុង​ជំនួប​ជាមួយ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង គឺ​អ្នកស្រី បាន​ពិភាក្សា​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​របស់​ក្រសួង​សុខាភិបាល​ក្នុង​សេវា​ស្ដារ​នីតិសម្បទា​អ្នកប្រើប្រាស់​គ្រឿងញៀន​ការ​ទទួល​បាន​ប្រកបដោយ​សមភាព​នូវ​សេវា​សុខាភិបាល​ដោយ​គ្មាន​ការរើសអើង​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​នានា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងបន្លំ និង​ឱសថ​ស្ថិត​នៅ​ក្រោម​បទដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា។

លោក ម៉ម ប៊ុនហេង បាន​ឆ្លើយ​តប​ថា មន្ត្រី​តាម​មណ្ឌល​សុខភាព​បាន​ខំ​ពង្រឹង​សមត្ថភាព​ជា​បន្ត​បន្ទាប់ ដើម្បី​ផ្ដល់​សេវា​សុខភាព​ជូន​អ្នកជំងឺ​ហើយ​បច្ចុប្បន្ន​នេះ មណ្ឌល​សុខភាព​សម្រាប់​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​មាន​រហូតដល់​ទៅជាង ៤០០​មណ្ឌល​សុខភាព​។ លោក​បន្ត​ថា រាល់​អ្នកជំងឺ​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការ​ផ្ដល់​ប្រឹក្សា​និង​ការ​ព្យាបាល ហើយ​រាល់​ការ​ព្យាបាល ត្រូវ​បាន​រក្សា​ការសម្ងាត់​បំផុត។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ​បន្ត​អះអាង​ថា ការ​ព្យាបាល​អ្នក​ជំងឺ​ក្រីក្រ គឺ​ជា​បន្ទុក​របស់​រដ្ឋាភិបាល ហើយ​ប្រសិនបើ​មាន​មន្ត្រី​ខិលខូច​កៀប​យក​លុយ ពី​អ្នកជំងឺ​ក្នុង​ករណី​ណាមួយ​នោះ ក្រសួងសុខាភិបាល​នឹង​ចាត់វិធានការ​រដ្ឋបាល​ជា​បន្ទាន់​។ ទន្ទឹម​គ្នា​នេះ លោក ក៏​លើកទឹកចិត្ត​ឱ្យ​អ្នកជំងឺ​រាយការណ៍​ពី​ភាព​មិនប្រក្រតី​ទាំងនោះ​ដើម្បី​មាន​ដំណោះស្រាយ​ផង​ដែរ។

ដោយឡែក​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ផែនការ​លោក ឆាយ ថន នោះ​អ្នកស្រី រ៉ូណា ស្មីត ត្រូវ​បាន​ផ្ដល់​ព័ត៌មាន​សង្ខេប​អំពី​វឌ្ឍនភាព​ក្នុង​ការ​ធ្វើ​មូលដ្ឋានីយកម្ម​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ។ ភាគី​ទាំងពីរ​ក៏បាន ពិភាក្សា​អំពី​ការងារ ដែល​កំពុង​បន្ត​ធ្វើ​ទាក់ទង​នឹង​ការ​ធ្វើ​ជំរឿន​និង​ការ​ប្រមូល​ទិន្នន័យ​ផង​ដែរ។

អ្នកស្រី រ៉ូណា ស្មីត បាន​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ដើម្បី​បំពេញ​ទស្សនកិច្ច​១១​ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា​ដល់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩។

សម្រាប់​កម្មវិធី​ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃ​ពុធ ទី​៨​ខែ​ឧសភា​នេះ អ្នកស្រី រ៉ូណា ស្មីត មាន​គម្រោង ជួប​ជាមួយ​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លោក មាស វិរិទ្ធ និង​ជួប​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។