អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សន្យានឹងលើកយកកង្វល់របស់អង្គការ និងសមាគមនៅខេត្តកំពង់ឆ្នាំង ប្រាប់ទៅក្រសួងមហាផ្ទៃ និងដាក់បញ្ហាទាំងនោះ ក្នុងរបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅខែកញ្ញា ខាងមុខ។ ការសន្យានេះ គឺក្រោយពេល អ្នកស្រីសុំជួបអង្គការ និងសមាគម នៅខេត្តកំពង់ឆ្នាំងចំនួន៥ ដែលធ្វើការឃ្លាំមើលសិទ្ធិមនុស្សនៅខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៤ ឧសភា។
អ្នកសម្របសម្រួលសមាគមអាដហុកខេត្តកំពង់ឆ្នាំង លោក ស៊ុំ ចាន់គា ឲ្យដឹងថា តំណាងអង្គការ សមាគម ទាំងនោះ បានប្រាប់ទៅអ្នកស្រី រ៉ូណា ស្មីត ថា សមាគមនៅខេត្តកំពង់ឆ្នាំង មានការលំបាកការបង្កើតសមាគម និងការទទួលស្គាល់ពីអាជ្ញាធរ ពិសេសគឺការសុំឲ្យទទួលស្គាល់សមាគមការពារព្រៃឈើ។ ក្រៅពីនេះ អ្នកការពារផលប្រយោជន៍សង្គម នៅខេត្តកំពង់ឆ្នាំង មិនទទួលបានការលើកទឹកចិត្តទេ តែរងការគំរាមកំហែង។ ចំណែកករណី ដំណោះស្រាយជម្លោះដីធ្លី នៅខេត្តនេះ ក៏មិនទាន់មានលក្ខណៈល្អប្រសើរដែរ គឺពលរដ្ឋនៅមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិនៅឡើយទេ។
លោក ស៊ុំ ចាន់គា យល់ថា ការចុះមកដល់ផ្ទាល់របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ជាសក្ខីកម្ម បញ្ជាក់បន្ថែមពីទុក្ខកង្វល់ពិតៗ ព្រោះកន្លងមករដ្ឋាភិបាល និងអាជ្ញាធរ តែងឆ្លើយដោះសារលើការរំលោភសិទ្ធិមនុស្សនៅខេត្តកំពង់ឆ្នាំង និងចោទប្រកាន់ ថា របាយការណ៍ របស់អង្គការ សមាគម នៅមូលដ្ឋាន មានភាពលំអៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
