ព្រះសង្ឃខ្មែរថាវរៈនៅក្រុងបាត់ដំបង ទទូចឱ្យមន្ត្រីសង្ឃខេត្តបាត់ដំបងផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ព្រះសង្ឃឡើងវិញ ដើម្បីបានចូលរួមការងារនៅក្នុងសង្គមបន្តទៀត។ ការទាមទារនេះដោយសារតែមន្ត្រីសង្ឃនៅក្នុងខេត្តនេះ មិនទាន់លុបចោលកិច្ចសន្យាហាមឃាត់ព្រះសង្ឃមិនឱ្យចូលរួមសម្ដែងមតិដោយអហិង្សានៅឡើយ។
តំណាងព្រះសង្ឃខ្មែរថាវរៈនៅក្រុងបាត់ដំបង ព្រះតេជព្រះគុណ ផន ឡាញ់ មានថេរដីកានៅរសៀលថ្ងៃទី១៣ មិថុនា ថា មន្ត្រីសង្ឃនៅក្នុងខេត្តបាត់ដំបងបានរឹតត្បិតសិទ្ធិសេរីភាពសម្ដែងមតិយ៉ាងខ្លាំងរបស់ព្រះសង្ឃដែលឈឺឆ្អាលការងារសង្គម។ ព្រះអង្គបញ្ជាក់ថា កន្លងទៅក្រុមព្រះសង្ឃបានស្នើសុំទៅព្រះចៅអធិការវត្តមួយចំនួននៅក្នុងក្រុងនេះ ដែលហាមឃាត់ព្រះសង្ឃឱ្យឈប់សម្ដែងមតិ ឱ្យលុបចោលកិច្ចសន្យាទាំងនោះ ក៏ប៉ុន្តែត្រូវបានមន្ត្រីសង្ឃបដិសេធ។ ព្រះអង្គបន្តថា ការធ្វើបែបនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធសេរីភាពរបស់ព្រះសង្ឃ។ «»
កាលពីថ្ងៃទី១១ មិថុនា ក្រុមព្រះសង្ឃខ្មែរថាវរៈជិត ១០អង្គ នៅក្រុងបាត់ដំបង បានជួបផ្ដុំគ្នាធ្វើវីដេអូឃ្លិបបង្ហោះនៅក្នុងហ្វេសប៊ុក (Facebook) ដោយទាមទារឱ្យមន្ត្រីសង្ឃនៅខេត្តនេះ ឱ្យឈប់ធ្វើទុក្ខបុកម្នេញដល់អ្នកបួសបន្តទៀត ដើម្បីឱ្យព្រះសង្ឃបានចូលរួមការងារនៅក្នុងសង្គម។
ទាក់ទងនឹងបញ្ហានេះ លេខាព្រះមេគណខេត្តបាត់ដំបង ព្រះតេជព្រះគុណ ពេជ្យ សៀក មានថេរដីកាថា មន្ត្រីសង្ឃខេត្តពុំបានបិទសិទ្ធិសេរីភាពព្រះសង្ឃមិនឱ្យសម្ដែងមតិដូចការចោទប្រកាន់នោះឡើយ។ព្រះអង្គបញ្ជាក់ទៀតថា មូលហេតុដែលព្រះចៅអធិការវត្តមួយចំនួនហាមឃាត់ព្រះសង្ឃឱ្យចូលរួមការងារសង្គម ដោយសារព្រះសង្ឃទាំងនោះបានល្មើសនឹងកិច្ចសន្យារបស់វត្ត។ «»
ទោះជាយ៉ាងណាព្រះតេជព្រះគុណ ផន ស៊ីភាង មានថេរដីកាថា នៅក្នុងវត្តពុំមានបទបញ្ជាផ្ទៃក្នុងហាមឃាត់ព្រះសង្ឃចូលរួមការងារសង្គមនោះទេ ផ្ទុយទៅវិញ បទបញ្ជាវត្តភាគច្រើនមានដូចជាហាមស្លៀកពាក់មិនសមរម្យនៅក្នុងវត្ត ហាមប្រើប្រាស់គ្រឿងស្រវឹង ហាមឡូឡា និងហាមនិយាយពាក្យអសុរោះនៅក្នុងវត្តជាដើម។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា មន្ត្រីសង្ឃធ្វើបែបនេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ព្រះសង្ឃដោយខុសច្បាប់។ លោកបញ្ជាក់ថា ព្រះសង្ឃមានសិទ្ធិចូលរួមការងារសង្គមបានដូចប្រជាពលរដ្ឋទូទៅដែរ ពីព្រោះព្រះសង្ឃជាផ្នែកមួយរបស់សង្គម ដូច្នេះប្រសិនបើពលរដ្ឋមានទុក្ខលំបាកនឹងធ្វើឱ្យព្រះសង្ឃមិនមានសេចក្ដីដែរ។ «»
កាលពីថ្ងៃទី៩ ឧសភា ក្រុមយុវជនថាវរៈចំនួន ៩នាក់ និងព្រះសង្ឃ ៥អង្គ បានចូលរួមធ្វើកូដកម្មបង្អត់អាហារ និងធម្មយាត្រានៅក្រុងបាត់ដំបង ដើម្បីទាមទារឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ ឱ្យពន្យារពេលសងបំណុលរបស់ពលរដ្ឋទៅស្ថាប័នទាំងនោះ ដោយសារពួកគាត់អត់ការងារធ្វើ បណ្ដាលមកពីវិបត្តិជំងឺកូវិដ១៩ ហើយគ្រឹះស្ថានទាំងនោះនៅតែបន្តទារប្រាក់ពីពលរដ្ឋ។ ក្រុមសង្ឃខ្មែរថាវរៈគ្រោងដាក់លិខិតទៅមេគណខេត្តបាត់ដំបង ដើម្បីស្នើសុំធ្វើបាតុកម្មទាមទារឱ្យមន្ត្រីសង្ឃលុបចោលកិច្ចសន្យាហាមឃាត់ព្រះសង្ឃចូលរួមការងារសង្គមនៅពេលឆាប់ៗខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។