អ្នកស្រី រូណា ស្មីត ជំរុញ​ឲ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធិមនុស្ស ដើម្បី​ជៀស​ផុត​ពី​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

0:00 / 0:00

អ្នកករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​ប្រាប់​ទៅ​គណៈកម្មាធិការសិទ្ធិមនុស្សរបបលោក ហ៊ុន សែនថា ការគោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌សង្គម និង​សន្តិភាព មិនមែនតែមានសារៈសំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរប៉ុណ្ណោះទេ គឺវាមានសារៈសំខាន់​សម្រាប់​ដៃគូ​អភិវឌ្ឍន៍​​នានា​នៅ​កម្ពុជា។

ឆ្លើយតបនិងបញ្ហានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស អះអាងថា កម្ពុជា ជា​ប្រទេស​​គោរព​​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ស្រាប់​ហើយ។ ប៉ុន្តែ អ្នកវិភាគថា កម្ពុជា​នឹង​រផលប៉ះពាល់​ខ្លំាង​ពី​ការ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ បើសិនជារបបលោក ហ៊ុន សែន ​នៅ​តែ​មិន​​ទទួល​ស្គាល់​អំពីកំហុសឆ្គងរបស់ខ្លួន ដែល​​បំផ្លាញ​ប្រជាធិបតេយ្យ និង​​សិទ្ធិ​មនុស្ស​​នេះ។

អ្នកករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីជំនួប លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅថ្ងៃទី៥វិច្ឆិកាថា អ្នកស្រីរំពឹងថា ក្នុង​រយៈ​ពេល​ពី ៤ទៅ ៥ខែទៅមុខទៀត កម្ពុជា​នឹង​មាន​ការ​ផ្លាស់ប្ដូរ ឬ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញនូវស្ថានភាពគោរពសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។

អ្នកស្រី​មានប្រសាសន៍ថា គ្រប់ភាគីអភិវឌ្ឍន៍នានា បានព្រួយបារម្ភអំពីស្ថានភាព​រំលោភ​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា។ អ្នកស្រី​បន្ថែម​ថា បញ្ហា​គោរព​សិទ្ធិ​មនុស្ស និង​យុត្តិធម៌​សង្គម គឺជាបញ្ហា​ចម្បង ដែល​របប​លោក ហ៊ុន សែន អាច​​កែ​ប្រែ​​ស្ថានការណ៍​​ជា​ជំហ៊ានៗ ដើម្បី​ងាក​មក​គោរពសិទ្ធិមនុស្សវិញ នៅគ្រាដែលសហភាពអឺរ៉ុបកំពុង​​តែ​​ដំណើរ​​ការ​​នីតិវិធី​​ដក​​​ប្រព័ន្ធ​​​​អនុគ្រោះ​​​ពន្ធ​​​ចេញ​​​ពី​​​កម្ពុជា​នេះ ព្រោះ​ថា បញ្ហា​សិទ្ធិ​មនុស្ស​មិនមែនតែសម្រាប់សហភាពអឺរ៉ុបប៉ុណ្ណោះទេ គឺសម្រាប់ដៃគូដទៃទៀត ដែល​​​ចូលរួម​​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​​កម្ពុជា៖ «ខ្ញុំ​គិត​ថា បញ្ហា​នានា តែង​តែ​កើត​មាន​ឡើង​ ហើយ​​បញ្ហា​​ប្រឈម​​ក៏​​​តែង​​​កើត​​​​មាន​​​​ឡើង​​​​ដូច​​​​គ្នា។ អ្នក​ជ្រើសរើស​យក​ចំណាត់​ការ​តាម​របៀប​មួយ អ្នកក៏អាចជួបបញ្ហា​ប្រឈម​តាម​របៀប​ផ្សេង​មួយ​ទៀត។ វា​តែង​តែ​មាន​រឿង​ដូច្នេះ​​កើត​​ឡើង ជា​មួយ​នឹង​វិស័យសិទ្ធិមនុស្ស។ ក៏ប៉ុន្តែ ខ្ញុំគិតថា រដ្ឋាភិបាល​អាច​​ប្រាកដ​​ថា ប្រសិន​បើ​ខ្លួន​​ជ្រើសរើស​​យក​​ការ​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា នោះ​បន្ទាប់​មក វា​នឹង​​មិន​​មាន​បញ្ហា​ច្រើន ពាក់ព័ន្ធ​នឹង​ករណី​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ គ្រប់​​មុខ​​ទំនិញ​​ទាំង​​អស់​​លើក​លែង​តែ​អាវុធ ឬ EBA ឬ​​ក៏​​ថា មាន​​​បញ្ហា​​​ជា​មួយ​​​ភាគី​​​ដទៃ​​ណា​​មួយ​​នោះ​​ទេ »

ឆ្លើយតបនិងបញ្ហានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ទទួលស្គាល់ថា ការ​​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​របស់សហភាពអឺរ៉ុប គឺមានប្រយោជន៍ដ៏សំខាន់សម្រាប់កម្ពុជា​ពិសេស​ទៅ​លើ​កម្មករ ប៉ុន្តែលោក កែវ រ៉េមី មិន​ទទួល​ស្គាល់​ថា កម្ពុជា​ជា​ប្រទេស​រំលោភ​សិទ្ធិមនុស្ស​ឡើយ។ លោកបន្ថែមថា បញ្ហាកម្មករនេះ ត្រូវបានរបប​ក្រុង​ភ្នំពេញ​យក​ចិត្ត​ខ្លាំង​ជាង​ពេល​ណា​ទាំងអស់ ពិសេស​លោក ហ៊ុន សែន បានចុះជូបកម្មករជាទៀងទាត់ជាដើម៖ «»

ទោះបីជាលោក កែវ រ៉េមី លើកមិនចំឈ្មោះ​ប្រទេស​បែប​ក្ដី​នេះ​ក្ដី ប៉ុន្តែលោក កែវ រ៉េមី ហាក់​ចង់​​សំដៅ​​ទៅ​​ប្រទេស​​វៀតណាម ដែល​ជា​ប្រទេស​ត្រូវបានសហភាពអឺរ៉ុប ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដែរនោះ។ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ បញ្ជាក់ថា ថ្វីដ្បិតតែវៀតណាម ជាប្រទេសកុម្មុយនីស្ដពិតមែន ក៏​ប៉ុន្តែរដ្ឋាភិបាលវៀតណាមគិតគូរ​ពី​ប្រទេស​ជាតិ និង​ពលរដ្ឋ​របស់​ខ្លួន ខណៈ​ដែល​​អ្នក​វិនិយោគ​មួយ​ចំនួន​កំពុង​តែ​សម្រុកចូលទៅប្រទេសវៀតណាមវិញនោះ៖ «»

សហភាព​អឺរ៉ុបកាលពីដើមខែតុលា ​បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ក្នុង​លិខិត​មួយ​ដល់​របប​ក្រុង​ភ្នំពេញ​ថា ការ​​អនុវត្ត​​នីតិវិធី​​នៃ​​ការ​ដក​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ ត្រូវ​ប្រើរយៈ​ពេល​ ​ពី ៦ខែ ទៅ ១​ឆ្នាំ គឺ​ចាប់​ពី​ខែ​តុលា​ត​ទៅ មុន​នឹង​​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​​ពី​​កម្ពុជា​​ជា​​ផ្លូវការ។

ក្នុងរយៈពេល ៦ខែដំបូងនេះ សហភាពអឺរ៉ុបនឹងទុកពេលឲ្យរបបលោក ហ៊ុន សែន គោរព​កិច្ច​សន្យា​​របស់​​ខ្លួន​​ឡើង​​វិញ ទាក់ទង​និង​ការ​គោរព​លក្ខខណ្ឌ​ការងារ គោរសពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ពោល​គឺ ត្រូវ​ផ្ដល់​និតិសម្បទា​ដល់​មន្រ្តី​បក្ស​ប្រឆាំង​ទាំង ១១៨រូប មាន​សិទ្ធិ​ធ្វើ​នយោបាយ ផ្ដល់​អាសនៈ ក្រុម​ប្រឹក្សាឃុំ សង្កាត់​ជូន​គណបក្ស​​ប្រឆាំង​​ឡើង​​វិញ​​ជា​​ដើម។ ប៉ុន្តែ​​ប្រសិន​​បើ​​​លក្ខខណ្ឌ​​​ទាំង​​​នេះ​​​មិន​​​ត្រូវ​​បាន​​អនុវត្ត​នោះ​ទេ សហភាព​អឺរ៉ុប​នឹង​ត្រួត​ពិនិត្យ​លើ​ការ​កែប្រែ​ឥរិយាបទ​របស់​របបលោក ហ៊ុន សែន ថា តើ​គេ​នឹង​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ឬ​បន្ត​ឲ្យ​ទៀត ឬ​យ៉ាង​ណា?

​​របាយការណ៍របស់ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​របបលោក ហ៊ុន សែន​បង្ហាញ​ថា ក្រោម​ប្រព័ន្ធ​​​អនុគ្រោះ​​​ពន្ធ​​​នេះ ទំនិញ​​​កម្ពុជា​​នាំ​ចូល​​ទៅ​​ទីផ្សារ​អឺរ៉ុប​ មាន​ទឹក​ប្រាក់​ដល់ទៅ​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០១៧ ដែល​ភាគ​ច្រើននៃ​ទំនិញ​​​ទាំង​នោះ​ គឺ​ជា​ផលិត​​ផល​វាយនភណ្ឌ សម្លៀក​បំពាក់​ និង​​ស្បែក​ជើង ព្រម​ទាំង​​ផលិតផល​​​កសិកម្ម​​​ជា​​​ដើម។

កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​ឬ​មិន​គិត​ពន្ធ​ ​ក្រោម​គម្រោង​ «អ្វីៗទាំង​អស់​លើកលែង​​តែ​​អាវុធ» (Everything But Arms, EBA) របស់​សហភាព​អឺរ៉ុប​ តាំង​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១២ មក។ កម្ពុជា គឺ​ជា​ប្រទេស​មួយ​ ក្នុង​ចំណោម​ ៤៨ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ប្រទេស​ ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច។ នៅ​អាស៊ី​អាគ្នេយ៍​ ក្រៅ​ពី​កម្ពុជា​ ​មាន​ប្រទេស​ឡាវ​ មីយ៉ាន់ម៉ា ​ឬ​ភូមា ​និង​ប្រទេស​ទីម័រ​ខាង​កើត​ ​ដែល​ទទួល​បាន​ប្រព័ន្ធ​​​អនុគ្រោះ​ពន្ធ​នេះ។ បន្ទាប់​ពី​កម្ពុជា នៅ​ប្រទេស​ភូមា ក៏​ជា​ប្រទេស​មួយ ដែល​សហភាព​អឺរ៉ុប​នឹង​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ​ដែរ ដោយសារ​តែ​របប​នេះ ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​លើ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា (Rohingya)។

លោក ហ៊ុន សែន បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ នេះ​ថា មក​ទល់​ពេល​នេះ វិស័យ​កាត់​ដេរ​មិន​ទាន់​ប៉ះពាល់​នៅ​ឡើយ ហើយថា និយោជកបានព្រមព្រៀងជាមួយក្រសួងការងារ និងតំណាងសហជីព ដំឡើងប្រាក់ឈ្នួលជូនកម្មកររួច​ហើយដែរ៖ «»

លោក គឹម សុខ​ ពន្យល់ថា លោក ហ៊ុន សែន បានយកចិត្តទុកដាក់កម្មករ ឬចុះជូបកម្មករនោះ គ្រាន់​តែ​ជា​រូបភាព​ក្លែងក្លាយ​ទេ ព្រោះ​ថា លោកដឹកនាំប្រទេសជាង៣០ឆ្នាំមកហើយ ពិសេស​នៅ​ក្នុង​អាណត្តិ​ទី៤ ដែល​បក្ស​លោក​ទទួល​អាសនៈ​ជាង ៩០ នៅ​ក្នុង​សភា​នោះ លោកមិនបានគិតគួរឡើយ លើស​ពី​នេះ​ទៀត អាជ្ញាធររបស់លោក​តែងតែ​បង្រ្កាប​កម្មករ​ធ្វើ​បាតុកម្ម និង​បាន​បាញ់​​សម្លាប់​​កម្មករ ដូចជា ករណី​នៅ​ផ្លូវ វេង ស្រេង ឆ្នាំ២០១៤ ជា​ដើម៖ «»

អ្នកស្រី រូណា ស្មីត លើកឡើងទៀតថា សម្រាប់ដៃគូអភិវឌ្ឍន៍ណាមួយរបស់កម្ពុជា ដែលព្រួយបារម្ភ​អំពី​បញ្ហាសិទ្ធិមនុស្ស តែងតែមានមធ្យោបាយ ដែល​រដ្ឋាភិបាលអាចចាត់ចំណាត់ការ​ជា​ដំណាក់​កាល​តូចៗ ដែល​អាច​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​គួរ​ឲ្យ​កត់​សម្គាល់​នៅ​កម្ពុជា​វិញ​បាន ពោល​គឺ មិន​មែន​តែ​សម្រាប់​សហភាព​អឺរ៉ុប​ទេ ដែល​ត្រូវ​ការ​ឲ្យ​កម្ពុជា​ស្ដារ​​ឡើង​​វិញ​​ប្រជាធិបតេយ្យ និង​​​គោរព​​​សិទ្ធិ​​​មនុស្ស​​​នោះ ក៏​​ប៉ុន្តែ​​សម្រាប់​​ដៃ​គូ​អភិវឌ្ឍន៍​ដទៃ​​ទៀត​​ដែល​​ជា​​ជម្រើស​​របស់​​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី២៩ តុលា អ្នកស្រី រ៉ូណា ស្មីត បានជូបតំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួនដែរ ដើម្បី​ទទួលរបាយការណ៍ ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា សេរីភាព​សារព័ត៌មាន ការ​ប្រមូល​ផ្តុំ និង​សកម្មភាព​ការងារ​របស់សង្គមស៊ីវិល ដែល​ទទួល​​រង​នូវ​​ការ​រឹតត្បិត និង​ការ​ឃ្លាំមើល​យ៉ាង​ខ្លាំង​ពី​អាជ្ញាធរ​របប​លោក ហ៊ុន សែន។ អ្នកស្រី រ៉ូណា ស្មីត នឹង​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ នៅ​​ខែ​​កញ្ញា ឆ្នាំ ២០១៩ ខាង​មុខ ក្រោយ​បញ្ចប់​បេសកម្ម​របស់​​អ្នក​ស្រី​នៅ​កម្ពុជា​រយៈ​ពេល ១១ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។