ប្រទេស​ប្រជាធិបតេយ្យ​សេរី រួមគ្នា​ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ​ ស្តារ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើងវិញ

0:00 / 0:00

ប្រទេស​ប្រជាធិបតេយ្យ​សេរី បញ្ជាក់​ជំហរ​ស្របគ្នា​ និង​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ ស្តារ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើងវិញ។ ជំហរ​ស្រុះ​គ្នា​នេះ​ ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រជុំឆ្នាំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ កាល​ពីថ្ងៃ​ទី​ ០១​ ខែ​ តុលា​ ឆ្នាំ​ ២០២០​។

ប្រទេស​ប្រជាធិតេយ្យ​សេរី​ធំៗ រួមមាន​សហភាព​អឺរ៉ុប បារាំង​ ប៊ែលហ្សិក​ អូស្រ្តាលី​ ស្វ៊ីស ចក្រភព​អង់គ្លេស​ ណូវ៉ែល​ហ្សេ​ឡង់​ អៀរឡង់​ ជប៉ុន​ និង​ កូរ៉េខាង​ត្បូង​ជាដើម​ សុទ្ធតែ​លើក​ឡើង​អំពី​បញ្ហារួម​តួច​ នៃលំហ​សេរីភាព​របស់ប្រជាពលរដ្ឋ​ អង្គការ​សង្គមស៊ីវិល និង​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ ដោយ​សារ​អាជ្ញាធរ​នៃរបប​លោក ហ៊ុន សែន បន្តបង្ក្រាបសំឡេងប្រឆាំង​ និង​ធ្វើ​ទុក្ខបុកម្នេញ​អ្នកហ៊ាន​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ និង​បញ្ហា​សង្គម។

តំណាង​សហភាព​អឺរ៉ុបលើកបញ្ហា នៃការ​រំលោភសិទ្ធិ​មនុស្ស​បន្ថែមទៀត​ ដែលកើត​មាន​នាពេល​ថ្មីៗ​នេះ​ ដូចជា​ការ​ចាប់មេសហជីព​លោក រ៉ុង ឈុន និង​សកម្មជន​ជាយុវជន​សរុប​ជាង ២០ នាក់​។ ជារួម​ប្រទេស​ទាំង​នេះ​ ស្នើ​ឲ្យ​របបក្រុង​ភ្នំពេញ បើក​លំហ​សេរីភាព​ឡើង​វិញ​ និង​ត្រូវ​ដោះលែង​អ្នកទោស​មនសិកា​ទាំងអស់​ ហើយ​ត្រូវ​ស្តារនីតិរដ្ឋ​ ឲ្យស្រប​តាម​ស្តង់ដា​សិទ្ធិមនុស្ស​អន្តរជាតិ​ ដែល​ប្រទេស​កម្ពុជា​ មាន​កាតព្វកិច្ច​គោរពតាម​។​

ជំហរ​សហគមន៍​អន្តរជាតិ​ ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ​ គឺ​ស្រប​គ្នា​ទៅ​នឹង​សេចក្តីរាយការណ៍​ របស់​តំណាង​ពិសេស​របស់អង្គការ​សហប្រជាជាតិ​ ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ អ្នកស្រី​ រ៉ូណា​ ស្ម៊ីត​ (Rhona Smith) ដែល​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា​ អ្នកស្រី​នៅតែ​ព្រួយ​បារម្ភ​ អំពី​ស្ថានភាព​អាក្រក់​នៅ​កម្ពុជា​ ដូចជា​ បញ្ហា​បង្រ្កាប​សំឡេង​គណបក្ស​សង្គ្រោះជាតិ​ ការចោទ​ប្រកាន់​មេបក្ស​ប្រឆាំង​លោក កឹម សុខា និង​មិនព្រម​បើកសវនាការ​ដើម្បី​ពន្លឿន​នីតិវិធី​ក្នុងរឿងក្ដី​នេះ​ ការបន្តចាប់ខ្លួន​អ្នកតវ៉ា​ដោយសន្តិវិធី​ រួមមានស្រ្តី​ដែល​ជាភរិយា​អ្នកជាប់​ឃុំ ​ដែលរង​អំពើហិង្សា​ពីសំណាក់​កង​សន្តិសុខ​ និង​ បញ្ហានៃច្បាប់​គ្រប់​គ្រង​អង្គការ​ ដែលរឹតត្បិត​សិទ្ធិសេរីភាព​អង្គការ​សង្គម​ស៊ីវិល​ និង​សិទ្ធិដីធ្លី​ ជាដើម​។

អ្នកស្រី​ រ៉ូណា​ ស្ម៊ីត​ ក៏បានផ្តល់​ជាអនុសាសន៍​ ឲ្យរបប​ក្រុងភ្នំពេញ​យកទៅ​ធ្វើតាម​ ដើម្បី​កែលម្អ​ស្ថានភាព​អាក្រក់​នេះ​។ អនុសាសន៍​ទាំងនោះ​ រួមមាន​ការពិនិត្យ​ឡើងវិញ​ នូវផែនការ​សកម្មភាព​ថ្នាក់ជាតិ​សម្រាប់​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស ការ​លើកស្ទួយ​សិទ្ធិសេរីភាព​ក្នុងការជួប​ប្រជុំគ្នា​ និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ ឲ្យស្រប​តាម​ស្តង់​ដា​អន្តរជាតិ​។

ប៉ុន្តែ ខាង​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា ​ប្រចាំ​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​លោក អាន​ សុខ​ឃឿន​ ច្រានចោល​ការ​លើក​ឡើង​របស់​ប្រទេស​លោក​សេរី​ និង​សេចក្តីថ្លែងការណ៍​របស់​អ្នកស្រី​ រ៉ូណា​ ស្ម៊ីត​។ លោក​អះអាង​ថា ពលរដ្ឋ​កម្ពុជា​កំពុង​សប្បាយនឹង​សុខសន្តិភាព និង​សេរីភាព​ពេញ​លេញ​ ព្រោះគ្រាន់​តែ​អង្គការ​សង្គម​ស៊ីវិល​ មានជិត​ ៦ពាន់​អង្គការ​ និង​សមាគមន៍ ឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ជិត​ ២ពាន់​ ទាំង​សារព័ត៌មាន​រិះគន់​រដ្ឋាភិបាល​ផង កំពុង​ប្រត្តិបត្តិការ​ ដោយ​គ្មាន​ការ​រឹត​ត្បិត​អ្វីទាំងអស់​។

ទោះជា​យ៉ាងនេះ​ក្តី​ មិនបាន​ប៉ុន្មាន​នាទី​ផង​ ក្រោយ​ការថ្លែង​អំពី​ ថាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិសេរី​ភាពពេញ​លេញ​ ក្នុងការបញ្ចេញ​មតិ​ លោក​ អាន​ សុខឃឿន​ ស្រាប់​តែ​ប៉ុនប៉ង​កាត់​ និង​រារាំង​​មិនឲ្យ​​ព្រះតេជ​ព្រះគុណ​ លួន​ សុវ៉ាត​ ដែល​ទទួល​បាន​សិទ្ធិតំណាង​ឲ្យ​អង្គការ​សង្គមស៊ីវិល​មួយ ឡើង​ថ្លែង​សារ​ ក្នុង​កិច្ច​ប្រជុំ​របស់អង្គការ​សហប្រជាជាតិ​នោះ​ទេ​។ យ៉ាងហោចណាស់​តំណាង​របប​ក្រុង​ភ្នំពេញ​រូប​នេះ​ កាត់​ព្រះតេជព្រះគុណ​ លួន សុវ៉ាត​ ចំនួន​បីដង រហូត​ដល់​មាន​ការជជែក​គ្នា​ ទៅវិញ​ទៅមក​រវាង​លោក​ អាន​ សុខឃឿន​ និង​អនុប្រធាន​កិច្ចប្រជុំ​មួយសន្ទុះ​ធំ​។​

លោក អាន​ សុខឃឿន​ ជំទាស់​មិន​ឲ្យ​ព្រះតេជ​ព្រះគុណ​ លួន​ សុវ៉ាត​ មានសិទ្ធិ​មាន​ថេរដីកា​នៅទីនោះ​បាន​ទេ​ ព្រោះ​លោក​ចោទ​ព្រះតេជព្រះគុណ​ ថាជា​សង្ឃ​ក្លែង​ក្លាយ​ និង​បរិហាកេរ្តិ៍​ព្រះអង្គ​ ដោយ​យោងតាម​ការចោទប្រកាន់​របស់​តុលាការ​របប​ក្រុងភ្នំពេញ​។​

ព្រះសង្ឃ​សកម្ម​ផ្នែក​សិទ្ធិមនុស្ស​ និង​ដីធ្លី​ព្រះ​ភិក្ខុ លួន​ សុវ៉ាត​ បាន​ភៀសខ្លួន​ទៅ​​ប្រទេសស្វ៊ីស​ (Switzerland) កាល​ពី​ដើម​ខែ មិថុនា​ ដើម្បី​គេច​ពី​ការ​ចាប់​ផ្សឹក​ទាំង​បង្ខំ​ ពី​សំណាក់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ ដែលចោទ​ប្រកាន់​ព្រះអង្គ​ ថាបាន​ប្រព្រឹត្តិ​ខុស​វិន័យ​សង្ឃ ក្នុង​ការសេព​មេថុនធម្ម ឬ​រួមភេទ បទចោទ​ដែល​សម្អាង​តែ​ទៅលើ​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ ដែល​អ្នកជំនាញ​ រកឃើញ​ថា ​មានមន្រ្តី​អង្គភាព​ប្រតិកម្ម​រហ័ស នៃ​របប​លោក ហ៊ុន សែន​ នៅ​ពី​ក្រោយ​។

លោក អាន សុខឃឿន ជំទាស់មិនឲ្យព្រះតេជព្រះគុណ លួន សុវ៉ាត មានសិទ្ធិ​និយាយ​នៅទីនោះ​បាន​ទេ ព្រោះ​លោក​ចោទ​ថា​ ព្រះសង្ឃ​អង្គនេះ​ស្ថិត​ក្នុងស្ថានភាព​សង្ស័យ​បែបនេះ​ មិន​អាច​តំណាង​ឲ្យ​អង្គការ​សង្គមស៊ីវិល​។

ឥរិយាបទ​របស់តំណាង​កម្ពុជានេះ រងការ​រិះគន់​ពីអនុប្រធាន​កិច្ចប្រជុំ​ និង​ប្រទេស​មួយ​ចំនួន​ ដូចជា​អូស្រ្តាលី​ សាធារណៈ​រដ្ឋ​ឆែក និង​អាល្លឺម៉ង់​ ដែល​រម្លឹក​ភាគី​កម្ពុជា​ ថា​កន្លែង​អង្គការ​សហប្រជាជាតិ​នេះ មិន​ត្រូវ​ហាម​ឃាត់​សិទ្ធិ​របស់​តំណាង​អង្គការ​សង្គមស៊ីវិល​ ក្នុងការ​បញ្ចេញ​មតិ​នោះទេ​។ ពួក​គេ​គាំទ្រ​ឲ្យ​ព្រះអង្គ​ លួន​ សុវ៉ាត​ អាចថ្លែង​សារ​របស់​ព្រះអង្គ​បាន ដោយ​គ្មាន​ការរារាំង​។ អនុប្រធាន​កិច្ច​ប្រជុំ​ ក៏បាន​រម្លឹក​លោក​ អាន​ សុខឃឿន​ ថាព្រះអង្គ​ លួន​ សុវ៉ាត​ តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ ត្រឹម​ត្រូវ​ និង​ស្រប​ច្បាប់​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ ឲ្យ​ថ្លែងមតិ​នៅក្នុងកិច្ច​ប្រជុំ​នេះ​បាន​។

ការប៉ុនប៉ងកាត់ និង​ររាំងព្រះអង្គ លួន សុវ៉ាត ពីសំណាក់តំណាងរបបក្រុងភ្នំពេញ មិនបានសម្រេចនោះទេ។

នៅទី​បំផុត​ អនុប្រធាន​អង្គប្រជុំ​ បាន​ប្រគេន​វេទិកា​ទៅព្រះតេជ​ព្រះគុណ​ លួន​ សុវ៉ាត​ ដើម្បី​ថ្លែងសារ​របស់​ព្រះអង្គ​ ដែល​រៀបរាប់​អំពី​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ ដែលព្រះ​អង្គ​អំពាវនាវ​ឲ្យ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​ ធ្វើយ៉ាងណា​ចាត់​ការ​របប​លោក​ ហ៊ុន សែន ឲ្យ​ទទួល​ខុស​ត្រូវ​ ចំពោះអំពើ​បំពាន​ទាំងនេះ​។

កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ធ្វើឡើង​ជា​ប្រចាំ​ឆ្នាំ​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស​ នៅ​លើ​ពិភពលោក​។ អ្នករាយការណ៍​ពិសេស​នៃ​ប្រទេស​នីមួយ​ៗ មាន​ឱកាស​ក្នុងការ​បង្ហាញ​របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ​របស់ខ្លួន​ ក្នុងកិច្ចប្រជុំ​នោះ ដោយភ្ជាប់​ជាមួយ​នឹង​អនុសាសន៍​ ដើម្បី​ឲ្យ​កែលម្អ​ផង​។

កាលពីឆ្នាំ​ ២០១៩​ អ្នកស្រី​ រ៉ូណា​ ស្ម៊ីត​ បានផ្តល់​អនុសាសន៍​ជាច្រើន​ ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ​។ ប៉ុន្តែ​ របប​ក្រុង​ភ្នំពេញ​ ខកខាន​មិនបាន​បំពេញ​ទៅតាម​ការស្នើ​នោះទេ​។ អនុសាសន៍​ឆ្នាំ ២០២០​នេះ​ ក៏មិនខុសពី​ឆ្នាំមុន​នោះដែរ​ គឺស្នើ​ឲ្យ​កម្ពុជា​ ស្តារ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើង​វិ

អ្នកឃ្លាំ​មើល​សង្គម​ ធ្លាប់​ព្រមាន​ថា កម្ពុជា​នឹង​ចៀស​មិន​ផុត​ពីទណ្ឌកម្ម​បន្ថែម​ទៀត​នោះ​ទេ​ បើ​នៅ​តែ​មានះ​ ​មិន​ព្រម​កែ​ខ្លួន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។