ឧត្ដមស្នងការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា អាជ្ញាធរ​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​ច្រើន​នាក់

ដោយ ហេង រស្មី
2019-05-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ាយ​សម្គាល់​ទីតាំង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (UNOHCHR-Cambodia banner) នៅ​រាជធានី​ភ្នំពេញ។
ប៉ាយ​សម្គាល់​ទីតាំង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (UNOHCHR-Cambodia banner) នៅ​រាជធានី​ភ្នំពេញ។
RFA

តំណាង​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​អំពី​ការ​វិវត្ត​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បន្ទាប់​ពី​អតីត​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប​ ត្រូវ​បាន​​កោះហៅ​ទៅ​សាកសួរ​រឿង​ប្រឆាំង​សាលដីកា​តុលាការ​កំពូល។ របប​លោក ហ៊ុន សែន ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់ មិន​មែន​ជា​ការ​គំរាម​កំហែង​នោះ​ឡើយ។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (OHCHR Cambodia) ថ្លែង​នៅ​ថ្ងៃ​ទី២១ ឧសភា តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា ការិយាល័យ​នេះ កំពុង​តាម​ដាន​ដោយមាន​​កង្វល់​អំពី​ស្ថានភាព​​របស់​អតីត​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​កោះ​ហៅ ឬ​ឃុំ​ខ្លួន​ ដោយ​សមត្ថកិច្ច​ ឬ​តុលាការ។ ការិយាល័យ​នេះ ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​អនុវត្ត​តាម​អនុសាសន៍​របស់​អ្នកស្រី រ៉ូណា ស្មីត ដែល​ចង់​ឱ្យ​ថ្នាក់​ដឹក​នាំ​កម្ពុជា ផ្លាស់​ប្ដូរ​ទៅ​រក​វប្បធម៌​នយោបាយ​មួយ ដែល​ផ្ដោត​លើ​បញ្ហា ជា​ជាង​ការ​ផ្ដោត​លើ​បុគ្គល។

ការិយាល័យ​តំណាង​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នេះ ​ក៏​បាន​ដាស់​តឿន​របប​ក្រុង​ភ្នំពេញ​​ទៀត​ថា កិច្ច​គាំពារ​តាម​ផ្លូវ​ច្បាប់​លើ​សេរីភាព​បញ្ចេញ​មតិ​នឹង​ជួយ​ឱ្យ​កម្ពុជា​ជោគ​ជ័យ​លើ​បញ្ហា​ប្រឈម​ទាំងឡាយ​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ សម្រាប់​ជា​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល។

ការ​បញ្ចេញ​សារ​ដ៏​កម្រ​របស់​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ធ្វើឡើង​បន្ទាប់​ពី​តុលាការ​ និង​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ ឱ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ ដោយ​សង្ស័យ​ថា ពួក​គេ​បាន​បំពាន​សាលដីកា​តុលាការ​កំពូល​រឿង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ក៏​មាន​មន្ត្រី​បក្ស​នេះ​មួយ​ចំនួន​ផង​ដែរ​ ដែល​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន ថ្លែង​ថា ការ​លើក​ឡើង​នេះ​ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ ក៏​ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​នឹង​មិន​ធ្វើ​តាម​​​ស្ថាប័ន​ណា​មួយ​ឡើយ។ លោក​បញ្ជាក់​ថា ចំណាត់​ការ​លើ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​នេះ មិន​មែន​ជា​ការ​បំភិត​បំភ័យ​ឡើយ ផ្ទុយ​ទៅវិញ​នេះ​ជា​ការ​ស្វែង​រក​ការពិត​ ​ ព្រោះ​ពួក​គេ​ទាំងនោះ​ធ្លាប់​បង្ហាញ​ជំហរ​មិន​អនុវត្ត​តាម​សាលដីកា​តុលាការ​កំពូល៖ «កម្ពុជា​ គឺ​ជា​ប្រទេស​ឯករាជ្យ​ និង​អធិបតេយ្យ។ គ្មាន​បុគ្គល​ណា គ្មាន​អង្គការ​ណា​មក​ឈ្លានពាន​ ឬ​បង្ក​ឧបសគ្គ​ក្នុង​ការអនុវត្ត​ច្បាប់​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​មហាជន​នោះ​ទេ»

គិត​ត្រឹម​ពេល​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​ជាង ១០០នាក់​ហើយ ដែល​ត្រូវ​បាន​កោះ​ហៅ​ទៅ​សួរ​នាំ បន្ទាប់​ពី​ពួក​គេ​បាន​ជួប​ជុំ​គ្នា​ហូប​អាហារ​សាមគ្គី និង​បង្ហាញ​ជំហរ​គាំទ្រ​ការ​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ លោក អំ សំអាត ទទួល​ស្គាល់​ថា ការ​កោះហៅ​មក​សាកសួរ គឺ​ជា​ការ​អនុវត្ត​តាម​នីតិវិធី​របស់​តុលាការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏​ប៉ុន្តែ​លោក​យល់​ថា ដើម​ហេតុ​នៃ​ការ​កោះហៅ​នេះ​ គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង​រឿង​ផ្លូវ​ច្បាប់។ លោក​បន្ត​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មន្ត្រី​បក្ស​ប្រឆាំង​នេះ គួរ​តែ​ត្រូវ​បាន​បញ្ចប់​ ដើម្បី​កុំ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​កាន់​តែ​ជ្រៅ​ក្នុង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស។ លោក​បន្ថែម​ថា ក្ដី​បារម្ភ​របស់​តំណាង​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​នេះ  គឺ​ជា​រឿង​ត្រឹម​ត្រូវ៖ «មិន​អាច​ថា អ្វី​ក៏​ជា​អធិបតេយ្យ អ្វី​ក៏​គេ​រំលោភ​លើ​អធិបតេយ្យ​ភាព​នោះ​ទេ ពី​ព្រោះ​ត្រូវ​គិត កម្ពុជា​យើង​ក៏​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ សមាជិក​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស។ អ៊ីចឹង​នៅ​ពេល​ដែល​គេ​មើល​ឃើញ​ថា កម្ពុជា​មាន​ការ​ខ្វះ​ខាត​ទាក់ទង​ទៅ​នឹង​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ហ្នឹង​ គេ​នឹង​ផ្ដល់​ជា​អនុសាសន៍​ ដើម្បី​ឱ្យ​កម្ពុជា​យើង​ហ្នឹង​​មាន​ការ​កែ​លម្អ»

ចាប់​តាំងពី​ពេល​ដែល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​អំពី​គម្រោង​វិល​ចូល​ស្រុក​វិញ របប​ក្រុង​ភ្នំពេញ​បាន​បង្កើន​ការ​វាយ​បង្ក្រាប​​កាន់​តែ​ខ្លាំង​ទៅ​លើ​មន្ត្រី​ និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង។ ចំណាត់​ការ​ទាំង​នោះ​ មាន​ជា​អាទិ ការ​យាយី​រំខាន ការ​ចាប់​ខ្លួន​ដោយ​​មិន​ស្រប​ច្បាប់ ការ​វាយ​ប្រហារ​លើ​រូប​រាង​កាយ និង​​មាន​ករណី​ធ្វើ​ទារុណកម្ម និង​ឃាតកម្ម​ទៀត​ផង ដែល​រឿងរ៉ាវ​ទាំង​នេះ​បាន​កើតឡើង ក្រោយ​ពេល​​​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បង្ហាញ​ជា​សាធារណៈ​អំពី​បំណង “វាយ​កម្ទេច” គណបក្ស​ប្រឆាំង។

អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​គូស​បញ្ជាក់​ថា ចំណាត់​ការ​បែបនេះ នឹង​មិន​អាច​នាំ​ទៅ​រក​ការ​ពង្រឹង​សិទ្ធិ​នយោបាយ និង​លំហ​ប្រជាធិបតេយ្យ ដូច​អ្វី​ដែល​របប​លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​នោះ​ឡើយ។ អ្នក​ស្រី និង​អ្នក​ជំនាញ​ខាង​សិទ្ធិមនុស្ស​ដទៃ​ទៀត សុទ្ធ​តែ​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​បែបនេះ​ជា​បន្ទាន់ និង​ប្រឹង​ប្រែង​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល