តំណាងអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សសម្ដែងក្ដីព្រួយបារម្ភអំពីការវិវត្តស្ថានការណ៍នយោបាយនៅកម្ពុជា បន្ទាប់ពីអតីតមន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើនរូប ត្រូវបានកោះហៅទៅសាកសួររឿងប្រឆាំងសាលដីកាតុលាការកំពូល។ របបលោក ហ៊ុន សែន ថា នេះជាការអនុវត្តច្បាប់ មិនមែនជាការគំរាមកំហែងនោះឡើយ។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR Cambodia) ថ្លែងនៅថ្ងៃទី២១ ឧសភា តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា ការិយាល័យនេះ កំពុងតាមដានដោយមានកង្វល់អំពីស្ថានភាពរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានកោះហៅ ឬឃុំខ្លួន ដោយសមត្ថកិច្ច ឬតុលាការ។ ការិយាល័យនេះ ជំរុញឱ្យរបបក្រុងភ្នំពេញអនុវត្តតាមអនុសាសន៍របស់អ្នកស្រី រ៉ូណា ស្មីត ដែលចង់ឱ្យថ្នាក់ដឹកនាំកម្ពុជា ផ្លាស់ប្ដូរទៅរកវប្បធម៌នយោបាយមួយ ដែលផ្ដោតលើបញ្ហា ជាជាងការផ្ដោតលើបុគ្គល។
ការិយាល័យតំណាងអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនេះ ក៏បានដាស់តឿនរបបក្រុងភ្នំពេញទៀតថា កិច្ចគាំពារតាមផ្លូវច្បាប់លើសេរីភាពបញ្ចេញមតិនឹងជួយឱ្យកម្ពុជាជោគជ័យលើបញ្ហាប្រឈមទាំងឡាយនៃស្ថានភាពនយោបាយបច្ចុប្បន្ន សម្រាប់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទាំងមូល។
ការបញ្ចេញសារដ៏កម្ររបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ធ្វើឡើងបន្ទាប់ពីតុលាការ និងអាជ្ញាធររបបលោក ហ៊ុន សែន បានកោះហៅមន្ត្រីបក្សប្រឆាំងជាបន្តបន្ទាប់ ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺ ដោយសង្ស័យថា ពួកគេបានបំពានសាលដីកាតុលាការកំពូលរឿងរំលាយបក្សសង្គ្រោះជាតិ ហើយក៏មានមន្ត្រីបក្សនេះមួយចំនួនផងដែរ ដែលត្រូវបានអាជ្ញាធរសម្រេចឃុំខ្លួនក្នុងពន្ធនាគារ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ថ្លែងថា ការលើកឡើងនេះ គឺជាសិទ្ធិសេរីភាពរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ប៉ុន្តែលោកថា រដ្ឋាភិបាលនឹងមិនធ្វើតាមស្ថាប័នណាមួយឡើយ។ លោកបញ្ជាក់ថា ចំណាត់ការលើអតីតមន្ត្រីបក្សប្រឆាំងនេះ មិនមែនជាការបំភិតបំភ័យឡើយ ផ្ទុយទៅវិញនេះជាការស្វែងរកការពិត ព្រោះពួកគេទាំងនោះធ្លាប់បង្ហាញជំហរមិនអនុវត្តតាមសាលដីកាតុលាការកំពូល៖ «កម្ពុជា គឺជាប្រទេសឯករាជ្យ និងអធិបតេយ្យ។ គ្មានបុគ្គលណា គ្មានអង្គការណាមកឈ្លានពាន ឬបង្កឧបសគ្គក្នុងការអនុវត្តច្បាប់ដើម្បីការពារផលប្រយោជន៍របស់មហាជននោះទេ»។
គិតត្រឹមពេលនេះ មន្ត្រីគណបក្សសង្គ្រោះជាតិនៅមូលដ្ឋានជាង ១០០នាក់ហើយ ដែលត្រូវបានកោះហៅទៅសួរនាំ បន្ទាប់ពីពួកគេបានជួបជុំគ្នាហូបអាហារសាមគ្គី និងបង្ហាញជំហរគាំទ្រការវិលត្រឡប់ចូលកម្ពុជាវិញរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត ទទួលស្គាល់ថា ការកោះហៅមកសាកសួរ គឺជាការអនុវត្តតាមនីតិវិធីរបស់តុលាការ ឬអាជ្ញាធរមានសមត្ថកិច្ច ក៏ប៉ុន្តែលោកយល់ថា ដើមហេតុនៃការកោះហៅនេះ គឺជារឿងនយោបាយច្រើនជាងរឿងផ្លូវច្បាប់។ លោកបន្តថា ការធ្វើទុក្ខបុកម្នេញលើមន្ត្រីបក្សប្រឆាំងនេះ គួរតែត្រូវបានបញ្ចប់ ដើម្បីកុំឱ្យកម្ពុជាធ្លាក់ចូលកាន់តែជ្រៅក្នុងបញ្ហារំលោភសិទ្ធិមនុស្ស។ លោកបន្ថែមថា ក្ដីបារម្ភរបស់តំណាងអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនេះ គឺជារឿងត្រឹមត្រូវ៖ «មិនអាចថា អ្វីក៏ជាអធិបតេយ្យ អ្វីក៏គេរំលោភលើអធិបតេយ្យភាពនោះទេ ពីព្រោះត្រូវគិត កម្ពុជាយើងក៏ជាសមាជិករបស់អង្គការសហប្រជាជាតិ សមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ អ៊ីចឹងនៅពេលដែលគេមើលឃើញថា កម្ពុជាមានការខ្វះខាតទាក់ទងទៅនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សហ្នឹង គេនឹងផ្ដល់ជាអនុសាសន៍ ដើម្បីឱ្យកម្ពុជាយើងហ្នឹងមានការកែលម្អ»។
ចាប់តាំងពីពេលដែលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសអំពីគម្រោងវិលចូលស្រុកវិញ របបក្រុងភ្នំពេញបានបង្កើនការវាយបង្ក្រាបកាន់តែខ្លាំងទៅលើមន្ត្រី និងអ្នកគាំទ្របក្សប្រឆាំង។ ចំណាត់ការទាំងនោះ មានជាអាទិ ការយាយីរំខាន ការចាប់ខ្លួនដោយមិនស្របច្បាប់ ការវាយប្រហារលើរូបរាងកាយ និងមានករណីធ្វើទារុណកម្ម និងឃាតកម្មទៀតផង ដែលរឿងរ៉ាវទាំងនេះបានកើតឡើង ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជាសាធារណៈអំពីបំណង “វាយកម្ទេច” គណបក្សប្រឆាំង។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានគូសបញ្ជាក់ថា ចំណាត់ការបែបនេះ នឹងមិនអាចនាំទៅរកការពង្រឹងសិទ្ធិនយោបាយ និងលំហប្រជាធិបតេយ្យ ដូចអ្វីដែលរបបលោក ហ៊ុន សែន ធ្លាប់បានអះអាងនោះឡើយ។ អ្នកស្រី និងអ្នកជំនាញខាងសិទ្ធិមនុស្សដទៃទៀត សុទ្ធតែទទូចឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ការធ្វើទុក្ខបុកម្នេញបែបនេះជាបន្ទាន់ និងប្រឹងប្រែងស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
