តំណាងរាស្រ្តអាមេរិក ៥រូប ស្នើ​ឲ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​​បទ​​ចោទ​​ប្រកាន់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី

0:00 / 0:00

តំណាងរាស្រ្តអាមេរិក ៥ រូប រួមគ្នា​ស្នើឲ្យ​របបលោក ហ៊ុន សែន ​ទម្លាក់ចោលបទចោទ​ប្រកាន់​​លើ​​អតីត​​អ្នក​​យក​ព័ត៌មាន​​អាស៊ី​សេរី​លោក អ៊ួន ឈិន​ និង លោក យាង​ សុធារិន្ទ។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន កាលពីថ្ងៃទី៦ ខែ​កញ្ញា សមាជិក​សភា​​អាមេរិក រួមមាន​លោក ស្ទីវ ឆាបុត (Steve Chabot) លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) លោក ថិត យ៉ូហូ (Ted Yoho) លោក ប្រ៊ែដ ស៊ើម៉ែន (Brad Sherman) និង លោក អាដាម ស៊ិហ្វ (Adam Schiff) ចាត់​ទុក​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​លើ​​អ្នក​សារ​ព័ត៌មាន​​ទាំង​ពីរ​​រូប ជាផ្នែកមួយនៃរឹតត្បិត​សិទ្ធិសេរីភាព​។

តំណាងរាស្រ្តទាំងនេះ លើកឡើងថា៖ «អ្នកយកព័ត៌មានខ្មែរពីររូប​គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ត្រូវ​បាន​ចោទប្រកាន់ពីបទ "ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស" គឺ​ដោយសារ​តែ​ផ្សាយ​ព័ត៌មានមួយ នៅ​បីថ្ងៃក្រោយ​វិទ្យុ​អាស៊ី​សេរី​​បង្ខំ​​ចិត្ត​​បិទ​ការិយាល័យ​​​នៅ​ភ្នំពេញ ​កាល​ពី​ឆ្នាំ២០១៧។ ការបិទការិយាល័យ​វិទ្យុអាស៊ីសេរីនោះទៀតសោត​ គឺ​ក្រោយ​​រង​សម្ពាធ​ឥត​ស្រាកស្រាន្ត ​ពី​លោកនាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន។ ការចោទប្រកាន់ទាំងនេះ គឺរបបលោក ហ៊ុន សែន ប្រឌិត​ឡើង​​ទាំង​ស្រុង និង​​​ជា​ផ្នែក​មួយនៃការ​វាយប្រហារលើសិទ្ធិ និងសេរីរីភាព​របស់​ប្រជាពលរដ្ឋខ្មែរ»។

អ្នកទាំងប្រាំរូប​បន្ត​ទៀតថា៖ «លោក ហ៊ុន សែន បានកាន់អំណាចរាប់​ទសវត្សន៍​មកហើយ ដោយ​មិន​ឲ្យ​ប្រជាពលរដ្ឋខ្មែរ សម្រេចជោគវាសនាអនាគតរបស់​ប្រទេសខ្លួនដោយ​ខ្លួន​ឯង។ លោក ហ៊ុន សែន គ្មានចេតនាការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្លួន​នោះទេ។ ជាងនេះទៅទៀត ក្នុង​ពេលថ្មីៗនេះ ដោយសារ​តែ​ការ​បន្ត​ក្តោបក្តាប់ និងក្រាញអំណាច​នេះ ទើប​របបនេះ​បន្ត​រំលោភសិទ្ធិមនុស្ស ដូចជាការ​វាយប្រហារលើអង្គការ​សង្គមស៊ីវិល និង បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដែលហ៊ាន​រិះគន់របបនេះ មាន​វិទ្យុអាស៊ីសេរីជាដើម។ មិន​តែប៉ុណ្ណោះ ទង្វើបំពាន​របស់​របបនេះ បែរជាគ្មានទោសទៅវិញ។ ដូច្នេះ​ហើយ ទើប​សហគមន៍​អន្តរជាតិ ត្រូវតែ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ទាំងនេះ។ រដ្ឋាភិបាល​​កម្ពុជា គម្បី​ទម្លាក់​បទ​ចោទ​ប្រកាន់​ ដែលគ្មានភ័ស្តុតាងទាំងនេះ រួចហើយ​ផ្តល់សេរីភាពជូនប្រជាពលរដ្ឋ​ខ្មែរវិញ»។

សារ​របស់​សមាជិកសភាអាមេរិកទាំងនេះ ធ្វើឡើងមួយសប្តាហ៍​ក្រោយ​តុលាការ​នៃ​របបលោក ហ៊ុន សែន កាលពី​ចុងខែ សីហា ​លើកពេលប្រកាស​សាលក្រម ឥតមានថ្ងៃកំណត់ ក្នុង​សំណុំរឿង​ចោទប្រកាន់អ្នកទាំងពីរ​។

តុលាការ​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ចំនួន​ពីរ​បទ​ចោទ គឺ​ទី​មួយ​បទ “​ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​” និង​ទី​ពីរ​បទ “​ផលិត​វីដេអូ​អាសអាភាស​”​។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជាង ៩​ខែ មុននឹង​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក៏ប៉ុន្តែ​តុលាការ​នៅតែ​រក្សាទុក​វត្ថុ​ចាប់​យក និង​លិខិតឆ្លងដែន​របស់​អ្នក​ទាំងពីរ​ដដែល។ ចំណាត់​បែបនេះ ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​មិន​មាន​សិទ្ធិ​ដើរហើរ​ពេញលេញ​ឡើយ ហើយ​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​ក៏​ជួប​ការ​លំបាក​ដែរ ព្រោះ​គ្មាន​ឧបករណ៍​ប្រើប្រាស់ ក្រោយ​ពី​តុលាការ​ដកហូត​ទុក។

មន្រ្តីរបបក្រុង​ភ្នំពេញឯណោះ ចាត់ទុកការ​ឈឺឆ្អាល​របស់​សមាជិកស​ភា​ទាំងនេះ ថា​ធ្វើ​ឡើង​ដោយ​ខ្វះ​កា​រយល់ដឹង​អំពី​ទម្លាប់​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។ អ្នក​នាំ​ពាក្យ​​ក្រសួង​យុត្តិធម៌លោក ជិន ម៉ាលីន ថ្លែង​ប្រាប់​អាស៊ីសេរី កាលពីថ្ងៃទី៧ ខែ​កញ្ញា ថា​រដ្ឋាភិបាល​របស់​លោកគ្មាន​អ្វី​ភ្ញាក់ផ្អើល​នោះទេ។ លោក​បាន​ចោទ​តំណាង​រាស្រ្ត​ទាំងនោះ​​ថា​ មាន​ចេតនា​នយោបាយប្រឆាំង​នឹង​រដ្ឋាភិបាល​សព្វថ្ងៃ ទើប​ចេញ​សារ​បែបនេះ៖ «សម្រាប់​រាជរដ្ឋាភិបាល​ ដូច​អត់​មាន​ស្អី​ចម្លែកទេ សម្រាប់​​សមាជិកសភា​ប៉ុន្មាន​នាក់​នេះ​ចេញ​ statement ប្រឆាំងនឹង​រដ្ឋាភិបាល ព្រោះ​វាជាអ្វីដែល​ពួកគេ​ធ្លាប់​ធ្វើ នា​ពេល​កន្លង​​មក​ ហើយ​​ក្រោម​​របៀបវារៈ​​នយោបាយ​ ដោយ​មិន​គិត​គូ មិន​ខ្វល់ ធ្វើ​មិន​ដឹង​ពីយន្តការ​នៃការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា។ យើង​ធ្លាប់​បាន​ពន្យល់​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ ក៏​ប៉ុន្តែ​ទោះ​យ៉ាង​​ណា​​ក៏គាត់ ធ្វើ​មិន​ឮ ធ្វើ​មិន​ដឹង ធ្វើ​មិន​យល់​។ ដូច្នេះ​​ការ​​ចេញ​ statement ដូច​​គ្មាន​​អ្វី​​ចម្លែក​ទេ សម្រាប់​​ពួក​គាត់​»។

របបលោក ហ៊ុន សែន រងការថ្កោលទោសជុំទិសពីសហគមន៍អន្តរជាតិ ជុំវិញ​ការ​រំលោភសិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យធ្ងន់ធ្ងរ​​នៅកម្ពុជា ជាពិសេស​ក្នុង​​រយៈពេលពីរឆ្នាំចុងក្រោយនេះ។ ក្នុងការ​រំលោភសិទ្ធមនុស្សនេះ ក៏​មាន​ករណី​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ឯករាជ្យ និង​ការ​ចោទ​​ប្រកាន់​​អតីត​​អ្នក​​ឆ្លើយ​ឆ្លង​​​ព័ត៌មាន​​អាស៊ី​​សេរី​​ទាំង​​ពីរ​​រូប​​នេះ​​ដែរ។

ចំណាត់ថ្នាក់សេរីភាពនៅកម្ពុជា បាន​បន្ត​ធ្លាក់ចុះក្នុង​ឆ្នាំ​២០១៩ នេះ។ អង្គការ​អ្នករាយការណ៍​គ្មាន​​ព្រំដែន The Reporters Without Borders រកឃើញថា សេរីភាព​នៅកម្ពុជា បាន​ធ្លាក់ចុះមួយលេខទៀត ចុះមកនៅលេខ ១៤៣ បើប្រៀបធៀបនឹងឆ្នាំ​២០១៨ ដែលកម្ពុជាឈរ​នៅលេខរៀង ១៤២ ដែលជិត​បាត​តារាង។

ស្របពេល​គ្នានេះដែរ សភាអាមេរិក​ កាលពីពេលថ្មីៗ នេះ បាន​អនុម័តជាឯកឆន្ទលើ​ច្បាប់​​ដាក់​ទណ្ឌកម្ម​មន្រ្តី​របប​លោក ហ៊ុន សែន ដើម្បី​ដាក់​សម្ពាធ​ឲ្យ​​របប​នេះ ងាក​មក​រក​គន្លង​​ប្រជាធិបតេយ្យ​​ឡើង​វិញ។ ឥឡូវ​ច្បាប់​​នេះ​ កំពុង​​រង់ចាំ​​ព្រឹទ្ធសភា​អនុម័ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។