សង្គមស៊ីវិលចាត់ទុកថារបាយការណ៍របស់ក្រសួងការបរទេសមេរិកដែលរកឃើញថា ការជួញដូរមនុស្សនៅកម្ពុជានៅតែមានចំនួនច្រើនគួរឱ្យព្រួយបារម្ភនោះ គឺឆ្លុះបញ្ចាំងពីការពិតនិងស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាទទួលយកអនុសាសន៍ និងសហការជាមួយសង្គមស៊ីវិលដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។
សង្គមស៊ីវិលសម្ដែងការសោកស្ដាយនិងព្រួយបារម្ភដែលកម្ពុជានៅតែបរាជ័យក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សហើយនៅតែជាប់ចំណាត់ថ្នាក់លេខពីរដូចឆ្នាំមុនៗដែរ ដោយសារតែរបបក្រុងភ្នំ ពេញមិនបានបំពេញកាតព្វកិច្ចអប្បបរិមាដើម្បីបំបាត់ការជួញដូរមនុស្ស។
មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័នការងារនិងសិទ្ធិមនុស្ស(Central) លោក ឌី ថេហូយ៉ា ចាត់ទុកថារបាយការណ៍របស់ក្រសួងការបរទេសអាម៉េរិកស្ដីពីស្ថានការណ៍នៃអំពើជួញដូរមនុស្សនៅកម្ពុជាគឺ ឆ្លុះបញ្ចាំងពីការពិតព្រោះស្ត្រី បុរស និងកុមារនៅតែត្រូវបានគេជួញដូរឱ្យបម្រើការងារទាំងក្នុង និងក្រៅប្រទេសដូចជាការងារនេសាទការងារនៅតាមផ្ទះជួញដូរផ្លូវភេទ ការងារសំណង់ការងារកសិកម្ម និងការងារឧស្សាហកម្មនិងនៅតាមសិប្បកម្មផលិតឥដ្ឋជាដើម។ លោកសង្កេតឃើញថា ភាពបរាជ័យនៃការបង្ក្រាបបទល្មើសជួញដូរមនុស្សនេះគឺបណ្ដាលមកពីអំពើពុករលួយ និងការអនុវត្តច្បាប់ទន់ខ្សោយ។ ការលើកឡើងដូច្នេះ ក្រោមហេតុផលថា កន្លងមកមន្ត្រីអនុវត្តច្បាប់មិនសូវអើពើចំពោះបណ្ដឹងប្រឆាំងក្រុមហ៊ុន និងមេខ្យល់ដែលប្រព្រឹត្តបទល្មើសឆបោក ឬជួញដូរមនុស្សនោះទេដោយសារតែមន្ត្រីអនុវត្តច្បាប់មួយចំនួន ទទួលបានផលប្រយោជន៍ពីជនល្មើសនិងពេលខ្លះដោយសារតែម្ចាស់ក្រុមហ៊ុន ឬជនល្មើសគឺជាមន្ត្រីធំៗមួយចំនួនក្នុងជូររដ្ឋាភិបាលតែម្ដង៖ «ទី១រដ្ឋាភិបាលយើងគួរតែលាងខ្លួនឱ្យជាតិសាសន៍យើងមានមុខមានមាត់នៅលើឆាកអន្តរជាតិហើយបើកាលណាមានអំពើពុករលួយគឺភាពរីកចម្រើនរបស់ប្រទេសក៏មិនអាចទៅរួចដែរ។ ទី២ ត្រូវកម្ចាត់មន្ត្រីណាដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ ទី៣ ច្បាប់ក្ដី គោលនយោបាយជាតិក្តីទាក់ទងនឹងការការពារសិទ្ធិពលករនិងពលរដ្ឋដែលត្រូវប្រឈមនឹងការជួញដូរនោះត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពហើយជនរងគ្រោះត្រូវទទួលបាននូវភាពយុត្តិធម៌។ត្រូវចូលរួមធ្វើការសហការជាមួយអង្គការជាតិនិងអន្តរជាតិដែលធ្វើការលើវិស័យនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរ។ ប្រសិនបើជារដ្ឋាភិបាល គិតថារបាយការណ៍នេះគឺជា របាយការណ៍ញុះញង់អីចឹងទេ វាគឺជាកញ្ចក់ឆ្លុះឃើញមុខអាក្រក់ហើយមិនទទួលស្គាល់មុខអាក្រក់នេះទៀត»។
ការលើកឡើងនេះគឺក្រោយពេលដែលក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ ខែ មិថុនា បានចេញផ្សាយនៅរបាយការណ៍ថ្មីមួយស្ដីពីការជួញដូរមនុស្សនៅកម្ពុជា។ សហរដ្ឋអាមេរិក បានដាក់ឈ្មោះប្រទេសកម្ពុជាក្នុងលំដាក់ថ្នាក់លេខ២ ដែលមានន័យថា ប្រទេសកម្ពុជាបានប្រឹងប្រែងប្រឆាំងការជួញដូរមនុស្សបានល្អគួរសមនាពេលកន្លងទៅ ប៉ុន្តែការប្រឹងប្រែងនោះមិនទាន់បានឈានដល់កម្រិតស្តង់ដារជាអតិបរមានៅឡើយដោយសារតែអំពើពុករលួយគឺជាឧបសគ្គក្នុងការអនុវត្តច្បាប់ និងការផ្ដន្ទាទោសជនល្មើសជួញដូរមនុស្ស។
របាយការណ៍ឱ្យដឹងថា ចំនួនជនរងគ្រោះដែលត្រូវបានជួញដូរទៅក្រៅប្រទេសក្នុងឆ្នាំ២០១៨គឺបាន ថយចុះមកនៅត្រឹម ២២២នាក់ ខណៈឆ្នាំ២០១៧ មានចំនួន២៤៣នាក់។ របាយការណ៍បន្តថា ប្រទេសកម្ពុជាគឺជាប្រភពនៃការជួញដូរមនុស្សទៅកាន់ប្រទេសមួយចំនួនដូចជាម៉ាឡេស៊ី ថៃ ចិន សូម៉ាលី វៀតណាម និងអារ៉ាប៊ីសាអ៊ូឌីត ជាដើម។ ជនរងគ្រោះទាំងនោះគឺរងគ្រោះដោយការជួញដូរកម្លាំងពលកម្មដោយបង្ខំ ការចាញ់បោកមេខ្យល់តាមរយៈការរៀបអាពាហ៍ពិពាហ៍ ហើយអាជ្ញាធរមិនបានទប់ស្កាត់និងរាយការណ៍ថា ករណីទាំងនេះជាការជួញដូរផ្លូវភេទ ជាការជួញដូរកម្លាំងពលកម្មអ្វីឡើយ។
របាយការណ៍បញ្ជាក់ថា មូលហេតុសំខាន់ដែលធ្វើឱ្យពលរដ្ឋកម្ពុជាងាយរងគ្រោះដោយការជួញដូរនេះដោយសារតែកម្ពុជាខ្វះការងារធ្វើ។
ជុំវិញករណីនេះអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកការប្រឆាំងការជួញដូរមនុស្សលោកស្រី ជូ ប៊ុនអេង បានទេ ដោយទូរសព្ទមិនអាចទំនាក់ទំនងបាន។ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ និងលោក ផាតសុផានិត ព្រមទាំងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មិនទទួលទូរស័ព្ទ។
រីឯអ្នកនាំពាក្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលោក យឹម វិរៈ ប្រាប់វីអូឌី(VOD)ថា លោក សោកស្ដាយចំពោះការវាយតម្លៃរបស់អាមេរិកនេះ ដោយថា វាខុសពីកិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជាទាំងស្រុង។ ទោះជាយ៉ាង លោកថាគណៈកម្មាធិការនឹងពិនិត្យទៅលើការផ្ដល់មតិយោបល់ក្នុងរបាយការណ៍ បើទោះបីមិនពេញចិត្តចំពោះការវាយតម្លៃនេះក៏ដោយ។
មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័នការងារនិងសិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា មើលឃើញ ថា ខេត្តទាំងអស់នៃប្រទេសកម្ពុជាគឺជាប្រភពនៃការជួញដូរមនុស្សពីព្រោះខ្វះការផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយ ខ្វះការងារធ្វើ តម្លៃកសិផលចុះថោកដែលធ្វើឱ្យមានភាពក្រីក្រជំពាក់បំណុល៖ «ករណីនេះភាគច្រើនកើតនៅទីជនបទដោយសារទី១ អាជ្ញាធរមិនសូវយល់ពីបញ្ហាទាំងអស់នេះ ទី២ វាអាចពាក់ព័ន្ធក្នុងអំពើជួញដូរ ទី៣ពលរដ្ឋខ្លួនឯងអត់ទទួលបានព័ត៌មានពិតជាក់លាក់ ទី៤ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមិនបានបញ្ជ្រាបឱ្យពលរដ្ឋយល់ដឹងអំពីបញ្ហាទាំងអស់នេះ ទី៥រដ្ឋក៏មិនបានបង្កើតគោលនយោបាយដើម្បីឱ្យអាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ និងយល់ដឹងអំពីអំពើជួញដូរទាំងអស់នេះទេ។ ពេលខ្លះអាជ្ញាធរមិនដឹងថា អំពើជួញដូរមនុស្សនេះ អីម៉េចទេបណ្ដោយឱ្យក្រុមហ៊ុនទុច្ចរិតមួយចំនួនចុះទៅឃោសនាបោកប្រាស់ពលរដ្ឋអីជាដើម»។
នៅក្នុងរបាយការណ៍របស់ក្រសួងការបរទេសបានផ្ដល់អនុសាសន៍ដល់របបលោកក្រុងភ្នំពេញ ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស។ អនុសាសន៍ទាំងនោះ មានដូចជាឱ្យការគោរពតាមនីតិវិធីស៊ើបអង្កេតដ៏ត្រឹមត្រូវមួយ និងដោយយកចិត្តទុកដាក់ ហើយត្រូវចាប់ជនល្មើសដែលជួញដូរមនុស្សនិងជួញដូរផ្លូវភេទទៅផ្ដន្ទាទោសឱ្យបានតឹងរ៉ឹងបំផុត។ មន្ត្រីនគរបាលស៊ើបអង្កេតត្រូវមានបច្ចេកទេសស៊ើបអង្កេតសម្ងាត់សម្រាប់ប្រតិបត្តិការប្រឆាំងនឹងការជួញដូរ។ ពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តច្បាប់ឱ្យបានពេញលេញនៅទូទាំងប្រទេសសម្រាប់ការកំណត់អត្តសញ្ញាណជនរងគ្រោះ។ បង្កើនការត្រួតពិនិត្យនៅកន្លែងការងាររាប់ទាំងកម្មករឡឥដ្ឋផងដែរ។ បង្កើនលទ្ធភាពផ្ដល់សេវាសម្រាប់ជួយជនរងគ្រោះ ជាពិសេសបុរស និងក្មេងប្រុសដែលបានធ្វើអាជីវកម្មនៅក្នុងដែននេសាទ។ បង្កើនការត្រួតពិនិត្យទៅលើស្ថាប័នផ្ដល់ប្រាក់កម្ចីរួមទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុឯកជនដើម្បីកាត់បន្ថយភាពងាយរងគ្រោះចំពោះការបង្ខិតបង្ខំសងបំណុលហើយធ្វើឱ្យកូនៗរបស់ពួកត្រូវបង្ខំចិត្តលក់កម្លាំងពលកម្ម។
សហរដ្ឋអាម៉េរិកផ្ដល់អនុសាសន៍បន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជាត្រូវបង្កើនការខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តការចូលរួមរបស់ជនរងគ្រោះក្នុងដំណើរការក្ដីក្នុងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីនិង ការផ្តល់ការងារឱ្យធ្វើនឹងកន្លែង ស្នាក់នៅបណ្ដោះអាសន្ន។ បែងចែកធនធានដើម្បីអនុវត្តនីតិវិធីនៃការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។ ត្រូវពង្រឹងបេសកកម្មការទូតជាមួយប្រទេសពាក់ព័ន្ធនានាដើម្បីជួយជនរងគ្រោះជនរងគ្រោះកម្ពុជានៅបរទេសរួមទាំងប្រទេសគ្មានតំណាងអង្គទូតកម្ពុជាជាដើម។ ពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីត្រួតពិនិត្យភ្នាក់ងារជ្រើសរើសពលករឯកជននិងឈ្មួញកណ្ដាលដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ឬគ្មានអាជ្ញាប័ណ្ណសម្រាប់ជ្រើសរើសយកទៅធ្វើការនៅក្រៅប្រទេស ដើម្បីជៀសវាងការក្លែងបន្លំនិងការជួញដូរផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
