ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តស្វាយរៀង អះអាងដោយការសង្ស័យថា ប្តីរបស់លោកស្រី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរយៈពេលពីរសប្តាហ៍ហើយ ប៉ុន្តែសមត្ថកិច្ចបានលាក់បាំងមិនឱ្យលោកស្រីដឹងថា ប្តីកំពុងជាប់ឃុំនៅទីណាឡើយ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា មានចំណាត់ការរបស់សមត្ថកិច្ចបែបនេះ គឺជាការរំលោភបំពានច្បាប់ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ប្រពន្ធរបស់សកម្មជនបក្សសង្គ្រោះជាតិនៅខេត្តស្វាយរៀង លោកស្រី កែវ នី ប្រាប់អាស៊ីសេរីថា ប្តីរបស់លោកស្រី ឈ្មោះ មុំ នឿន បានបាត់ខ្លួនពីផ្ទះតាំងពីថ្ងៃទី២៦ ខែមេសាមក ដោយមិនដឹងថា ស្លាប់ឬនៅរស់ ឬកំពុងជាប់ឃុំឃាំងនៅទីណាឡើយ។
លោកស្រីរៀបរាប់ថា នៅព្រឹកថ្ងៃទី២៦ ខែមេសា ប្តីលោកស្រីបានឱ្យកូនប្រុសជូនទៅពេទ្យព្យាបាលជំងឺក្រពះពោះវៀន បន្ទាប់មកគាត់បានឱ្យកូនត្រឡប់ទៅផ្ទះវិញ ដោយប្រាប់ថា មានអ្នកស្គាល់គ្នាណាត់គាត់ទៅជួប។ លុះនៅព្រលប់ថ្ងៃដដែលនោះ ប្តីបានទូរស័ព្ទប្រាប់លោកស្រីទាំងទួញសោកថា ឱ្យជួយគាត់ផង ព្រោះសមត្ថកិច្ចបានចាប់ខ្លួនគាត់ និងសម្រាតខោអាវនៅសល់តែខោលីអូប៉ុណ្ណោះ ហើយមិនដឹងថា ស្ថិតនៅទីណានោះទេ៖ «ពេលឡើងដេក ស្រាប់តែគាត់តេមកប្រាប់ខ្ញុំយំផងអីផងថា យាយអើយជួយខ្ញុំផង ខ្ញុំចាញ់បោកគេហើយ គេចាប់គាត់ចងហើយដាក់បោះលើឡាន។ ខ្ញុំសួរថា គេចាប់នៅទីណា ចាំព្រឹកខ្ញុំទៅរក។ គាត់ប្រាប់ថា មិនដឹងទេយាយអើយវង្វេងអស់ហើយ។ គាត់ថា អ្នកចាប់ជាឡានប៉ូលិសជាក្រុមប៉ូលិស ហើយខ្ញុំសួរថា គេចាប់រឿងអី ? គាត់ថា រឿងនយោបាយ ហើយដាច់ទូរស័ព្ទទៅ»។
ភរិយារបស់សកម្មជនបក្សប្រឆាំងរូបនេះ បានប្តឹងទៅអាជ្ញាធរភូមិ-ឃុំដែរ ប៉ុន្តែអាជ្ញាធរមូលដ្ឋានឆ្លើយថា មិនបានដឹងដំណឹងប្តីលោកស្រីនោះទេ។
លោកស្រី កែវ នី បន្តថា រហូតដល់ថ្ងៃទី៣០ ខែមេសាកន្លងទៅ ប្តីលោកស្រីបានទូរស័ព្ទមកលោកស្រីម្តងទៀតដោយប្រាប់ថា គាត់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ឬ''ម៣'' ស្ថិតក្នុង ខេត្តត្បូងឃ្មុំ ហើយអ្នកចាប់គឺជាមន្ត្រីកងរាជអាវុធហត្ថ។ ពេលបានដំណឹងនេះ លោកស្រី និងកូនៗ បានជិះម៉ូតូទៅពន្ធនាគារត្រពាំងផ្លុងនោះ ប៉ុន្តែមន្ត្រីពន្ធនាគារ ប្រាប់ថា ពុំមានឈ្មោះប្តីលោកស្រីនៅក្នុងពន្ធនាគារនេះទេ។ បន្ទាប់មកលោកស្រី បានជិះម៉ូតូតាមរកប្តី តាមពន្ធនាគារក្នុងខេត្តផ្សេងៗទៀតដូចជាពន្ធនាគារខេត្តព្រៃវែង និងខេត្តកំពង់ចាមជាដើម ប៉ុន្តែមន្ត្រីពន្ធនាគារទាំងនោះ បានឆ្លើយតបដូចៗ គ្នាថា ពុំមានឈ្មោះប្តីលោកស្រីក្នុងពន្ធនាគារនោះទេ។ លោកស្រីនិយាយទាំងក្ដុកក្ដួលថា ប្តីលោកស្រីមិនបានប្រព្រឹត្តអ្វីខុសច្បាប់នោះទេ ហើយក៏មិនបានធ្វើសកម្មនយោបាយអ្វីដែរ ចាប់តាំងពីរំលាយគណបក្សសង្គ្រោះជាតិមក ដូច្នេះលោកស្រីមិនយល់ឡើយ ហេតុអ្វីសមត្ថកិច្ច ចាប់ប្តីលោកស្រីទៅឃុំឃាំងទាំងអាថ៌កំបាំង បែបនេះ៖ «ខ្ញុំបារម្ភមែនទែនហ្មង ព្រោះរកមិនឃើញ។ កូនៗរកឡើងអស់ចិត្តហើយ រកឡើងឆ្អែតមានទាំងបងប្អូនជួយរកទៀត ក៏រកមិនឃើញ។ បើគេចាប់មែនដូចជា អាក្រក់ណាស់ មិនឱ្យប្រពន្ធកូនដឹងសោះ ទោះដាក់ពាក្យបណ្តឹងអស់ហើយនៅតែរកមិនឃើញ។ ខ្ញុំខ្លាចតែគេវាយធ្វើបាបអីទៅ ហើយគាត់ឈឺផង ក្រែងគាត់ស្លាប់អីទៅគេយកទៅបោះចោល អ៊ីចឹងហា»។
លោក មុំ នឿន មានអាយុ ៥០ឆ្នាំ រស់នៅភូមិត្រកៀបក្តាម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ លោក មុំ នឿន គឺជាមន្ត្រីសន្តិសុខរបស់គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង កាលពីគណបក្សប្រឆាំងដ៏ធំមួយនេះ មិនទាន់រំលាយ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា លោកមិនទាន់បានដឹងព័ត៌មាននៃការចាប់ខ្លួនបុគ្គលឈ្មោះ មុំ នឿន នេះនៅឡើយទេ ហើយលោក ក៏មិនសុំបកស្រាយដែរចំពោះការអនុវត្តច្បាប់របស់សមត្ថកិច្ចដែលមិនបានជូនដំណឹងទៅក្រុមគ្រួសារបែបនេះ។ លោកបញ្ជាក់ថា លោកនឹងស្រាវជ្រាវករណីនេះ ប្រសិនបើមានបណ្ដឹង ពីគ្រួសារជនសង្ស័យ ប៉ុន្តែលោក នឹងមិនស្រាវជ្រាវករណីនេះ តាមការសួរនាំរបស់អាស៊ីសេរីឡើយ៖ «អនុវត្តច្បាប់ ខ្ញុំអត់ទៅបំភ្លឺអីចឹងទេ ។ធម្មតាទេ បើសិនជាគ្រួសារ ខ្ញុំមានរឿងអ៊ីចឹង គឺពិបាកចិត្តដូចគ្នា តែឱ្យសមត្ថកិច្ច ទោស គេប្រាប់អស់ហើយ ម៉េចបានតែដល់ពេល គេចាប់ខ្លួនគេអនុវត្តដីកាគេអូសមកហើយ។ ឥឡូវប្តីខ្លួនឯង ប្រាប់ថា នៅ '' ម៣ '' ហើយទៅរកមិនឃើញ ចាំគិតគួរទៀតទៅ ចាំមើលៗ។ គាត់ត្រូវទៅប្តឹងសមត្ថកិច្ចណា ដែលចាប់ខ្លួនប្តីរបស់គាត់ ហើយបើថា នៅ '' ម៣ '' អត់ឃើញទេ សុំឆែកឡើងវិញទៅ ដូចជាសុំទៅខាងតុលាការអីចឹងទៅ»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ថ្លែងថា លោក ក៏មិនទាន់បានដឹងព័ត៌មាននេះដែរ ហើយលោកណែនាំឱ្យគ្រួសារសកម្មជនបក្សប្រឆាំងរូបនេះ ដាក់ពាក្យសួរនាំខាងអង្គភាពកងរាជអាវុធហត្ថ ប្រសិនបើពិតជាមានមន្ត្រីកងរាជអាវុធហត្ថ ឃាត់ខ្លួនមែន៖ «មិនមែនទៅឃាត់ខ្លួនគេហើយបញ្ជូនទៅស្រេចតែចិត្តទេ ហើយគឺទាល់តែមានបទល្មើស ហើយបើមានបទល្មើស គឺត្រូវឃាត់ហើយបញ្ជូនទៅតុលាការ ដើម្បីឱ្យតុលាការចោទ។ នៅពេលចោទហើយបើសិនជាតុលាការ ចេញដីកាមកឃុំខ្លួនបណ្ដោះអាសន្នទើបបញ្ជូនចេញទៅឃុំ។ យើងមិនដឹងថា អ្នកណាឃាត់គាត់ពិតប្រាកដ ហើយគាត់ចេះ តែឆ្លើយរបៀបម៉េចក៏យើងមិនទាន់ដឹងដែរ»។
ចំណែកអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា សន្យាថា លោកនឹងស្រាវជ្រាវរកជនជាប់ឃុំឈ្មោះ មុំ នឿន នេះ ហើយនឹងឆ្លើយតបជាមួយអាស៊ីសេរី នៅថ្ងៃទី១០ ខែឧសភា។
យុទ្ធនាការចាប់ចងមន្ត្រីមូលដ្ឋានគណបក្សសង្គ្រោះជាតិ បានកម្រើកឡើងវិញ ស្របពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ គិតពីខែមករា មកដល់ថ្ងៃទី២២ មេសា អាជ្ញាធរបានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១៣នាក់ហើយ បើរាប់បញ្ចូលទាំងករណីលោក មុំ នឿន ម្នាក់ទៀត។ ក្នុងចំណោម១៣នាក់នេះ មាន១២នាក់ កំពុងជាប់ពន្ធនាគារ ហើយម្នាក់ទៀតស្ថិត នៅក្រៅឃុំ ដោយសារសកម្មជនរូបនោះធ្លាក់ខ្លួនឈឺធ្ងន់ ក្រោយប៉ូលិសចាប់ខ្លួនគាត់ទាំងកម្រោល។ ភាគច្រើននៃករណីចាប់ខ្លួននេះ សមត្ថកិច្ចមិនបានបង្ហាញដីកាចាប់ខ្លួនឡើយ ហើយករណីខ្លះទៀតសមត្ថកិច្ចបានប្រើល្បិចបញ្ឆោតឱ្យពួកគេទៅជួបអ្នកនេះ ឬអ្នកនោះ រួចក៏ចាប់ខ្លួនតែម្ដង។ ករណីមួយចំនួនទៀត ប៉ូលិសចាប់មនុស្សទៅបាត់ដោយគ្មានផ្តល់ដំណឹងដល់ក្រុមគ្រួសាររបស់គេនោះទេ ទាល់តែសកម្មជនទាំងនោះទូរស័ព្ទមកប្រាប់វិញ ទើបគ្រួសារដឹងថា ពួកគាត់កំពុងជាប់ឃុំនៅពន្ធនាគារ។ តុលាការបានចោទប្រកាន់ក្រុមមន្ត្រី និងសកម្មជនបក្សសង្គ្រោះជាតិទាំងនេះ ប្រហាក់ប្រហែលគ្នាពីបទរួមគំនិតក្បត់ជាតិ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ដែលចុះស្រាវជ្រាវករណីនេះដល់ផ្ទះគ្រួសារលោក មុំ នឿន មានប្រសាសន៍ថា បើមានចំណាត់ការរបស់សមត្ថកិច្ចបែបនេះមែន គឺជាការ រំលោភបំពានច្បាប់ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក ស៊ឹង សែនករុណា ពន្យល់ថា តាមផ្លូវច្បាប់ ជនណាក៏ដោយដែលត្រូវបានមន្ត្រីនគរបាល ចាប់ខ្លួន ឬឃាត់ខ្លួន គឺពួកគេ ត្រូវមានសិទ្ធិមួយចំនួនដើម្បីការពារខ្លួន ដែលសិទ្ធិទាំងនោះជាសិទ្ធិ សំខាន់ និងមិនត្រូវបានបំពាន ឬដកហូតបានឡើយ។ សិទ្ធិទាំងនោះ គឺរួមមានសិទ្ធិដឹងពីមូលហេតុចាប់ ឬឃាត់ខ្លួន សិទ្ធិមានជំនួយមេធាវី និងជួបក្រុមគ្រួសារ ក្រោយការចាប់ខ្លួនឬឃាត់ខ្លួន រយៈ ពេល២៤ម៉ោង សិទ្ធិមានជំនួយពីគ្រូពេទ្យ និងសិទ្ធិមិនត្រូវបានឃាត់ខ្លួនហួសកំណត់រយៈពេល ៤៨ម៉ោងជាដើម៖ «ត្រូវមានវិធានការទៅលើមន្ត្រីរូបណា ដែលអនុវត្តច្បាប់ដែលមិនគោរពទៅតាមនីតិវិធីច្បាប់បែបនេះ ដើម្បីជៀសវាងនាំឱ្យមានការថ្កោលទោស និងមាន ការបាត់បត់ជំនឿទុកចិត្តពីមហាជនបន្តទៀត ព្រោះយើងឃើញថា រឿងទាំងអស់នេះ ហាក់ដូចជាធ្វើឡើងមិនត្រឹមត្រូវ ហើយនៅតែបន្តកើតឡើងទៅទៀត។ នាពេលកន្លងមក យើងក៏ឃើញដែរថា មានការចាប់ខ្លួនសកម្មជនជំទាស់នេះដូចជានៅព្រៃវែងជាដើម គឺទម្រាំតែក្រុមគ្រួសារគាត់បានដឹងអំពីវត្តមានរបស់គាត់ នេះគឺធ្វើឱ្យពួកគាត់បារម្ភអំពីសុខទុក្ខរបស់ គ្រូសារគាត់ដោយមិនដឹងថា នៅទីណា។ នេះជារបៀប ធ្វើការមួយដែលមិនគោរពទៅតាមច្បាប់។ អ្នកដែលមានតួនាទីត្រួតពិនិត្យសូមមេត្តាត្រួតរឿងនេះ ឡើងវិញ»។
លោក ស៊ឹង សែនករុណា ព្រួយបារម្ភថា បន្តយាយី និងការចាប់ចងមន្ត្រីបក្សប្រឆាំងបែបនេះ នឹងកាន់តែធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិ រិះគន់ និងដាក់សម្ពាធលើកម្ពុជាបន្ថែមទៀត ព្រោះពួកគេ យល់ថា ទង្វើទាំងនេះ ផ្ទុយពីគោលការណ៍គោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យដែល មានចែងក្នុងរដ្ឋធម្មនុញ្ញ។
កាលពីពេលថ្មីៗនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏ពិនិត្យឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងប្រើប្រាស់ការរាតត្បាតជំងឺកូវីដ-១៩ ដោយមិនត្រឹមត្រូវ ដើម្បីបំបិទមាត់សកម្មជនបក្សប្រឆាំង និងអ្នកបញ្ចេញទុក្ខកង្វល់អំពីជំងឺថ្មីនេះ ព្រមទាំងអ្នកហ៊ានរិះគន់វិធានការរបស់រដ្ឋាភិបាល។ អង្គការអន្តរជាតិមួយនេះ បន្តថា រដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ឈប់ទង្វើរំលោភ បំពានលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋតាមទំនើងចិត្តតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។