អង្គការ លីកាដូ នឹង​ចុះ​ស្រាវជ្រាវ​ករណី​ក្មេង​ស្រី​ម្នាក់​នៅ​ខេត្ត​កណ្ដាល​ដាច់​ដៃ​ម្ខាង​ចូល​ក្នុង​ម៉ាស៊ីន​កិន​ដី​ធ្វើ​ឥដ្ឋ

ដោយ សេក បណ្ឌិត
2019-03-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កុមារី ឆេង ស្រី​ភ័ក្រ អាយុ ៩ឆ្នាំ ដែល​ម៉ាស៊ីន​កិន​ដី​ធ្វើ​ឥដ្ឋ កិន​ដាច់​ដៃ​ម្ខាង ត្រូវ​បាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា។
កុមារី ឆេង ស្រី​ភ័ក្រ អាយុ ៩ឆ្នាំ ដែល​ម៉ាស៊ីន​កិន​ដី​ធ្វើ​ឥដ្ឋ កិន​ដាច់​ដៃ​ម្ខាង ត្រូវ​បាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា។
រូបថត៖ ហ្វេសប៊ុក Theuon Vuthy

មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) ថា ខ្លួន​នឹង​ចុះទៅ​ស្រាវ​ជ្រាវ​ករណី​ក្មេង​ស្រី​ម្នាក់​នៅ​ខេត្ត​កណ្ដាល​ដាច់​ដៃ​ម្ខាង​ចូល​ក្នុង​ម៉ាស៊ីន​កិន​ដី​ធ្វើ​ឥដ្ឋ។ ការ​លើក​ឡើង​បែប​នេះ គឺ​ក្រោយ​ពេល​អង្គការ លីកាដូ ទទួល​ព័ត៌មាន​ថា ក្មេង​ស្រី​អាយុ ៩ឆ្នាំ​ម្នាក់​បាន​រអិល​ធ្លាក់​ចូល​ម៉ាស៊ីន​កិន​ដី បណ្តាល​ឱ្យ​ដាច់​ដៃ​ស្កាំ​ម្ខាង​ត្រឹម​ក្លៀក។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំ​មើល​សិទ្ធិមនុស្ស លីកាដូ ប្រាប់​ថា អង្គការ​របស់​លោក​បាន​ទទួល​បាន​ព័ត៌មាន​នៃ​ករណី​គ្រោះថ្នាក់​ក្មេង​ស្រី​ម្នាក់ អាយុ ៩ឆ្នាំ ឈ្មោះ ឆេង ស្រី​ភ័ក្រ ដែល​ជា​កូន​ស្រី​កម្មករ​ធ្វើ​ការ​នៅ​សិប្បកម្ម​ឡ​ឥដ្ឋ បាន​រអិល​ធ្លាក់​ចូល​ម៉ាស៊ីន​កិន​ដី​បណ្ដាល​ឱ្យ​ដាច់​ដៃ​ស្តាំ​ម្ខាង ត្រឹម​ក្លៀក ក្នុង​ពេល​បញ្ចូល​ដី​ទៅ​ក្នុង​ម៉ាស៊ីន​ជាមួយ​ឪពុក​ម្ដាយ កាល​ពី​ព្រឹក​ថ្ងៃ​ទី៩ ខែ​មីនា។ លោក​បន្ត​ថា លោក​ឲ្យ​ដឹង​ទៀត​ថា នៅថ្ងៃទី១១ ខែ​មីនា​ស្អែក​នេះ ក្រុម​មន្ត្រី​របស់​លោក​នឹង​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​ទីតាំង​កើត​ហេតុ និង​មន្ទីរពេទ្យ ដែល​ព្យាបាល​ក្មេង​ស្រី​នោះ៖ «»

លោក អំ សំអាត អង្គការ លីកាដូ ទទួល​ព័ត៌មាន​ថា ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​កន្លែង​ឋិត​នៅ​ភូមិ​ព្រះប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។ លោក​បន្ត​ថា ក្រោយ​កើត​ហេតុ​កម្មករ​ឡ​ឥដ្ឋ​នៅ​ក្បែរ​នោះ​បាន​នាំ​កុមារ​រង​គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ប៉ុន្តែ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​ពេទ្យ​រាជធានី​ភ្នំពេញ។

អាស៊ី​សេរី​បាន​ព្យាយាម​ទូរស័ព្ទ​ជា​ច្រើន​ដង​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ករណី​នេះ ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី១០ ខែ​មីនា។

ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បញ្ជាក់​ថា​ ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល លោក ធុល នាង បាន​ដឹង​ពី​ករណី​នេះ ហើយ​ថែម​ទាំង​បាន​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទៅ​ស្រាវជ្រាវ​បន្ថែម។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ ឲ្យ​ដឹង​ថា​កន្លង​មក ក៏​ធ្លាប់​កើត​មាន​ករណី​កុមារ​ធ្វើ​ការងារ​នៅ​សិប្បកម្ម​ឡ​ឥដ្ឋ​ជួប​គ្រោះថ្នាក់​បែប​នេះ​ដែរ។ លោក​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​បញ្ហា​នេះ ព្រោះ​នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​ជា​កន្លែង​គ្រោះថ្នាក់​គ្មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ត្រឹម​ត្រូវ៖ «»

តាម​ច្បាប់​ការងារ​មិន​អនុញ្ញាត​ឱ្យ​កុមារ​អាយុ​ក្រោម ១៨ឆ្នាំ​បម្រើ​ការងារ​នៅ​តាម​រោងចក្រ សហគ្រាស​ឬ​សិប្បកម្ម​ឡ​ឥដ្ឋ​ទេ។ របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស លីកាដូ (LICADHO) កាល​ពី​ចុង​ឆ្នាំ​២០១៦ ដែល​និយាយ​ពី​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ​ជា​ប្រភេទ​ការងារ​ខុស​ច្បាប់ ដោយ​យោង​តាម​ច្បាប់​របស់​កម្ពុជា និង​សន្ធិសញ្ញា​អន្តរជាតិ។ របាយការណ៍​ដដែល​លើក​ឡើង​ទៀត​ថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ជា​ការ​អនុវត្ត​ស្រដៀង​គ្នា​ទៅ​នឹង​ទាស ភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល