កម្មករម្នាក់ ដែលជាប្រធានសហជីព ប្រចាំក្រុមហ៊ុន សេងបូ ហ្គាមិន (Shengbo Garment) ស្ថិតនៅភូមិពោធិ៍កោង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៦ វិច្ឆិកាធ្វើកូដកម្ម នៅខាងមុខក្រុមហ៊ុន ដើម្បីទាមទារឲ្យថៅកែទទួលយករូបគាត់ចូលធ្វើការវិញ។
កូដករ ជាប្រធានសហជីព ឈរកាន់បដាពណ៌ស សរសេរថា សូមបញ្ឈប់ការរើសអើងសហជីព។ នៅអំឡុងពេល ឈរលើកបដានៅមុខក្រុមហ៊ុននោះ សន្តិសុខក្រុមហ៊ុន សេង បូ បានមកថតរូបប្រធានសហជីពរូបនោះផងដែរ។
ប្រធានសហជីព ប្រចាំក្រុមហ៊ុន សេងបូ ហ្គាមិន អ្នកស្រី រឿន កូលាប ថ្លែងក្នុងការផ្សាយបន្តផ្ទាល់លើទំព័រហ្វេសប៊ុករបស់សហព័ន្ធសហជីពសេរីកម្មករថា នៅក្នុងក្រុមហ៊ុន សេងបូ មិនធ្លាប់មានការបង្កើតសហជីព ដើម្បីការពារសិទ្ធិកម្មករពីមុនមកនោះទេ។ អ្នកស្រីបន្តថា ដោយឃើញពីទុក្ខលំបាកកម្មករនៅក្នុងក្រុមហ៊ុន ដូចជា ការបើកប្រាក់ខែមិនគ្រប់ចំនួន ការបើកប្រាក់ខែមកបានក្រដាសប្រាក់ទក់ ឬរហែកជាដើម កម្មករតែងស្នើសុំឲ្យរដ្ឋបាលក្រុមហ៊ុនឲ្យដោះស្រាយ ប៉ុន្តែគ្មានដំណោះស្រាយអ្វីនោះទេ ថែមទាំងគំរាមបញ្ឈប់កម្មករពីការងារទៀត ។
កាលពីថ្ងៃទី២៧ តុលា មុនពេលកូដករធ្វើកូដកម្មនៅនេះ ពួកគាត់បានជូនដំណឹងដល់ថៅកែក្រុមហ៊ុនអំពីការធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនទទួលយកប្រធាន និងអនុប្រធានសហជីពប្រចាំក្រុមហ៊ុន សេងបូ ឲ្យចូលធ្វើការវិញ ។ នៅថ្ងៃទី៦ វិច្ឆិកា ក្រុមហ៊ុនបានអនុញ្ញាតឲ្យអនុប្រធានសហជីពប្រចាំក្រុមហ៊ុន សេងបូ លោក ហាក់ ហៀង ចូលធ្វើការវិញ ហើយអ្នកស្រី រឿន កូលាប នៅបន្តធ្វើកូដកម្មតែម្នាក់ឯង ។
ឆ្លើយតបចំពោះការធ្វើកូដកម្មនេះ ប្រធានផ្នែករដ្ឋបាល នៃក្រុមហ៊ុន សេងបូ ហ្គាមិន លោក អាំ មន្នី ប្រាប់វិទ្យុអាស៊ីសេរីថា អ្នកស្រី រឿន កូលាប មិនបានជូនដំណឹងផ្ទាល់មាត់ ឬលាយលក្ខណ៍អក្សរពីការ ដែលត្រូវបានជ្រើសរើសជាតំណាងសហជីពនោះទេ តែករណីតំណាងសហជីពពិតប្រាកដ គឺលោក ហាក់ ហៀង ដែលបានការពារដោយច្បាប់ គឺត្រូវបានក្រុមហ៊ុនអនុញ្ញាតឲ្យចូលធ្វើការវិញហើយ។ លោកបញ្ជាក់ថា ការបញ្ឈប់អ្នកស្រី រឿន កូលាប នេះមិនជាប់ពាក់ព័ន្ធនឹងការរើសអើងសហជីពអ្វីនោះទេ ហើយមូលហេតុ ដែលឈានដល់ការបញ្ឈប់អ្នកស្រី រឿន កូលាប បណ្ដាលមកពីអ្នកស្រីធ្វើការមិនគ្រប់ចំនួនដូចកម្មករដទៃតែប៉ុណ្ណោះ។
សហព័ន្ធសហជីពសេរីកម្មករ នៅថ្ងៃទី៦វិច្ឆិកា បានបង្ហោះរូបភាពធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុន សេងបូ ហ្គាមិន នៅលើទំព័រហ្វេសប៊ុក និងបានចាត់ទុកការបញ្ឈប់ថ្នាក់ដឹកនាំសហជីពអ្នកស្រី រឿន កូលាប ជាការធ្វើទុក្ខបុកម្នេញលើសកម្មជន និងថ្នាក់ដឹកនាំសហជីពនៅកន្លែងការងារ។ សហព័ន្ធសហជីពសេរីកម្មករ ស្នើរដ្ឋមន្ត្រីក្រសួងការងារ អន្តរាគមន៍ដោះស្រាយការរើសអើងសហជីពនៅកន្លែងការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។