អាដហុក​នៅ​ពោធិ៍សាត់​គ្រោង​ចុះ​អង្កេត​រឿង​ហាម​ពលរដ្ឋ​មិន​ឲ្យ​ស្ដាប់​វិទ្យុ​បរទេស

មន្ត្រី​សមាគម​អាដហុក (Adhoc) ខេត្ត​ពោធិ៍សាត់ គ្រោង​ចុះ​អង្កេត​ករណី​អាជ្ញាធរ​គំរាមកំហែង និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​​​នៅ​ក្នុង​ខេត្ត​នេះ។ គម្រោង​ចុះ​អង្កេត​នេះ គឺ​បន្ទាប់​ពី​សមាគម​អាដហុក ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ​ថា មាន​ប្រជា​ការពារ​ភូមិ និង​អាជ្ញាធរ​មួយ​ចំនួន​មិន​ឲ្យ​ពលរដ្ឋ​ស្ដាប់​វិទ្យុ​អាស៊ីសេរី (RFA) ឬ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ដោយ​អះអាង​ថា វិទ្យុ​ទាំង​នោះ​មិន​ឯករាជ្យ។

0:00 / 0:00

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​តុលា ថា ប្រសិន​បើ​ការ​ចុះ​អង្កេត​របស់​លោក​នៅ​ក្រោយ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នោះ បាន​រក​ឃើញ​ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​មែន​ លោក​នឹង​សរសេរ​របាយការណ៍​មួយ​ទៅ​កាន់​សាលា​ខេត្ត​ពោធិ៍សាត់ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ហា​នេះ​ជា​បន្ទាន់។

លោក ភួង សុធា៖ «មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ស្រុក​បាកាន ស្រុក​កណ្ដៀង ស្រុក​ក្រគរ ទៅ​សួរ​គាត់​ថា ស្ដាប់​វិទ្យុ​អាស៊ីសេរី ឬ​មួយ​ក៏ វី.អូ.អេ ថា​អ៊ីចឹង​ទៅ​វា​មិន​ឯករាជ្យ​ទេ មាន​តែ​វិទ្យុ​បាយ័ន ឬ​មួយ​ក៏​ទូរទស្សន៍​បាយ័ន​ទេ បាន​វា​ឯករាជ្យ​អ៊ីចឹង​ទៅ​ណា!»

លោក​បញ្ជាក់​ថា ប្រភព​ព័ត៌មាន​ដែល​លោក​ទទួល​បាន គឺ​ចេញ​មក​ពី​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ដូច​ជា​ស្រុក​កណ្ដៀង បាកាន ក្រគរ និង​ស្រុក​ភ្នំក្រវាញ ក៏​ប៉ុន្តែ​ប្រភព​ព័ត៌មាន​ទាំង​នោះ​សុំ​មិន​ឲ្យ​បញ្ជាក់​អត្តសញ្ញាណ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ សុខា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ​ជាមួយ​វិទ្យុ​អាស៊ីសេរី តាម​រយៈ​ទូរស័ព្ទ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​តុលា។

ទោះ​ជា​យ៉ាង​ណា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ពោធិ៍សាត់ លោក ឡាយ ចេងលាង ថ្លែង​ថា កន្លង​មក​មាន​ការ​រឹត​បន្តឹង​ចំពោះ​អ្នក​សារព័ត៌មាន​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​វិជ្ជាជីវៈ​របស់​ខ្លួន ក៏​ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ អាជ្ញាធរ​មិន​ដែល​បាន​រឹតត្បិត ឬ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ស្ដាប់​វិទ្យុ​ណា​នោះ​ទេ៖ «អត់​ទេ! វា​មិន​ដែល​ហាម​ឃាត់​អី​ទេ វិទ្យុ​រៀងៗ​ខ្លួន មាន​អ្នក​ណា​គេ​ហាម​ឃាត់។ រាល់​ពេល​វា​គ្មាន​អ្នក​ណា​ហាម​ឃាត់​ទេ មិន​សមហេតុសមផល​ទេ មិន​ត្រឹមត្រូវ​ទេ​អ្នក​និយាយ»

អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា នៅ​ប្រទេស​កម្ពុជា ពុំ​មាន​ទូរទស្សន៍​ឯករាជ្យ​នោះ​ទេ ហើយ​វិទ្យុ​នៅ​ក្នុង​ស្រុក​ដែល​មាន​ការ​ផ្សាយ​ឯករាជ្យ​នោះ គឺ​មាន​តែ ២ ឬ ៣​ប៉ុណ្ណោះ។ ប្រជាពលរដ្ឋ​ពិបាក​ស្វែង​រក​ប្រភព​ព័ត៌មាន​ដែល​ឯករាជ្យ និង​ច្បាស់​ការណ៍​ដើម្បី​ស្ដាប់ ឬ​អាន​ណាស់ ដូច្នេះ​ពួក​គាត់​តែងតែ​បើក​មើល និង​ស្ដាប់​ពី​បណ្ដាញ​ផ្សព្វផ្សាយ​អន្តរជាតិ។

លោក កែម ឡី៖ «ការ​បិទ​ព័ត៌មាន ការ​មិន​ឲ្យ​ស្ដាប់​ព័ត៌មាន ទោះ​ជា​ជ្រុង​ណា​ក៏​ដោយ វា​ជា​គ្រោះ​ថ្នាក់​មួយ​ទៅ​ដល់​ស្រុក​ទេស ព្រោះ​ប្រទេស​ខ្មែរ​ត្រូវ​ការ​ស្ដាប់​ព័ត៌មាន​ឯករាជ្យ។ ព័ត៌មាន​ដែល​មាន​គុណភាព ព័ត៌មាន​ដែល​អាច​យក​ទៅ​ប្រើប្រាស់​បាន មិន​មែន​ស្ដាប់​ព័ត៌មាន​ដែល​លំអៀង ឬ​ក៏​ព័ត៌មាន​ដែល​ពុំ​មាន​គុណភាព ឬ​ក៏​ព័ត៌មាន​ដែល​អត់​ប្រយោជន៍​មិន​អាច​យក​ទៅ​ស្ដាប់​បាន»

លោក​បញ្ជាក់​ថា ដើម្បី​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​ទទួល​​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ទី​១ រដ្ឋាភិបាល​ត្រូវ​តែ​បង្កើត​ឲ្យ​មាន​ច្បាប់​ស្ដី​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ទី​២ បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ត្រូវ​តែ​ពង្រីក​វិសាលភាព​របស់​ខ្លួន និង​ទី​៣ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ត្រូវ​តែ​បើក​ចំហ ហើយ​ពង្រឹង​គុណភាព​ព័ត៌មាន​របស់​ខ្លួន។

យោង​តាម​សៀវភៅ​សុខភាព​ប្រជាសាស្ត្រ​របស់​ក្រសួង​សុខាភិបាល ឆ្នាំ​២០១០ មាន​ប្រជាពលរដ្ឋ​បាន​ទទួល​ព័ត៌មាន ១​ដង ក្នុង​១​សប្ដាហ៍ ពោល​គឺ ៦០​ភាគ​រយ បាន​ទស្សនា​តាម​រយៈ​កញ្ចក់​ទូរទស្សន៍ ៤០​ភាគយក ស្ដាប់​វិទ្យុ និង ១៦​ភាគរយ អាន​កាសែត ទស្សនាវដ្ដី ឬ​ព្រឹត្តិបត្រ​ព័ត៌មាន​ផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។