អង្គការ​​លើក​លែង​​ទោស​​អន្តរជាតិ​​រក​ឃើញ​ថា​ កម្ពុជា​​មាន​​ករណី​​រំលោភ​សិទ្ធិ​មនុស្ស​​ធ្ងន់ធ្ងរ​​ក្នុង​ឆ្នាំ២០២០​

ដោយ សុជីវី
2021-04-08
Share
អង្គការ​​លើក​លែង​​ទោស​​អន្តរជាតិ​​រក​ឃើញ​ថា​ កម្ពុជា​​មាន​​ករណី​​រំលោភ​សិទ្ធិ​មនុស្ស​​ធ្ងន់ធ្ងរ​​ក្នុង​ឆ្នាំ២០២០​ អ្នកសង្កេតការជាតិនិងអន្តរជាតិឃ្លាំមើលការកាត់ទោសសមាជិកគណបក្សសង្គ្រោះជាតិនៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ។
រូប៖ គេ​ផ្ដល់​ឱ្យ

ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​ក្នុង​ឆ្នាំ២០២០ នៅ​តែយ៉ាប់យ៉ឺន​ខ្លាំង ដោយសារ​តែ​ការ​រំលោភ​បំពាន​របស់​អាជ្ញាធរ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅលើ​ប្រជាពលរដ្ឋ គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធផ្សព្វផ្សាយ។ ប្រព័ន្ធយុត្តិធម៌ និង​តុលាការ ត្រូវ​បាន​របបលោក ហ៊ុន សែន ប្រើប្រាស់​ដោយ​មិន​ត្រឹម​ត្រូវ ដើម្បីអនុវត្ត​យុទ្ធនាការ​បង្ក្រាប​លើ​សំឡេង​រិះគន់ និង​សំឡេង​ឯករាជ្យ។ នេះគឺជាការ​រក​ឃើញ​​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International) ដែល​មាន​មូលដ្ឋាន​ធំ​នៅចក្រភពអង់គ្លេស (United Kingdom)។ សម្រាប់ឆ្នាំ២០២០​ អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​សិក្សា​ និង​វិភាគ​អំពីស្ថាន​ភាព​សិទ្ធិមនុស្សនៅក្នុង​ប្រទេសចំនួន​ ​១៤៩ រួច​ចងក្រង​ជារបាយការណ៍​កម្រាស់ ៤០៨​ទំព័រ ​ចេញផ្សាយ​នៅ​ថ្ងៃទី៦ ខែមេសា។

អង្គការ​​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International) រក​ឃើញថា ការ​រឹតត្បិត​ធ្ងន់ធ្ងរ​លើ​សិទ្ធិពលរដ្ឋ និង​សិទ្ធិនយោបាយនៅកម្ពុជា ដែល​មាន​តាំងពី​ឆ្នាំ២០១៧ មក​នោះ ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំងក្នុងឆ្នាំ២០២០ ជាមួយ​នឹង​កា​រ​បង្កើត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុងភាព​អាសន្ន ដែលជាក្របខណ្ឌច្បាប់​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិមនុស្ស។ ជាមួយគ្នានេះ ក្រុមអ្នក​ការពារសិទ្ធិមនុស្ស ក្រុមអ្នក​តវ៉ា​ដោយសន្តិវិធី និង​សមាជិក​បក្ស​ប្រឆាំង​ នៅ​តែ​បន្ត​ប្រឈម​ការ​យាយី និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ដោយ​មិន​ត្រឹម​ត្រូវ។

រីឯសិទ្ធិស្ត្រីវិញ សិទ្ធនេះ​ស្ថិត​នៅក្រោម​ការ​វាយ​ប្រហារ​ឥតស្រាកស្រាន្ត​ ពីព្រោះ​តែលោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​យុទ្ធនាការ​ជាសាធារណៈ​ក្នុង​ការ​បកស្រាយ​​តាម​អំពើចិត្ត​ចំពោះពាក្យ «ប្រពៃណី» និង «វប្បធម៌» ដើម្បី​កម្រិត​សិទ្ធិ​ស្ត្រី។ ដោយ​ឡែក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនដែល​កំពុង​តែអនុវត្ត​មក​ដល់​ពេល​បច្ចុប្បន្ន​វិញ ​យុទ្ធនាការ​នេះ​បាន​នាំមក​នូវ​ការ​រំលោភបំពាន​ដ៏​រីក​រាល​ដាល​ទៅលើ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។ ជាងនេះទៅ​ទៀត មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​នៅមណ្ឌល​បន្សាប​​គ្រឿងញៀន​ បា​នប្រឈម​នឹង​​អំពើ​​ទារុណកម្ម និង​ការ​ថែទាំ​មិន​ត្រឹម​ត្រូវ រួម​បញ្ចូល​ទាំង​លក្ខខណ្ឌរស់​នៅ​មិន​សម​ជាមនុស្ស​ថែម​​ទៀត។ ក្រៅពីនេះ កម្ពុជា​បាន​ក្លាយ​ជាកន្លែង​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ដោយសារ​តែ​ការ​ចាប់​ពង្រត់​​សកម្មជន​​នយោបាយ​​ថៃយ៉ាង​អាថ៌កំបាំង​ នៅ​រាជធានី​ភ្នំពេញកាល​ពីខែមិថុនា ឆ្នាំ២០២០។

CNRP_wife_call_for_release_28_03_2021.jpg
ភរិយាសកម្មជនគណបក្សសង្គ្រោះជាតិតវ៉ានៅមុខតុលាការក្រុងភ្នំពេញដើម្បីឱ្យដោះលែងប្តី។ (រូប៖ គេផ្តល់ឱ្យ)

ទាក់ទង​នឹង​ការ​រាតត្បាត​ជំងឺកូវីដ-១៩ វិញ អង្គការ​​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International) រក​ឃើញថា ផល​ប៉ះពាល់​សេដ្ឋកិច្ច​ពី​ជំងឺឆ្លង​ជាសាកល​មួយនេះ បាន​ធ្វើ​ឱ្យ​កម្មករ និង​ពលរដ្ឋ​រាប់​សែន​នាក់ ត្រូវ​ប្រឈម​នឹង​ភាព​ទីទ័លក្រ ជាពិសេស​អ្នកជំពាក់​បំណុលក្នុង​កម្ចី​ខ្នាតតូច។

ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​បដិសេធ​របាយការណ៍នេះ ដោយ​ចាត់​ទុក​ថា ជា​របាយការណ៍គ្មាន​ការពិត។

ប្រធា​ន​អង្គភាព​អ្នក​នាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អះអាង​ថា ស្ថាន​ភាព​សិទ្ធិ​មនុស្សនៅកម្ពុជា​​ក្នុង​ឆ្នាំ២០២០ មាន​លក្ខណៈ​ល្អ​ប្រសើរ ដោយរដ្ឋាភិបាល​រក្សា​បាន​នូវ​សន្តិភាព និង​ស្ថេរភាពសង្គម ទោះជាមាន​វិបត្តិកូវីដ-១៩ យ៉ាងណាក្តី។ លោក​ចោទ​ប្រកាន់​ថា របាយការណ៍​របស់​អង្គការលើក​លែង​ទោស​អន្តរជាតិនេះ ​ធ្វើ​ឡើង​ក្នុងហេតុផល​នយោបាយ និង​មិន​យល់​អំពីសង្គម​​ខ្មែរ។ លោក​បញ្ជាក់ថា រដ្ឋាភិបាល​កំពុង​កសាងនីតិរដ្ឋ តាម​រយៈ​​ការ​បង្កើត​ច្បាប់ និង​អនុវត្ត​ច្បាប់​ទៅលើ​ជន​​ដែល​ប្រព្រឹត្ត​ខុស​ ដោយ​មិន​ខ្វល់​ពី​ការ​លើក​ឡើងរបស់​​មជ្ឈដ្ឋាន​ខាងក្រៅឡើយ«គេ​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ចិន​ ឬ​ប្រទេស​វៀតណាម តើ​ប្រទេស​ទាំងអស់ហ្នឹង គោរព​សិទ្ធិមនុស្សបាន​របៀប​យ៉ាង​ណា​ខ្លះ? ប្រទេស​​ខ្លះ គេ​អត់​មាន​អង្គការ​ក្រៅរដ្ឋាភិបាល ឬ​សង្គម​ស៊ីវិល​ផង ម៉េច​ក៏​គេ​រកស៊ី​ជាមួយ? ដូច្នេះ របាយការណ៍​នេះ​​គ្រាន់​ជា​របាយការណ៍​និន្នាការ ដើម្បីលាប​ពណ៌​នៅក្នុង​និន្នាការ​នយោបាយ​ដើម្បី​ផល​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​របស់​គេ​។ ដូច្នេះ​យើង​អត់​ឱ្យ​តម្លៃ​ទេរបាយការណ៍​អស់ហ្នឹង អ្នក​ណា​គេ​ឱ្យ​តម្លៃ​ គេ​ឱ្យ​ទៅ»

ជារឿយៗ មន្ត្រីរដ្ឋាភិបាលតែង​តែ​ចេញមុខ​ការពារ និង​ច្រាន​ចោលរបាយការណ៍​របស់​អង្គការ​ជាតិ-អន្តរជាតិ សូម្បី​តែ​របាយការណ៍របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ក្រោម​ហេតុផល​ដដែលៗថា ជា​របាយការណ៍​ខ្វះមូលដ្ឋាន និងមាន​ចរិតនយោបាយ ឱ្យ​តែ​របាយការណ៍ទាំង​នោះ​និយាយ​ពីការ​ធ្លាក់​ចុះលទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​នៅក្នុងស្រុក ​វា​យ​តម្លៃ​ថា របាយការណ៍​ទាំងនោះ​ឆ្លុះបញ្ចាំង​ការ​ពិត ដែល​​រដ្ឋាភិបាលគួរ​ពិចារណា​រក​ដំណោះស្រាយវិញ ជាជាង​ប្រឹង​និយាយ​ការពារ​ខ្លួន។

a8418ef0-9b50-4b8d-a8d2-a8aa28a6eb87.jpeg
យុវជនចលនាមាតាធម្មជាតិបីនាក់ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួននាពេលកន្លងមក។ (រូប៖ ហ្វេសប៊ុករបស់សកម្មជនចលនាមាតាធម្មជាតិ)

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍ថា សិទ្ធិមនុស្សជាគោល​ការណ៍​​សាកល​ គ្មានស្តង់ដារ​ពីរឡើយ។ លោកជឿ​ថា របាយការណ៍​របស់​អង្គការ​​លើក​លែង​ទោស​អន្តរជាតិ និង​របស់ស្ថាប័ន​អន្តរជាតិ​ដទៃទៀត មិន​មែន​ធ្វើ​ឡើង​ក្នុងហេតុផល​នយោបាយ​​នោះទេ តែ​ជា​ការ​បង្ហាញ​ពីស្ថានភាព​ពិត​ប្រាកដ​នៃ​ការ​ធ្លាក់​ចុះ​ផ្នែក​សិទ្ធិមនុស្ស​នៅកម្ពុជា«រដ្ឋាភិបាល​ទេ ដែល​​គួរ​តែ​ខិត​ខំប្រឹង​ប្រែង​ក្នុងការ​យក​ចិត្ត​ទុក​ដាក់​ស្តារ​លើ​បញ្ហា​សិទ្ធិមនុស្ស​ទាំងអស់​ហ្នឹង ពីព្រោះ​រដ្ឋាភិបាល​ជា​ម្ចាស់​នៃ​ហត្ថលេខីនៃ​កតិកាសញ្ញា ជា​អ្នក​ចុះ​ទៅលើ​ឧបករណ៍​សិទ្ធិ​មនុស្ស​ទាំងអស់​ហ្នឹង។ ដូច្នេះ​ខ្ញុំ​គិត​ថា ​មិន​មាន​​ហេតុ​ផល​អ្វី​ដែល​ពាក់​ព័ន្ធ​រឿង​កេង​ចំណេញ​នយោបាយ ខាង​អ្វី​ហ្នឹង ខ្ញុំ​គិត​ថា វាមិន​មែន​ទេ»

ស្ថាប័ន​អន្តរជាតិ​ជាច្រើន រួម​ទាំងទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​ប្រទេសនិយម​ប្រជាធិបតេយ្យផង បាន​រក​ឃើញ ​ទទួល​ស្គាល់ និង​ចេញផ្សាយ​របាយការណ៍ជាបន្តបន្ទាប់ ​ស្តីពីការធ្លាក់​ចុះដុនដាប​វិស័យ​សិទ្ធិមនុស្ស​នៅកម្ពុជា។ របាយការណ៍​ទាំងនោះ បាន​ក្លាយ​ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់ក្រុម​​​ប្រទេស​ប្រជាធិបតេយ្យ ដូចជា សហភាពអឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញ​ និង​មន្ត្រីគ្រាក់ៗ ​នៃ​របបនេះ ដែល​បាន​ចូល​ដៃ​បំផ្លាញ​ប្រជាធិបតេយ្យ​ និង​រំលោភ​សិទ្ធិ​មនុស្ស​​នៅកម្ពុជា។

មក​ទល់​ពេល​នេះ សហភាពអឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្មជាបណ្តើរៗហើយលើ​របបក្រុង​ភ្នំពេញ និង​មន្ត្រីនៃ​របបនេះ។ ទណ្ឌកម្ម​ទាំងនោះ រួម​មាន​ ការ​ដក​ហូត​ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន​ ២០% ការដាក់​កម្ពុជា​ចូល​ក្នុង​បញ្ជី​ខ្មៅ​នៃក្រុម​ប្រទេស​លាងលុយ​កខ្វក់ ការ​កាត់​ផ្តាច់​ជំនួយ​​ជាច្រើន​ដែល​គ្រោង​ផ្តល់​ឱ្យ​កម្ពុជា​លើក​លែងជំនួយ​ផ្នែក​​អភិវឌ្ឍន៍ និង​មនុស្ស​ធម៌ ព្រម​ទាំង​ការ​ដាក់​ទណ្ឌកម្មជាក់លាក់​លើ​មន្ត្រីគ្រាក់ៗ ​ឈ្មួ​ញរកស៊ីធំៗ និង​ក្រុមហ៊ុន​ចិន​ដែល​មាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភសិទ្ធិមនុស្ស និង​អំពើពុក​រលួយ​នៅកម្ពុជា។

ក្រុម​អ្នក​សង្កេតការណ៍​ជឿថា ប្រសិន​បើ​របបលោក ហ៊ុន សែន មិន​ព្រម​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញទេ នោះ​ក្រុម​ប្រទេស​លោក​ខាងលិចនឹង​ពង្រីក​ទណ្ឌកម្ម​បន្ថែម​ទៀត ក្នុងនោះក៏​រួម​ទាំងទណ្ឌកម្ម​លើ​មន្ត្រីគ្រាក់ៗនៃ​របបក្រុង​ភ្នំពេញ​ជាលក្ខណៈបុគ្គលផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល