អង្គការ​លើក​លែង​ទោស​អន្តរជាតិ ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន ដោះ​ស្រាយ​បញ្ចប់​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស

ដោយ មាន ឫទ្ធិ
2018-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបសញ្ញា​អង្គការ​លើកលែងទោស​អន្តរជាតិ
រូបសញ្ញា​អង្គការ​លើកលែងទោស​អន្តរជាតិ
រូបអង្គការ​លើកលែងទោស​អន្តរជាតិ

អង្គការលើកលែងទោសអន្តរជាតិ Amnesty International នៅ​ថ្ងៃ​ពុធ ទី២៥ កក្កដា បាន​សរសេរ​លិខិត​ចំហ​មួយ​ច្បាប់​ផ្ញើ​ទៅ​របប​លោក ហ៊ុន សែន និង​គណបក្ស​នយោបាយ ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស​នៅ​ថ្ងៃ​អាទិត្យ ទី២៩ កក្កដា។ អង្គការ​នេះ​អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន និង​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ដែល​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នេះ ត្រូវ​ប្តេជ្ញា​ចិត្ត​ធានា​ថា កាតព្វកិច្ច​នៃ​ការ​គោរព​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​កម្ពុជា ត្រូវ​បាន​ផ្តល់​នូវ​សារៈសំខាន់​ជា​ទី​បំផុត ក្នុង​អំឡុង​ពេល និង​ក្រោយ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ត្រូវ​តែ​គោរព ការពារ បំពេញ និង​លើក​កម្ពស់​នូវ​បទដ្ឋាន​សិទ្ធិមនុស្ស​ទាំង​អស់​នេះ។

លិខិតចំហររបស់អ្នកស្រី គ្លែរ អាល់ហ្ការ (Clare Algar) នាយិការ​ប្រតិបត្តិការ​សាកល នៃ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ មិន​ភ្លេច​ឡើយ​លើក​ឡើង ពី​ការ​បង្រួម​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាម​រយៈ​ការ​បង្កើន​យុទ្ធនាការ​បង្ក្រាប​លើ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង សកម្មជន​សិទ្ធមនុស្ស អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នៅ​មុន​ការ​បោះ​ឆ្នោត​នេះ។ អង្គការ​នេះ​ចាត់​ទុក​ថា ការ​បង្ក្រាប​មក​លើ​សំឡេង​សន្តិវិធី​ទាំង​នេះ ធ្វើ​ឡើង​ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ គឺ​ជា​អ្នក​ខាត​បង់​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ផ្ទាល់​របស់​ពួក​គេ។

បន្ថែមពីលើនេះ អង្គការនេះ ក៏​បាន​លើក​ឡើង​ពី​ការ​ប្រើប្រាស់​ច្បាប់​នានា ដែល​ទើប​តាក់តែង​ឡើង និង​បង្កើត​ថ្មី​ក្នុង​អាណត្តិ​ទី៥ នេះ ក្នុង​គោលដៅ​ដើម្បី​បង្ក្រាប​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​ប្រមូល​ផ្តុំ និង​ការ​ជួប​ប្រជុំ​ជា​ដើម ដែល​នេះ​រួម​ទាំង​ការ​រឹតត្បិត​ការ​ជ្រើសរើស​ការ​ប្រើប្រាស់​សិទ្ធិ​នៃ​ការ​មិន​ទៅ​បោះ​ឆ្នោត ឬ​ពហិការ​ការ​បោះ​ឆ្នោត ខណៈ​ដែល​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​បាន​តម្រូវ ឬ​ដាក់​ទោស​ទណ្ឌ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ត្រូវ​តែ​ចេញ​ទៅ​បោះ​ឆ្នោត​នោះ​ទេ។ ច្បាប់​នានា​ដែល​អង្គការ​នេះ ចាត់​ទុក​ថា​ មាន​សភាព​រឹតត្បិត​សិទ្ធិ​សេរីភាព​ខ្លាំង រួម​មាន ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិ​វិធី ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្តីពី​សហជីព​ជា​ដើម ដែល​ការ​អនុវត្ត​ច្បាប់​ទាំង​នេះ អង្គការ​នេះ​ថា នឹង​រឹត​តែ​បង្កើន​នូវ​ភាព​អយុត្តិធម៌​ក្នុង​សង្គម​បន្ថែម​ទៀត។

អង្គការលើកលែងទោសអន្តរជាតិ​សង្កត់ធ្ងន់ៗ ថា ទាំង​របប​លោក ហ៊ុន សែន និង​ទាំង​គណបក្ស​នយោបាយ ដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ដ៏​ចម្រូងចម្រាស​នៅ​ថ្ងៃ​ទី២៩ កក្កដា​នេះ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​នូវ​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ជា​ចម្បង ក្នុង​អំឡុង​ពេល និង​នៅ​ក្រោយ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ។ អង្គការ​នេះ​ជំរុញ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ត្រូវ​ប្រើប្រាស់​នូវ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដែល​មាន​ស្រាប់ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​អនុសាសន៍​ចំនួន ៦​ចំណុច ដែល​អង្គការ​នេះ​ដាក់​ចេញ។ អនុសាសន៍​ទាំង ៦​ចំណុច​នេះ រួម​មាន៖ ទី​មួយ ការ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា ដើម្បី​ឲ្យ​ច្បាប់​នេះ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​ឡើង​វិញ។ ទី​ពីរ អនុម័ត​ច្បាប់ និង​ដាក់​ចេញ​នូវ​បទប្បញ្ញត្តិ​នានា អំពី​ក្រម​ប្រតិបត្តិ​ដ៏​ទូលំទូលាយ​នៃ​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ ឬ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ធ្វើ​យ៉ាង​ណា​ឲ្យ​ស្រប​តាម​គោល​ការណ៍​ជា​មូលដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ នៃ​ការ​ប្រើប្រាស់​កម្លាំង និង​អាវុធ ពី​សំណាក់​មន្ត្រី​អនុវត្ត​ច្បាប់ និង​បទដ្ឋាន​អន្តរជាតិ​ដទៃ​ទៀត។ ទី​បី បញ្ឈប់​នូវ​យុទ្ធនាការ​បង្ក្រាប​លើ​សកម្មជន​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ធ្វើ​និរាករណ៍ ឬ​លុប​ចោល​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​ឲ្យ​ស្រប​តាម​កាតព្វកិច្ច​របស់​កម្ពុជា​ជា​មួយ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ដូច​គ្នា​នេះ​ដែរ អង្គការ​នេះ ក៏​ស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម ឬ​លុប​ចោល​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្តី​សហជីព​ជា​ដើម ដើម្បី​ឲ្យ​អនុលោម​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ច្បាប់​ពលកម្ម​អន្តរជាតិ។ ទី​បួន គោរព​នូវ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ រួម​ទាំង​សេរីភាព​នៅ​លើ​បណ្តាញ​សង្គម ហើយ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​គោល​នយោបាយ និង​ការ​អនុវត្ត​អំពើ​ឃុំ​ឃាំង​តាម​ទំនើង​ចិត្ត ព្រម​ទាំង​ការ​កោះ​ហៅ​ក្រុម​អ្នក​តវ៉ា យក​ទៅ​អប់រំ ឬ​រៀន​សូត្រ​ឡើង​វិញ​ជា​ដើម។ ទី​ប្រាំ គោរព​នូវ​ស្ថាប័ន​ប្រព័ន្ធ​យុត្តិធម៌​ដែល​ត្រូវ​តែ​ឯករាជ្យ និង​អព្យាក្រិត្យ ជា​ពិសេស ធានា​ថា​ច្បាប់ គោល​នយោបាយ និង​ការ​អនុវត្តន៍​នូវ​ស្ថាប័ន​តុលាការ​ដែល​ឯករាជ្យ និង​អព្យាក្រិត្យ និង​ទី​៦ ចុង​ក្រោយ អង្គការ​នេះ​ស្នើសុំ​ឲ្យ​បញ្ឈប់​ការ​ប្រឌិត​បទ​ចោទ​ព្រហ្មទណ្ឌ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ក្នុង​គោលដៅ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​អ្នក​កាសែត អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង ហើយ​ត្រូវ​ធានា​ថា មាន​ការ​ដោះ​លែង និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នានា​ប្រឆាំង​នឹង​បុគ្គល​ទាំង​ឡាយ​ណា​ដែល​របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន ធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​ដាក់​ទណ្ឌកម្ម​មក​លើ​ពួក​គេ ដោយសារ​តែ​ពួក​គេ​បាន​អនុវត្ត​នូវ​សិទ្ធិ​មនុស្ស​របស់​ពួក​គេ​ដោយ​សន្តិវិធី ដែល​នេះ​រួម​ទាំង​អតីតៈ​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន និង​សកម្មជន​ដី​ធ្លី អ្នកស្រី ទេព វន្នី ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល