កុមាររងគ្រោះឈ្មោះ កាក់ សុវណ្ណឆៃ អាយុ ១៦ ឆ្នាំ ត្រូវបានជនល្មើសលួចគប់នឹងដុំថ្មពីក្រោយខ្នងក្នុងពេលដែលលោកធ្វើដំណើរជាមួយម្ដាយរបស់គាត់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែមេសា។
ម្ដាយជនរងគ្រោះលោកស្រី ព្រុំ ចាន់ថា ប្រាប់អាស៊ីសេរីក្រោយពេលបញ្ជូនកូនទៅព្យាបាលថា ជនល្មើសមានគ្នា ២ នាក់ ជិះម៉ូតូពាក់អាវស បានយកដុំថ្មគប់កូនគាត់ចំក្បាលចំហៀងខាងឆ្វេង បណ្ដាលឱ្យបែកចេញឈាម។ ស្ត្រីវ័យ ៤៩ ឆ្នាំរូបនេះ បន្ថែមថា ភ្លាមៗនោះជនល្មើសបានបើកម៉ូតូយ៉ាងលឿនរត់គេច ហើយលោកស្រីក៏បានបញ្ជូនទៅព្យាបាលរបួសគ្លីនិកឯកជនក្នុងរាជធានីភ្នំពេញ។ លោកស្រីនិងកុមារកាក់សុវណ្ណឆៃ បានត្រឡប់ទៅដល់ផ្ទះវិញហើយនៅរសៀលថ្ងៃដដែល ក្រោយពេលគ្រូពេទ្យបានដេររបួសក្បាលជនរងគ្រោះចំនួន ២០ ធ្នេរ។ លោកស្រី ចាត់រឿងនេះថា ជាការប៉ុនប៉ងសម្លាប់លោកស្រី ក៏ប៉ុន្តែជនល្មើសបានគប់ដុំថ្មប្លាតមកត្រូវកូនរបស់គាត់វិញ ដោយសារតែលោកស្រីបន្តស្វែងរកយុត្តិធម៌ឱ្យប្ដី៖ «ប៉ុន្តែគេឱ្យទុកតាមដានមើល ៣ ថ្ងៃសិន បើសិនជាកូនខ្ញុំមានក្ដៅខ្លួនឬក៏ឈឺក្បាលខ្លាំងនិងក្អួត គេឱ្យគាត់ទៅស្កែនមើល។ ខ្ញុំគិតថា បើប្រទេសមានច្បាប់ពិតមែន បើរដ្ឋដឹកនាំល្អពិតមែន សូមចាត់វិធានការ កុំធ្វើទង្វើអមនុស្សធម៌ កុំធ្វើទង្វើគុំគួនគេអីចឹងទៀត។ ឱ្យគេចុះចូលគេមិនចុះចូល ឱ្យគេរណបគេមិនធ្វើតាម ពេលគេបញ្ចេញមតិធ្វើបាបគេ អីចឹងសួរថា ដឹកនាំយ៉ាងម៉េចបានធ្វើទង្វើមកលើ ក្រុមគ្រួសារអ្នកនយោបាយបែបហ្នឹង ហើយវាអមនុស្សធម៌បំផុតហើយ។ អីចឹងសូមថ្នាក់ក្រោម ថ្នាក់លើហ្នឹង សូមជួយមើលផងអ្នកដែលដឹកនាំហ្នឹង » ។
ភ្លាមៗក្រោយពេលព្យាបាលរបួសរួច លោកស្រីបានទៅប្ដឹងប៉ូលិសនៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងទំពុនទី២ ដើម្បីឱ្យស្រាវជ្រាវចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ប៉ុន្តែប៉ូលិសបានប្រាប់លោកស្រីថា គ្មានកងកម្លាំងដើម្បីធ្វើការងារនេះទេ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់អាស៊ីសេរីថា លោកមិនទាន់ទទួលដំណឹងជុំវិញពីការប្រើហិង្សានេះទេ។ មេប៉ូលិសស័ក្ដិ៥រូបនេះ លើកទឹកចិត្តឱ្យជនរងគ្រោះប្ដឹងសារជាថ្មីដើម្បីឱ្យស្រាវជ្រាវលើរឿងនេះ។ ទោះជាបែបនេះក្ដី លោកមិនជឿថា រឿងនេះជាការប៉ុនប៉ងសម្លាប់ដោយសារពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ៖ «នៅខណៈណាមិនទាន់មានភស្តុតាងមិនមានការស្រាវជ្រាវពីសមត្ថកិច្ចច្បាស់លាស់យើងមិនទាន់អាចចោទប្រកាន់អីបានទេ។ មិនមែនថាឱ្យតែករណីអីបន្តិច ករណីនោះបន្តិចចោទប្រកាន់មកថា ប៉ុនប៉ងសម្លាប់ ឬក៏ប៉ុនប៉ងនេះអីទេ។ អីចឹងបញ្ហាសំខាន់ យើងត្រូវដាក់ពាក្យបណ្ដឹងឱ្យស្រួលបួល យើងមានការស្រាវជ្រាវឱ្យច្បាស់លាស់ ថាតើប្រភពហ្នឹងវាម៉េចខ្លះ មិនមែនខ្លះណាគាត់ជាមនុស្សខូចមានបញ្ហាជម្លោះអីជាមួយគេមួយឯង ហើយដល់ពេលអីចឹងគាត់បង្កើតជាបញ្ហាមកឱ្យប៉ះពាល់ដល់ស្ថិរភាពស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សង្គមវិញ » ។
កុមារា កាក់ សុវណ្ណឆៃ អាយុ ១៦ ឆ្នាំ រៀនថ្នាក់ទី៩ ជាកូនប្រុសសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរាជធានីភ្នំពេញនៃគណបក្សសង្គ្រោះជាតិ គឺលោក កាក់ កុម្ភារ ដែលតុលាការចាប់ខ្លួនកាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ហើយបច្ចុប្បន្នកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ តុលាការចោទប្រកាន់លោកពីបទញុះញង់ និងរួមគំនិតក្បត់ ដែលជាសំណុំរឿងចាស់កាលពីឆ្នាំ២០១៩។ កន្លងមកកុមារអាយុ ១៦ ឆ្នាំ រូបនេះ ត្រូវបានប៉ូលិសចាប់ឃុំខ្លួននៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ខណ្ឌមានជ័យ ម្ដងរួចមកហើយ ពាក់ព័ន្ធនឹងរឿងដែលលោកលបចូលទៅយកទង់គណបក្សសង្គ្រោះជាតិនៅទីស្នាក់ការកណ្ដាលគណបក្សនេះ។ ក្នុងពេលចាប់ខ្លួននោះប៉ូលិសបានប្រើហិង្សានិងដាក់ខ្នោះដៃកុមារកាក់ សុវណ្ណឆៃ រយៈពេល១យប់ទៀតផង។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិអាដហុក (Adhoc) លោក នី សុខា យល់ថា ការដែលជនល្មើសលបគប់កុមារកាក់ សុវណ្ណឆៃ បណ្ដាលឱ្យបែកក្បាលនេះ ប៉ូលិសគួរតែចុះស្រាវជ្រាវតាមចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ដោយមិនចាំបាច់ជនរងគ្រោះដាក់ពាក្យប្ដឹងនោះទេ។ លោកបញ្ជាក់ទៀតថា ករណីនេះប្រសិនបើប៉ូលិសមិនស្រាវជ្រាវចាប់ជនបង្កដាក់ទោសទេនោះ គឺជាការអនុវត្តច្បាប់ស្តង់ដារ២ ហើយធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿទៅលើសមត្ថកិច្ចក្នុងការរកយុត្តិធម៌ជូនពួកគាត់៖ «អាហ្នឹងហើយដែលជាមូលហេតុដែលនាំឱ្យមានការបាត់បង់ជំនឿ រហូតមានអ្នកខ្លះគេអត់ចង់ប្ដឹងទៅសមត្ថកិច្ចហ្នឹងទៅទៀត ដោយសារតែភាពនៃការបាត់បង់ជំនឿហ្នឹងហើយ។ ដូច្នេះយើងមានតែទទូចឱ្យសមត្ថកិច្ចហ្នឹងត្រូវតែពង្រឹងការអនុវត្តកាតព្វកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ឱ្យបានត្រឹមត្រូវកុំឱ្យមានការរើសអើង កុំឱ្យមានការបែងចែក ហើយខិតខំស្វះស្វែងវែកមុខរកជនល្មើសមកផ្ដន្ទាទោសដើម្បីធ្វើឱ្យមានជំនឿចិត្តពីប្រជាជនពីមហាជនទៅលើអាជ្ញាធរហ្នឹងឡើងវិញ » ។
គិតមកដល់ពេលនេះ មានសកម្មជនគណបក្សសង្គ្រោះជាតិប្រហែល ៣០ នាក់ហើយ ត្រូវបានជនមិនស្គាល់មុខលបវាយឲ្យរបួស ហើយភាគច្រើនកើតឡើងនៅភ្នំពេញ។ រហូតមកដល់ពេលនេះ មានតែជនល្មើស ២ នាក់ ប៉ុណ្ណោះនៅខេត្តកំពង់ឆ្នាំង ដែលអាជ្ញាធរចាប់ជនល្មើសផ្ដន្ទាទោស ក្រៅពីនោះគ្មានជនប្រព្រឹត្តណាត្រូវបានអាជ្ញាធររកឃើញ ឬក៏ចាប់ខ្លួនឲ្យមកទទួលទោសនោះទេ។
ករណីអំពើហិង្សាលើមន្ត្រីគណបក្សសង្គ្រោះជាតិ ច្រើនមានលក្ខណៈប្រហាក់ប្រហែលគ្នា គឺជនដៃដល់ជិះម៉ូតូពាក់មួកសុវត្ថិភាព លួចវាយជនរងគ្រោះពីក្រោយខ្នង ហើយប្រើដំបងដែកវាយសំដៅក្បាលរបស់ជនរងគ្រោះ។ កន្លងទៅ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា អំពើហិង្សាកើតឡើងញឹកញាប់នេះ ធ្វើឲ្យអង្គការសង្គមស៊ីវិលជឿថា សកម្មជនបក្សប្រឆាំងទាំងនេះ បានក្លាយជាគោលដៅនៃការវាយប្រហារដោយសារតែទស្សនៈនយោបាយរបស់ពួកគេ។
កន្លងមកលោកស្រី ព្រុំ ចាន់ថា បានចូលរួមជាមួយក្រុមស្ត្រីប្រពន្ធសកម្មជនបក្សប្រឆាំងដែលប្ដីជាប់ពន្ធនាគារតវ៉ាទាមទារឱ្យមានយុត្តិធម៌សង្គមជាបន្តបន្ទាប់។ អំឡុងពេលផ្ទុះជំងឺកូវីដ១៩កើតឡើងខ្លាំងនៅក្រុងភ្នំពេញនេះ លោកស្រីតែងតែបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក (Face book) បង្ហាញពីការឈឺចាប់ដែលអាជ្ញាធរចាប់ប្ដីគាត់និងសកម្មជនដទៃទៀតដាក់ពន្ធនាគារ។ បើទោះជាជនមិនស្គាល់មុខគប់ដុំថ្មបែកក្បាលកូនរបស់លោកស្រីបែបនេះក្ដី ក៏លោកស្រីនៅតែប្រកាន់ជំហរបន្តទាមទារឱ្យមានយុត្តិធម៌សង្គមដដែល ហើយធ្វើសកម្មជនតស៊ូមតិរហូតអាជ្ញាធរដោះលែងប្ដី និងសកម្មជនទាំងអស់ឱ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។