អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​រំពឹង​ថា សាលា​ឧទ្ធរណ៍​នឹង​បដិសេធ​ការ​ស៊ើប​អង្កេត​បន្ថែម​លើ​សំណុំ​រឿង​ចារកម្ម

0:00 / 0:00

សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាល​ដីកា​លើ​បណ្ដឹង​សាទុក្ខ​របស់​អតីត​អ្នក​យក​​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​​លោក យាង សុធារិន្ទ ដែល​ស្នើសុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​បដិសេធ​ការ​ស៊ើបអង្កេត​បន្ថែម​របស់​តុលាការ​ទាក់ទង​នឹង​បទ​ចោទ​ចារកម្ម​​របស់​អ្នក​ទាំងពីរ នៅថ្ងៃទី២៨ មករា ស្អែក​​នេះ។ អង្គការ​ព័ត៌មាន​​ឯករាជ្យ​នៅ​កម្ពុជា​អំពាវនាវ​ដល់​សាលា​ឧទ្ធរណ៍​ឱ្យ​សម្រេច​តាម​​ការ​ស្នើសុំ​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី និង​​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គេ​វិញ។

អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី លោក យាង សុធារិន្ទ ថ្លែង​ថា លោក​ និង​លោក អ៊ួន ឈិន ​នឹង​ទៅ​​ស្ដាប់​ចៅក្រម​ប្រកាស​សាល​ដីកា​នេះ ហើយ​លោក​រំពឹង​ថា ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​​សាលា​ឧទ្ធរណ៍​នឹង​សម្រេច​តាម​ការ​ស្នើសុំ​របស់​ពួក​លោក​។ លោក​នៅ​តែ​អះអាង​ថា សំណុំ​រឿង​របស់​លោក​​គ្មាន​អ្វី​​ត្រូវ​ស៊ើបអង្កេត​ទៀត​នោះ​ទេ ព្រោះ​ពួក​​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «បើចៅក្រមសាលាឧទ្ធរណ៍ពិចារណាឱ្យបានហ្មត់ចត់ នោះ​យុត្តិធម៌​មក​លើ​យើង​ខ្ញុំ​ប្រាកដ​ជា​មាន ក៏​ប៉ុន្តែ​​បើ​ការ​​សម្រេច​បែប​ណា​នោះ ដោយ​មិន​ផ្អែក​លើ​ទឡ្ហីករណ៍​ដែល​យើង​លើក​ឡើង ឬ​​ក៏​​ការ​​​សម្រេច​​ហ្នឹង​​​ដោយ​​​ផ្អែក​​លើ​​ហេតុផល​​អ្វី​​ផ្សេង នោះ​​ខ្ញុំ​​មិន​​ដឹង​​ដែរ។ ទោះ​​ជា​​យ៉ាង​​ណា សូម​​​ឱ្យ​​ចៅក្រម​​ហ្នឹង សម្រេច​​ដោយ​​ផ្អែក​​លើ​​ទឡ្ហីករណ៍​ជាក់​ស្តែង ដែល​យើង​បាន​ផ្តល់​ឱ្យ​ចៅក្រម​កាល​ពី​​​សវនាការ​​​ប៉ុន្មាន​ថ្ងៃ​​​មុន​​​ហ្នឹង»។

ក្រៅពី​ករណី​បណ្ដឹង​សារ​ទុក្ខ​នៅ​សាលា​ឧទ្ធរណ៍ អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​រូប​នេះ​ក៏​ស្នើសុំ​ឱ្យ​​តុលាការ​ក្រុង​ភ្នំពេញ​ពន្លឿន​សំណុំ​​រឿង​របស់​ពួក​លោក​ផង​ដែរ ដោយ​​ត្រូវ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ ប្រសិនបើ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ដាក់​បន្ទុក​លើ​ពួក​លោក។

កាល​ពី​ថ្ងៃទី២០ មករា កន្លងទៅ សាលាឧទ្ធរណ៍​​បាន​បើក​សវនាការ​ជម្រះ​បណ្ដឹង​សារទុក្ខ​របស់​​អតីត​អ្នក​​យក​ព័ត៌មាន​អាស៊ី​សេរី​ដែល​បាន​ស្នើសុំ​ឱ្យ​បដិសេធ​ចោល​សាលក្រម​ចាត់​​របៀប​របស់​តុលាការ​ក្រុងភ្នំពេញ ដែល​សម្រេច​ឱ្យ​ស៊ើបអង្កេត​សំណុំ​រឿង​ចារកម្ម​​របស់​អ្នក​ទាំងពីរ​បន្ថែម​ទៀត។ ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​នៅ​​ថ្ងៃទី២៨ មករា ប៉ុន្តែ​កាល​ពី​នៅ​ក្នុង​សំណុំ​​រឿង​អាសអាភាស តុលាការ​ជាន់ខ្ពស់​មួយ​នេះ​បាន​ច្រាន​ចោល​បណ្ដឹង​សារទុក្ខ​របស់​​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ម្ដង​រួច​មក​ហើយ។

នាយក​ប្រតិបត្តិ​សម្ពន្ធ​អ្នក​​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) លោក ម៉ៃ ទិត្យថារ៉ា សង្ឃឹមថា សាលាឧទ្ធរណ៍​​នឹង​​សម្រេច​តាម​ការ​ស្នើសុំ​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​​ទាំង​ពីរ​រូប។ លោក​​នៅ​​តែ​ទទូច​ឱ្យ​​តុលាការ​ក្រុង​ភ្នំពេញ​​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ទាំងពីរ ព្រោះ​​ពួក​គេ​បាន​រង​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​​អស់​រយៈពេល​ជាង២ ឆ្នាំ​មក​ហើយ។ លោក​​បន្ថែម​ថា ការ​ទម្លាក់​ចោល​សំណុំ​រឿង​នេះ នឹង​ជា​ការ​រួម​​ចំណែក​បើក​​ចំហ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា៖ «ខេមបូចា នៅ​តែ​ទទួច​ឱ្យ​ខាងតុលាការ​ពិចារណា​លើ​ការ​ទម្លាក់​បទ​ចោទ ធ្វើ​ម៉េច​ផ្តល់​យុត្តិធម៌ដល់ពួកគាត់ដែលជាជនរងគ្រោះ ដោយសារពួកគាត់នេះបានជាប់ជាង ២ឆ្នាំ​មក​ហើយ នៅតែមិនទាន់ទទួល​បាន​យុត្តិធម៌​អ្វី​សោះ»។

សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ថ្កោល​ទោស​អាជ្ញាធរ​កម្ពុជា ដែល​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​អតីត​អ្នក​យក​​ព័ត៌មាន​អាស៊ី​សេរី​ទាំងពីរ​រូប​ដោយ​គ្មាន​មូលដ្ឋាន។ ជា​ពិសេស ពួក​គេ​​​​​រិះគន់​ថា ការ​បន្ត​សំណុំ​រឿង​នេះ​មក​ទល់​ពេល​បច្ចុប្បន្ន​​​មានន័យ​ស្មើនឹង​ការ​ធ្វើ​​ទុក្ខបុកម្នេញ​លើ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ និង​ជា​ការ​ជាន់​ឈ្លី​ប្រព័ន្ធ​​យុត្តិធម៌​របស់​កម្ពុជា។ អង្គការ​ជាតិ និង​អន្តរជាតិ ​​នៅ​តែ​ទាម​​ទារ​យ៉ាង​ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​បែប​ប្រឌិត​នេះ និង​បញ្ឈប់​ទង្វើ​យាយី​លើ​អ្នក​កាសែត ព្រម​ទាំង​​បើក​លំហ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​អាច​ដំណើរការ​ឡើង​វិញ​បាន​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។