សមត្ថកិច្ច​សាកសួរ​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​នឹង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម

សមត្ថកិច្ច​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ សាកសួរ​ជនសង្ស័យ​៤​នាក់ ក្នុង​នោះ​មាន​ស្រី​ជនជាតិ​ខ្មែរ​២​នាក់ និង​បុរស​ជនជាតិ​បរទេស​២​នាក់ ក្រោយពី​សង្ស័យ​ថា ពួកគេ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កេងប្រវ័ញ្ច​កម្លាំង​មនុស្ស ៨​នាក់​នៅ​រង្គសាល​មួយ​ឈ្មោះ "បាន់នី" (Bunny) ក្នុង​សង្កាត់​វត្តភ្នំ រាជធានី​ភ្នំពេញ។

ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ លោក ជីវ ផល្លី ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ថា សមត្ថកិច្ច​និង​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​សាកសួរ​ជនសង្ស័យ​ទាំង​៤​នាក់ ក្នុង​នោះ​មាន​បុរស​ជនជាតិ​អូស្ត្រាលី​វ័យ ៧១​ឆ្នាំ​ម្នាក់ ជា​ម្ចាស់​រង្គសាល។

កាល​ពី​ថ្ងៃ​ទី២៦ សីហា សមត្ថកិច្ច​ខណ្ឌ​ដូនពេញ សហការ​ជាមួយ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចុះ​ឆែកឆេរ​រង្គសាល "​បាន់នី​" ដោយ​ឃាត់ខ្លួន​មនុស្ស​១២​នាក់។

មុន​ការ​ចាប់ខ្លួន​នេះ សមត្ថកិច្ច​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​ស៊ើបអង្កេត​រង្គសាល​មួយ​នេះ​ជា​ច្រើនដង ក្រោយពី​ទទួល​បាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រាប់​ថា រង្គសាល​ដែល​មាន​ម្ចាស់​ជនជាតិ​អូស្ត្រាលី​នេះ មាន​បង្កប់​សេវា​ផ្លូវ​ភេទ និង​ប្រើ​ក្មេង​មិនទាន់​គ្រប់​អាយុ ឱ្យ​បម្រើការ​ក្នុង​ហាង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។